យុទ្ធសាស្ដ្រ​ចតុកោណ​ ដំណាក់កាលទី១

ថ្ងៃអាទិត្យ ទី ២៨ មីនា ២០១០​
659

សន្ទរកថា
របស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលកម្ពុជា
ស្ដីពី
“យុទ្ធសាស្ដ្រចតុកោណ” ដើម្បីកំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព នៅកម្ពុជា


ថ្លែងនៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ដ្រី លើកទីមួយ នីតិកាលទី៣ នៃរដ្ឋសភា
នៅទីស្ដីការគណៈរដ្ឋមន្ដ្រី
រាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០០៤


 

ព្រះអង្គស្ដេចក្រុមឃុន ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី

ឯកឧត្ដម លោកជំទាវ ឧបនាយក រដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី រដ្ឋលេខាធិការដែលជាសមាជិក សមាជិកា នៃអង្គគណៈរដ្ឋមន្ដ្រី ទាំងមួល ជាទីគោរព។
ថ្ងៃនេះ គឺជាទិវាប្រវត្ដិសាស្ដ្រដ៏សំខាន់មួយរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជាសំរាប់ នីតិកាល ទី៣ នៃ រដ្ឋសភាបានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួនជាលើកទី១។ ក្នុងនាមជាប្រមុខ នៃរាជរដ្ឋាភិបាលទូល បង្គុំខ្ញុំ សូមសំដែងការស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុតថ្វាយ និង ជូនចំពោះព្រះអង្គ ស្ដេចក្រុមឃុន ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី ឯកឧត្ដម និង លោកជំទាវ ទាំងអស់ ដែលជាសហការី នៅក្នុងរាជរដ្ឋា ភិបាលសំរាប់ នីតិកាលទី ៣ នៃរដ្ឋសភា។
តាមទម្លាប់នៃការអនុវត្ដន៍កន្លងមក នៅក្នុងការចាប់ផ្ដើមចូល កាន់ការងាររបស់ រាជរដ្ឋាភិបាលថ្មី អង្គប្រជុំ លើកទី១ នៃគណៈរដ្ឋមន្ដ្រី តែងត្រូវបានប្រើប្រាស់ជា កាលានុវត្ដភាព សំរាប់ការគូសរំលេចជូន បងប្អូនជនរួម ជាតិកម្ពុជា និងដៃគូអន្ដរជាតិ ទាំងអស់ជ្រាបអំពីអាទិភាពគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាល សំរាប់នីតិកាល ថ្មី និងអំពីការប្ដេជ្ញាចិត្ដយ៉ាងមោះមុតឥតងាករេរបស់រាជរដ្ឋាភិបាលទាំងមូលក្នុងការ ឈានទៅ សំរេចឱ្យបានជោគជ័យ នូវបណ្ដាអាទិភាពទាំងអស់នោះដើម្បីបំរើនូវឧត្ដមប្រយោជន៍របស់ ប្រទេសជាតិមាតុភូមិ និងឆ្លើយតបទៅនឹងសំណូមពរ និងសេចក្ដីត្រូវការទាំងឡាយរបស់ ប្រជាពលរដ្ឋកម្ពុជា ដែលរាជរដ្ឋាភិបាល បានទទួលតាមរយៈសម្លេងឆ្នោតផ្ដល់ការ ទុកចិត្ដ ក្នុងកិច្ចដំណើរការ បោះឆ្នោតប្រជាធិប តេយ្យដោយសេរី និងយុត្ដិធម៌។ ដូច្នេះទូលបង្គំខ្ញុំសូម ស្នើថាអង្គប្រជុំគណៈរដ្ឋមន្ដ្រី របស់យើងនាថ្ងៃនេះ គួរតែចាប់ផ្ដើមបើកឆាក ការងាររបស់ខ្លួន ស្រប តាមស្មារតីនៃប្រពៃណីដ៏ល្អនេះ។
ដូចទូលបង្គុំខ្ញុំ ធ្លាប់បានលើកឡើងជាច្រើនលើកច្រើនសាររួចមកហើយទាំងនៅលើវេទិកា ជាតិ ទាំងនៅលើវេទិកាអន្ដរជាតិ ទូលបង្គុំខ្ញុំ មានជំនឿដ៏មុតមាំថាកម្ពុជាគ្មានជម្រើសអ្វីផ្សេង ឡើយក្រៅពីការបន្ដ ជម្រុញអនុវត្ត យ៉ាងហ្មឺងម៉ាត់ និងមធ្យ័តបំផុតនូវកម្មវិធីកំណែទម្រង់ ទាំងឡាយ ដែលមានលក្ខណៈកាន់តែទូលំទូលាយឡើង និងកាន់តែស៊ីជម្រៅឡើង។ កំណែទម្រង់ គឺជាកិច្ចការស្លាប់រស់របស់កម្ពុជា។ បើយើងរួមគ្នាធ្វើកំណែទម្រង់ នោះទើប យើងសង្ឃឹមថានឹងអាចរំដោះខ្លួនចេញបានពីវដ្ដសង្សា នៃភាពក្រីក្រតោក យ៉ាក ហើយស្ដារ ឡើងវិញ បាននូវភាព ថ្លៃថ្នូររបស់ប្រជាជាតិមួយដែលធ្លាប់តែមានមោទនភាពនិងដែលធ្លាប់ត្រូវបានគេគោរពនិងកោតសរសើរ។ ផ្ទុយទៅវិញបើយើងគេចវេះ កំណែទម្រង់ យើងប្រាកដ ជានឹង បាត់បង់សំណាង និង កាលានុវត្ដភាព ដែលយើងកំពុងក្ដាប់ក្នុងដៃ នាពេលបច្ចុប្បន្ននេះ ហើយនឹង បន្ដស្ថិតក្នុងភាពក្រីក្ររ៉ាំរ៉ៃជមោ្លះ និងអស្ថេរភាពមិនចេះចប់។
នៅក្នុងបរិការណ៍នេះ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសំរាប់នីតិកាលទី៣ នៃរដ្ឋសភា ដែលជាចក្ខុវិស័យ រួមរបស់ជាតិ និងជាសេចក្ដីប្រកាសអំពីបេសកកម្ម និងឆន្ទៈរបស់ រាជរដ្ឋាភិបាល សំរាប់នីតិកាល ទី៣ នៃរដ្ឋសភា ហើយដែលសំរេចបានមកលើមូលដ្ឋាននៃ ការឯកភាពមតិគ្នាក្នុង ចំណោមដៃគូដែលចូលរួម ក្នុងរាជរដ្ឋាភិបាល ថ្មីនេះ នឹងដើរតួជា ក្របខ័ណ្ឌ ការងារដ៏សំខាន់បំផុតរបស់យើង សំរាប់រយៈពេល ៤ ឆ្នាំទៅ មុខទៀត។
យ៉ាងណាមិញ ទូលបង្គំខ្ញុំយល់ថាក្នុងការដឹកនាំអនុវត្ដកម្មវិធីនយោបាយ នេះរាជរដ្ឋាភិបាល មានសេចក្ដីត្រូវការ ដ៏ចាំបាច់ក្នុងការធ្វើអាទិភាវូបនីកម្ម បណ្ដាអាទិភាពដែលយើងបាន ដាក់ចេញមក ដោយផ្ដោត ជាសំខាន់ទៅលើ របៀបវារៈ នៃគោលនយោបាលសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន តាម រយៈការរៀបចំ លំអិតបន្ថែមដោយអន្លើ ហើយសម្រិតសម្រាំង សម្រួច និងរំលេចនូវរបៀបវារៈ គោល នយោបាយសេដ្ឋកិច្ច របស់កម្មវិធីនយោបាយនេះឱ្យចេញជាកញ្ចប់អាទិភាពទៅតាមបណ្ដាវិស័យសំខាន់ៗ នានា ដែលលក្ខណៈជា ប្រព័ន្ធ ស៊ីសង្វាក់ ប្រទាក់ក្រឡាគ្នា និងយោងគ្នាទៅមក ហើយងាយយល់ និងងាយគ្រប់គ្រង។ គឺក្នុងសា្មរតីនេះហើយ ដែលខ្ញុំមានបំណងដាក់ជូនអង្គប្រជុំ គណៈរដ្ឋមន្ដ្រីលើកទី១ របស់យើងនាថ្ងៃនេះ និងជូនបងប្អូនជន រួមជាតិ ព្រមទាំងដៃគូ អភិវឌ្ឍន៍ទាំងអស់របស់កម្ពុជាជ្រាបអំពី “យុទ្ធសាស្ដ្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា” ដែលនឹងដើរតួជាឧបករណ៍ ដ៏សំខាន់សំរាប់ទ្រទ្រង់ការ អនុវត្ដន៍ “កម្មវិធី នយោបាយ របស់រាជរដ្ឋា ភិបាល សំរាប់ នីតិកាលទី ៣ នៃរដ្ឋសភា”។

 

ផ្មែកទី១

 

ខ្លីមសារនៃយុទ្ធសាស្ដ្រចតុកោណ
១.១. គោលដៅចំបងរបស់រាជរដ្ឋាភិបាលនីតិកាលទី៣ នៃរដ្ឋសភា

 

ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា បានសំដែងនូវឆន្ទៈជាសមូលហភាពរបស់ខ្លួនតាមរយៈការបោះឆ្នោត ជាសាកលដែលអ្នកសង្កេតការជាតិ និងអន្ដរជាតិ បានវាយតម្លៃថាជាការបោះឆ្នោតមួយសេរី យុត្ដិធម៌ ត្រឹមត្រូវ មានតម្លាភាព និងអាចទទួលយកបាន កាលពីថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ ២០០៣។ រាជរដ្ឋាភិបាលបាន ឈានចូល កាន់អំណាច់ក្នុងនីតិកាលទី៣ នៃរដ្ឋសភាស្របទៅតាមឆន្ទៈរបស់ប្រជារាស្ដ្រ ជាមួយនឹងការប្ដេជ្ញា ចិត្ដ យ៉ាងពេញ ទំហឹងចំពោះបុព្វហេតុនៃសុខសន្ដិភាព ការបង្រួមជាតិ ស្ថេរភាព សណា្ដប់ធ្នាប់សង្គមការ លើកស្ទួយ លទ្ធិ ប្រជាធិបតេយ្យ ការគោរពសិទ្ធី និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ឯករាជ្យជាតិ អធិបតេយ្យ ភាព និង កិត្យានុភាពជាតិ បូរណភាពទឺកដី និង ការអភិវឌ្ឍន៍ ប្រកបដោយចរិតភាព ដែលនឹងផ្ដល់ជូន ដល់ប្រទេសជាតិ និងប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់នូវវឌ្ឍនភាព វិបុលភាព ភាពសុខដុមរមនា និងជីវភាព សមរម្យថ្លៃថ្នូរ។
នៅក្នុងន័យនេះ ទិសដៅជាសារវន្ដរបស់រាជរដ្ឋាភិបាលនៃរដ្ឋសភានីតិកាលទី៣ គឺកសាងជា ជំហានៗ នូវសង្គម កម្ពុជាមួយ ដែលមានសុខសន្ដិភាព ស្ថេរភាព សណ្ដាប់ធ្នាប់សង្គម មានការគោរពយ៉ាង ខ្ចាប់ខ្ជួននូវ គោលការណ៍ ប្រជាធិបតេយ្យ ព្រមទាំងសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ របស់មនុស្សមានការអភិវឌ្ឍន៍ ប្រកបដោយចរិភាព និង សមធម៌ មានកោសិកាផ្សារភ្ជាប់គ្នា មានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ និង វប្បធម៌ជ្រៅជ្រះ មានជីវភាព សមរម្យ និងមានការរស់នៅប្រកបដោយភាពសុខដុមរមនាទាំងនៅក្នុងសង្គម ជាតិ ទាំងនៅក្រុមគ្រួសារ។
ក្នុងក្របខ័ណ្ឌនេះ រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវគោលនយោបាយឯកភាពជាតិ និងសាមគ្គឺជាតិ ដើម្បី ប្រមូល កំលាំងប្រជាជាតិទាំងមូលពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយទាំងនៅក្នុង និងក្រៅប្រទេស ក្រោមបាវចនា “ជាតិ សាសនា ព្រះមហាក្សត្រ” ដើម្បីរួមគ្នាជាធ្លុងមួយសំដៅកសាង ការពារជាតិ និងសមិទ្ធផលសង្គម នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបរិការណ៍ដែលប្រទេសមានឯករាជ្យ អធិបតេយ្យ បូរណភាព ទឹកដី សុខសន្ដិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពថ្កើងថ្កានស្របតាម ព្រះរាជតំរិះ ដ៏ភ្លឺស្វាង និងរុងរឿងក្រោមព្រះរាជកិច្ចដឹកនាំ ដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាក្សត្រនៃ ព្រះរាជាណាក្រកម្ពុជា និង សម្ដេចព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថ សីហនុ ជាទីគោរពសក្ការៈ។
ជាការពិតណាស់ ដោយសារការអនុវត្ដន៍ យ៉ាងប្ដូរប្ដេជ្ញឥតរាថយនូវ “យុទ្ធសាស្ដ្រត្រីកោណ” រាជរដ្ឋាភិបាល កម្ពុជានៅក្នុងរដ្ឋសភានីតិកាលទី២ កន្លងមកនេះបានបង្កើតឡើងនូវបរិស្ថានអនុគ្រោះ និង លក្ខខណ្ឌចាំបាច់ និងគ្រប់គ្រាន់ទាំងក្នុង និងក្រៅប្រទេស សំរាប់ឱ្យកម្ពុជាអាចបោះជំហានទៅមុខ ប្រកប ដោយក្ដីសង្ឃឹម និង ជំនឿទុកចិត្ដយ៉ាងមុតមាំនៅលើមាគ៌ា នៃកំណែទម្រង់ និងការអភិវឌ្ឍន៍។ ជោគជ័យ នៃការអនុវត្ដន៍ គោល នយោបាយ “ឈ្នះ ឈ្នះ” បានធ្វើឱ្យប្រទេសកម្ពុជាឆ្លងកាត់ដំណាក់កាល ប្រែប្រួល យ៉ាងធំធេងពីចំណុច មួយនៃ ផែនទីពិភពលោក ដែលប្រកបដោយភាពមិនច្បាស់លាស់ ដោយសារ កលយុគ សង្គ្រាមរ៉ាំរ៉ៃ ជម្លោះផ្ទៃក្នុង អស្ថិភាព និងភាពអន់ថយ ហើយក្លាយទៅជាប្រទេសមួយ ដែលមានសុខសន្ដិ ភាពពេញលេញ មានសុវត្ថិភាព និង សណា្ដប់ធ្នាប់សង្គម មានការគោរពលទ្ធិប្រជា ធិបតេយ្យ គោរពសិទ្ធិនិង សេចក្ដីថ្លៃថ្នូរ របស់មនុស្ស ព្រមទាំងមានកិច្ចសហប្រតិបត្ដិការ និងការអភិវឌ្ឍន៍។

 

ឆ្លងកាត់រយៈពេលដ៏ខ្លី បំផុត ប្រសិនបើ ប្រៀបធៀបទៅ នឹងប្រវត្ដិសាស្ដ្រនៃប្រទេសជឿនលឿននានា យើងបាន បង្ហាញឱ្យដៃគួ អន្ដរជាតិទាំងឡាយ មើលឃើញ ដោយ គ្មានការសង្ស័យ ថាកម្ពុជាពិតជាមានសមត្ថភាព គ្រប់គ្រាន់ ដើម្បីចូល ប្រឡូកស្មើភាព និង ស្មើសិទ្ធិក្នុងកិច្ចការ តំបន់ និងពិភពលោក។ ប្រការទាំងនេះបានប្រែ ក្លាយ ទៅជាការ កើនឡើងនៃជំនឿទុកចិត្ដ មកលើប្រទេសកម្ពុជា ហើយផ្ដល់ជាផលប្រយោជន៍មកវិញ តាម រយៈការកើន ឡើងនៃពាណិជ្ជកម្ម និងលំហូរនៃ ការវិនិយោគ និងភ្ញៀវ ទេសចរ ចូលមកក្នុងប្រទេសកម្ពុជា ដែលជាកត្ដា យ៉ាងសំខាន់សំរាប់ជួយបង្កើតការងារ និងបង្កើនចំណូល ដល់ពលករកម្ពុជា ដែលផ្ដល់ជាលទ្ធផល ចុងក្រោយ គឺការកាត់បន្ថយភាពក្រីក្រ និងការ បង្កើនសុខុមាល ភាព របស់ប្រជាជន។
ការធានាជម្រុញលើកកំពស់កំណើនសេដ្ឋកិច្ច ការដោះស្រាយការងារសំរាប់ពលករកម្ពុជា ការធានា សមធម៌ និង យុត្ដិធម៌សង្គម តាមរយៈផែនការសកម្មភាពអភិបាលកិច្ច និងការធានាប្រសិទ្ធភាពការងារ របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្ដន៎៍កម្មវិធីកំណែទម្រង់ក្នុងគ្រប់ផ្នែក គ្រប់វិស័យក្នុងទិសដៅ កាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍន៍ក្របកដោយចិរភាព គឺជារបៀបវារៈនយោបាយ ដ៏ខ្ពស់បំផុតរបស់ រាជរដ្ឋាភិបាលនីតិកាលទី៣ នៃរដ្ឋសភាព។ ក្នុងន័យនេះ ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាល ទូលបង្គំ ខ្ញុំ សូម ដាក់ចេញនូវ “យុទ្ធសាស្ដ្រ ចតុកោណ” ជាឧបករណ៍រទ្រទ្រង់ការអនុវត្ដន៍ “កម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលសំរាប់នីតិកាលទី៣ នៃរដ្ឋសភា” ដើម្បីឈានឆ្ពោះទៅសំរេចឱ្យបាននូវ ការកាត់ បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍ វឌ្ឍនភាព និង វិបុលភាព ព្រមទាំង ភាពសុខដុមរមនា និង សុភមង្គល ជូនប្រជាជនកម្ពុជា។

 

១.២. អត្ថន័យនយោបាយរបស់យុទ្ធសាស្ដ្រចតុកោណ
ទីមួយ “យុទ្ធសាស្ដ្រចតុកោណ” នេះគឺជាការបន្ដសកម្មភាព និងការបន្ដពង្រឹងសមិទ្ធផលនានា ដែល រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងនីតិការទី២ តាមរយៈការអនុវត្ដន៍យុទ្ធសាស្ដ្រត្រីកោណ និងការជ្រើស រើសចេញពីសមាសធាតុសំខាន់ៗ នៃ “ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ” MDGs “ផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកិច្ច ៥ឆ្នាំ ២០០១ – ២០០៥” របស់កម្ពុជាបច្ចុប្បន្ន “យុទ្ធសាស្ដ្រជាតិ កាត់បន្ថយ ភាពក្រីក្រ ២០០៣ – ២០០៥” និងគោលនយោបាយ យុទ្ធសាស្ដ្រ ផែនការ និង កម្មវិធីកំណែទម្រង់សំខាន់ៗ ជាច្រើនទៀត ដែលបានឆ្លងកាត់ការពិគ្រោះយោបល់យ៉ាងទូលំទូលាយ ក្នុងចំណោមមជ្ឈដ្ឋាន ជាតិ និងអន្ដរជាតិ រួមមាន ក្រសួង ស្ថានប័នរដ្ឋ សង្គមស៊ីវិល និងសហគមន៍អ្នកផ្ដល់ជំនួយក្នុងទិសដៅ កែលំអ និងបង្កើនសមត្ថភាព ស្ថាបន័សាធារណៈ លើកស្ទួយអភិបាលកិច្ចល្អ និងធ្វើទំនើបកម្ម រចនាសម្ព័ន្ធ សេដ្ឋកិច្ច ជាតិ ដើម្បីគោលដៅ ជម្រុញលើកកំពស់កំណើនសេដ្ឋកិច្ច បង្កើតការងារជូនប្រជាពលរដ្ឋ ធានាសមធម៌ ក្នុងសង្គម និងបង្កើន ប្រសិទ្ធភាពនៃវិស័យសាធារណៈ ព្រមទាំងរក្សាការពារសម្បត្ដិធម្មជាតិ និងសម្បត្ដិ វប្បធម៌ជាតិ ដែលប្រការ ទាំងអស់នេះ គឺសុទ្ធតែជាកត្ដាគន្លឹះដ៏សំខាន់បំផុត សំរាប់ការអភិវឌ្ឍន៍ក្របកដោយ ចិរតភាព ការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

 

ទីពីរ សមាសធាតុគន្លឹះទាំងឡាយនៃ “យុទ្ធសាស្ដ្រចតុកោណ” ត្រូវបានយកទៅរៀបចំជាមូលដ្ឋានគ្រឺះ នៃ គោលនយោបាយ សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ហើយបានទទួលនូវការឆ្លុះបញ្ចាំងយ៉ាងពេញ លេញនៅក្នុង “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំរាប់នីតិកាលទី៣ នៃរដ្ឋសភា”

 

