ធាតុអាកាសនឹងចុះត្រជាក់ចាប់ពីថ្ងៃទី៤-៧ ខែធ្នូ សូមប្រជាពលរដ្ឋ មន្ត្រីនគរបាល និងកងទ័ពឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមថែរក្សាសុខភាពឱ្យបានល្អ

ថ្ងៃអង្គារ ទី ១ ធ្នូ ២០២០​
21

នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី០២-០៨ ខែធ្នូ ឆ្នាំ២០២០នេះ។ ក្រសួង បានបញ្ជាក់ថា ជ្រលងសម្ពាធខ្ពស់ពីប្រទេស ចិន នឹងរំកិលចុះមកក្រោមជាលំដាប់ដោយនៅថ្ងៃទី៤ ខែធ្នូ នឹងរំកិលចុះមកដល់លើភាគកណ្តាលប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ខ្លាំង។

ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសនឹងចុះត្រជាក់លើកទី១ ចាប់ពីថ្ងៃទី៤-៧ ខែធ្នូ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
* សីតុណ្ហភាពអប្បបរមា មានពី១៩-២១អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៦-២៨អង្សាសេ
២៖ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៥-២៧អង្សាសេ
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី២១-២៣អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៥-២៧អង្សាសេ

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសនគរបាល និងកងទ័ព ដែលកំពុងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមយកចិត្តទុកដាក់ ថែរក្សាសុខភាពចំពោះធាតុអាកាសត្រជាក់នេះ៕

ចែករំលែក

បញ្ចេញយោបល់