ទស្សនៈវិភាគ ៖ នយោបាយឈាមត្រជាក់របស់លោក កឹម សុខា ធ្វើរដ្ឋប្រហារលោក សម រង្ស៊ី បានសម្រេច!

ថ្ងៃសៅរ៍ ទី ២៥ កុម្ភៈ ២០១៧​
782

ទីបំផុតទៅ គណបក្សសង្គ្រោះជាតិនឹងបើកធ្វើអង្គសមាជនៅថ្ងៃទី០២ មីនា ខាងមុខនេះហើយ​ដើម្បីជ្រើសរើស​ប្រធានថ្មីបន្ទាប់ពីលោក សម រង្ស៊ី លាឈប់ដោយតក់ក្រហល់កាលពីពេលថ្មីៗនេះ​។ គេរំពឹងថា លោក កឹម សុខា នឹងក្លាយជាប្រធានបក្សដូចបំណងដែលខ្លួនចង់បានតាំងពីយូរយារណាស់មកហើយ។ តាមពិត លោក សម រង្ស៊ី ដែលបានលាឈប់ពីតួនាទីប្រធានបក្សដ៏គួរឲ្យភ្ញាក់ផ្អើលនោះគឺជា​កំហុសដ៏ធ្ងន់ធ្ងរមួយខាងយុទ្ធព្រោះសាស្ត្រតែរខ្លួនភ័យស្លន់ស្លោពេក គិតអ្វីលែងយល់ហើយ​ក៏សម្រេចចិត្តខុស ធ្វើឲ្យអ្នកគាំទ្រខកចិត្តយ៉ាងខ្លាំង។
ពីដំបូងឡើយ លោក សម រង្ស៊ី គិតថា ការលាលែងនេះគ្រាន់តែជាឆាកល្ខោនបន្លំភ្នែកគេដើម្បី​ទាក់ទាញការចាប់អារម្មណ៍លើគាត់ឲ្យបានកាន់តែច្រើន ជាពិសេសគាត់យល់ឃើញថា អ្នកគាំទ្រ​គាត់នឹងរួមគ្នាចេញមុខទាមទារឲ្យគាត់នៅជាប្រធានដដែល។ ម្យ៉ាងទៀត គាត់រំពឹងថា នឹងដាក់ប្រពន្ធរបស់គាត់គឺលោកស្រី ជូ ឡុងសួមួរ៉ា ឲ្យដឹកនាំបក្សសង្គ្រោះជាតិជំនួសគាត់ដែលធ្វើឲ្យអំណាចរបស់គាត់នៅដដែល។ ប៉ុន្តែ គោលបំណងទាំងពីររបស់លោក សម រង្ស៊ី ទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុត។ គ្មានអ្នកគាំទ្រណាម្នាក់​ចេញមុខទទូចទាមទារឲ្យលោក សម រង្ស៊ី ស្ថិតនៅជាប្រធានទៀតនោះទេពីព្រោះពួកគេយល់ថា មានប្រធានកំសាកដូចលោក សម រង្ស៊ី មិនបានផ្តល់ភាពកក់ក្តៅដល់ពួកគេឡើយ។ ចំណែកឯបំណងដាក់ប្រពន្ធឲ្យធ្វើមេបក្សជំនួសក៏មិនបានសម្រេចទៀតដោយសារតែផែនការ​បានបែកធ្លាយហើយលោក សម រង្ស៊ី ក៏បានបង្ខំចិត្តចេញមុខបដិសេធយកបុងថាខ្លួនគ្មានបំណងដាក់ប្រពន្ធ​ឬសមាជិកគ្រួសារណាម្នាក់ឲ្យមានតួនាទីសំខាន់ក្នុងបក្សនោះឡើយ។
