សាខាកាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់

ថ្ងៃសុក្រ ទី ២០ វិច្ឆិកា ២០២០​
6

ស្វាយរៀង៖ នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត ដឹកនាំដោយលោក លឹម សៀងហេង ប្រធានកិត្តិយសអនុសាខាក្រុង និងសហការី បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងផ្តល់ជូនដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ បណ្តាលឲ្យខូចខាតទាំងស្រុងចំនួន ២ ខ្នង នៅសង្កាត់ប្រាសាទ ក្រុងបាវិត ។

លោក បានមានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក លឹម សៀងហេង បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដែលជានិច្ចកាលលោកតែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

លោក សូមសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងបង្ករដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់ ទន្ទឹមនេះលោកប្រធានកិត្តិយសអនុសាខា ក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ សម្ភារ ពូជជាដើមសម្រាប់ការងារបង្កបង្កើនផលនារដូវវស្សាហ៍ ឲ្យបានទាន់ពេលវេលា ចូលរួមថែរក្សាអនាម័យតាមរយៈការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬអាកុលត្រូវពាក់ម៉ាស់ នៅពេលទៅណាមកណាដើម្បីការពារពីការឆ្លងនៃជំងឺកូវីដ ១៩ ។

ចំពោះ អំណោយដែលបានចែកជូនទាំង ២ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន ៖ អង្ករ ៥០ គ.ក្រ មី ១ កេស ទឹកត្រី ១ យូរ ទឹកស៊ីវអ៊ីវ ១យូរ មុង ១ ភួយ១ នំ១ ធុង ប៊ីចេង ១ គីឡូក្រាម អំបិល ២ គីឡូក្រាម និងថវិកា ចំនួន ៥០.០០០ រៀល ៕

ចែករំលែក

បញ្ចេញយោបល់