ទស្សនៈវិភាគ៖ អ្នកស្គាល់មេឃ

ថ្ងៃសុក្រ ទី ២៤ កុម្ភៈ ២០១៧​
261

ក្រោយពេលអានអត្ថបទរបស់ល្បង សូរ សមយុទ្ធ ដែលមានចំណងជើងថា សេះពកថ្ងាស រួចមក ខ្ញុំចេះសើច សើចដោយហួសចិត្ត ត្បិតអ្នកដែលតាំងចិត្តធ្វើជាយុទ្ធសាស្រ្តវិទូនយោបាយស្រុកខ្មែរ រូបនេះ បែរជារាក់កំផែលទៅវិញ។ តែណ្ហើយចុះ ខ្ញុំគិតលេងៗតាមបែបចាក់ស្មុកថា ការវិភាគនេះក៏ត្រូវម្យ៉ាងដែរ ព្រោះបើខ្ញុំជាល្បង សូរ សមយុទ្ធ ក៏ខ្ញុំធ្វើដូចគ្នាដែរដើម្បីជាប្រយោជន៍ឱ្យមេរបស់ខ្ញុំ ទប់ជាមួយ សម រង្សុី និងលេបត្របាក់យកបក្សសង្រ្គោះជាតិដោយជោគជ័យ តាមទិសស្លោក ៖ អូសទូកកុំឱ្យល្អាន ចាប់ត្រីបានកុំឱ្យល្អក់ទឹក។ អត្ថបទ សេះពកថ្ងាស របស់ល្បង សូរ សមយុទ្ធ មានបំណងបំភ័ន្តលោក សម រង្សុី និងក្រុមលោក សម រង្សុី អោយនាំគ្នាយល់ថា លោក សម រង្សុី មិនចាញ់បោកលោក កឹម សុខា ទេ ហើយលោក សម រង្សុី កំពុងដើរលើផ្លូវត្រូវ ដើម្បីលួងសណ្តំចិត្តលោក សម រង្សុី និងក្រុមលោក សម រង្សុី កុំឱ្យឡូឡា លែងប្រុងប្រយ័ត្ន ហើយនាំគ្នាស្រែកថា ជយោ ជយោ លោកប្រធាន សម រង្សុី តាមបែប អាជ័យធ្លាក់ទឹក ហៃអើ ហៃអើ! បើខ្ញុំជាល្បង សូរ សមយុទ្ធ ក្រៅពីបញ្ចេញអត្ថបទនេះហើយ ខ្ញុំនឹងជូនយោបល់លោក កឹម សុខា អំពីជំហានអនុវត្តបន្តទៀតទៅតាមយុទ្ធសាស្រ្ត ចាប់ពីពេលបានឡើងធ្វើប្រធានបក្ស រហូតដល់ការបោះឆ្នោត ២០១៨ ហើយយុទ្ធសាស្រ្តនោះ គឺយុទ្ធសាស្រ្តសំរិទ្ធ។ ប៉ុន្តែ អ្វីដែលចៅ ចាក់ស្មុក ធ្លាប់បញ្ចេញអត្ថបទវិភាគបែបលេងៗ បែបចាក់ស្មុក ដើម្បីផ្តល់ជាគតិខ្លះសម្រាប់លោក សម រង្សុី និងក្រុមលោក សម រង្សុី ពិចារណា និងធ្វើការសម្រេចចិត្តឱ្យបានច្បាស់លាស់ កុំឱ្យក្អួតឈាម ស្តាយក្រោយនៅពេលអ្វីៗបានបាត់បង់ ហើយស្តារលែងបាន។ ចៅ ចាក់ស្មុក នៅតែមើលឃើញថា ជីវិតនយោបាយរបស់លោក សម រង្សុី កំពុងស្ថិតក្នុងស្ថានភាពទ្វេគ្រោះ ហើយកំហុសផ្នែកយុទ្ធសាស្រ្តនយោបាយផ្ទៃក្នុងនៅក្នុងគណបក្សសង្រ្គោះជាតិ នឹងធ្វើឱ្យ សម រង្សុី ចាកចេញទៅដោយគ្មានថ្ងៃវិលត្រឡប់។ ប៉ុន្តែ អ្វីដែល ចៅ ចាក់ស្មុក បានលើកឡើងកន្លងមក គឺកំពុងលេចចេញជារូបរាងការពិតជាបណ្តើរៗហើយ។

