លិខិតមិត្តអ្នកអាន៖ កុំនាំគ្នាដុតឲ្យខ្លោច រោចឲ្យឆៅលើបញ្ហាព្រំដែន!

ថ្ងៃពុធ ទី ១៦ កញ្ញា ២០២០​
25

ព្រឹត្តិការណ៍ថ្មីៗនៃការចាប់ខ្លួនលោក រ៉ុង ឈុន, លោក សួង សុភ័ណ្ឌ និង​ក្រុមជ្រុលនិយម​មួយក្តាប់​តូច ដែលតាំងខ្លួនជាអ្នកជាតិនិយមជ្រុលខាងទឹកដី បានប្រព្រឹត្តអំពើញុះញង់បង្កឲ្យមានភាពវឹកវរចលាចល​ក្នុងសង្គម​ និងបានចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់មួលបង្កាច់ខុសពីការពិតថា​ ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមបណ្តាល​​ឲ្យបាត់បង់​ដី​កម្ពុជា​ជាច្រើនហិចតា ទៅភាគីវៀតណាមនៅក្នុងភូមិសាស្រ្តឃុំត្រពាំង​ថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃុំ។ ការលើកឡើងនូវបញ្ហាព្រំដែន​ច្រំដែលៗរបស់ជនទាំង​នេះ ត្រូវ​បាន​មហាជនទូទៅយល់ថា ជាយុទ្ធសាស្ត្រ «​ដុត​​ឲ្យ​ខ្លោច​ រោល​ចឲ្យ​ឆៅ»​ មានន័យថា​ ក្រុមជ្រុលនិយមបាន​យក​បញ្ហា​ព្រំដែន​ធ្វើជាអាវុធ​យុទ្ធសាស្ត្រ ដើម្បីបញ្ឆេះកំហឹងចលនាជាតិនិយម និងការ​រើស​អើង​ជាតិសាសន៍ ក្នុងចេតនាបង្កឲ្យ​មានសង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាងដើម្បីឆក់ឱកាស​ផ្តួលរំលំរាជរដ្ឋាភិបាល​កម្ពុជា​ ដូច​​ពី​អតីតកាល។ ឬអាចនិយាយ​​ម្យ៉ាង​ទៀត​ថា វាជា​យុទ្ធសាស្ត្រ​របស់​អ្នកនយោបាយញុះញង់​ឲ្យ​សាធារណជនចូលរួមជាមួយក្រុម​ជ្រុលនិយម ដើម្បី​ដណ្តើម​​អំណាចតាម​បែប​មិន​ប្រជាធិបតេយ្យ​។ ​

ដូច្នេះការលើកយកបញ្ហាព្រំដែន​ទាំងអតីតតកាល និង​បច្ចុប្បន្នកាលរបស់ក្រុមជនទាំងនេះ ​សុទ្ធតែបានឆ្លុះបញ្ចាំងនូវឧបាយកលទុច្ចរិត បោកបញ្ឆោត បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យប្រឆាំនឹងរាជរដ្ឋាភិបាលខ្លួនឯងផង និងអរិភាពជាមួយប្រទេសជិតខាងរបស់ខ្លួនផងដែរ។ បើទុកឱ្យពួកគេប្រើប្រាស់នូវយុទ្ធសាស្ត្រ​នេះ ពិតជានឹងបង្ករគ្រោះថ្នាក់ដល់ប្រទេស និងប្រជាជន ជាពិសេសសុខសន្តិភាពរបស់ប្រជាជាតិខ្មែរដែលសម្រេចបានដោយលំបាក នឹងអន្តរាយទៅវិញ ដូចក្នុងអតីតកាលជាក់ជាមិនខាន។ ការយកបញ្ហាទឹកដី បញ្ហាអធិបតេយ្យជាតិ ដើម្បីបម្រើមហិឆច្ឆិតានយោបាយរបស់ក្រុមប្រឆាំងផ្កាប់មុខ គឺស្មើនឹងយកប្រទេសជាតិទាំងមូលប្រលែងលេងនឹងគ្រោះថ្នាក់។

