សពស្ត្រីម្នាក់ ដែលជំនន់ទឹកភ្លៀងអូសតាមទឹក ខណៈកំពុងឆ្លងអូរព្រំដែនមកពីប្រទេសថៃ បានរកឃើញហើយ

ថ្ងៃចន្ទ ទី ២៨ កញ្ញា ២០២០​
34

ប៉ៃលិន៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នំា២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោកចេង ញ៉ាន់ អភិបាលរងខេត្ត និងក្រុមការងារ បានអញ្ជើញពិនិត្យមើលដល់កន្លែងកើតហេតុ និងដឹកនាំកងកម្លាំងចម្រុះដោយផ្ទាល់ ស្រង់យកសពស្ត្រីរងគ្រោះ ដែលត្រូវជំនន់ទឹកភ្លៀងអូសតាមទឹក ខណៈកំពុងព្យាយាមឆ្លងអូរព្រំដែនត្រលប់មកពីប្រទេសថៃវិញ ដោយបានរកឃើញនៅចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីកន្លែងកើតហេតុ ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល បាន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពស្ត្រីរងគ្រោះ និងបានឧបត្ថម្ភថវិកា ចំនួន ១លានរៀល ដល់ក្រុមគ្រួសារសាច់ញាតិ ព្រមទាំងជួយរថយន្តដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតនាខេត្តត្បូងឃ្មុំ។លោកអភិបាលខេត្ត ក៏បានមានប្រសាសន៍កោតសសើរ ដល់កងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំស្វែងរកសពស្ត្រីរងគ្រោះ ដោយមិនគិតពីការនឿយហត់ អស់រយៈពេល ១សប្តាហ៍មកហើយ រហូតរកឃើញសព ហើយបានប្រគល់ឱ្យសាច់ញាតិវិញ។

សូមរំលឹកផងដែរថា កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឈមនឹងស្រុកពោណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ពលករឆ្លងដែន មានគ្នា ០៣នាក់ ត្រូវជាម្តាយ ឪពុក កូននឹងគ្នា ក្នុងនោះជនរងគ្រោះដែលបានស្លាប់និងបាត់ខ្លួនមានឈ្មោះ សេង ស្រីម៉ៅ អាយុ ៤១ឆ្នាំ រស់នៅភូមិស្វាយមាស ឃុំកណ្តុរជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំណែកប្តីមានឈ្មោះ ឆោ ឆេង អាយុ ៤១ឆ្នាំ និងកូនស្រីមានឈ្មោះ ឆេង ដាណេត អាយុ ១៥ឆ្នាំ បានលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជាវិញ តាមច្រកធម្មជាតិ អូរព្រំដែនកម្ពុជា+ថៃ ខណៈស្ថានភាពទឹកកំពុងឡើងខ្លាំង ដោយជំនន់ទឹកភ្លៀង ដោយអូសជនរងគ្រោះទៅតាមទឹកបាត់ទៅ ហើយរហូតមកដល់ពេលនេះ រកសពមិនទាន់ឃើញនៅឡើងទេ ដោយសារស្ថានភាពអូរនៅព្រំដែនមានព្រៃច្រើន និងសម្បូរទៅដោយ គ្រាប់មីន ធ្វើឱ្យក្រុមការងារ និងកងកម្លាំងចម្រុះពិបាកក្នុងការរុករកសពជនរងគ្រោះ៕

ចែករំលែក

បញ្ចេញយោបល់