ទីបី យ៉ាងណាក៏ដោយ ក្រោយពី “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំរាប់នីតិកាលទី៣ នៃរដ្ឋសភា” ត្រូវបានរៀបចំចប់សព្វគ្រប់លើមូលដ្ឋាន នៃការឯកភាពមតិជាឯកច្ឆន្ទ រវាងគណៈបក្ស ដៃគូ ទាំងពីរ នៅក្នុង រាជរដ្ឋាភិបាល រាល់ចំណុចគោលនយោបាលសេដ្ឋកិច្ចសំខាន់ៗ របស់ឯកសារ “កម្មវិធី នយោបាយ” នេះក៏ត្រូវបានឆ្លុះបញ្ចាំងត្រឡប់មកវិញ ហើយសម្រិតសម្រាំង និងសម្រួចថែមទៀត នៅក្នុង “យុទ្ធសាស្ដ្រ ចតុកោណ” តាមរយៈការគូសរំលេចចងក្រង ឱ្យចេញជាកញ្ចប់អាទិភាពនៃវិធាន ការគោលនយោបាល តាំងឡាយ ដែលមានលក្ខណៈជាប្រព័ន្ធ ស៊ីសង្វាក់ ប្រទាក់ក្រឡាគ្នា និងយោងគ្នាទៅ វិញទៅមក។
ដូច្នេះ “យុទ្ធសាស្ដ្រចតុកោណ” ដែលជាយុទ្ធសាស្ដ្រអភិវឌ្ឍន៍របស់រាជារដ្ឋាភិបាលនីតិការទី២ នៃរដ្ឋសភា ហើយដែលមានមុខងារយ៉ាងសមស្របក្នុងការបង្កើតបុព្វ លក្ខខណ្ឌសំរាប់ការបង្កើនឈរ ឡើង ពេញជំហរ របស់កម្ពុជា ដោយសារថាតាមន័យធរណីមាត្រសាស្ដ្រ គេអាចដាក់វត្ថុដែលមានជើងបី ឬ“ត្រីកោណ” ឱ្យឈរ បានគ្រប់ទីកន្លែងទាំងអស់ ទោះក្នុងស្ថានភាពណាក៏ដោយ។ ចំណែក “យុទ្ធសាស្ដ្រ ចតុកោណ” នេះត្រូវបាន រៀបចំឡើង តាមរចនាសម្ព័នមុំបួន នៃចតុកោណប្រទាក់ក្រឡាគ្នា ហើយ ផ្សារភ្ជាប់គ្នាគ្រប់ជ្រុងទាំងអស់ ដែល នៅក្នុងផ្នត់គំនិត របស់មនុស្សទូទៅ គឺតំណាងឱ្យ “ចិរភាព” និង “ស្ថិរភាព” ឧទាហរណ៍ តុ ឬ កៅអីដែលមាន ស្ថិរភាពរឹងមាំ គឺសុទ្ធតែមានជើងបួន។ ក្នុងន័យនេះ ការសម្រេចបានជោជ័យនៅក្នុងការអនុវត្ដន៍ យុទ្ធសាស្ដ្ រចតុកោណ នឹងនាំមកឱ្យកម្ពុជា នូវ ស្ថិរភាព និង ការអភិវឌ្ឍន៍ក្របកដោយចិរភាព។

 

តាមទិដ្ឋភាពម្យ៉ាងទៀត “យុទ្ធសាស្ដ្រចតុកោណ” គឺជា “របៀបវារៈគោលនយោបាយ សេដ្ឋកិច្ច” នៃ “កម្មវិធីនយោបាយរបស់រាជរដ្ឋាភីបាលសំរាប់នីតិនយោបាយសេដ្ឋកិច្ច” ដែល ត្រូវបានយកមករៀបចំលំអិត បន្ថែមដោយអន្លើ ហើយសម្រិតសម្រាំងសម្រួច និង រំលេចឱ្យចេញជា កញ្ចប់ អាទិភាពទៅតាមវិស័យសំខាន់ៗ នានា ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង ជាប្រព័ន្ធ ស៊ីសង្វាក់ ប្រទាក់ក្រឡាគ្នា និង យោងគ្នាទៅវិញទៅមក ហើយងាយយល់ និង ងាយគ្រប់គ្រង ដែលអនុញ្ញាតឱ្យរាជ រដ្ឋាភិបាល និង ដៃគួអភិវឌ្ឍន៍ ដែលមានការ ពាក់ព័ន្ធទាំងអស់ អាចប្រើប្រាស់បានជាឧបករណ៍គ្រប់គ្រង (Management tool)  សំរាប់ការអនុវត្ដន៍ របៀបវារៈ គោលនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា ដែលជាសមាស ភាគដ៏ចំបងនៃ “កម្មវិធីនយោបាយ” របស់រាជរដ្ឋាភិបាល។
បើពិនិត្យលើគោលដៅចំបងរបស់យុទ្ធសាស្ដ្រចតុកោណ ពោលគឺការជម្រុញលើកកំពស់ កំណើន សេដ្ឋកិច្ច ការដោះស្រាយការងារ សំរាប់ពលករកម្ពុជា ការធានាសមធម៌ និង យុត្ដិធម៌ សង្គម និងការលើក ស្ទួយ ប្រសិទ្ធភាពនៃវិស័យសាធារណៈ តាមរយៈផែនការសកម្មភាពអភិបាលកិច្ច និងកំណែទម្រង់ស៊ីជម្រៅ និង ប្រទាក់ក្រឡាគ្នាគ្រប់ផ្នែកគ្រប់វិស័យ យើងអាចកំណត់បាវចនា នៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនីតិ កាលទី៣ នៃរដ្ឋសភានេះ ថាជា “រាជរាដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ និង ប្រសិទ្ធភាព”។
១.៣. រចនាសម្ព័ន្ធនៃយុទ្ធសាស្ដ្រចតុកោណ
ដូចដែលបានអធិប្បាយខាងលើ យុទ្ធសាស្ដ្រនេះត្រូវបានរៀបចំឡើង ទៅតាមរចនាសម្ព័ន្ធជាមុំបួន នៃ ចតុកោណ ដែលប្រទាក់ក្រឡាគ្នា ហើយផ្សារភ្ជាប់គ្នានៅគ្រប់ជ្រុងជ្រោយទាំងអស់។ ជារួមសមាសធាតុរបស់ “យុទ្ធសាស្ដ្រ ចតុកោណ” នេះមានដូចតទៅៈ

 

ទី១. ស្មូលនៃយុទ្ធសាស្ដ្រចតុកោណ គឺ អភិបាលកិច្ចល្អ ដែលផ្ដោតការយកចិត្ដទុកដាក់ ទៅលើ កំណែទម្រង់ បួនយ៉ាង គ៉ឺៈ
ទី១. ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ

ទី២. កំណែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្ដិធម៌

ទី៣. កំណែទម្រង់រដ្ឋបាលសាធារណៈ រួមមាន តាំងកម្មវិធីវិមជ្ឈការ និង វិសហមជ្ឈការផង

ទី៤. កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ ជាពិសេស គឺកម្មវិធីកាត់រំសាយទ័ព។

 

ទី២. បរិស្ថានគ្របដណ្ដប់ សំរាប់ការអនុវត្ដន៍យុទ្ធសាស្ដ្រទាំងមូល មានបួន យ៉ាងដែរ គឺ ៉
ទី១. សុខសន្ដិភាព ស្ថិរភាព នយោបាយ និង សណ្ដាប់ធ្នាប់សង្គម

ទី២. ភាពជាដៃគូក្នុងការអភិឌ្ឍន៍ រួមមានភាពជាដៃគូជាមួយវិស័យឯកជន និងសហគមន៍អ្នកផ្ដល់ ជំនួយ ព្រមទាំង ភាពជាដៃគូជាមួយ នឹងសង្គមស៊ីវិល
ទី៣. បរិស្ថានម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានលក្ខណៈអនុគ្រោះ

ទី៤. សមាហរណកម្មកម្ពុជា ទៅក្នុងតំបន់ និង ពិភពលោក។

ទី៣. ចតុកោណយុទ្ធសាស្ដ្រទាំងបួនសំរាប់ជម្រុញកំណើន រួមមានៈ

 

ទី១. ការលើកស្ទួយវិស័យកសិកម្ម

ទី២. ការអភិវឌ្ឍន៍ផ្នែក ឯកជន និង ការងារ

ទី៣. ការបន្ដស្ដារ និង កសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្ដ

ទី៤. ការកសាងសមត្ថភាព និង ការអភិវឌ្ឍន៍ធនធានមនុស្ស។

ទី៤. ចតុកោណយុទ្ធសាស្ដ្រនីមួយៗមាន មុំយុទ្ធសាស្ដ្រ បួនគឺៈ
ចតុកោណទី១ ៖ “ការលើកស្ទួយវិស័យកសិកម្ម” មានៈ
ទី១. ការលើកកំពស់ផលិតភាព និង ពិធកម្ម (Diversification) វិស័យកសិកម្ម
ទី២. កំណែទម្រងង់ដីធ្លី និង ការបោសសំអាតមីន
ទី៣. កំណើ ទម្រង់វិស័យនេសាទ និង ជលផល និង
ទី៤. កំណែទម្រង់ព្រៃឈើ។
ចតុកោណទី២ ៖ “ការបន្ដសា្ដរ និង កសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្ដ” មានៈ
ទី១. ការបន្ដស្ដារ និង កសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ (ផ្លូវគោក ផ្លូវទឺក និង ផ្លូវអាកាស)
ទី២. ការគ្រប់គ្រងធនធានទឺក នឹង ប្រព័ន្ធធារាសាស្ដ្រ

ទី៣. ការអភិវឌ្ឍន៍វិស័យថាមពល និង បណា្ដញអគ្គិសនី

ទី៤. ការអភិវឌ្ឍន៍បច្ចេកវិទ្យាពត៌មាន និង ទូរគមនាគន៍។

 

ចតុកោណទី៣ ៖ “ការអភិវឌ្ឍន៍ផ្នែកឯកជន និង ការងារ” មាន ៖
ទី១. ការពង្រឺងវិស័យឯកជន និង ការទាក់ទាញទុនវិនិយោគ

ទី២. ការលើកស្ទួយសហគ្រាសធុនតូច និង មធ្យម
ទី៣. បង្កើតការងារ និង ការធានាលក្ខខណ្ឌការងារល្អប្រសើរជូនដល់កម្មករ និង និយោជិត

ទី៤. ការរៀបចំប្រព័ន្ធសុវត្ថភាព សង្គម សំរាប់ មន្ដ្រី បុគ្គលិក កម្មករ។
ចតុកោណទី៤ ៖ “ការកសាងសមត្ថភាព និង ការអភិវឌ្ឍន៍ ធនធានមនុស្ស” មានៈ
ទី១. ការ លើកកំពស់ និង ពង្រឹងគុណភាពនៃ វិស័យអប់រំ
ទី២. ការលើកស្ទួយសេវាសុខាភិបាល
ទី៣. ការអនុវត្ដន៍ គោលនយោបាយយេនឌឺ 9អនេដរេ ភៀលិចយប
ទី៤. ការអនុវត្ដន៍ គោលនយោបាយប្រជាជន។