ករណីនេះវាមិនមែនជារឿងលេងសើច ហើយក៏មិនមែនជាការប្រើប្រាស់សិទ្ធិសេរីភាពនោះដែរ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្មីៗនេះបានថ្លែងថា ការឈឺឆ្អាលនឹងបញ្ហាព្រំដែន រឿងទៅមើលព្រំដែន រឿងស្រឡាញ់ទឹកដី គឺជារឿងដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនមែនជារឿងខុសច្បាប់ទេ។ ប៉ុន្តែអ្វីដែលជារឿងអាក្រក់ដែលយើងមិនអាចអត់ឱនឱ្យបាននោះ គឺការបំភ្លៃ ការមួលបង្កាច់ និងការញុះញង់ដែលយកប្រធានបទព្រំដែនមកបំភ្លៃ មួលបង្កាច់ មកទម្លាក់កំហុស មកចោទប្រកាន់ និងញុះញង់បង្កើតចលាចលសង្គម ដើម្បីកេងចំណេញនយោបាយទុច្ចរឹត អាហ្នឹងហើយដែលត្រូវអនុវត្តច្បាប់។ ជនអគតិទាំងនេះ ត្រូវដឹងថា ការមួលបង្កាច់ ការបំភ្លៃ ការញុះញង់វាមិនមែនសេរីភាពបញ្ចេញមតិនៅក្នុងក្របខណ្ឌសង្គមប្រជាធិបតេយ្យទេ គឺជាបទល្មើសព្រហ្មទណ្ឌ»

ហើយក៏ត្រូវយល់ឱ្យច្បាស់ដែរថា ការស្នេហាជាតិ និងទឹកដី គឺពុំមែនជាសិទ្ធិផ្តាច់មុខរបស់បុគ្គលណាមួយ ឬ គណបក្សនយោបាយណាមួយនោះទេ។ កិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី គឺជាសិទ្ធិនិងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានចាត់ទុកការងារនេះជាភារកិច្ច និងកាតព្វកិច្ចជាអាទិភាពជាប្រវត្តិសាស្ត្រដ៏សំខាន់ជាងគេបង្អស់របស់ខ្លួន និងតែងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនមួយ ច្បាស់លាស់ត្រឹមត្រូវប្រកបដោយសន្តិភាព មិត្តភាព សហប្រតិ្តបតិការ និងការអភិវឌ្ឍជាមួយប្រទេសជិតខាង និងធានាឲ្យបានដាច់ខាតនូវបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា មិនឱ្យបាត់បង់ សូម្បីតែមួយមីលីម៉ែត្រក្រឡាក៏ដោយ។

បទពិសោធន៍ផ្ទាល់របស់កម្ពុជាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ហើយថា ការលើកយកបញ្ហាព្រំដែនទាំងក្នុងអតីតកាល មកធ្វើជាអាជីវកម្មកេងចំណេញនយោបាយដោយគ្មានការទទួលខុសត្រូវ តាមរយៈការប្រើប្រាស់នយោបាយប្រជាភិថុតិ ដើម្បីបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ បាននាំមកនូវគ្រោះថ្នាក់ធំធេងដល់ប្រទេសជាតិ និងប្រជាជន ជាពិសេសការបែកបាក់សាមគ្គីជាតិ និងឯកភាពជាតិ ការបង្ករអរិភាពជាតិសាសន៍ និងការបង្ករខូចខាតដល់ទំនាក់ទំនងមិត្តភាព សហប្រតិ្តបតិការល្អរវាងប្រទេសជិតខាងជាប់ព្រំដែនគ្នា។

អ្វីដែលក្រុមជ្រុលនិយមលើកយកបញ្ហាព្រំដែននិងការបាត់បង់ទឹកដីនេះ បានធើ្វឱ្យយើងនឹកឃើញប្រវត្ដិសាស្ដ្រដ៏មហាគ្រោះថ្នាក់ក្នុងទសវត្សឆ្នាំ១៩៧០ ដែលក្រុមសាធារណៈរដ្ឋរបស់លោក លន់ នល់ បានប្រើប្រាស់ប្រធានបទបាត់ទឹកដីនេះ ដើម្បីធ្វើរដ្ឋប្រហារប្រឆាំងនឹងសម្តេចតា ព្រះបរមរតនកោដ្ឋ ពីអំណាច​។ ជា មួយគ្នានេះដែរ ក៏មានបទចម្រៀងមួយចំនួនស្ដីពីបញ្ហាលក់ទឹកដីឱ្យយៀកកុង ដូចជាបទ “លាម៉ែចូលធ្វើទាហាន” ដែលច្រៀងដោយលោក ស៊ិន ស៊ីសាមុត ជាដើម