ទី១-ការលាលែងរបស់លោក សម រង្សុី គឺជាការលាលែងបែបឆាកល្ខោន មិនមែនជាការលាលែងដោយស្មោះត្រង់នោះទេ។ អ្វីដែលជាផែនការរបស់លោក សម រង្សុី គឺរៀបសេណារីយ៉ូដើម្បីធានាឥទ្ធិពលរបស់គាត់ក្នុងគណបក្សសង្រ្គោះជាតិក្នុងឋានៈជាប្រធានស្រមោល និងដើម្បីធានាការវិលត្រឡប់របស់គាត់វិញដើម្បីដឹកនាំបក្សនាពេលអនាគត។ ប៉ុន្តែ មនុស្ស មិនមែនទេវតា មនុស្សគិត មិនដូចទេវតាគិត មនុស្សធ្វើ មិនដូចទេវតាធ្វើ។ យុទ្ធសាស្រ្តពន្យារពេលនៃការធ្វើសមាជរហូតដល់ខែមេសា ឆ្នាំ២០១៨ ដើម្បីបង្កើនប្រជាប្រិយលោកស្រី ជូឡុង សូម៉ូរ៉ា ត្រៀមធ្វើប្រធានបក្សនោះ បានទទួលបរាជ័យរួចទៅហើយ។

ទី២-លើកមុន ចៅ ចាក់ស្មុក បានលើកឡើងថា ជីវិតនយោបាយរបស់ សម រង្សុី នឹងត្រូវបញ្ចប់ក្នុងរយៈពេលយ៉ាងយូរ ៩០ ថ្ងៃ គឺដោយសារទី១ ខាង សម រង្សុី មិនមានពេលរហូតដល់ខែមេសា ឆ្នាំ២០១៨ នោះទេ និងទី២ ក្នុងរយៈពេលដ៏ខ្លី ខាង សម រង្សុី គ្មានពេលដើម្បីជ្រើសរើសបេក្ខភាពដែលល្អជាង កឹម សុខា ឡើយ។ ថ្ងៃនេះ គណបក្សសង្រ្គោះជាតិបានប្រកាសថា ជ្រើសយកថ្ងៃទី ២ ខែមីនា ឆ្នាំ២០១៧ មិនទាំងដល់ ៩០ ថ្ងៃផង ដើម្បីធ្វើសមាជបក្សជ្រើសរើសប្រធានថ្មី។ ល្បង សូរ សមយុទ្ធ និយាយមើលថា ហេតុអីបានជាសមាជនេះ មិនអាចរង់ចាំរហូតដល់ខែមេសា ឆ្នាំ២០១៨ តាមការគ្រោងទុកពីមុន ហើយថា តើនរណាឡើងធ្វើប្រធានបក្ស? ខ្ញុំហ៊ានទាយទុកជាមុនថា បើទោះបី កឹម សុខា មានទុនតែ ៣ កៅអី ហើយខាង សម រង្សុី មានឥទ្ធិពលជាងក៏ពិតមែន ប៉ុន្តែ កឹម សុខា ដែលជាមេរបស់ល្បង នឹងប្រាកដជាឡើងធ្វើប្រធានបក្ស ស្របតាមបញ្ជាទេវតា!

ទី៣-ក្នុងរឿងនយោបាយ គេថា អ្វីដែលគេចង់អោយយើងឃើញ គឺធ្វើអោយយើងឃើញ ប៉ុន្តែ អ្វីដែលយើងឃើញ ក៏មិនប្រាកដថា ជាការពិតដែរ ព្រោះអាចជាការពិតក្លែងក្លាយ។ ទីបំផុត កឹម សុខា ដែលបានលាក់មុខ លាក់មហិច្ឆតារបស់ខ្លួនតាំងពីរួមគ្នាបញ្ចូលជាបក្សតែមួយជាមួយលោក សម រង្សុី បានឡើងធ្វើប្រធានគណបក្សសង្រ្គោះជាតិ ដូចបំណងប្រាថ្នាមែន។

ទី៤-តើអ្វីនឹងកើតឡើងនៅក្នុងបក្សសង្រ្គោះជាតិ បន្ទាប់ពី កឹម សុខា បានឡើងធ្វើប្រធានបក្សជាផ្លូវការរួចហើយនោះ ?