ផ្នែកទី២
អាទិភាពនៃគោលនយោបាយសេដ្ឋកិច្ច

២.១. ស្នូលនៃយុទ្ធសាស្ដ្រចតុកោណ គឺអភិបាលកិច្ចល្អ
អភិបាលកិច្ចល្អ គឹជាបុរេលក្ខណៈវិនិច្ឆ័យសំខាន់បំផុតមួយ ដើម្បីធានាឱ្យមានការអភិវឌ្ឍន៍ សេដ្ឋកិច្ច ប្រកប ដោយចិរភាព មានសមធម៌ និងយុត្ដិធម៌សង្គម។ អភិបាលកិច្ចល្អ តំរូវឱ្យមាននូវការ ចូលរួមយ៉ាងទូលំ ទូលាយ មានការលើកកំពស់ ការចែករំលែកពត៌មាន មានគណនេយ្យភាព និងតម្លាភាព មានលក្ខណៈស្មើភាព និង ការមិន បោះបង់ចោល នូវបុគ្គលណាម្នាក់ ហើយនឹងមានការប្រតិបត្ដិតាមវិធានច្បាប់។ ក្នុងន័យនេះ អភិបាលកិច្ចល្អ នឹងធានាបន្ថយអំពើពុករលួយឱ្យស្ថិតនៅក្នុងកំរិតអប្បបរមា មតិយោបល់របស់អ្នកភាគតិច នឹងត្រូវបានយក មកពិចារណា ហើយសម្លេងរបស់ជនងាយរងគ្រោះសឹងតែទាំងអស់នៅក្នុងសង្គមនឹងត្រូវបាន បញ្ចូលក្នុងការធ្វើ សេចក្ដីសំរេចចិត្ដ។ ដូច្នេះអភិបាលកិច្ចល្អ គឺជាសំណូមពរ និង ជាតម្រូវការរបស់សង្គម កម្ពុជា ទាំងក្នុងពេល បច្ចុប្បន្ន និងក្នុងពេលអនាគត។
ដើម្បីសំរេចគោលបំណងនេះ រាជរដ្ឋាភិបាលនឹងផ្ដោតការយកចិត្ដទុកដាក់ទៅលើការអនុវត្ដន៍ ប្រកប ដោយ ប្រសិទ្ធភាពនូវផែនការសកម្មភាពអភិបាលកិច្ចរបស់ខ្លួន ដែលគ្របដណ្ដប់លើកំណែទម្រង់បួនយ៉ាង ដែលមាន ផែនការពាក់ព័ន្ធគ្នាទៅវិញទៅមក ក្នុងនោះរួមមាន ៖
ទី១.ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ
ទី២.កំណែទម្រង់ ច្បាប់ និងប្រព័ន្ធយុត្ដិធម៌
ទី៣.កំណែទម្រង់រដ្ឋបាលសាធារណៈ រួមមានទាំងកម្មវិធីវិមជ្ឈការ និងវិសហវិមជ្ឈការ ផង
ទី៤.កំណែទម្រង់កងកំលាំងប្រដាប់អាវុធ ពិសេសគឺ កម្មវិធីកាត់រំសាយទ័ព។

 

(ទី១). ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ
រាជរដ្ឋាភិបាលបានជ្រើសរើសយកយុទ្ធសាស្ដ្រប្រឆាំងនឹងអំពើពុករលួយ ដោយដាក់ចេញនូវវិធានការ ជាក់ស្ដែង ដែលអាចលុបបំបាត់ឫសគល់នៃអំពើពុករលួយ។ យុទ្ធសាស្ដ្រនេះ ត្រូវដាក់ឱ្យអនុវត្ដដោយមាន ទាំងមធ្យោបាយ និង ធនធានគ្រប់គ្រាន់ដើម្បីទប់ស្កាត់ និងបង្ក្រាបជាអតិបរមា ដល់អ្នកប្រព្រឹត្ដអំពើពុក រលួយ ពីព្រោះប្រសិន បើមានតែច្បាប់បទបញ្ញត្ដិ និងក្រមសីលធម៌មួយមុខ គឺមិនអាចសំរេចបានជោគជ័យ ទេ។ ក្នុងករណីនេះ ចាំបាច់ ត្រូវមានយន្ដការ ដើម្បីពង្រឹងការអនុវត្ដន៍ច្បាប់ឱ្យមានប្រសិទ្ធភាពថែមទៀត។
ដើម្បីសំរេចបាន គោលដៅនេះ រាជរដ្ឋាភិបាលនឹងជម្រុញការអនុម័តច្បាប់ ស្ដីពីការប្រឆាំង អំពើពុករលួយ និងការបង្កើតស្ថាប័នឯករាជ្យអព្យាក្រឹត្យមួយ សំរាប់ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ឱ្យបានឆាប់ តាមតែ អាចធ្វើបាន ព្រមទាំងជំរុញការលើកកំពស់ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុង ការគ្រប់ គ្រងហិរញ្ញវត្ថុ សាធារណៈ ជាពិសេសតាមរយៈការពង្រឹងការងារសវនកម្ម និង លទ្ធកម្មសាធារណៈ ក៏ដូចជាការជំរុញ អនុវត្ដន៍ កំណែទម្រង់ ដែលមានការពាក់ព័ន្ធ គ្រប់វិស័យ ដើម្បីធានាអភិបាលកិច្ចល្អ ជា ពិសេស គឺការអនុវត្ដន៍ផែនការ សកម្មភាពអភិបាលកិច្ចរបស់រាជរដ្ឋាភិបាល ដែលត្រូវបានរៀបចំឡើង ដោយ មានការចូលរួមយ៉ាងទូលំ ទូលាយពីសំណាក់ក្រសួងស្ថាប័នរដ្ឋ សង្គមស៊ីវិល និងដៃគូអ្នកផ្ដល់ជំនួយ។ ចាប់ពី នីតិកាលទី៣ នេះទៅរាជរដ្ឋា ភិបាលអនុញ្ញាតឱ្យក្រសួងស្ថាប័ន ដែលពាក់ព័ន្ធដោយផ្ទាល់អាចពិនិត្យ បាននូវ រាល់កិច្ចសន្យាពាណិជ្ជកម្ម និងកិច្ចសន្យាសម្បទានលើធនធានធម្មជាតិ និងលើសម្បត្ដិរដ្ឋ។
(ទី២). កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌
រាជរដ្ឋាភិបាលគោរព និងលើកស្ទួយឯករាជ្យ និងអព្យាក្រឹត្យភាពនៃប្រព័ន្ធតុលាការដូចមានចែង ក្នុងរដ្ឋធម្មនុញ្ញ។ ក្នុងគោលដៅនេះឧត្ដមក្រុមប្រឹក្ស នៃអង្គចៅក្រមត្រូវមានដំណើរការប្រព្រឹត្ដទៅនៅក្នុង ឯករាជ្យពិតប្រាកដ។ រាជរដ្ឋាភិបាលខិតខំជម្រុញការកែប្រព័ន្ធច្បាប់ និង តុលាការឱ្យបានឯករាជ្យតាមរយៈ ការអនុវត្ដន៍ឯកសារ គោលនយោបាយ និង យុទ្ធសាស្ដ្រដែលក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធ តុលាការ បានរៀបចំឡើង ឱ្យមានជំនឿទុកចិត្ដពីមជ្ឈដ្ឋានជាតិ និង អន្ដរជាតិ ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយនឹង ដៃគូអ្នកផ្ដល់ ជំនួយនានា ក្នុងទិសដៅពង្រឹងនីតិរដ្ឋ បង្កើនយុត្ដិធម៌នៅក្នុងសង្គម កាត់បន្ថយ អំពើពុករលួយ ឈានទៅលុប បំបាត់វប្បធម៌និរទណ្ឌភាព ព្រមទាំងពង្រឹងវប្បធម៌សន្ដិភាព និងវប្បធម៌ នៃការគោរពច្បាប់។ ជាក់ស្ដែង រាជរដ្ឋាភិបាលនឹងរៀបចំចេញជាគំរោងអាទិភាពដើម្បីកែលំអប្រព័ន្ធច្បាប់ និង តុលាការជាជំហានៗ ដែលផ្ដោត សំខាន់ទៅលើការបញ្ចប់ការតាក់តែង ដើម្បីដាក់ឆ្លងរដ្ឋសភានូវបណ្ដា ច្បាប់ដែលមានលក្ខណៈ ជាមូលដ្ឋាន មានជាអាទិ៍ ច្បាប់លក្ខន្ដិកៈចៅក្រម ច្បាប់ស្ដីពីការរៀបចំអង្គភាព តុលាការ ក្រមព្រហ្មទណ្ឌ នីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងក្រមស្ដីពីនីតិវិធីរដ្ឋប្បវេណី ច្បាប់ស្ដីពីការ រៀបចំ និងការប្រព្រឹត្ដទៅសៃារការី និងច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅរបស់រដ្ឋអាជ្ញាសាលា។ ច្បាប់ និងលិខិតបទដ្ឋានមួយចំនួនទៀត ក៏នឹងត្រូវ បានបង្កើតឡើង ដើម្បីបំពេញបន្ថែមទៅលើក្រប ខណ្ឌគតិយុត្ដិ បច្ចុប្បន្ន ដែលជាកលក្ខខណ្ឌចាំបាច់ក្នុងក្រម ខណ្ឌអាស៊ាន និងអង្គការពាណិជ្ជកម្មបិភពលោក ជាពិសេសរាជ រដ្ឋាភិបាល នឹងរៀបចំឱ្យមានតុលាការឯកទេស មួយចំនួនតាមតម្រូវ ការចាំបាច់មានជាអាទិ៍ តុលាការពាណិជ្ជកម្ម តុលាការអនីតិជន តុលាការការងារ និងតុលាការ រដ្ឋបាល។ ក្រៅពីនោះ តុលាការគំរូក៏នឹងត្រូវបាន រៀបចំបង្កើតឡើងជាជំហានៗក្នុងទិសដៅបង្កើនគុណភាព និង ប្រសិទ្ធភាពនៃសេវាយុត្ដិធម៌។ អាទិភាពដ៏ សំខាន់មួយទៀត គឺការពង្រឹងសមត្ថភាព និងការទទួលខុសត្រូវ របស់ ចៅក្រម តាមរយៈការបង្កើតលក្ខន្ដិកៈ ចៅក្រម ការពង្រឹងវិន័យតាមក្រមសីលធម៌ និងតាមការបណ្ដុះបណ្ដាល ដំបូង និងការបណ្ដុះបណ្ដាលបន្ដ។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលនឹងបង្កើតសាលាបណ្ដុះបណ្ដាលក្រឡាបញ្ជី និងសាលាបណ្ដុះបណ្ដាលអាជ្ញា សាលា និងសារការី។ នគរបាលយុត្ដិធម៌ នឹងត្រូវបានទទួល ការបណ្ដុះបណ្ដាល និងការគ្រប់គ្រងដោយ ហ្មត់ចត់។ ព្រមជាមួយគ្នានេះ រាជរដ្ឋា ភិបាលនឹងយកចិត្ដទុកដាក់ខ្ពស់ចំពោះការ ផ្ដល់ជំនួយគតិយុត្ដិ (ឧទាហរណ៍ តាមរយៈការផ្ដល់មេធាវី) ដល់ជនក្រីក្រ ដើម្បីស្វះស្វែងរកយុត្ដិធម៌ និងការពារ ផលប្រយោជន៍ របស់ពួកគេ។ ក្រៅពីនោះទៀត រាជរដ្ឋាភិបាលនឹងលើកកំពស់ យន្ដការដំណោះស្រាយវិវាទក្រៅ ប្រព័ន្ធ តុលាការជូនប្រជាពលរដ្ឋ ពិសេសចំពោះបញ្ហាដីធ្លីមិនទាន់ចុះបញ្ជីសុរិយោដី។
(ទី៣). កំណែទម្រង់រដ្ឋបាលសាធារណៈ
រាជរដ្ឋាភិបាលយល់ច្បាស់ថា កិច្ចការពង្រឹងសមត្ថភាពស្ថាប័ន គឺជាគន្លឺះនៃការអភិវឌ្ឍន៍។ រដ្ឋបាល និងមុខងារ សាធារណៈ ត្រូវមានលក្ខណៈអព្យាក្រឹត្យ តម្លាភាព អាចឆ្លើយតបទាន់ពេលវេលាទៅ នឹងតម្រូវ ការ ហើយត្រូវមាន សមត្ថភាព និងការទទួលខុសត្រូវខ្ពស់។ រាជរដ្ឋាភិបាលបានអនុម័តកម្មវិធីជាតិ សំរាប់ កែទម្រង់រដ្ឋបាល ដើម្បីប្រែក្លាយរដ្ឋបាល និង មុខងារសាធារណៈឱ្យក្លាយទៅជាដៃគូ ដ៏មានប្រសិទ្ធភាព ក្នុងការអនុវត្ដន៍កម្ម វិធី នយោបាយរបស់រាជរដ្ឋាភិបាល។
នៅលើមូលដ្ឋាននៃគោលដៅនេះ រាជរដ្ឋាភិបាលនឹងផ្ដោតការយកចិត្ដទុកដាក់ទៅលើការផ្ដល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាពក្នុងវិស័យអាទិភាពទី៤ នៃសេវា សាធារណៈ គឺៈ (ទី១). សេវា ពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់រដ្ឋ (ឧទាហរណ៍ អត្រានុកូលដ្ឋាន លិខិត អនុញ្ញាតផ្សេងៗ ប័ណ្ណកម្ម សិទ្ធិលើដីធ្លី) (ទី២). សេវាពាក់ព័ន្ធទៅនឹងការវិនិយោគ (ទី៣). សេវាមូលដ្ឋាន (អប់រំ និងសុខាភិបាល) (ទី៤). សេវាពាក់ព័ន្ធ នឹងចំណូល ចំណាយរបស់រដ្ឋ។