ទីបំផុត លោក សម រង្ស៊ី អស់ផ្លូវដើរ គ្មានជម្រើសអ្វីក្រៅពីប្រគល់តួនាទីប្រធានបក្សឲ្យទៅលោក កឹម សុខា ទាំងអស់សង្ឃឹមពីព្រោះជម្រើសផ្សេងពីនេះនឹងទទួលការរិះគន់យ៉ាងខ្លាំងជាមិនខាន​។ យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានរកវិធីចុងក្រោយ​ដើម្បីរក្សាតុល្យភាពខ្លះ​ជាមួយភាគីខាងលោក កឹម សុខា ដោយស្នើដាក់អនុប្រធានដល់ទៅបីនាក់ក្នុងនោះមាន លោកស្រី ជូឡុង សូមួរ៉ា ដែលជាភរិយារបស់ខ្លួន និងលោក យឹម សុវណ្ណ ដែលជាមនុស្សជំនិតរបស់ខ្លួន។ ក៏ប៉ុន្តែ ជម្រើសរបស់លោក សម រង្ស៊ី បានធ្វើឲ្យផ្ទៃក្នុងគណបក្ស​របស់គាត់រង្គោះរង្គើយ៉ាងខ្លាំងណាស់ពីព្រោះពួកគេយល់ថា ជាជម្រើសបក្ខពួកនិយម និង​សុទ្ធតែជាមនុស្សដែលគ្មានឥទ្ធិពលអ្វីទាំងអស់ទៅលើបក្ខពួករបស់លោក កឹម សុខា។
ដោយក្តីអស់សង្ឃឹមព្រោះឃើញគណបក្សសង្គ្រោះជាតិត្រូវលោកកឹម សុខា លេបយកបន្តិចម្តងៗ រហូតធ្វើឲ្យលោក សម រង្ស៊ី ខ្ទាតចេញពីបក្សបែបនេះ ក្រុមអ្នកស្និទ្ធនឹងលោក សម រង្ស៊ី ពេលនេះ​កំពុងជ្រួលច្របល់យ៉ាងខ្លាំង។ ពួកគេកំពុងតែខ្សឹបខ្សៀវគ្នាទាំងមួរហ្មងថាមិនគួរគណបក្ស​សម រង្ស៊ី ដែលមាន 26 កៅអី ទីបំផុត អំណាចបែរជាធ្លាក់ទៅលើគណបក្សសិទ្ធិ​មនុស្ស​របស់លោក កឹម សុខា ដែលមានតែ ៣ កៅអីទៅវិញ។ ក្នុងអំឡុងពេលនេះ ផ្ទៃក្នុងរបស់​បក្សសង្គ្រោះជាតិ ផ្នែកខាងភាគីលោក សម រង្ស៊ី កំពុងស្លន់ស្លោសម្បើមណាស់​នៅមុនពេល​ដែលអង្គសមាជថ្ងៃទី ២មីនា ចូលមកដល់។ ពួកគេកំពុងព្យាយាមប្រើមធ្យោបាយ​ចុងក្រោយដើម្បីសង្គ្រោះសភាពការណ៍ ដោយយ៉ាងហោចណាស់​ក៏ត្រូវដាក់មនុស្សដែលមានឥទ្ធិពល​ខ្លាំងដូចជាលោក គង់ គាំ ជាដើមឲ្យធ្វើអនុប្រធានបក្សដែរ គឺមិនមែនមនុស្សធន់លោកស្រី ជូឡុង សូមួរ៉ា និងលោក យឹម សុវណ្ណ ដូចដែលលោក សម រង្ស៊ី ចង់បានដោយគ្មានការ​ពិភាក្សាជាមួយមន្ត្រីថ្នាក់ក្រោមរបស់ខ្លួននោះឡើយ។ ចលនារំជើបរំជួលផ្ទៃក្នុងរបស់បក្ស​សង្គ្រោះជាតិពេលនេះអាចនឹងផ្ទុះឡើងនៅមុនពេលអង្គសមាជមកដល់ក៏ថាបាន។
នេះជាលទ្ធផលនៃនយោបាយស្ទើរភ្លើងរបស់លោក សម រង្ស៊ី នៅចំពោះមុខការធ្វើរដដ្ឋ​ប្រហារ​ដោយឈាមត្រជាក់របស់លោក កឹម សុខា។ ប្រសិនបើគេតាមដានការវិវឌ្ឍនយោបាយចុងក្រោយ​របស់គណបក្សសង្គ្រោះជាតិ គេនឹងឃើញយ៉ាងច្បាស់អំពីបញ្ហានេះ។ ដោយមើលឃើញពី​ភាពស្ទើរភ្លើងរបស់លោក សម រង្ស៊ី ចុងក្រោយនេះ លោក កឹម សុខា បានប្រើវិធីរដ្ឋ​ប្រហារដោយឈាមត្រជាក់បំផុតដើម្បីដណ្តើមយកតួនាទីប្រធានបក្សសង្គ្រោះជាតិ។ លោក កឹម សុខា បានចាក់ឲ្យលោក សម រង្ស៊ី លោករហូត។ ទីបំផុត លោក សម រង្ស៊ី ក៏ជាប់ជុចផុងខ្លួនធ្លាក់​ក្នុង​សំណាញ់ច្បាប់រើខ្លួនលែងរួច។ ចំណែកលោក កឹម សុខា វិញគាត់បានប្រើវិធីសម្របស​សម្រួល ស្ងាត់ស្ងៀម ដើម្បីបន្ធូរបន្ថយស្ថានការណ៍រហូតដល់គាត់ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំព្រះមហាក្សត្រឲ្យលើកលែងទោស។ តើអ្នកណាខ្លះបានដឹងថា លោក កឹម សុខា និងលោកនាយករដ្ឋមន្ត្រីនិយាយគ្នាអ្វីខ្លះ? តើអ្វីទៅជាពាក្យសន្យារបស់លោក កឹម សុខា ជាមួយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុងក្រោយនេះ? គ្មានអ្នណាកបានដឹងក្រៅពីសាម៉ី​ខ្លួនទាំងពីរនាក់នោះឡើយ។
សរុបមកវិញ គេអាចនិយាយបានថា ពេលនេះ នយោបាយឈាមត្រជាក់របស់លោក កឹម សុខា ធ្វើរដ្ឋប្រហារបានសម្រេចហើយក្នុងការដណ្តើមយកតួនាទីដឹកនាំគណបក្សសង្គ្រោះជាតិ​មក​ដឹកនាំ។ បក្ខពួករបស់លោក កឹម សុខា កំពុងដេកញញឹមចំពោះជោគជ័យដ៏អស្ចារ្យ​មិននឹកស្មានដល់ពីព្រោះមានដើមទុកតែ3កៅអីសោះ ទីបំផុតបានក្លាយជាអ្នកគ្រប់គ្រងបក្សប្រឆាំងទាំងមូលដោយដណ្តើមអំណាចពីដៃគូរបស់ខ្លួនដែលមានដល់ទៅ 26 កៅអីបានដោយ​សន្តិវិធី។ បើនិយាយពីការធ្វើជំនួញវិញ លោក កឹម សុខា ដែលមានដើមទុកតែបន្តិចបន្តួចស្តួចស្តើងសោះស្រាប់ទេបានក្លាយជាមហាសេដ្ឋីប្រាក់លានយ៉ាងឆាប់រហ័ស​តាមរយៈការផ្តួលដៃគូភាគហ៊ុនរបស់ខ្លួនដែលដាក់ដើមទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ឲ្យខ្ទាតចេញពីតំណែងនាយកក្រុមហ៊ុន​ដោយវិធីត្រជាក់បំផុត។ ចំណែកភាគីលោក សម រង្ស៊ី ពេលនេះកំពុងយំមិនចេញដោយម្នាក់ៗគ្រវីក្បាល​ស្ទើរដាច់​ដូចគោត្រូវស្រាំងទិច។ នេះហើយដែលគេហៅថា នយោបាយចំណេះជិះកឯងរបស់លោក សម រង្ស៊ី ដែលត្រូវដៃគូធ្វើរដ្ឋប្រហារ​ផ្តួលដោយនយោបាយឈាមត្រជាក់​បំផុត ។ សូមអបអរសាទរលោក កឹម សុខា ! Le Bonheur de Kem Sokha fait le Malheur de Sam Rainsy – The Happiness of Kem Sokha is the Curse of Sam Rainsy ។
ដោយសាស្ត្រាចារ្យសង្គមវិជ្ជា ខេត្តកំពង់ចាម

ចែករំលែក

បញ្ចេញយោបល់