– តាមក្បួនយុទ្ធសាស្រ្ត កឹម សុខា នឹងប្រើយុទ្ធសាស្រ្តសំរិទ្ធ ដែលជាវិធីត្រជាក់ តើហេតុអី? ព្រោះ សម រង្សុី នៅមានប្រជាប្រិយភាពក្នុងចំណោមមជ្ឈដ្ឋានប្រឆាំង ដូចនេះ ចាំបាច់ត្រូវលួងប្រើលោក សម រង្សុី និងក្រុម សម រង្សុី អោយជួយធ្វើនយោបាយបន្តទៀតអោយ CNRP រហូតដល់ពេលបោះឆ្នោត ទាំងការបោះឆ្នោតឃុំសង្កាត់ ទាំងការបោះឆ្នោតព្រឹទ្ធសភា ទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។

– ពីពេលនេះតទៅ កឹម សុខា ក៏នឹងតាំងខ្លួនជាប្រធាន CNRP យ៉ាងពិតប្រាកដ គឺមិនមែនប្រធានបក្សសិទ្ធិមនុស្សដូចមុនទេ ដើម្បីម្យ៉ាងទាក់ទាញការគាំទ្រពីក្រុម សម រង្សុី នៅថ្នាក់កណ្តាល និងនៅថ្នាក់ក្រោម និងម្យ៉ាងទៀត ប្រើ សម រង្សុី និងក្រុម សម រង្សុី ជាក្របីដើម្បីជិះចម្លងភក់។ ដូចនេះ ចំពោះមុខ កឹម សុខា នឹងបន្ទន់ឥរិយាបថ ព្រមទាំងធ្វើសម្បទាននយោបាយអោយក្រុម សម រង្សុី ដើម្បីកុំអោយមានចំណាប់អារម្មណ៍លើមហិច្ឆតានយោបាយរបស់ក្រុមគាត់។

-ក្រោយការបោះឆ្នោត កឹម សុខា នឹងអនុវត្តផែនការដោយផ្អែកលើឱកាសជាក់ស្តែង ក្នុងការសម្រេចខ្ទប់ការវិលត្រឡប់របស់ សម រង្សុី មកធ្វើប្រធានបក្សវិញ។ ក្រុម សម រង្ស៊ី មិនអាចធ្វើអ្វីបានទាំងអស់ ការសម្រេចធំៗនឹងផ្អែកលើគោលការណ៍ កុងសង់សុីស។ កឹម សុខា កាន់កាប់បក្សផ្លូវការ ដូចនេះ អ្នកមិនសុខចិត្ត មានតែត្រូវដើរចេញទៅរកបក្សចាស់របស់ខ្លួនវិញ គឺបក្ស សម រង្សុី។ អាសនៈដែលទទួលបានពីការបោះឆ្នោតឃុំសង្កាត់ ពីការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតតំណាងរាស្រ្ត គឺជារបស់ CNRP របស់ កឹម សុខា។ ដូចនេះ ការបែកចេញពី សម រង្សុី ក្នុងស្ថានភាពបែបនេះ គឺមិនត្រឹមតែមានហេតុផលសមស្រប ហើយមិនធ្វើអោយ CNRP រលាយដូចហ្វុនសុីនបុិចដែលជាការព្រួយបារម្ភផ្នែកនយោបាយរបស់ក្រុម កឹម សុខា ប៉ុណ្ណោះទេ ថែមទាំងជួយអោយ កឹម សុខា មានកំលាំងកាន់តែខ្លាំងពីលើដល់ក្រោម ដោយផ្តើមការកសាងដាក់ទុនតែ ៣ កៅអី។

-ចាប់ពីពេលនេះតទៅ ឱកាស គឺនៅខាង កឹម សុខា ហើយ ជីវិតនយោបាយរបស់ សម រង្សុី នឹងប្រឈមគ្រោះថ្នាក់ធំ ហើយនឹងអាចត្រូវបញ្ចប់ដោយដៃ កឹម សុខា ប្រសិនបើ កឹម សុខា មានមហិច្ឆតានយោបាយកំចាត់ សម រង្សុី មែននោះ។ ច្រករស់តែមួយគត់ ដើម្បីកុំអោយ កឹម សុខា លេបយកបក្ស គឺ …។

ចៅ ចាក់ស្មុក នៅតែជាមនុស្សលោកធម្មតា ហើយក៏មិនមែនជាគ្រូទាយដែរ។ ការពិតនឹងបង្ហាញនាពេលខាងមុខ ហើយជឿជាក់ថា អ្វីដែលចៅ ចាក់ស្មុក គឺខុសទាំងអស់។ ប៉ុន្តែ ចាប់ពីម៉ោងនេះតទៅ មន្រ្តីបក្សសិទ្ធិមនុស្ស និងអ្នកគាំទ្រ កឹម សុខា នឹងអាចបញ្ចេញសារអបអរសាទរជាបណ្តើរៗបាន។

ទីបំផុត មេឃនៅតែជាមេឃ មេឃនៅតែធំ នៅតែល្វឹងល្វើយដដែល!

 
ចែករំលែក

បញ្ចេញយោបល់