ផ្លែដូងគឺជា ផ្លែឈើធម្មជាតិមួយប្រភេទ ដែលមានឈ្មោះតាំងពីអតីតកាលមក ហើយប្រជាជនខ្មែរគ្រប់រូបគឺច្បាស់ជាស្គាល់វា ប៉ុន្តែមនុស្សមួយចំនួនប្រហែលជាមិនបានដឹងថាផ្លែឈើមួយប្រភេទនេះ មានបង្កប់នូវអាថ៌កំបាំងយ៉ាងណានោះទេ។ ហេតុអ្វីបានជាបុព្វជនខ្មែរ ដាក់ឈ្មោះផ្លែឈើនេះថាជា “ផ្លែដូង”? យើងដឹងហើយថា ផ្លែឈើមួយនេះ បើចង់ហូបវាលុះត្រាតែមានអ្នកឡើងបេះ ព្រោះភាគច្រើនវាមានកម្ពស់ខ្ពស់ ដូចនេះគេតែងប្រើពាក្យថាឡើង “បេះដូង”។ ពាក្យថា “បេះដូង” នេះវាដូចនឹងឈ្មោះដុំសាច់មួយដុំនៅក្នុងទ្រូងរបស់យើងគ្រប់គ្នាគឺ “បេះដូង” ដែលជាទីសំណាក់របស់ចិត្ត ព្រោះអ្នកប្រាជ្ញ គាត់ពុំដែលដាក់នាមអ្វីមួយ ដោយមិនមានន័យបង្កប់ក្នុងពាក្យនោះឡើយ។
តើផ្លែដូងមានលាក់អ្វីខាងក្នុង? ច្បាស់ណាស់នៅក្នុងផ្លែដូងគឺមានលាក់ទឹក ចំណែកបេះដូងមនុស្សក៏មានលាក់ទឹកដែរ។
– តើក្នុងផ្លែដូង និងបេះដូងរបស់មនុស្សមានលាក់ទឹកអ្វីនៅខាងក្នុង?
នៅក្នុងបេះដូងមនុស្សគឺមានលាក់ទឹកចិត្ត ហើយក្នុងទ្រឹស្ដីព្រះសម្មាសម្ពុទ្ធ បានសម្តែងថា ទឹកនេះតែងប្រែប្រួលទៅតាមចិត្ត ចិត្តល្អទឹកថ្លា ចិត្តមានទុក្ខ ឬអាក្រក់ ទឹកល្អក់ ហើយចំណែកផ្លែដូងក៏មានលាក់ទុកនូវទឹក និងមានន័យដូចបេះដូងដែរ។
– តើផ្លែដូងមានប៉ុន្មានស្រទាប់ ហើយមានអត្ថន័យអ្វីខ្លះ?
ផ្លែដូងមាន៤ស្រទាប់គឺ៖ ១.សំបក ២.ស្រកី ៣.លលាដ៏ ៤.សាច់។ តើបួននេះ ប្រៀបធៀបទៅនឹង សំបក ដូច មេត្តា, ស្រកី ដូច ករុណា, លលាដ៏ ដូច មុទុតា, និង សាច់ ដូច ឧបេក្ខា។
ចំណែកឯបេះដូងមនុស្សវិញ ក៏លាក់ទុកក្នុងស្រទាប់ បួន ដែរ គឺស្រទាប់ទីមួយ គឺស្បែក, ស្រទាប់ទីពីរ គឺសាច់, ស្រទាប់ទីបី គឺសរសៃ និងស្រទាប់ទីបួន គឺឆ្អឹង។ បកស្រទាប់ទាំងបួននេះចេញ ទើបឃើញទឹកនៅក្នុងបេះដូង គឺទឹកចិត្ត ទឹកចិត្តនេះហើយដែលបង្កប់នូវធម៌បួនហៅថា ព្រហ្មវិហារធម៌ (ធម៌ជាដំបូលសំរាប់ឱ្យកូនប្រុសស្រីជ្រក)។
ដូចនេះហើយតាមប្រពៃណីខ្មែរយើងតាំងពីបុរាណមក គេតែងយកផ្លែដូងធ្វើជាគ្រឿងសម្រាប់បូជា ក្នុងកម្មវិធីផ្សេងៗ ដូចជារំដោះគ្រោះជាដើម។ តែសម្រាប់ផ្លូវវិជ្ជសាស្ត្រ ក៏អាចប្រើជាឱសថសម្រាប់ព្យាបាលជំងឺផ្សេងៗផងដែរ៕