លោក ហ៊ុន ជា មានសទ្ធាជ្រះថ្លានាំយកបច្ច័យចូលរួមក្នុងការកសាងកុដិនៅវត្តកាសេមរតនារាម

ថ្ងៃសុក្រ ទី ២០ វិច្ឆិកា ២០២០​
10

កំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ហ៊ុន ជា និងលោកស្រី ព្រមទាំងសហការី បាននាំយកបច្ច័យមួយចំនួន ដើម្បីភ្ជាប់និស្ស័យក្នុងការកសាងកុដិ ប្រគេនដល់ព្រះមង្គលានុរ័ក្ខ អំ សៃ ព្រះរាជាគណៈថ្នាក់កិតិ្តយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ជូនផងដែរថា កុដិដែលត្រូវកសាងដើម្បីប្រគេនដល់ព្រះសង្ឃស្នាក់នៅរៀនសូត្រ ដោយមាន ទទឹង ៩ម៉ែត្រ ២តឹក និងបណ្តោយ ចំនួន ២២ម៉ែត្រ ២តឹក កម្ពស់ ១ជាន់ មាន ចំនួន ០៨បន្ទប់ នៅវត្តកាសេមរតនារាម (ហៅវត្តធម្មយុត្តិ) ស្ថិតនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ព្រះមង្គលានុរ័ក្ខ អំ សៃ និងព្រះសង្ឃគ្រប់អង្គ ព្រមទាំងគណៈកម្មការវត្ត មានសេចក្តីសោមនស្សរីករាយ និងសូមជូនពរចំពោះ លោក ហ៊ុន ជា និងលោកស្រី ព្រមទាំងសហការី សូមបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ និងជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ចែករំលែក

បញ្ចេញយោបល់