លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញពិនិត្យសកម្មភាពអ៊ុតបេទីមលើផ្លូវទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុ និងពិនិត្យមើលសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ

ថ្ងៃពុធ ទី ២ ធ្នូ ២០២០​
28

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អមដំណើរដោយលោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យសកម្មភាពអ៊ុតបេទីមលើផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ និងពិនិត្យមើលសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងក្រុងព្រះសីហនុ។ គម្រោងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែនៅក្នុងខេត្តព្រះសីហនុ បានចាក់បេតុងរួចរាល់ ១០០% និងចាប់ផ្តើមអ៊ុតកៅស៊ូបេទីមកម្ពស់ ០.០៧ម៉ែត្រ បន្ថែមពីលើបេតុងចាក់រួចដែលមានកម្ពស់ ០.២៥ម៉ែត្រ។

ជាជំហានដំបូងនេះក្រុមការងារនឹងធ្វើការអ៊ុតបេទីមលើខ្សែផ្លូវធំៗជាមុន និងបន្តទៅខ្សែផ្លូវផ្សេងទៀតតាមផែនការ និងពេលវេលាដែលបានគ្រោងទុក។ ក្រុមហ៊ុនស្ថាបនាផ្លូវ និងក្រុមហ៊ុនអ៊ុតបេទីមនឹងសហការគ្នាដើម្បីឱ្យដំណើរការស្ថាបនា និងអ៊ុតបេទីមធានាបាននូវបរិមាណ គុណភាព និងសោភ័ណភាព ក្នុងខេត្តព្រះសីហនុ បំរើឱ្យវិស័យទេសចរណ៍និងវិនិយោគនាពេលខាងមុខ។

សូមបញ្ជាក់ថា ក្រុមហ៊ុនដែលទទួលគម្រោងអ៊ុតបេទីមលើផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ មានចំនួន ៣ក្រុមហ៊ុន ទី១.ក្រុមហ៊ុន CCES Engineering Services Co., LTD ទទួលអ៊ុតបេទីម ផ្លូវចំនួន ០៥ខ្សែ ចាប់ផ្ដើមអ៊ុតចេញពីរង្វង់មូលព្រះសេវ: ដល់រង្វង់មូលផ្លូវ បំបែករាម ជាប់(ផ្លូវជាតិលេខ ៤)។ ២. ក្រុមហ៊ុន TCM Engineering Co., LTD ទទួលចំនួន១២ខ្សែ ចាប់ផ្ដើមអ៊ុតចេញពីរង្វង់មូលព្រះសេវា: ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ឆ្ពោះមកកាន់មហាវិថីជំទាវម៉ៅ។ ៣.ក្រុមហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ទទួលផ្លូវចំនួន ១៧ខ្សែ ចាប់ផ្តើមអ៊ុតចេញពីរង្វង់មូលតោពីរទៅដល់ផ្លូវពូលូវ៉ៃ (ផ្លូវលេខ៥០០)ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយថ្ងៃទី២ ខែធ្នូនេះ ក្រុមហ៊ុនទាំង៣ កំពុងដំណើរការអ៊ុតបេទីមព្រមៗគ្នា។ ដោយឡែកក្រុមហ៊ុន L.S Construction Lee Service Cambodia PTC.,LTD បានឱ្យដឹងថា ក្រុមហ៊ុនប្រើពេលវេលាអ៊ុត បេទីមចំនួន ៩០ថ្ងៃ គ្រោងនឹងបញ្ចប់នៅចុងខែកុម្ភះ ឬដើមខែមីនា ឆ្នាំ២០២១ខាងមុខ។

សូមរម្លឹកថា ផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៕

ចែករំលែក

បញ្ចេញយោបល់