សុន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំប្រមុខរដ្ឋាភិបាល ស្ដីពី «ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍដោយចីរភាព ឆ្នាំ ២០៣០ ក្នុងកាលៈទេសៈកូវីដ-១៩ និង ពេលខាងមុខ»

ថ្ងៃអង្គារ ទី ២៩ កញ្ញា ២០២០​
6

សុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំប្រមុខរដ្ឋាភិបាល ស្ដីពី «ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍដោយចីរភាព ឆ្នាំ ២០៣០ ក្នុងកាលៈទេសៈកូវីដ-១៩ និង ពេលខាងមុខ» ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២០

==============

  • ឯកឧត្ដមអគ្គលេខាធិការ
  • ឯកឧត្ដម លោកជំទាវ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល
  • ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាទីរាប់អាន!

ថ្ងៃនេះ ខ្ញុំពិតជាមានក្ដីរីករាយ ដែលបានចូលរួមកិច្ចប្រជុំស្ដីពី «ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍដោយចីរភាព ឆ្នាំ ២០៣០ ក្នុងកាលៈទេសៈ កូវីដ១៩ និងពេលខាងមុខ»។ ជាការពិត វឌ្ឍនភាពដែលសម្រេចបានក្រោមក្របខណ្ឌនៃរបៀបវារៈនេះ កំពុងទទួលរងការបំផ្លាញ ដោយសារផលប៉ះពាល់ជាអវិជ្ជមានដ៏ធ្ងន់ធ្ងរមកលើសង្គម និងសេដ្ឋកិច្ច បណ្ដាលមកពីជំងឺកូវីដ-១៩។ ការបន្ទុចបង្អាក់នេះ កើតឡើងដោយសារមូលហេតុចម្បងៗមួយចំនួ​ន រួមមាន៖ (១). ការថមថយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនីមួយៗ ឈរលើភាពចាំបាច់ក្នុងការបង្វែរទិសដៅអាទិភាពគោលនយោបាយ និងធនធាន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និង (២). ការកើនឡើងនូវការប្រកាន់យកគោលការណ៍គាំពារនិយមជ្រុលរបស់ប្រទេសមហាអំណាចមួយចំនួន ដែលកំពុងតែបំផ្លាញប្រព័ន្ធពហុភាគីនិយម សកលភាវូបនីយកម្ម និងក្របខណ្ឌនៃកិច្ចសហការជាអន្តរជាតិផ្សេងទៀត ហើយក៏ជាដំណើរបញ្ច្រាស់ទិស នៃកិច្ចប្រឹងប្រែងសំដៅសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ ២០៣០។

ខ្ញុំមានអារម្មណ៍ថា ក្នុងបរិការណ៍បែបនេះ ពេលវេលាកំណត់នៅឆ្នាំ ២០៣០ ដើម្បីសម្រេចឱ្យបាននូវបង្គោលចរ និងគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព ប្រហែលជានឹងគប្បីត្រូវបានពិចារណាពន្យារ។ ច្បាស់ណាស់ថា ការណ៍នេះ ទាមទារឱ្យមានការវាយតម្លៃឡើងវិញក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ទាំងក្នុងក្របខណ្ឌនៃវេលាកំណត់ ទិសដៅយុទ្ធសាស្រ្ត ផែនការអនុវត្ត និងធនធាន សម្រាប់ការសម្រេចបាននូវរបៀបវារៈរបស់យើង បន្ទាប់ពីស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ មានភាពធូរស្បើយ។ លើមូលដ្ឋាននេះ ខ្ញុំសូមគូសរំលេចនូវការងារជាអាទិភាពមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាហិរញ្ញប្បទាន ដែលជាមធ្យោបាយមួយដ៏សំខាន់សម្រាប់បម្រើឱ្យកិច្ចប្រឹងប្រែងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការឈានទៅសម្រេចបាននូវរបៀបវារៈឆ្នាំ ២០៣០ ដូចខាងក្រោម៖

ទី១. ការប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការកែទម្រង់នៅក្នុងប្រទេសនីមួយៗ ដើម្បីពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច បង្កបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងពង្រឹងការប្រមូលចំណូលរដ្ឋ។ ទន្ទឹមនេះ យើងត្រូវធ្វើអាទិភាពវូបនីយកម្មចំណាយថវិកាជាតិ ដោយផ្តោតលើវិស័យពាក់ព័ន្ធដោយត្រង់ ជាមួយគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព ២០៣០ ជាអាទិ៍ អប់រំ សុខាភិបាល ការគាំពារសង្គម កសិកម្ម និងហេដ្ឋរចនាសម្ព័ន្ធ។

