មរតកជំនឿនៃអ្នកស្រុកអង្គរ ៖ ជម៤

ថ្ងៃសុក្រ ទី ២៤ កុម្ភៈ ២០១៧​
252

កាលណាគេចូលរួមក្នុងពិធីប្រពៃណីមួយចំនួនរបស់អ្នកស្រុកអង្គរ ដូចជា ពិធីលៀងមេមត់ ចូលរូប ឡើងអ្នកតា បង្កក់កូន ជាដើម គេតែងឮចាស់ៗនិយាយគ្នាពីការរៀបចំស្លាធម៌ បាយសី និងជម ដែលជាគ្រឿងរណ្តាប់។ បើក្នុងពិធីបញ្ចូលរូប ជម៤ គឺជាគ្រឿងរណ្តាប់ដែលគេមិនអាចខកខាននោះទេ។

តើអ្វីជាជម៤? គេប្រើជមនេះក្នុងពិធីអ្វីខ្លះ?

តាមការពន្យល់របស់អ្នកស្រី គង់ ដែលជាគ្រូបញ្ចូលរូប និងព្យាបាលជំងឺនៅភូមិនគរក្រៅ ដែលជាភូមិនៅជាប់នឹងបរិវេណក្រុងអង្គរធំ ជម៤ គឺជាគ្រឿងរណ្តាប់មួយជើងពានតូច ដែលក្នុងនោះឃើញមានម្លូ៤ដុំ ហើយក្នុងមួយដុំៗមាន៤សន្លឹក មានស្លា៤ដុំ ទៀន៤ដើមនៅគ្រប់ខាង និង១ដើមទៀតដាក់បញ្ឈរត្រង់កណ្តាលលើអង្ករមួយកូនពែង ធូប៥សរសៃ និងប្រាក់៦០០រៀល។ គេតែងឃើញជម៤នេះ ត្រូវបានរៀបចំអមជាមួយនឹងបាយសីដែលធ្វើពីដើមចេក ដែលដោតផ្កា ទៀន ធូប ស្ទើរតែគ្រប់កិច្ចពិធី។

តាមការរៀបរាប់របស់គ្រូបញ្ចូលរូបរូបនេះ បញ្ជាក់ថា គេប្រើជម៤នេះនៅក្នុងកិច្ចពិធីសំខាន់ៗទាក់ទងនឹងគ្រូកំណើត ដូចជាពិធីបញ្ចូលរូបជាដើម។ ការរៀបចំជមនេះ បើចំពោះអ្នកដែលមានគ្រូកាន់ដូចជាអ្នកស្រីជាដើម ត្រូវធ្វើតម្កល់ទុកជាប្រចាំលើអាសនៈ មួយសីល(៧ថ្ងៃឬ៨ថ្ងៃ)ទើបដូរម្តង ហើយត្រូវរក្សាជាប្រចាំ។ បើក្នុងកិច្ចពិធីផ្សេងៗ គេគ្រាន់តែរៀបចំចប់ពិធីក៏រុះរើបាន៕

ចែករំលែក

បញ្ចេញយោបល់