 

នីតិវិធី នៃការទទួលសេវាសាធារណៈ នឹងត្រូវបានសំរួល និងធ្វើឱ្យមានភាពសាមញ្ញ តាមរយៈការ លុបបំបាត់ ការងារដែលជាន់គ្នា ការកាត់បន្ថយការិយាធិបតេយ្យ ការអនុវត្ដន៍គោលនយោបាយវិសហមជ្ឈការ វិមជ្ឈការ បច្ចេកទេស វិមជ្ឈការថ្នាក់ឃុំ សង្កាត់ យន្ដការ “ច្រកចេញ-ចូលតែមួយ” ព្រមទាំងការបង្កើត ការិយាល័យ ប្រជាពលរដ្ឋ។ នីតិវិធីទាំងអស់នឹងត្រូវបានបញ្ចូលជាជំហានៗ ទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាពត៌មាន ដើម្បីពង្រឹង តម្លាភាព និងចូលរួមកាត់បន្ថយអំពើពុករលួយ។ ការយកចិត្ដទុកដាក់ ជាពិសេស នឹងត្រូវបានផ្ដល់ ទៅលើការ ពង្រឹង ការងារគ្រប់គ្រងមន្ដ្រីរាជការ តាមរយៈការបង្ខិតរដ្ឋបាលសាធារណៈ បច្ចុប្បន្នឱ្យកាន់តែខិតជិត ទៅរក ប្រជាពលរដ្ឋតាមរយៈគោលនយោបាយ វិសហមជ្ឈការ និង វិមជ្ឈការ ពិសេសការផ្ទេរ អំណាចពីថ្នាក់ក្រោម ឱ្យបានឆាប់រហ័ស ហើយកំណត់ច្បាស់លាស់នូវតួនាទី សិទ្ធិអំណាច និង ការទទួលខុសត្រូវ របស់អាជ្ញាធរ ថ្នាក់ខេត្ដ-ក្រុង ស្រក-ខណ្ឌ ឃុំ-សង្កាត់ ការប្រើប្រាស់ប្រព័ន្ធពត៌មានវិទ្យា ការបន្ដអនុវត្ដយុទ្ធសាស្ដ្រ និទានកម្ម មុខងារសាធារណៈ ដើម្បីតម្លើងប្រាក់បៀវត្សរ៍ ជូន មន្ដ្រីរាជការទូទៅជា ជំហានៗ សំរាប់សំរួលជីវភាព ឱ្យបានធូរ ស្រាលសមរម្យថ្លៃថ្នូរ ឱ្យបានពី១០ទៅ១៥%ក្នុងមួយឆ្នាំៗ។ រាជរដ្ឋា ភិបាល ចាត់ទុកការអនុវត្ដន៍កម្ម វិធីវិមជ្ឈការ ថ្នាក់ឃុំ-សង្កាត់ ថាជាគន្លឺះសំរាប់ពង្រឹងលទ្ធិប្រជា ធិបតេយ្យ នៅមូលដ្ឋាន សំរាប់លើកកំពស់ គុណភាព សេវាសាធារណៈ និង សំរាប់ជំរុញកិច្ចអភិវឌ្ឍន៍គ្រប់ផ្នែកនៅ មូលដ្ឋាន ដោយមានការចូលរួមពីសំណាក់ មូលដ្ឋាន ខ្លួនឯងផ្ទាល់។ អាទិភាពចំបងនៅក្នុងវិស័យនេះ គឺការ កសាងសមត្ថភាពគ្រប់គ្រងនៅថ្នាក់មូលដ្ឋាន និងការផ្ដល់ ប្រភពធនធានហិរញ្ញវត្ថុសមស្រប ព្រមទាំងការ លើកស្ទួយវប្បធម៌ ចូលរួមរបស់ប្រជាពលរដ្ឋ នៅក្នុងកិច្ចការ ទាំងអស់នេះ។ ពិតណាស់ថាការអនុវត្ដន៍ វិមជ្ឈការត្រូវដើរទន្ទឹមគ្នានឹងការជម្រុញវិសហមជ្ឈការ ដែលសំដៅ ជាពិសេស ទៅលើការកសាងសមត្ថភាព ថ្នាក់ខេត្ដ-ក្រុង និងស្រុក-ខណ្ឌ ដើម្បី ធានាឱ្យមានភាព រលូនព្រមទាំង ការជួយគាំទ្រទ្រង់គ្នា និងបំបែញឱ្យគ្នាទៅវិញទៅមកក្នុងការងាររបស់ថ្នាក់ខេត្ដ-ក្រុង និង ស្រុក-ខណ្ឌ ជាមួយ នឹងថ្នាក់មូលដ្ឋាន។ ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលនឹងរៀបចំប្រធាន និងសមាជិកភូមិ ឱ្យបានឆាប់តាមតែ អាចធ្វើបាន ស្របទៅ តាមគោលការណ៍វិមជ្ឈការនៅឃុំ-សង្កាត់។
(ទី៤). កំណែទម្រង់កងកំលាំងប្រដាប់អាវុធ
ដើម្បីសំរេចកិច្ចការនេះ រាជរដ្ឋាភិបាលបន្ដអនុវត្ដន៍គោលនយោបាយដែលបានចែងក្នុងសៀវភៅ “ស” របស់ កងយោធពលខេមរភូមិន្ទ រួមបញ្ចូលទាំងការចែកដីសម្បទានដើម្បីគោលដៅសង្គមកិច្ចដល់ យោធិន រំសាយ ដែលខ្វះខាតដី និងមានបំណងសុំដីសំរាប់សាងសង់លំនៅដ្ឋាន ឬនិងធ្វើកសិកម្មជាលក្ខណៈគ្រួសារ តាមតម្រូវ ការសមស្រប តាមស្មារតីនៃអនុក្រឹត្យស្ដីពីសម្បទានដីសង្គមកិច្ច។ ទន្ទឹមនឹងនោះរាជរដ្ឋាភិបាល នឹងបន្ដ កំណែទម្រង់ដើម្បីកសាង និង ពង្រឹងកងកំលាំងនគរបាលជាតិឱ្យទៅជាកងកំលាំងមានវិជ្ជាជីវៈ ជំនាញ និងមាន បច្ចេកវិទ្យាទំនើប មានស្មារតី ទទួលខុស ត្រូវ គោរពប្រតិបត្ដិច្បាប់ហ្មឺងម៉ាត់ គោរព្វ សិទ្ធិមនុស្ស បំរើប្រជាជន ដោយស្មោះត្រង់ មានសមត្ថភាព សំរេចបាន ល្អនូវ ភារកិច្ចគ្រប់គ្រង និងថែរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ការពារអាយុជីវិត និងទ្រព្យសម្បត្ដិ របស់ប្រជាជន ព្រមទំាងរក្សាបាន នូវភាពសុខដុមរមនានៅ ក្នុងសង្គម។

 

២.២. បរិស្ថានគ្របដណ្ដប់សំរាប់ការអនុវត្ដន៍យុទ្ធសាស្ដ្រទាំងមូល

(ទី១). សុខសន្ដិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម
សន្ដិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម គឺជាលក្ខខណ្ឌមិនអាចខ្វះបានសំរាប់ការពង្រឹងស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ការអភិវឌ្ឍន៍ ប្រកបដោយចិរភាព និងការកាត់បន្ថយភាពក្រីក្រ។ ដូច្នេះរាជរដ្ឋាភិបាល នឹងបន្ដ ការងាររបស់ខ្លួន ក្នុងគោលដៅបន្ដពង្រឹងថែមទៀត នូវសុខសន្ដិភាព ស្ថិរភាពនយោបាយ សណ្ដាប់ ធ្នាប់សង្គម ជូនដល់ ប្រជាពលរដ្ឋ ដើម្បីឆ្លុះបញ្ចាំងពីការបោះជំហានរបស់កម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍន៍ និងភាពកាន់តែ ចំរើនរុងរឿង ដោយប្ដេជ្ញា ដោះស្រាយឱ្យអស់នូវផលវិបាកនៃសង្គ្រាមរបបប្រល័យ ពូជសាសន៍ និងជំលោះ ផ្ទៃក្នុង ដែលបានបំផ្លិច បំផ្លាញ និងញ៉ាំញីកម្ពុជាក្នុងរយៈពេល ជិតបីទសវត្សរ៍ កន្លងទៅនេះ។

 

