លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាប្រទេសក្រ តូចល្អិត តែមានបេះដូងមនុស្សធម៌ធំមិនតូចនោះឡើយ

ថ្ងៃពុធ ទី ២៥ វិច្ឆិកា ២០២០​
10

នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលនិងពិនិត្យលទ្ធផលការងាររបស់សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាលនិងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សរុបចំនួន១៥៣នាក់ដែលពិធីសំណេះសំណាលនេះធ្វើឡើងនៅវិមានសន្តិភាព។ លោក បានគូសបញ្ជាក់ថា កម្ពុជាប្រទេសក្រ តូចល្អិត តែមានបេះដូងមនុស្សធម៌ធំមិនតូចនោះឡើយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា លោកមិនខ្វល់ការរិះគន់លោកផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវនិងមីយ៉ាន់ម៉ានោះទេ។ លោក បានថ្លែងថា នេះជាការចូលរួមជួយដល់មនុស្សជាតិនិងប្រទេសជាមិត្ត។ លោក បានថ្លែងថា លោកក៏ត្រៀមលក្ខណៈផ្តល់ជំនួយម៉ាស់ និងបរិក្ខាពេទ្យមួយចំនួនទៅកាន់ប្រទេសទីម័រខាងកើតផងដែរ។ កម្ពុជាមិនមែនធ្វើមនុស្សធម៌ត្រឹមម៉ាស់ និងបរិក្ខារពេទ្យនោះទេ តែកម្ពុជាបានធ្វើសកម្មភាពមនុស្សធម៌ទាំងសាច់និងឈាមតាមរយៈបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិទៀតផង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ឆ្នាំនេះយើងឆ្លងកាត់ការលំបាកជាច្រើន ទាំងកូវីដ-១៩ ទាំងទឹកជំនន់ និងព្រឹត្តិការណ៍៣វិច្ឆិកា ដែលធ្វើឱ្យសេដ្ឋកិច្ចយើងជួបនូវភាពអវិជ្ជមានតែទំហំនៃការនាំចេញរបស់យើងគឺមានការកើនឡើង១៨%។ លោក បានបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយយើងត្រូវខិតខំបន្ថែមទៀតដើម្បីសេដ្ឋកិច្ចនិងភាពរីកចម្រើនរបស់ប្រទេសយើងនាពេលខាងមុខ៕

ចែករំលែក

បញ្ចេញយោបល់