ទី ២. ការលើកកម្ពស់គោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម ព្រមជាមួយនឹងការផ្តល់ភាពអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធានាថា ផលប្រយោជន៍ដែលកើតចេញពីសាកលភាពវូបនីយកម្ម ត្រូវបានវិភាជប្រកបដោយសមធម៌ និងប្រសិទ្ធភាព។ ក្នុងស្មារតីនេះ ពិភពលោកចាំបាច់ត្រូវបន្តជំរុញ និងគាំទ្រគោលការណ៍សាកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្មអន្តរជាតិ ឲ្យកាន់តែទូលំទូលាយ និងគាំទ្រប្រព័ន្ធពហុភាគីនិយម ឲ្យកាន់តែខ្លាំងក្លា។

ទី ៣. ការបន្តពង្រឹងស្ថិរភាព និងពិពិធកម្មវិស័យហិរញ្ញវត្ថុ នវានុវត្តន៍ និងការលើកកម្ពស់តួនាទី និងជីវភាពវិស័យឯកជន ដើម្បីបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុសម្រាប់បម្រើឲ្យគោលដៅ នៃរបៀបវារៈឆ្នាំ២០៣០ តាមរយៈការដាក់ចេញនូវវិធានការលើកទឹកចិត្ត និងជំរុញការវិនិយោគ និងលំហូរមូលធនឯកជន ទៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសការជំរុញវិនិយោគផ្ទាល់ពីបរទេស និងការលើកកម្ពស់យន្តការភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជន។

ទី ៤. ការបន្តធានាឲ្យបាននូវនិរន្តភាពនៃការផ្តល់ជំនួយអន្តរជាតិ ជាពិសេសជំនួយផ្នែកហិរញ្ញវត្ថុ ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីបន្តជំរុញចលនការ នៃកិច្ចការកែទម្រង់បម្រើឲ្យរបៀបវារៈឆ្នាំ២០៣០។

ទី ៥. ការបន្តពង្រឹងភាពជាម្ចាស់របស់ប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈកសាងភាពជាដៃគូរវាងបណ្តាតួអង្គអភិវឌ្ឍន៍ទាំងអស់ ទាំងដៃគូអភិវឌ្ឍន៍ទ្វេភាគី ពហុភាគី វិស័យឯកជន និងតួអង្គអភិវឌ្ឍន៍ដទៃទៀត។ បន្ថែមលើនេះ យើងក៏ត្រូវធានាឱ្យបានផងដែរ នូវភាពស៊ីសង្វាក់គ្នា ប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ រវាងគោលនយោបាយរបស់ដៃគូអភិវឌ្ឍន៍ ទាំងទ្វេភាគី និងពហុភាគី ជាមួយនឹងអាទិភាពនៃគោលនយោបាយជាតិ នៅក្នុងបរិបទនៃជំងឺកូវីដ-១៩ និងក្នុងរយៈពេលវែងហួសពីនេះ ដើម្បីគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។

 ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ក្នុងបរិបទនេះ ច្បាស់ណាស់ថា ពិភពលោកនឹងមិនអាចបន្តនិរន្តរភាពប្រកបដោយសុខសន្តិភាព និងភាពសុខដុមរមនា ដោយគ្មានវត្តមានរបស់អង្គការសហប្រជាជាតិ ដែលរឹងមាំ និងទទួលបាននូវការគោរពពេញលេញពីបណ្ដាប្រទេសជាសមាជិកទាំងអស់ នោះឡើង។ ក្នុងស្មារតីនេះ កម្ពុជាបន្តការគាំទ្រយ៉ាងមោះមុត លើតួនាទីរបស់អង្គការសហប្រជាជាតិ ព្រមទាំងសូមលើកទឹកចិត្តដល់អង្គការសហប្រជាជាតិ ឱ្យសកម្មបន្តបំពេញតួនាទីរបស់ខ្លួន ក្នុងការគាំទ្រដល់រដ្ឋជាសមាជិកទាំងអស់ ជាពិសេស ដល់ប្រទេសកំពុងអភិវឌ្ឍន៍។

មុននឹងបញ្ចប់ ខ្ញុំសូមគូសបញ្ជាក់សាជាថ្មីថា កម្ពុជាត្រៀមរួចជាស្រេច ដើម្បីរួមចំណែកជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់ ទាំងទ្វេភាគី និងពហុភាគី ក្នុងកិច្ចប្រឹងប្រែងស្ដារស្ថានភាពសង្គម-សេដ្ឋកិច្ច និងលើកស្ទួយនូវវិបុលភាពសម្រាប់ទាំងអស់គ្នា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។ ខ្ញុំជឿជាក់ថា កិច្ចប្រឹងប្រែង និងកិច្ចសហការគ្នា ដែលកាន់តែមានភាពប្រទាក់ក្រឡា ស្អិតរមួត និងឆ្លើយតបគ្នាទៅវិញទៅមកកាន់តែខ្ពស់ នឹងជួយឱ្យយើងអាចសម្រេចបាននូវចក្ខុវិស័យ នៃការអភិវឌ្ឍដោយចីរភាព ជាក់ជាមិនខាន ទោះជាអាចត្រូវប្រឈមនឹងការពន្យារពេលខ្លះក៏ដោយ៕

សូមអរគុណ!

ចែករំលែក

បញ្ចេញយោបល់