ក្នុងន័យនេះ សុខសន្ដិភាព ស្ថិរភាពនយោបាយ និងសន្ដាប់ធ្នាប់សង្គម គឺជាមូលដ្ឋានគ្រឺះ នៃការងារ កសាង និងកំណែទម្រង់រដ្ឋ។ ដូច្នេះភារកិច្ចចំបង របស់រាជរដ្ឋាភិបាល គឺត្រូវពង្រឹងកោសិកាសន្ដិភាពឱ្យផ្សារភ្ជាប់គ្នាល្អ ដោយ ប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ។ ការពង្រឹងសន្ដិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម នឹងបង្កើតនូវ “រូបភាពជាក់ស្ដែង” មួយរបស់កម្ពុជាក្នុងការបង្កើន ជំនឿ ទុកចិត្ដពីសំណាក់វិនិយោគិន និងទេសចរ ក៏ដូចជាក្នុងការ បង្កលក្ខណៈឱ្យប្រជាពលរដ្ឋអាចរស់នៅប្រកប របរអាជីវកម្មតាមធម្មតា និងចូលរួមចំណែកនៅ ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចយ៉ាងសកម្មតាមសមត្ថភាព រៀងៗខ្លន។
(ទី២). ភាពជាដៃគូនៅក្នុងការអភិវឌ្ឍន៍
រាជរដ្ឋាភិបាល ផ្ដល់អាទិភាពយ៉ាងខ្លាំង ដល់ការពង្រីកភាព ជាដៃគូជាមួយតួអង្គ អភិវឌ្ឍន៍ ទាំងអស់ដែលក្នុង នោះ រួមមាន ភាពជាដៃគូជាមួយនឹងសហគមន៍អ្នកផ្ដល់ជំនួយ វិស័យឯកជន និង សង្គមស៊ីវិល។ យន្ដការ នៃភាពជាដៃគូ ជាមួយសហគមន៍អ្នកផ្ដល់ជំនួយ ត្រូវបានរៀបចំឡើងដោយឈរ លើមូលដ្ឋាននៃសេចក្ដី សំរេចចិត្ដរបស់មហាសន្និបាត អង្គការសហប្រជាជាតិ គោលការណ៍របស់គណកម្មការ ជំនួយដើម្បីអភិវឌ្ឍន៍ (DAC) នៃអង្គការសហប្រតិបត្ដិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ក៏ដូចជា ការផ្ដួចផ្ដើមគំនិតនានារបស់ ធនាគារពិភពលោក និងកម្មវិធីអភ្វិឌ្ឍន៍សហ ប្រជាជាតិ(UNDP)។

រាជរដ្ឋាភិបាល ចាត់ទុកផ្នែកឯកជនជាក្បាលម៉ាស៊ីននៃកំណើន។ ដូច្នេះការពង្រឹងភាពជាដៃគូរ រវាង រាជរដ្ឋាភិបាល និងផ្នែកឯកជនត្រូវមានភាពរលូនជាមួយការ ធ្វើអន្ដរាគមន៍ប្រកបដោយវិចារណញាណ របស់រដ្ឋ ក្នុងវិស័យ សេដ្ឋកិច្ចគួបផ្សំទៅនឹងការរៀបចំ និងអនុវត្ដន៍យ៉ាងហ្មត់ចត់នូវបទបញ្ញត្ដិច្បាប់ ព្រម ទាំងការគាំទ្រ និងការសំរួល ប្រកបដោយប្រសិទ្ធភាពពីសំណាក់ស្ថាប័នរដ្ឋដែលមានការពាក់ព័ន្ធ។ ក្នុង ស្មារតីនេះ រាជរដ្ឋាភិបាលនឹងបន្ដពង្រឹង “វេទិការាជរដ្ឋាភិបាល និងវិស័យឯកជន” ឱ្យក្លាយទៅជា យន្ដការនៃភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យ ឯកជន ប្រកបដោយប្រសិទ្ធភាពកាន់ តែខ្ពស់ ជាងមុន។

 

រាជរដ្ឋាភិបាលបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការរវាងរដ្ឋ និងសង្គមស៊ីវិល ដោយឈរលើគោលការណ៍ នីតិរដ្ឋដើម្បី ពង្រឹងលទ្ធិប្រជាធបតេយ្យ សិទ្ធសេរីភាព សណ្ដាប់ធ្នាប់សង្គម និងការគោរពច្បាប់។ សង្គម ស៊ីវិលត្រូវមាន តួនាទីជា ដៃគូដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ក្នុងការកសាងប្រទេសជាតិ។ ក្នុង ទស្សនៈនេះ រាជរដ្ឋា ភិបាលលើកទឹក ចិត្ដតាមគ្រប់រូបភាពចំពោះអង្គការមិនមែនរដ្ឋាភិបាល និងសមាគម ស្របច្បាប់នានាដែល កំពុងធ្វើសកម្មភាពបំរើផល ប្រយោជន៍ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ រាជរដ្ឋាភិបាល ស្វាគមន៍ការ ចូលរួម របស់អង្គការមិនមែនរដ្ឋាភិបាល អន្ដរជាត ក្នុងដំណើរការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច និងការគាំពារ លើកស្ទួយការអនុវត្ដន៍លទ្ធិប្រជាធិប តេយ្យ និងការគោរពសិទ្ធិមនុស្ស។ ក្នុង ស្មារតីនេះ រាជរដ្ឋាភិបាលនឹង បន្ដជំរុញការបង្កើត និងអនុវត្ដន៍ច្បាប់ស្ដីពីអង្គការ មិនមែនរដ្ឋាភិបាល និង សមាគម ដោយមានការពិគ្រោះ យោបល់ជាមួយនឹងស្ថាប័ន និងអង្គការពាក់ព័ន្ធ។

(ទី៣). បរិស្ថានម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានលក្ខណៈអនុគ្រោះ
ផ្អែកលើមូលដ្ឋាន នៃ សមិទ្ធផលការងារ ដែលសំរេចបានពីមុនមក ក្នុងការគ្រប់គ្រង ម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សាធារណៈ រាជរដ្ឋាភិបាលនឹងបន្ដពុះពារ ដើម្បីសំរេចឱ្យបាន នូវគោលដៅ នៃកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រា ៦ ទៅ ៧% ក្នុងមួយឆ្នាំ ក្នុងបរិការណ៍នៃអត្រាអតិផរណាទាបក្នុង កំរិតតួលេខតែមួយខ្ទង់ អត្រាប្ដូរ ប្រាក់មានស្ថិរភាពល្អ ហើយទុនបំរុងរបស់ជាតិក៏មានការកើនឡើងជាប្រចាំ។ ក្នុងន័យនេះរាជ រដ្ឋាភិបាល នឹងបន្ដអនវត្ដគោលនយោបាយ រូបីយវត្ថុ ប្រុងប្រយ័ត្ន និងអត្រាប្ដូរប្រាក់អណ្ដែត ដែលផ្អែក លើមូលដ្ឋាន នៃគោលការណ៍ទីផ្សារ។ គោលនយោបាយបដិដុល្លា រូបនីយកម្ម នឹងត្រូវបានអនុវត្ដបន្ដ ជាជំហាន ដ៏ប្រុងប្រយ័ត្ន ស្របទៅតាមសភាពការណ៍វិវត្ដន៍នៃសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ។

ការប្រកាន់ខ្ជាប់នូវវិន័យនៅក្នុងការគ្រប់គ្រងថវិកា មានសារសំខាន់ខ្លាំងណាស់ សំរាប់ការបង្កើតឡើង នូវបរិ ស្ថានម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានលក្ខណៈអនុគ្រោះ ចំពោះការខិតខំកសាងមូលដ្ឋាន គ្រឺះដ៏ រឹងប៉ឺង និងមាំមួន នៃសេដ្ឋកិច្ចជាតិ ដើម្បីធានាកំណើនមួយប្រកបទៅដោយចិរភាព និងមានសមធម៌។ មើលឃើញ យ៉ាងដូច្នេះ រាជរដ្ឋាភិបាលប្ដេជ្ញាបន្ដខិតខំពង្រឹងការប្រមូលចំណូលគ្រប់ប្រភេទ ទាំងចំណូល ពន្ធដារ ទាំង ចំណូលទាំងមិនមែនពន្ធដារ។ កិច្ចការនេះ រួមបញ្ចូលការអនុវត្ដន៍យ៉ាងហ្មត់ចត់នូវ ច្បាប់ស្ដីពី សារពើពន្ធ ការ ប្រឆាំងនឹងអំពើពុករលួយ និង ការគេចវេះពន្ធ ការបន្ដអនវត្ដវប្បធម៌គ្មាន ការលើក លែងពន្ធ ការពង្រឹងមូលដ្ឋាន ពន្ធដារ ការពង្រឹងសមត្ថភាពរបស់ រដ្ឋបាលពនដារ និងរបស់រដ្ឋបាលគយ និងរដ្ឋាករ និងការធានាគ្រប់គ្រង ដោយត្រឹមត្រូវ និងហ្មត់ចត់នូវទ្រព្យសម្បត្ដិ អរូបិយ ក្នុងនោះមានទ្រព្យ សម្បត្ដិរបស់ក្រុមហ៊ុនរដ្ឋ និងក្រុមហ៊ុន ចំរុះរដ្ឋ ។ រាជរដ្ឋាភិបាលនឹងជំរុញអនុវត្ដកម្មវិធី កែទម្រង់ប្រព័ន្ធ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេសតាមរយៈ ការបន្ដគោលនយោបាយវិចារណកម្មចំណាយ ដោយ ឈរលើ គោលការណ៍តម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាពសេដ្ឋកិច្ច និងការពង្រឹងយន្ដការសវនកម្ម និង លទ្ធកម្មសាធារណៈ ដោយផ្ដល់អទិភាពខ្ពស់លើ ចំណាយ ក្នុងវិស័យសង្គមកិច្ច សេដ្ឋកិច្ច និងលើការ វិនិយោគសាធារណៈ ជាពិសេសក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ដ។ រាល់ប្រតិបត្ដិការថវិកា ទាំងក្នុងផ្នែក ចំណូល ទាំងក្នុងផ្នែកចំណាយ ត្រូវតែបានធ្វើឡើងស្របទៅតាមវិធាន និងនីតិវិធីជាធរមាន។

 

នៅលើមូលដ្ឋាននៃគោលនយោបាយជាអាទិភាពខាងលើនេះ ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាល សំរាប់ នីតិកាល ទី៣ នៃរដ្ឋសភា ខ្ញុំសូមដាក់ចេញនូវវិន័យដប់យ៉ាងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលគ្រប់ សមាជិក-សមាជិកានៃរាជរដ្ឋាភិបាល មានកាតព្វកិច្ចត្រូវគោរពយ៉ាងខ្ជាប់ខ្ជួន និងដោយម៉ឺងម៉ាត់ បំផុត មិនអាចធ្វេសប្រហែស និងមិនអាចលើកលែងបានគ្រប់ពេលវេលាគឺ ៖

