កិច្ចប្រជុំពិនិត្យសភាពការណ៍គ្រោះមហន្តរាយជំនន់ទឹកភ្លៀង និងវាយតម្លៃការងារគ្រប់គ្រងទឹកសម្រាប់ប្រើប្រាស់នារដូវប្រាំងខាងមុខ

ថ្ងៃអង្គារ ទី ២០ តុលា ២០២០​
6

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន អភិបាល ខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំពិនិត្យសភាពការណ៍គ្រោះមហន្តរាយជំនន់ទឹកភ្លៀង និងវាយតម្លៃការងារគ្រប់គ្រងទឹកសម្រាប់ប្រើប្រាស់នារដូវប្រាំងខាងមុខ ដោយមានការអញ្ជើញចូលរួមពីលោក សាន់ យូ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាព អភិបាលស្រុក និងនាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត។

ក្នុងកិច្ចប្រជុំនោះដែរ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត និងស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ដែលបាននឹងកំពុងរួមគ្នាអន្តរាគមន៍ ចាត់វិធានការយ៉ាងសស្រាក់សស្រាំក្នុងការដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងដែលបានលិចផ្លូវ ទាំងផ្លូវជាតិ និងផ្លូវក្រាលគ្រួសក្រហម ព្រមទាំងបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមដងផ្លូវជាតិលេខ៥ផងដែរ។

បន្ថែមពីនោះ លោក បានជម្រុញឲ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តតាមដានសភាពការណ៍ជាប្រចាំ ដើម្បីរាយការណ៍ និងឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះហេតុការណ៍ផ្សេងៗ ព្រមទាំងបន្ដផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន អាណាព្យាបាលជាពិសេសចាស់ជរា និងកុមារតូចៗដែលជាជនងាយរងគ្រោះត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុតព្រោះហានិភ័យនៃគ្រោះ មហន្តរាយទឹកជំនន់អាចនឹងកើតមានឡើងជាយថា ហេតុ។

ជាងនេះទៅទៀត លោកអភិបាលខេត្ត ក៏បានជម្រុញបញ្ជាក់បន្ថែមដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ តាមដាន និងពិនិត្យស្ថានភាពទឹកតាមបឹង ព្រែក ស្ទឹង ទូទាំងខេត្ត ត្រូវចាត់វិធានការបើកទ្វារទឹកដើម្បី បញ្ចូលទៅតាមព្រែក បណ្ដាអាងទឹកនានា និងតំបន់ទំនាបដើម្បីរក្សាទឹកទុកសម្រាប់រដូវប្រាំងនាពេលខាងមុខនេះ៕

ចែករំលែក

បញ្ចេញយោបល់