នេះជាព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រដែលពួកគេប្រើប្រាស់បញ្ហាទឹកដី ដើម្បីផ្ដួលរាជរដ្ឋាភិបាល នៅសម័យ​នោះ ហើយដែលធ្វើឱ្យប្រទេសជាតិនិងប្រជាជនទាំងមូលធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃជិត៣ទសវត្សរ៍។ ទាំងនេះ វាផ្តើមចេញពីការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិតាមរយៈការប្រឌិតព័ត៌មានក្លែងក្លាយ ហើយបំផុសបំផុលផ្សព្វផ្សាយព័ត៌មានមិនពិត មួលបង្កាច់ ដុតបញ្ឆេះកំហឹងមហាជន តាមគ្រប់រូបភាព ជាពិសេសការដៀលត្មិះ បន្តុះប​ង្អាប់ ចោទប្រកាន់ លាបពណ៌ដើម្បីរំលំរាជរដ្ឋាភិបាលស្របច្បាប់។

បទពិសោធន៍នយោបាយជាតិក្នុងអតីតកាលនេះ ត្រូវបានក្រុមជ្រុលនិយមមួយចំនួននាពេលបច្ចុប្បន្នប្រើប្រាស់ជាអាជីវកម្មនយោបាយ ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ នៅចំពោះមុខឧបាយកលទុច្ចរិតនេះ និងក្នុងគោលបំណងបញ្ជៀសកុំឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរចាញ់ឧបាយកលបោកបញ្ឆោតរបស់គេ ហើយក្លាយទាំងមិនដឹងខ្លួនទៅជាឧបករណ៍បម្រើបុព្វហេតុនយោបាយរបស់គេនោះ រាជរដ្ឋាភិបាលកម្ពុជាតែងប្រ​កាន់ខ្ជាប់នូវឆន្ទៈស្នេហារជាតិ តម្កល់ផលប្រយោជន៍ជាតិខ្ពស់លើសអ្វីៗ ស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជាតិនិងប្រជាជន និងការប្តេជ្ញាចិត្តដ៏មោះមុតឥតងាករេ ក្នុងការធានាការពារឲ្យបានដាច់ខាត នូវអធិបតេយ្យ​ និងបូរណភាពទឹកដីជាតិ។

ដើម្បីបុព្វហេតុដ៏ពិសិដ្ឋនេះ រាជរដ្ឋាភិបាលដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ បានចាត់វិធានការបន្ទាន់ និងចាំបាច់នានា ក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ទាំងទិដ្ឋភាពច្បាប់ បច្ចេកទេស និងនយោបាយការទូត ដើម្បីបញ្ជៀស និងបញ្ចប់សកម្មភាពញុះញង់ ដោយគ្មានការទទួលខុសត្រូវ និងបំពានច្បាប់ របស់ក្រុមនិយមជ្រុលទាំងនេះ។ ជាងនេះទៅទៀត វិធានការច្បាប់ដែលអនុវត្តដោយអាជ្ញាធរមានសមត្ថកិច្ចប្រឆាំងនឹងជនអគតិនាពេលកន្លងមក វាមិនអាក្រក់ពេកនោះទេ ​បើគេប្រៀបធៀបជាមួយនឹងការបញ្ជេញសាច់ដុំ (កណ្តាប់ដៃដែក) ថ្មីៗកន្លងមកនេះរបស់បណ្តាប្រទេសលោកខាងលិចមួយចំនួន ក្នុងការចាត់វិធានការបង្ក្រាប និងបំបែកហ្វូងបាតុករនៅតាមបណ្តាប្រទេសទាំងនោះ ក្នុងកំឡុងពេលការរាតត្បាតនៃមេរោកកូវីដ១៩ ព្រោះ វិធានការទាំងនោះត្រូវបានធើ្វឡើងក្នុងន័យការពារ និងរក្សាសណ្តាប់ធ្នាប់សង្គមសុទ្ធសាធ។ ដើម្បីផលប្រយោជន៍ជាតិ ដើម្បីបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការចាត់វិធានការបង្ការ ទប់ស្កាត់ក្រុមជ្រុលនិយមមួយក្តាប់តូចដែលតែងតែប្រើប្រាស់យុទ្ធសាស្ត្រ​ដុត​ឲ្យ​ខ្លោច​រោច​ឲ្យ​ឆៅលើបោះបង្គោលព្រំដែន របស់រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច គឺជាកត្តាចំបាច់បំផុតនិងមិនអាចខ្វះបាន  ក្នុងគោលដៅរក្សាការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពសង្គម និងត្រូវបញ្ជៀសទប់ស្កាត់ឱ្យ​បានដាច់ខាត ដោយមិនបណ្តោយប្រជាជាតិមួយនេះ រអិលធ្លាក់ចូលក្នុងដានអតីតកាលដ៏ឈឺចាប់ដូចក្នុងទសវត្សឆ្នាំ១៩៧០ បានទៀតឡើយ៕

 ដោយ៖ ឡុង បូរិតា

ចែករំលែក

បញ្ចេញយោបល់