ទិវាពិភពលោកស្អាត ប្រារព្ធឡើងដើម្បីបញ្ជ្រាបការយល់ដឹងពីការថែរក្សាការពារបរិស្ថានល្អ ជាពិសេសតំបន់ទេសចរណ៍

ថ្ងៃចន្ទ ទី ២៨ កញ្ញា ២០២០​
8

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោកស្អាត ដែលរៀបចំធ្វើនៅសួនច្បារ នាយឧត្ដមសេនីយ៍ ហុក ឡង់ឌី (សួនពោធិ៍ព្រឹក) ស្ថិតនៅក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ពិធីនេះក៏មានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ គណៈអភិបាលក្រុងស្វាយរៀង ព្រះសង្ឃ អស់លោកសមាជិកគណៈកម្មការវាយតម្លៃទីក្រុងស្អាតខេត្តស្វាយរៀង លោក លោកស្រីក្រុមប្រឹក្សាសង្កាត់ទាំង៧ ប្អូនៗ ក្មួយៗយុវជនកាយរឹទ្ធ កាកបាទក្រហម និងយុវជន សសយក សរុប្រមាណ ៧៩អង្គ-នាក់។

ក្នុងឱកាសនោះដែរ លោក តូច ប៉ូលីវ៉ា អភិបាលរង បានមានប្រសាសន៍ថាទិវានេះប្រារព្ធឡើងដើម្បីបញ្ជ្រាបការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យចេះថែរក្សាការពារបរិស្ថានជុំវិញខ្លួនត្រូវស្អាតជាប្រចាំ ណែនាំដល់បងប្អូនប្រជាពលរដ្ឋអំពីការរៀបចំទុកដាក់នូវកាកសំណល់រឹង ត្រូវចូលរួមការពារថែរក្សាតំបន់ទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ លើសពីនេះក៏យើងមិនត្រូវភ្លេចខ្លួនពីជំងឺកូវីដ-១៩ ដែរកំពុងកើតមាននៅលើពិភពលោក គឺត្រូវចូលរួមការពារ ទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តស្វាយរៀងផងដែរ៕

ចែករំលែក

បញ្ចេញយោបល់