លិខិតមិត្តអ្នកអាន៖ «ពេលពលរដ្ឋខ្មែរមានទុក្ខ សម រង្ស៊ី បែរទៅជួយឈឺឆ្អាលក្រុមបាតុករនៅស្រុកថៃធ្វើព្រងើយ»

ថ្ងៃអង្គារ ទី ២០ តុលា ២០២០​
12

ក្នុងនាមពលរដ្ឋខ្មែរម្នាក់ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែរ ខ្ញុំពិតជាទប់ចិត្តនិងទ្រាំមិនបានឡើយចំពោះអាកប្បកិរិយាគ្មានវិចារណញ្ញាណបែបរវើរវាយនិងឆ្កួតលេលារបស់ទណ្ឌិតសម រង្ស៊ី។ នៅពេលដែលប្រជាពលរដ្ឋខ្មែរកំពុងរងគ្រោះដោយទឹកជំនន់ស្ទើរតែគ្រប់ទីកន្លែងសម រង្ស៊ី និងគូកន មិនត្រឹមតែមិនបានជួយឬក៏សម្តែង​សមានចិត្តជួយសម្រាលការលំបាកដល់ពលរដ្ឋខ្មែរដែលរងគ្រោះដោយទឹកជំនន់ប៉ុណ្ណោះទេ ប៉ុន្តែ សម រង្ស៊ី បែរជាទៅជួយឈឺឆ្អាលនឹងក្រុមបាតុករនៅឯប្រទេសថៃទៅវិញ។ សម រង្ស៊ី បានបង្ហោះសារ និងលើកម្រាមដៃ៣ដើម្បីសម្តែងការគាំទ្រចំពោះបាតុករនៅប្រទេសថៃធ្វើព្រងើយដោយមិនខ្វល់ខ្វាយពីសុខទុក្ខរបស់ពលរដ្ឋខ្មែរដែលកំពុងលិចលង់ ដោយទឹកជំនន់នោះឡើយ។

ចាប់តាំងពីផ្តើមកើតមានវិបត្តិកូវីដ-19 មកម៉្លេះ សម រង្ស៊ី មិនដែលយកចិត្តទុកដាក់នឹងសុខទុក្ខរបស់ពលរដ្ឋខ្មែរឡើយ។ ផ្ទុយទៅវិញ សម រង្ស៊ី អង្គុយបន់ស្រន់ឲ្យកម្ពុជារងគ្រោះខ្លាំងដើម្បីអាចអោយខ្លួនមានលេសបន្ទោសរដ្ឋាភិបាលលោក ហ៊ុន សែន។ ទង្វើរបស់ សម រង្ស៊ី គឺពិតជាកំហុសដ៏ធ្ងន់ធ្ងរបំផុត គឺខុសទាំងនយោបាយក្នុងស្រុកនិងទាំងនយោបាយការបរទេស។

សូម្បីអំណោយមួយកញ្ចប់ក៏គ្មានថវិកាមួយសេនក៏អត់ និងសូម្បីទឹកចិត្តចូលរួមសម្រាលការលំបាកឬក៏ជួយលើកទឹកចិត្តដល់អ្នកជួយពលរដ្ឋរងគ្រោះក៏សម រង្ស៊ី មិនបានធ្វើដែរ។ ផ្ទុយទៅវិញ សម រង្ស៊ី និងគូកនឱបដៃឈរមើល ពលរដ្ឋខ្លួនឯង រងទុក្ខ ដោយមិនខ្វល់ ហើយថែមទាំងប្រើសម្តីចាក់ដោត មួលបង្កាច់បំភ្លៃការពិត មើលបំណាំ និងចាំតែស្តីបន្ទោសនិងបញ្ឆេះកំហឹងទៅវិញ។ នេះគឺជាអាកប្បកិរិយារបស់មនុស្សគ្មានសីលធម៌ គ្មានគុណធម៌ គ្មានទឹកចិត្ត និងគ្មានបេះដូងដែលមិនសមជាអ្នកនយោបាយទាល់តែសោះ។

