ប្រជាពលរដ្ឋជួបការលំបាកនៅសង្កាត់អូរក្រសារ ក្រុង កែប បានទទួលអំណោយជាស្បៀង និងថវិកាមួយចំនួនសម្រាប់ដោះស្រាយទុក្ខលំបាក

ថ្ងៃអង្គារ ទី ២០ តុលា ២០២០​
10

កែប៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោក សោម ពិសិដ្ឋ អភិបាល នៃគណអភិបាលខេត្តកែប បានដឹកនាំអភិបាលរងខេត្ត លោកស្រីអភិបាលក្រុងកែប លោក លោកស្រីប្រធានមន្ទីអង្គភាពពាក់ព័ន្ធដេីម្បីនាំយកស្បៀង ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយ ចំនួន ឧបត្ថម្ភដល់ប្រជាពលរដ្ឋកំពុងជួបការលំបាក ចំនួន១០គ្រួសារ នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ។ ថ្លែងក្នុងឱកាសនេះ លោកអភិបាលខេត្ត បានមានប្រសា សន៍ថា ដោយសារវិបត្តិនៃជំងឺឆ្លងជាសាកលកូវីដ-១៩ នៅតែបន្ត ឆ្លងរាលដាលនៅទូទាំងពិភពលោក ទោះបីជាប្រទេសកម្ពុជា មិនមានការីករាយដាលក្នុងសហគមន៍ ក៏ដោយ បញ្ហានេះបានបង្កអោយប្រជាជនមួយចំនួនធំជួបវិបត្តិសេដ្ឋកិច្ចគ្រួសារ ស្ថានភាពជីវភាពរស់នៅ មាន ការលំបាកផងដែរ។

ដើម្បីសម្រាលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ រដ្ឋាភិបាលកម្ពជា ដែលមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ បានដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើន ដូចជាវិធានការអនុគ្រោះពន្ធ ការអនុញ្ញាតមិនឱ្យបង់ប្រាក់វិភាគទាន ធានារ៉ាប់រងហានិភ័យការងារ ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មករ ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ជាដើម ជាពិសេសវិស័យសង្គមកិច្ច កំពុងជំរុញការអនុវត្តគោលនយោបាយគាំពារសង្គម ដោយបានដាក់ចេញនូវវិធានជំនួយសង្គម សំដៅជួយសម្រួល ការលំបាក និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ ពិសេសស្ត្រីមានផ្ទៃពោះ និងគ្រួសារ ដែលមានជីវភាពក្រីក្រ ពោល គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ ១៩ ជាដើម ។

លោក សោម ពិសិដ្ឋ បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា តែងណែនាំដល់អាជ្ញាធរថ្នាក់ ក្រោមជាតិ ត្រូវក្តាប់អោយបាននូវស្ថានភាពបងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទិស ទី ដើម្បីចាំអន្តរាគមន៍ ដោះស្រាយជួយសម្រួលការលំបាក នៅពេលមានគ្រោះមហន្តរាយផ្សេងៗ ពិសេសក្នុងដំណាក់កាលដែលកំពុងជួបវិបត្តិកូវីដ-១៩នេះ។

លោក បានបន្តថា អំណោយដែលនាំយកមកចែកជូននាពេលនេះ គឺគ្រាន់តែដោះស្រាយជីវភាពរបស់បងប្អូនមួយគ្រាប៉ុណ្ណោះ ហេតុនេះបងប្អូនត្រូវបន្តខិតខំបង្កបង្កើនផលបន្ថែមទៀត ទាំងដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ ឲ្យបានច្រើន ទៅតាមទីកន្លែង និងតាមលទ្ធភាពដែលអាចធ្វើបានទើបធានាការផ្គត់ផ្គង់ជីវភាពគ្រួសារបានគ្រប់គ្រាន់តាមតម្រូវការ។ សូមបងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិ ព្រោះបច្ចុប្បន្ននេះ ពេលមានភ្លៀងផ្គររន្ទះ តែងតែមានខ្យល់កន្ទ្រាក់មកជាមួយ ដែលអាចបង្ករគ្រោះថ្នាក់ ជាយថាហេតុ ។

បន្ទាប់ពីផ្តល់អំណោយរួចមក លោកអភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារទៅពិនិត្យស្ថានភាពទំនប់អូរក្រសារ និងផ្ដល់ការណែនាំ ដល់ អាជ្ញាធរក្រុង និងសង្កាត់អូរក្រ សារ ជា ពិសេសមន្ទីធនធានទឹក និងឧតុនិយមខេត្ត អោយមានការប្រុងប្រយ័ត្ន បិទបើកទឹកទៅតាមលក្ខណបច្ចេកទេស ជៀសវាងទឹកឡើងខ្លាំងធ្វើអោយបាក់ទំនប់៕

ចែករំលែក

បញ្ចេញយោបល់