អាជ្ញាធរជាតិ​អប្សរា​ជាស្ថាប័ន​ផ្តល់​ចំណេះ​ដឹង និង​ការងារ​ដ៏ធំ​សម្រាប់​អ្នក​សិក្សា​បុរាណ​វិទ្យា

ថ្ងៃចន្ទ ទី ២៥ មេសា ២០១៦​
250

បន្ទាប់ពីចំណាយពេលអស់១០ថ្ងៃដើម្បីចុះកម្មសិក្សាទាក់ទងនឹងបុរាណវិទ្យា ការអភិរក្ស ជួសជុល និងគ្រប់គ្រងប្រាសាទនៅលើទឹកដីខេត្តសៀមរាប ព្រះវិហារ និងឧត្តរមានជ័យហើយនោះ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ក្រុមនិស្សិតបុរាណវិទ្យាទាំង៣០នាក់បានបញ្ចប់ភារកិច្ចដោយជោគជ័យ។ កម្មសិក្សានេះបានចាប់ផ្តើមនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦  ទទួលបន្ទុកទាំងស្រុងដោយអាជ្ញាធរជាតិអប្សរានិងដឹកនាំដោយមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរានៅតាមប្រធានបទនិងទីតាំង រួមទាំងសាស្ត្រាចារ្យនៃមហាវិទ្យាល័យបុរាណវិទ្យាផងដែរ។

នៅក្នុងដំណើរទស្សនកិច្ចសិក្សានៅអូរថ្មដាប់នៃរមណីយដ្ឋានបេងមាលាថ្ងៃទី៨ មីនា ព្រឹទ្ធបុរសមហាវិទ្យាល័យបុរាណវិទ្យា មួន សុភាព បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំទស្សនកិច្ចសិក្សានៅខេត្តសៀមរាប គឺត្រូវបានឧបត្ថម្ភ គាំទ្រទាំងស្រុងពីអាជ្ញាធរជាតិអប្សរាសម្រាប់និស្សិតបុរាណវិទ្យាឆ្នាំទី៤។ កម្មសិក្សានេះធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់ចំណេះដឹងផ្នែកទ្រឹស្តីនៅសាលាទៅនឹងការអនុវត្តនៅលើទីតាំងផ្ទាល់ ដើម្បីឱ្យការសិក្សារបស់និស្សិតកាន់តែមានប្រសិទ្ធិភាព និងជាពន្លឺក្នុងការបញ្ចប់សារណាបានល្អ។

លោកព្រឹទ្ធបុរសក៏បានថ្លែងអំណរគុណដល់ប្រមុខដឹកនាំនៃអាជ្ញាធរជាតិអប្សរាដែលបានឧបត្ថម្ភគាំទ្រដល់កម្មសិក្សានិស្សិតបុរាណវិទ្យារយៈពេល១០ថ្ងៃជារៀងរាល់ឆ្នាំ។  មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរជាតិអប្សរាក៏បានបញ្ជូនមន្ត្រីជាសាស្ត្រាចារ្យជំនាញទៅបង្ហាត់បង្រៀននិស្សិតបុរាណវិទ្យាថែមទៀត។  ពិសេសជាងនេះ ក្រៅពីជួយបណ្តុះបណ្តាលធនធានមនុស្ស ជ្រោមជ្រែងសមត្ថភាពនិស្សិតក្នុងការសិក្សាស្រាវជ្រាវ អាជ្ញាធរជាតិអប្សរាក៏បានផ្តល់កន្លែងការងារឱ្យនិស្សិតបុរាណវិទ្យាបានមកធ្វើការផងដែរពេលរៀនចប់ ជាក់ស្តែងមានអ្នកជំនាញបុរាណវិទ្យាជាច្រើនបានមកធ្វើការនៅទីនេះ ដែលជាការរួមចំណែកជួយជាតិជាខ្លាំងជាមួយសា្ថប័នអាជ្ញាធរជាតិអប្សរា។

