វេទិកាពិគ្រោះយោបល់ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១-២០២៣នៅខេត្តព្រះសីហនុ

ថ្ងៃអង្គារ ទី ២០ តុលា ២០២០​
12

ព្រះសីហនុ៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាគណៈអធិបតីបើកវេទិកាពិគ្រោះយោបល់ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១-២០២៣ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលផងដែរ។

លោក គួច ចំរើន បានមានប្រសាសន៍លើកឡើងថាវេទិកាពិគ្រោះយោបល់នេះគឺដើម្បីជាប្រយោជន៍ដល់ការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ប្រកបដោយតម្លាភាព និងមានការចូលរួមមានសង្គតិភាព ពិសេសការពង្រឹងការអនុវត្តនូវគោលការទាំង៩ និងវប្បធម៌ប្រជាធិបតេយ្យក្នុងដំណើរប្រព្រឹត្តទៅនៃការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់បណ្ដារដ្ឋបាលនៅថ្នាក់ក្រោមជាតិ។ ការរៀបចំវេទិការពិគ្រោះយោបល់ ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ខេត្តគឺបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្តនិងសម្របសម្រួលបន្ស៉ី តម្រូវការអភិវឌ្ឍទាំងនេះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានាដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាព ។

លោកអភិបាលខេត្ត បានបន្តថា វេទិកាពិគ្រោះយោបល់ ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ប្រព្រឹត្តទៅទទួលបានផ្លែផ្កាជាវិជ្ជមានទៅបានគឺរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវព្យាយាមត្រង់ត្រាប់ស្ដាប់ និងកត់ត្រានូវព័ត៌មានសំខាន់ៗពិសេសពាក់ព័ន្ធទៅនឹងឈ្មោះមន្ទីរ អង្គភាព ដៃគូអភិវឌ្ឍអង្គការ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីអនុវត្តគម្រោងក្នុងដែនដីរបស់ខ្លួនព្រមទាំងឈ្មោះគម្រោង ទីតាំងគម្រោងដែលត្រូវអនុវត្តដោយតម្លាភាព សង្ឃឹមថានឹងអាចឈានទៅដល់ការសម្របសម្រួលគ្នាដើម្បីឱ្យការវិនិយោគនិងការអភិវឌ្ឍនៅមូលដ្ឋានប្រព្រឹត្តទៅដោយរលូនដោយសង្គតិភាពនិងមានប្រសិទ្ធភាព៕

ចែករំលែក

បញ្ចេញយោបល់