វិន័យទី១ ៖ ត្រូវបន្ដប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការមិនអននញ្ញាតឱ្យមាន “វប្បធម៌រួចពន្ធ និងលើក លែងពន្ធ” នៅកនុងប្រទេសកម្ពុជា។
វិន័យទី២ ៖ ត្រូវខិតខំប្រមូលចំណូលគ្រប់ប្រភេទឱ្យបានគ្រប់តាមផែនការ ឬលើសផែនការ។
វិន័យទី៣ ៖ ត្រូវបង់ចំណូលទាំងអស់ចូលរតនាគារជាតិភ្លាមៗឱ្យបានទាន់ពេល។ ហាមដាច់ខាតការរក្សា ទុកចំណូលចំណូលសំរាប់ចំណាយ នៅក្រៅក្របខណ្ឌថវិកាជាតិ ទោះជាតាមរយៈយន្ដការចំណូលព្រម ចំណាយ ព្រមក្ដី តាម រយៈ ការ ខ្ចី ក្រុម ហ៊ុនប្រើមុន ហើយចាំកាត់ចំណូលសងតាមក្រោយ។
វិន័យទី៤ ៖ ត្រូវក្លាហាន និងដាច់ខាតក្នុងការប្រយុទ្ធប្រឆាំងអំពើរត់គេចពន្ធគ្រប់ប្រភេទ និងក្នុងការតឹង ទារ បំណុលពីអ្នកដែលជំពាក់បំណុលរដ្ឋ ជាពិសេសពីអ្នកជំពាក់បំណុលពន្ធ។
វិន័យទី៥ ៖ ត្រូវតំរង់ចំណាយឱ្យចំទិសដៅអាទិភាពនៃការអភិវឌ្ឍន៍ ហើយហ្មឺងម៉ាត់ក្នុងការត្បិតត្បៀត ចំណាយ ដែលមិនចាំបាច់ ឬមិនទាន់ចាំបាច់ និងត្រូវសន្សំសំចៃក្នុងការចាយវាយ ហើយត្រូវលើកកំពស់ស្មារតី ប្រឆាំងនឹង ភាពខ្ជះខ្ជាយ។
វិន័យទី៦ ៖ ត្រូវពង្រឹង និងអនុវត្ដនឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ញត្ដិស្ដីពីលទ្ធភាពសាធារណៈ។
វិន័យទី៧ ៖ ត្រូវពង្រឹងសវនកម្មនៅក្នុងការគ្រប់គ្រងថវិការ (ទាំងចំណុល ទាំងចំណាយ) ទាំងអថិការ កិច្ច ហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំងសវនកម្មផ្ទៃក្នុងនៃសាមីក្រសួងស្ថាប័ននីមួយៗ និងទាំង សវនកម្មឯក រាជ្យផ្ទៃក្រៅ។
វិន័យទី៨ ៖ ហាមដាច់ខាតនូវការចុះកិច្ចសន្យានានាជាមួយក្រុមហ៊ុនឯកជន ដែលមានការពាក់ព័ន្ធដល់ កាតព្វកិច្ច ពន្ធដារ និងចំណូល-ចំណាយរដ្ឋ ដោយមិនមានការចូលរួម និងការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
វិន័យទី៩ ៖ ហាមដាច់ខាតនូវការខ្ចីឥណទានដែលមានលក្ខណៈពាណិជ្ជកម្ម។
វិន័យទី១០ ៖ ត្រូវពង្រឹងគ្រប់គ្រងឱ្យបានហ្មត់ចត់បំផុតនូវទ្រព្យសម្បត្ដិរបស់រដ្ឋគ្រប់ប្រភេទ ដោយ គោរពយ៉ាង ម៉ឺម៉ាត់តាមច្បាប់ បិងបទបញ្ញត្ដិទាំងឡាយស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្ដិរដ្ឋ។

 

រាជរដ្ឋាភិបាលយល់ យ៉ាងច្បាស់ថា ការបង្កើនសញ្ជ័យធនក្នុងស្រុក គឺជាកិច្ចការមួយដែលមានសារ សំខាន់ខ្លាំង ណាស់សំរាប់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាក្នុងពេលអនាគតរយៈពេលវែង។ ដើម្បីគោលដៅនេះ រាជរដ្ឋាភិបាល នឹងបន្ដដាក់ ចេញវិធានការពង្រឹងប្រព័ន្ធធនាគារក្នុងប្រទេស សំដៅធានាឱ្យបាននូវការគ្រប់គ្រង ល្អប្រសើរ មានការត្រួតពិនិត្យ ហ្មត់ចត់ សមស្រប និងមានសមត្ថភាព និងប្រសិទ្ធភាពគ្រប់គ្រាន់ ក្នុងការ កៀងគរប្រាក់ សន្សំយកមកផ្ដល់ហិរញ្ញប្បទាន សំរាប់ពង្រីកសកម្មភាពវិស័យឯកជន និងលើកកំពស់ កំណើន សេដ្ឋកិច្ច។ ជាចំណែកដ៏សំខាន់មួយនៃកិច្ចការនេះ រាជរដ្ឋាភិបាលនឹងបន្ដលើកស្ទួយវិស័យឥណទាន ជនបទ ដើម្បីជួយផ្ដល់ សេវាហិរញ្ញវត្ថុ និងប្រាក់កម្ចីធ្វើដើមទុនដែលមានការប្រាក់ទាបបំផុតតាមដែលអាច ធ្វើបាន នៅក្នុងក្រមខណ្ឌ នៃគោលការណ៍សេដ្ឋកិច្ចទីផ្សារ ដោយគិតគូរអំពីអត្រា ការប្រាក់តាមវិស័យដូចគ្នា នៃប្រទេសជាសមាជិក អាស៊ាន សំរាប់ជូនដល់ប្រជាពលរដ្ឋក្រីក្រ គ្រួសារដែលមានចំណូលទាប ព្រមទាំង សហគ្រាសធុនតូច និងមធ្យមក្នុង ទិសដៅជំរុញសកម្មភាពសេដ្ឋកិច្ចជនបទ និងរួមចំណែកលើកកំពស់ ជីវភាពប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឆ្ងាយដាច់ស្រយាល។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលនឹងបង្កើនការ យកចិត្ដទុក ដល់ការរៀបចំប្រព័នច្បាប់ បទបញ្ជា និងយន្ដការស្ថាប័នហិរញ្ញវត្ថុ ផ្សេងៗទៀតសំរាប់ប្រមែ ប្រមូលធនធានក្នុងស្រុក ដែលកំពុងតែស្ថិត នៅរាយប៉ាយនៅឡើយ តាមរយៈការបន្ដធ្វើកំណែទម្រង់ និងសុក្រឹតកម្មប្រព័ន្ធពន្ធដារ ការពង្រឹង ប្រព័ន្ធធនាគារ ពាណិជ្ជ និងវិស័យធានារ៉ាប់រង ការបង្កើតផ្សារ មូលធន ។ល។ ស្របតាម “ចក្ខុវិស័យ និងផែនការអភិ វឌ្ឍន៍ ហិរញ្ញវត្ថុ សំរាប់ឆ្នាំ ២០០១-២០១០” ដែលត្រូវបានរៀបចំឡើង នៅក្រោមជំនួយបច្ចេកទេសរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី និងត្រូវបាន អនុម័តដោយរាជរដ្ឋាភិបាលនៅខែ សីហា ឆ្នាំ ២០០១។
(ទី៤). សមាហរណកម្មកម្ពុជានៅក្នុងតំបន់ និងពិភពលោក
រាជរដ្ឋាភិបាល នឹងបន្ដជំរុញការធ្វើសមាហរណកម្មប្រទេសកម្ពុជានៅក្នុងសហគមន៍តំបន់ និងពិភព លោក ដោយផ្ដោតអាទិភាពជាពិសេសលើការខិតខំដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៍ ក្នុងសមាគម ប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) តាមរយៈការចលនាបណ្ដាប្រទេសជាសមាជិកអាស៊ាន និងប្រទេសជាដៃគូ ទាំងឡាយ ឱ្យចូលរួមយ៉ាងសកម្មក្នុងការអនុវត្ដន៍គំរោងការនានា នៃគំនិតផ្ដួចផ្ដើមសមាហរណកម្មអាស៊ាន ដែលបានអនុម័តក្នុងកិច្ចប្រជុំកំពូល អាស៊ានកន្លងមក ជាពិសេសវិធានការ និងគំរោងនានាដែលបាន អនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៨ កាល ពីខែ វិច្ឆិកា ២០០២ នៅទីក្រុងភ្នំពេញ។ ជាមួយ គ្នានេះ រាជរដ្ឋាភិបាលនឹងបន្ដចូលរួមយ៉ាងសកម្មក្នុងការអនវត្ដន៍ “កម្មវិធីមហាអនុតំបន់មេគង្គ” ពិសេស គំរោងអាទិភាពនានា ដែលបានអនម័តនៅក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់ មេគង្គលើកទី ១ នៅ ទីក្រុងភ្នំពេញ នាខែ វិច្ឆិកា ២០០២ និងគំនិតផ្ដួចផ្ដើម “តំបន់់អភិវឌ្ឍន៍ត្រីកោណ” កម្ពុជា – វៀតណាម – ឡាវ និងកម្ពុជា – ឡាវ – ថៃ និង “យុទ្ធសាស្ដ្រសហប្រតិបត្ដិការសេដ្ឋកិច្ច” រវាងកម្ពុជា – ឡាវ មីយ៉ាន់ម៉ារ និងថៃ។ ដើម្បីកម្ពុជា អាចទាញយកផលចំណេញពីសមាហរណកម្ម អន្ដរជាតិ យើងត្រូវ ពង្រឹងសមត្ថភាពស្ថាប័ន និង ដាក់ឱ្យ អនុវត្ដយុទ្ធសាស្ដ្រសហប្រតិបត្ដិការជាមួយ ប្រទេសជិតខាង ដូចជា ការអនុវត្ដន៍ទស្សនាទាន “ប្រទេសបួន-សេដ្ឋកិច្ចមួយ” ការបង្កើតតំបន់ ត្រីកោណ នៃកំណើនសេដ្ឋកិច្ច និងការបង្កើតតំបន់សេរីសំរាប់កែឆ្នៃបំរើការនាំចេញ។
បច្ចុប្បន្ននេះ ពិភពលោកទាំងមូលបានទទួលស្គាល់ថា ពាណិជ្ជកម្មសេរីអាចចូលរួមផ្ដល់វិភាគទាន យ៉ាងសំខាន់ ដល់ការកាត់បន្ថយភាពក្រីក្រ និងការលើកកំពស់ជីវភាពរបស់ប្រជាជន ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនឹងបន្ដដំណើរ ទៅមុខទៀតយ៉ាងស្វាហាប់ នៅលើមាគ៌ានៃការធ្វើសេរីភាវូនីយកម្មពាណិជ្ជកម្ម សំដៅធានាឱ្យទំនិញ និងសេវាគ្រប់ ប្រភេទអាចចរាចរបានដោយសេរីនៅក្នុងទូទាំងប្រទេស និងរវាង ប្រទេសកម្ពុជា និងប្រទេសជាដៃគូសំខាន់ៗនៅក្នុង តំបន់ និងលើសកលលោក។ ការបើកច្រកឱ្យផលិតផល កម្ពុជាអាចឈានចូលដោយគ្មានរបាំង និងឧបសគ្គនានា ទៅកាន់ទីផ្សារដ៏ធំធេងនៅក្នុងតំបន់ និងក្នុង ពិភពលោក នឹងផ្ដល់ឱ្យកម្ពុជានូវកាលានុវត្ដភាពនៃ ”វិមានសេដ្ឋកិច្ច” ដ៏វិសេសវិសាល ដែលនឹងផ្ដល់ ផលប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា ជាកំណើននៃការវិនិយោគ កំណើននៃការងារ កំណើននៃ ប្រាក់ចំណូល និងកំណើន នៃសេដ្ឋកិច្ចជាតិទាំងមូល ដែលសុទ្ធតែជាកត្ដា ដ៏សំខាន់សំរាប់កាត់បន្ថយនូវភាព ក្រីក្ររបស់ ប្រជាជន។ ក្នុងន័យនេះ ការចូលរួមរបស់កម្ពុជានៅក្នុងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន 9ៅធទៅប និង ការចូល ជាសមាជិកក្នុងអង្គការពាណិជ្ជកម្មពិភពលោក 9ឺទឿប នាពេលថ្មីៗនេះ គឺសុទ្ធតែជំហានដែល មានអត្ថន័យ ជាយុទ្ធសាស្ដ្រ និង ជាប្រវត្ដសាស្ដ្រ សំរាប់ការខិតខំប្រឹងប្រែងស្ដារ និងអភិវឌ្ឍន៍កម្ពុជា។
ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនឹងប្រឹងប្រែងអនុវត្ដ យ៉ាងហ្មត់ចត់នូវកាតព្វកិច្ចរបស់ ប្រទេសកម្ពុជា ជាសមាជិក របស់អង្គការពាណិជ្ជកម្មពិភពលោក។ ជាការពិត សមាជិកភាពនៅក្នុងអង្គការពាណិជ្ជកម្ម ពិភពលោកតំរូវឱ្យមាន ការងារជាច្រើនដូចជា ការអនុមតិ អនុវត្ដន៍ច្បាប់ និងលិខិតបទដ្ឋាន នីតិវិធីប៉ាន់ តំលៃ វិធីសាស្ដ្រប៉ាន់តំលៃពាណិជ្ជកម្ម និងរបាយការណ៍ដែលប៉ាន់ប្រមាណផលប៉ះពាល់ដល់ការ ការពារ ពាណិជ្ជកម្ម ក៏ដូចជាការសិក្សាស្ដីពីការផលិតស្រូវ ទីផ្សារកសិកម្មផ្សេងទៀត និងដំណើរក្សេត្រវិទ្យា សិប្បកម្ម ទឹកស្អាត នេសាទ រោងចក្រ ទេសចរណ៍ និងសេវាពលកម្ម ដើម្បីទាញយកផលប្រយោជន៍ពីអង្គការ នេះ។ រាជរដ្ឋាភិបាលប្ដេជ្ញាចិត្ដយ៉ាងមុតមាំថា នឹងប្រើប្រាស់កាលនុវត្ដភាពនេះ ដើម្បីកែទម្រង់ក្នុងគ្រប់ វិស័យ។