កញ្ញា សឿ ចំរើនសុទ្ធី និស្សិតបុរាណវិទ្យាជំនាន់ទី២៤ សរសរសារណាអំពី «ជំនួញអំបិលនាសម័យបុរាណ»ក៏បានលើកឡើងដែរចំពោះដំណើរទស្សនកិច្ចសិក្សានេះថា ភាគច្រើននៅសាលា រៀនជាទ្រឹស្តី តែនៅកន្លែងនេះយើងបានរៀនសូត្រច្រើនពីអ្វីដែលយើងបានរៀនកន្លងមក បូករួមនឹងការពន្យល់បន្ថែមពីសាស្ត្រាចារ្យនិងមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាប្រចាំផ្ទាល់នៅក្នុងតំបន់ ធ្វើឱ្យការសិក្សាកាន់តែច្បាស់ជាងមុន។ នៅទីនេះយើងមិនត្រឹមតែបានយល់ដឹងអំពីប្រវត្តិសាស្ត្រនិងបុរាណវិទ្យាប៉ុណ្ណោះទេ យើងក៏បានដឹងយ៉ាងច្រើនទាក់ទងនឹងការជួសជុលប្រាសាទផងដែរ ពិសេសបានឃើញពីទឹកចិត្តប្រជាជនដែលចូលរួមសហការក្នុងការភិរក្សមរតកដ៏មានតម្លៃនៃវប្បធម៌ខ្មែរ។ កញ្ញាមានក្តីរំភើបណាស់ពេលមកដល់កន្លែងនេះនិងមោទនភាពជាខ្លាំងចំពោះការសិក្សាបុរាណវិទ្យា គឺមិនត្រឹមតែបានសិក្សាកាន់តែច្បាស់ពីតម្លៃវប្បធម៌ពិតប្រាកដនោះទេ ថែមទាំងបានសិក្សាជាមួយសាស្រ្តាចារ្យជាអ្នកស្រាវជ្រាវល្បីៗ មានគំនិតបណ្តុះបណ្តាល ធ្វើឱ្យកញ្ញាយល់កាន់តែច្បាស់ កាន់តែចង់ថែរក្សានូវអ្វីដែលមានឱ្យកាន់តែគង់វង្ស និងផ្សព្វផ្សាយអ្វីដែលចេះទៅកាន់សង្គមខ្មែរនិងសង្គមលើសាកលលោកទៀតផង។

លោក ចាន់ វិចិត្រ និស្សិតបុរាណវិទ្យាជំនាន់ទី២៤ផងដែរនោះ បានប្រាប់ថា ទោះបីខ្លួនសរសេរសារណាទាក់ទងនឹងចម្លាក់នៅលើថ្មគោលពុទ្ធសាសនានៅក្នុងសារមន្ទីរបាត់ដំបង តែការចុះកម្មសិក្សានៅសៀមរាបនេះបានផ្តល់ចំណេះដឹងយ៉ាងច្រើនទាក់ទងនឹងការអនុវត្តជាក់ស្តែងដោយបានចុះទៅតាមការដ្ឋានផ្ទាល់ ស្ថានីយ៍នានា ប្រាង្គប្រាសាទបុរាណ ដោយមានអ្នកជំនាញនៅតាមគោលដៅបានពន្យល់និងបង្រៀនពីបច្ចេកទេស ព្រមទាំងប្រវត្តិនៃការជួសជុលប្រាសាទទាំងនោះផងដែរ។ តាំងនាមឱ្យនិស្សិតបុរាណទាំងអស់ គឺមានសេចក្តីត្រេកអរជាខ្លាំងដែលបានចុះមកកម្មសិក្សានៅទីនេះ និងថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរាដែលបានជួយឧបត្ថម្ភទាំងស្រុងនិងមានអ្នកជំនាញជួយជ្រោមជ្រែង ពន្យល់ណែនាំគ្រប់ទីតាំង ដើម្បីឱ្យនិស្សិតទាំងអស់បានយល់ដឹងពីបុរាណវិទ្យា ប្រវត្តិសាស្ត្រ ការជួសជុល ការអភិរក្ស និងគ្រប់គ្រងតំបន់បេតិកភណ្ឌប្រកបដោយចីរភាព។

 

716x266_photo_2016-03-12_17-38-32 photo_2016-03-12_17-38-54 photo_2016-03-12_17-38-52 photo_2016-03-12_17-38-51 photo_2016-03-12_17-38-49 photo_2016-03-12_17-38-48 photo_2016-03-12_17-38-40 716x266_photo_2016-03-12_17-38-34

ចែករំលែក

បញ្ចេញយោបល់