មើលចុះថ្នាក់ដឹកនាំរដ្ឋាភិបាលរាប់តាំងពីនាយករដ្ឋមន្ត្រី ប្រធានកាកបាទក្រហម រហូតដល់មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងអ្នកជំនួញតូចធំ តារាល្បីៗ យុវជន យុវនារីរហូតដល់ប្រជាពលរដ្ឋសាមញ្ញៗ គេបាននាំគ្នាសស្រាក់សស្រាំបរិច្ចាគទាំងកម្លាំងកាយចិត្ត ទាំងថវិកា សម្ភារៈ និងគ្រឿង ឧបភោគបរិភោគគ្រប់ប្រភេទដើម្បីជួយសង្គ្រោះជនរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅគ្រប់ទិសទី។
ចម្លែកអីតែសម រង្ស៊ី និងគូកន បែរជាសម្ងំចាំតែរកមើលចំណុចខ្សោយឬកំហុសឆ្គងរបស់គេដើម្បីជាន់ពន្លិចទៅវិញ។ នេះបានហៅថាជាក្រុមមនុស្ស​ «មិនជួយចូកមិនជួយចែវ បែរជាយកជើងរាទឹក»។

អាក្រក់ជាងនេះទៅទៀត សម រង្ស៊ី ថែមទាំងបាន បញ្ឈឺចិត្តប្រជាពលរដ្ឋខ្មែររងគ្រោះដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរតាមរយៈការ បង្ហាញពីក្តីខ្វាយខ្វល់ជា មួយក្រុមបាតុករនៃ ប្រទេសជិតខាងទៅវិញ។ ខ្ញុំក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅដែរយល់ច្បាស់ណាស់ថា គឺដោយ សារតែអាកប្បកិរិយាបែបនេះ ហើយដែលនាំឲ្យសម រង្ស៊ី គ្មានទីតាំងឈរជើងក្នុងឆាក នយោបាយនៅកម្ពុជា។

ជាការពិត សម រង្ស៊ី ដែលធ្វើនយោបាយតាំងពីមាន បក្សនយោបាយ និងមានវត្តមាន នៅក្នុងប្រទេសរហូតដល់បក្សនយោបាយរលាយ និងសូម្បីតែខ្លួនឯងក៏មិនអាចឈរជើងនៅកម្ពុជា បានដូច សព្វថ្ងៃ គឺជា លទ្ធផលនៃកំហុសដែលសម រង្ស៊ីខ្លួនឯងបានសាងឡើងទាំងអស់។ កំហុសរបស់ សម រង្ស៊ី មានច្រើន រាប់មិនអស់ ហើយជាកំហុសធំធេងដដែលៗ ម្តងហើយម្តងទៀត រាប់ទាំងកំហុសជាយុទ្ធសាស្ត្រ កំហុសនយោបាយក្នុងប្រទេស និងកំហុសនយោបាយការបរទេស៖

