លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើលិខិតផ្លូវការជូនលោក ថងលុន ស៊ីសុលីត បញ្ជាក់អំពីការបរិច្ចាគម៉ាសចំនួន ២លាន និងបរិក្ខារពេទ្យមួយចំនួនជូនរដ្ឋាភិបាល និងប្រជាជនឡាវ

ថ្ងៃសៅរ៍ ទី ១៤ វិច្ឆិកា ២០២០​
58

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងស្ថិតនៅក្នុងការធ្វើចត្តាឡីស័ក បានផ្ញើលិខិតផ្លូវការពិសេសមួយជូនលោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយថ្លែងអំណរគុណចំពោះការហៅទូរស័ព្ទសួរសុខទុក្ខរបស់លោក ថងលុន ស៊ីសុលីត និងបញ្ជាក់អំពីការជួយឧបត្ថម្ភរបស់កម្ពុជា ជូនមិត្តឡាវ នូវម៉ាសចំនួន ២លាន និងបរិក្ខាពេទ្យមួយចំនួន។

នៅក្នុងលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា «តាងនាមនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន ២លាន និងសម្ភារៈវិជ្ជសាស្រ្តមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ទន្ទឹមនេះ ខ្ញុំក៏សូមចាត់តាំងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដើម្បីនាំយកអំណោយខាងលើ ទៅទីក្រុងវៀងច័ន្ទ នាព្រឹកថ្ងៃច័ន្ទសប្តាហ៍ក្រោយ តាមជើងយន្តហោះពិសេស។

ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម ស.ប.ប ឡាវ នឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា»។

សូមអានលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងតារាងបញ្ជីរាយនាមបរិក្ខាពេទ្យនៅខាងក្រោម៖

ចែករំលែក

បញ្ចេញយោបល់