អភិបាលខេត្តក្រចេះ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋក្នុងឃុំគោលាប់ ស្រុកចិត្របុរី ចំនួន៦៩១ប័ណ្ណ

ថ្ងៃព្រហស្បតិ៍ ទី ១ តុលា ២០២០​
8

ក្រចេះ៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពីធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋចំនួន១ភូមិស្មើនឹង៦៩១ប័ណ្ណ ក្នុងឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ ថ្លែងក្នុងឱកាសនោះដែរ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានមានប្រសាសន៍លើកឡើងថា៖ ចំពោះវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ដែលត្រូវប្រគល់នាពេលនេះ គឺជាវត្ថុដ៏មានតម្លៃបំផុត និងជាឯកសារភស្តុតាងរឹងមាំចំពោះមុខច្បាប់ អាចនិយាយបានថា ជាអាយុជីវិត ជាមាស ជាប្រាក់ ដែលយើងអាចយកទៅប្រើប្រាស់បានដើម្បីទាញយកប្រយោជន៍បានច្រើនហើយការផ្តល់ប័ណ្ណនេះក៏ជាការចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំ។

លោកអភិបាលខេត្ត ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនបន្ទាប់ពីទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ពីមន្ត្រីរដ្ឋបាលសុរិយោដី ត្រូវចេះថែរក្សាទុកដាក់ឲ្យបានគង់វង្សជៀសវាងការបាត់បង់ពីព្រោះវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ គឺជាឯកសារដ៏មានសារៈសំខាន់ ជាការបញ្ចាប់ទំនាស់ និងបញ្ជាក់ពីភាពស្របច្បាប់នៃអចលនទ្រព្យរបស់បងប្អូន ហើយមិនត្រឹមតែធានានូវសុវត្ថិភាពដីធ្លីរបស់បងប្អូនប៉ុណ្ណោះទេ ប័ណ្ណនេះអាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនតាមតម្រូវការ ព្រមទាំងយកទៅប្រើប្រាស់ឲ្យចំគោលដៅផងដែរក្នុងការជួយលើកកម្ពស់ជីវភាពរបស់បងប្អូនឱ្យបានកាន់តែប្រសើរឡើង។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានជំរុញដល់ការចេញប័ណ្ណកម្មសិទ្ធិដីធ្លីបន្ថែមទៀត ដោយរៀបចំផែនការឱ្យបានច្បាស់លាស់ដើម្បីការចេញប័ណ្ណបានលឿននិងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តការ ប្រុងប្រយ័ត្នខ្ពស់រក្សាការពារជំងឺកូវីដ-១៩កុំឱ្យឆ្លងជំងឺកាចសាហាវនេះចូលទៅក្នុងសហគមន៍ដោយអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ៕

ចែករំលែក

បញ្ចេញយោបល់