ទី១៖ កំហុសជាយុទ្ធសាស្ត្រ៖
សម រង្ស៊ី គឺជាអ្នកនយោបាយដែលគ្មានយុទ្ធសាស្ត្រនិងគ្មានចក្ខុវិស័យសម្រាប់អនាគត នយោបាយរបស់ខ្លួនឡើយពោលគឺសម រង្ស៊ីធ្វើនយោបាយដើម្បីតែ សងសឹកគំនុំគ្រួសារខ្លួនតែប៉ុណ្ណោះ។ ចាប់តាំងពីពេលបង្កើតគណបក្សជាតិខ្មែរនៅឆ្នាំ ១៩៩៥ មក សម រង្ស៊ី ចេះប្រើវិធីតែម្យ៉ាងគត់ គឺប្រឆាំងជាមួយរដ្ឋាភិបាលជាពិសេស គឺប្រឆាំងដោយផ្ទាល់ជាមួយលោក ហ៊ុន សែន។ សម រង្ស៊ី បានប្រើ នយោបាយប្រឆាំងផ្កាប់មុខគឺប្រឆាំងដើម្បីបំផ្លាញជាអាវុធដើម្បីស្វែងរកប្រជាប្រិយភាពដោយមិនបានគិតគូរទាល់តែសោះអំពីគោលនយោបាយ អំពីយុទ្ធសាស្ត្រ និងផែនការសម្រាប់ដឹកនាំប្រទេសឡើយ។ ហេតុដូច្នេះហើយ បានជារាល់ទង្វើរបស់សម រង្ស៊ី គឺចេញមកម្តងៗ គឺភ្លាវៗនិងមិនត្រូវសភាពការណ៍ ទាល់តែសោះ។ ជាក់ស្តែង ករណីដែល សម រង្ស៊ី លើក ម្រាមដៃ៣គាំទ្រក្រុមបាតុករនៅប្រទេសថៃខណៈពេលដែលពលរដ្ឋរបស់ខ្លួនកំពុងរងគ្រោះដោយទឹកជំនន់ពេញផ្ទៃប្រទេស គឺជាកំហុសយុទ្ធសាស្ត្រដ៏ធ្ងន់ធ្ងរណាស់សម្រាប់អ្នកនយោបាយ។

ទី២៖ កំហុសនយោបាយជាតិ៖

ចាប់តាំងពីធ្វើនយោបាយមកសម រង្ស៊ី មិនដែលលើក មកបង្ហាញប្រាប់ប្រជាពលរដ្ឋអំពីគោលនយោបាយជាតិ របស់ខ្លួនឡើយថា តើពេលឈ្នះឆ្នោត គណបក្សរបស់ខ្លួនមានគោលនយោបាយយ៉ាងដូចម្តេចខ្លះទៅលើវិស័យកសិកម្ម, វិស័យឧស្សាហកម្ម, វិស័យបច្ចេកវិទ្យា, វិស័យអប់រំ, វិស័យសេដ្ឋកិច្ចសង្គមកិច្ច។ល។ និង។ល។ ហេតុអ្វីបានជាមិនបាន បង្ហាញនូវគោលនយោបាយទាំងនោះ? ពីព្រោះតែគណបក្សដែលដឹកនាំដោយ សម រង្ស៊ី តាំងពីឆ្នាំ ១៩៩៥ មក មិនដែលមានគោលនយោបាយអ្វីទាំងអស់។ ទើបតែនៅ ពេលថ្មីៗកន្លងទៅនេះទេ នៅពេលដឹងថាខ្លួនគ្មានគោលនយោបាយនិងដឹងថាបក្សខ្លួនគ្មានធនធាន មនុស្សដែលចេះសរសេរគោលនយោបាយ ទើបអតីតគណបក្សប្រឆាំងនេះនឹកឃើញពឹងចៅហ្វាយនាយបរទេសអោយជួយសរសេរគោលនយោបាយឲ្យគណបក្សរបស់ខ្លួន។ រឿងនេះត្រូវបាន កឹម សុខាយកមកនិយាយដោយមោទនភាពនិងអួតក្អេងក្អាងជាសាធារណៈដោយឥតអៀនខ្មាសថា «មានប្រទេស មហាអំណាចមួយបានសរសេរគោលនយោបាយអោយគណបក្សយើងដើម្បីដឹកនាំប្រទេស …. » ។

មកដល់ចំណុចនេះ យើងអាចស្រមៃនិងពិចារណាមើលថា គណបក្សមួយដែលសូម្បីតែគោលនយោបាយមិនចេះសរសេរខ្លួនឯងផង ហើយរត់ទៅពឹងបរទេសឲ្យជួយដែរ តើគណបក្សបែបនេះអាចដឹកនាំប្រទេសបាន ដោយរបៀបណា? ហើយជាពិសេស បើ គោលនយោបាយរបស់បក្សខ្លួនត្រូវបានតាក់តែងដោយបរទេស តើបក្សនោះនឹងមិនបម្រើអោយបរទេស ឬជាអាយ៉ង ឬជាកូនអុករបស់បរទេសនោះទេឬ?

