អភិបាលខេត្តត្បូងឃ្មុំ ផ្តាំផ្ញើដល់សិក្ខាកាមជាយុវជនត្រូវខិតខំពង្រឹងសមត្ថភាព ក្នុងវគ្គបណ្តុះបណ្តាលជំនាញជាអ្នកអង្កេតការណ៍ជាតិប្រកបដោយគុណភាព

ថ្ងៃចន្ទ ទី ២៨ កញ្ញា ២០២០​
12

ត្បូងឃ្មុំ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានផ្តាំផ្ញើរ និងធ្វើការជំរុញដល់សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាសម្រាបសាខាខេត្តត្បូងឃ្មុំ ត្រូវខិតខំពង្រឹងសមត្ថភាព ក្នុងវគ្គបណ្តុះបណ្តាលជំនាញជាអ្នកអង្កេតការណ៍ជាតិ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

លោកថ្លែងបែបនេះ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល អ្នកអង្កេតការណ៍ជាតិដល់យុវជនជាសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្តត្បូងឃ្មុំ ចំនួន១២៨នាក់ ក្នុងនោះស្រី៤២នាក់ ដើម្បីលើកកម្ពស់ចំនេះដឹងបន្ថែមទៀតលើជំនាញអង្កេតការជាតិសម្រាប់ការបោះឆ្នោត ក្រោមការរៀបចំពី ស.ស.យ.កខេត្ត សហការជាមួយគណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ។

លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា យុវជនមានតួនាទីយ៉ាងសំខាន់នៅគ្រប់សកម្មភាពសង្គម ព្រោះយុវជនគឺជាអ្នកបន្តវេនដឹកនាំបម្រើប្រទេសជាតិនៅថ្ងៃអនាគត ហេតុនេះហើយវគ្គបណ្តុះបណ្តាលជំនាញអ្នកអង្កេតការណ៍នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជន ដែលជាសមាជិក ស.ស.យ.ក ជួយឲ្យការបោះឆ្នោតនាពេលខាងមុខប្រព្រឹត្តិទៅដោយត្រឹមត្រូវ និងយុត្តិធម៌។

ក្នុងនោះ លោកក៏បានផ្តាំផ្ញើរនិងជម្រុញដល់យុវជនស.ស.យ.ក ខេត្តត្បូងឃ្មុំ ត្រូវខិតខំរៀនសូត្របន្ថែមចំណេះដឹងនិងជំនាញ និងត្រូវរស់នៅឲ្យមានអនាម័យ ដើម្បីមានសុខភាពល្អ ពិសេសចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ ជំងឺកូវីដ១៩។ ក្រៅពីការងារទាំងនេះការងារបរិស្ថានក៏មានសារៈសំខាន់ខ្លាំងមួយដែរ ដូចនេះយើងត្រូវបំផុស និងធ្វើយុទ្ធនាការដាំកូនឈើនៅតាមទីសាធារណៈ បរិវេណវត្តអារាម និងសាលារៀនជាដើម ដោយធ្វើយ៉ាងណាឲ្យខេត្តត្បូងឃ្មុំរបស់យើងមានភាពស្រស់បំព្រងជានិច្ច។

បើតាមរបាយការណ៍លោក កែវ វណ្ណៈ ប្រធានស្តីទី ស.ស.យ.ក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់សមាជិក ស.ស.យ.ក ខេត្ត បានចូលរួមសកម្មភាពសង្គមជាច្រើនយ៉ាងផុសផុលមានដូចជា ការងារបណ្តុះបណ្តាលសមត្ថភាពយុវជន ការងារបរិច្ចាគឈាម មនុស្សធម៌មូលដ្ឋាន បរិស្ថាន កីឡា ចុះផ្សព្វផ្សាយពីតម្លៃនៃសុខសន្តិភាព ការអភិវឌ្ឍន៍ខេត្ត និងប្រទេសជាតិរបស់រាជរដ្ឋាភិបាល ផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានា ពិសេសជំងឺកូវីដ១៩ ។ ក្រៅពីការងារទាំងនេះ សមាជិកស.ស.យ.កខេត្ត ក៏បានចូលរួមអង្កេតការណ៍ ពិនិត្យឈ្មោះបោះឆ្នោត និងការបោះឆ្នោតគ្រប់កំរិតផងដែរ៕

ចែករំលែក

បញ្ចេញយោបល់