ទី៣៖ កំហុសនយោបាយការបរទេស៖

សម រង្ស៊ី មិនមែនមិនដឹងទេថា រដ្ឋធម្មនុញ្ញកម្ពុជាបានគូសបន្ទាត់នយោបាយការបរទេសអព្យាក្រឹត្យដោយមិនយកប្រទេសណា ឬប្លុកណាជាសត្រូវឡើយ។ ប៉ុន្តែ ក្នុងសកម្មភាពនយោបាយរបស់ខ្លួន សម រង្ស៊ី បានតាំងខ្លួនឯងជាអ្នកឈរនៅខាងលោកសេរីហើយចាត់ទុកពិភពកុម្មុយនិស្តជាសត្រូវ ជាពិសេស ប្រទេសចិន។ តើសម រង្ស៊ី ដឹកនាំប្រទេសយ៉ាងដូច ម្តេច បើខ្លួនចាត់ទុកចិន ដែលជាមហាអំណាចតំបន់ជាសត្រូវនិងចាត់ទុក វៀតណាមនិងថៃដែលជាប្រទេសភូមិផង របងជាមួយជាសត្រូវទៅ ហើយនោះ? កំហុសនយោបាយការបរទេសដ៏ធ្ងន់ធ្ងរបែបនេះ ទោះបីជា សម រង្ស៊ី ធ្វើនយោបាយប៉ុន្មានឆ្នាំតទៅទៀតក៏គ្មានបានលទ្ធផលអ្វីដែរពីព្រោះពលរដ្ឋខ្មែរ យល់ថា មនុស្សបែប សម រង្ស៊ី នេះ បើ បណ្តោយអោយមក ដឹកនាំប្រទេស នោះភ្លើងសង្គ្រាមនឹងកើតឡើងជាក់ជាមិនខានជាមួយប្រទេសជិតខាងហើយម្យ៉ាងទៀត នយោបាយបែបនេះក៏គ្មានការគាំទ្រពីសហគមន៍ក្នុងតំបន់និងអន្តរជាតិដែរ។

សរុបមកវិញ ការរលាយរលត់ទៅនៃគណបក្សនយោបាយដែលដឹកនាំដោយ សម រង្ស៊ី និងការភៀសខ្លួនរត់ចោលស្រុកយ៉ាងអាម៉ាស់របស់ សម រង្ស៊ី និងគូកនគឺជាលទ្ធផលនៃកំហុសនយោបាយដែលខ្លួន បានសាងឡើងទាំងអស់។ រហូតមកដល់ពេលនេះ សម រង្ស៊ី គ្មាននៅសល់អ្វីក្រៅពីសំបកខ្លួនឡើយ ពោលគឺ បាត់បង់ទាំងគណបក្សនយោ​បាយទាំងទីតាំងឈរជើង នៅកម្ពុជាបាត់ទាំងការគាំទ្រពីប្រជាពលរដ្ឋខ្មែរ និងទាំងការគាំទ្រពី សហគមន៍អន្តរជាតិ។ នេះហើយជាលទ្ធផល នៃនយោបាយបែបរវើរវាយ គ្មានទស្សនៈវិស័យជាក់លាក់គ្មានយុទ្ធសាស្ត្រនិងជាពិសេស ការធ្វើនយោបាយសើចចំអក ដល់ប្រជាពលរដ្ឋខ្លួនឯង៕

ដោយ៖ អ្នកនយោបាយតុកាហ្វេ

ចែករំលែក

បញ្ចេញយោបល់