២.៣. ចតុកោណយុទ្ធសាស្ដ្រទាំងបួនសំរាប់ជំរុញកំណើន
ចតុកោណទី១. ការលើកស្ទួយវិស័យកសិកម្ម
មុំទី១. ការលើកកំពស់ផលិតភាពកសិកម្ម និងពិធីធកម្មកសិកម្ម
ក្នុងនីតិកាលកន្លងមក រាជរដ្ឋាភិបាលសំរេចបាននូវជោគជ័យគួរជាទី លើកទឹកចិត្ដក្នុងការ ជំរុញលើក កំពស់កំណើន សេដ្ឋកិច្ច។ ក៏ប៉ុន្ដែទោះបីយ៉ាងណា កំណើននេះនៅមានមូលដ្ឋានតូចចង្អៀតនៅឡើយ ដោយ សារវាពឹងផ្អែកជាសំខាន់ទៅលើវិស័យតែពីរប៉ុណ្ណោះ នោះគឺឧស្សាហកម្មកាត់ដេរ និងវិស័យ ទេសចរណ៍។ នេះជាប្រការដែលធ្វេិឱ្យ សេដ្ឋកិច្ចកម្ពុជាមានលក្ខណៈងាយរងគ្រោះដោយសារអស្ថិរភាព និងវិបត្ដិផ្សេងៗ ពីក្រៅប្រទេស។ ក្នុងន័យនេះ យើងមានសេចក្ដីត្រូវការចាំបាច់ក្នុងការពង្រឹង និងពង្រីកមូលដ្ឋាន នៃកំណើន សេដ្ឋកិច្ចជាតិ ដោយប្រើប្រាស់សក្ដានុពលភាព សេដ្ឋកិច្ច ក្នុងវិស័យផ្សេងៗ ទៀតឱ្យបាន កាន់តែច្រើន ពិសេសគឺវិស័យកសិកម្ម និងកសិ-ឧស្សហកម្ម ដែលមានសក្ដានុ ពលកំណើនដ៏ធំធេង ហើយថែមទាំងអាច ផ្ដល់ឥទ្ធិពលជាវិជ្ជមានយ៉ាងឆាប់រហ័ស ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីលើកកំពស់ជីវភាព ប្រជាជននៅតាមទីជនបទទៀតផង។
គោលនយោបាយកសិកម្ម របស់រាជរដ្ឋាភិបាល គឺសំដៅលើកកំពស់ ផលិតភាពកសិកម្ម និងពិពិធកម្ម 9ឌិវរេសិថិចាតិៀនប វិស័យកសិកម្ម ឱ្យក្លាយទៅជាផ្នែកនាំមុខមួយ ដែលអាចផ្ដល់ជីវភាពបន្ថែម ដល់កំណើន សេដ្ឋកិច្ច និង អាចចូលរួមវិភាគទានយ៉ាងសំខាន់ ដល់ការកាត់បន្ថយភាពក្រីក្រ។ ក្នុងទិសដៅនេះ រាជរដ្ឋា ភិបាលនឹងបង្កើនការប្រើប្រាស់ធនធានក្នុងស្រុកសំរាប់អនុវត្ដពហុវប្បកម្ម និងប្រពលវប្បកម្ម កសិកម្ម ដើម្បីធានាបាននិរន្ដរភាពនៃកំណើន សេដ្ឋកិច្ច បង្កើតការងារ និងបង្កើនប្រាក់ចំណូលនៅជនបទ ព្រមទាំង ធានាសន្ដិសុខស្បៀងសំរាប់ប្រជាជនទូទៅ ហើយធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ និងបង្កើនការនាំចេញ កសិផល។ ក្នុងន័យនេះ ការបង្វែរទិសពីការអភិវឌ្ឍន៍តាមបែប “បើកទូលាយ” ឬ តាមបែប“វិបុលកម្ម” ទៅកាន់ការអភិវឌ្ឍន៍តាមបែប “ស៊ីជំរៅ” ឬ តាមបែប “ប្រពលកម្ម” ពោលគឺ ការពង្រឹងសមត្ថភាព ចិញ្ចឹមលើផ្ទៃដី ដែលមានស្រាប់តាមរយៈប្រពលកម្ម បានក្លាយទៅជាអាទិភាពដ៏ខ្ពស់បំផុតមួយ របស់ រាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលនឹងជំរុញបង្កើតបរិយាកាសល្អ សំរាប់ការចូលរួមរបស់ផ្នែកឯកជន ដើម្បីការលូតលាស់ នៃវិស័យកសិកម្ម តាមរយៈការប្រឹងប្រែងបន្លឿនការផ្ដល់កម្មសិទ្ទិដីធ្លីនៅតាមជនបទ ក្នុងទិសដៅពង្រឹង សុវត្ថិភាពនៃការកាន់កាប់ដីធ្លីកសិកម្ម ការពង្រីក និងបែងចែកដីធ្លីកសិកម្ម ក្នុងក្របខណ្ឌដីសម្បទាន សង្គមកិច្ច ការអផិវឌ្ឍន៍ប្រព័ន្ធស្រោច ស្រពផ្ទៃដី និងការគ្រប់គ្រងធនធានទឹក ដោយយកចិត្ដទុកដាក់ផងដែរ ដល់ការបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ប្រព័ន្ធធារាសាស្ដ្រដែលមានស្រាប់ ការបន្ដបង្កើត និងពង្រឹង គុណភាពសហគមន៍អ្នកប្រើប្រាស់ទឹក ព្រមទាំងការកាត់ បន្ថយភាពងាយរងគ្រោះពីគ្រោះធម្មជាតិ និងការ ពឹងផ្អែកទាំងស្រុងលើលក្ខខណ្ឌធម្មជាតិ។ល។
ក្នុងទិសដៅជំរុញផលិតភាពកសិកម្ម រាជរដ្ឋាភិបាលនឹងយកចិត្ដទុកដាក់បន្ថែមទៀត ចំពោះការពង្រីក សេវាកម្ម គាំទ្រដល់វិស័យនេះ ដូចជាការងារស្រាវជ្រាវ និងផ្សព្វផ្សាយការអភិវឌ្ឍន៍ទីផ្សារកសិកម្ម ការបែង ចែកសំភារៈ ពូជជី និងការផ្ដល់ឥណទានជនបទ។ល។ ក្នុងក្របខណ្ឌនេះរាជរដ្ឋាភិបាលនឹងផ្ដល់អាទិភាព ជាពិសេស ទៅលើការតំរង់ទិសកិច្ចការវិនិយោគសាធារណៈ និងការលើកទឹកចិត្ដវិនិយោគឯកជនឱ្យឆ្ពោះទៅ រកវិស័យកសិកម្ម សំដៅការលើកកំពស់កំណើនកសិផល និងធានាគុណភាពកសិផលកម្ពុជាឱ្យឆ្លើយតបទៅ នឹងការតំរូវនៃស្ដង់ដារអន្ដរជាតិ។
រាជរដ្ឋាភិបាលបន្ដផ្ដល់អាទិភាព ទៅលើកិច្ចការអភិវឌ្ឍន៍តំបន់ព្រំដែន និងតំបន់ជនបទដាច់ស្រយាល ដើម្បី ទប់ស្កាត់ការធ្វើចំណាកចោលស្រុក តាមរយៈការរៀបចំ និងកសាងតំបន់ទីប្រជុំជនបទមួយចំនួន ដែលមានបណ្ដាញហេដ្ឋារចនាសម្ព័ន្ធសមស្រប សំរាប់សំរួលដល់ជីវភាពរស់នៅ និង ការចូលរួមទៅក្នុង សកម្មភាពសេដ្ឋកិច្ចរបស់ប្រជា ពលរដ្ឋនៅទីនោះ។
រាជរដ្ឋាភិបាលបន្ដផ្ដល់អាទិភាពទៅ លើកិច្ចការអភិវឌ្ឍន៍តំបន់ព្រំដែន និងតំបន់ជនបទដាច់ស្រយាល ដើម្បីទប់ស្កាត់ការធ្វើចំណាកចោលស្រុក តាមរយៈការរៀបចំ និងកសាងតំបន់ទីប្រជុំជនមួយចំនួន ដែលមានបណ្ដាញ ហេដ្ឋារចនាសម្ព័ន្ធសមស្របសំរាប់សម្រួល ដល់ជីវភាពរស់នៅ និងការចូលរួមទៅក្នុង សកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ នៅទីនោះ។
រាជរដ្ឋាភិបាលបន្ដជម្រុញចលនា “ភូមិមួយ ផលិតផលមួយ” ដើម្បីលើស្ទួយគំនិតថ្នៃប្រឌិត និងជំនឿ លើខ្លួនឯង របស់ប្រជាពលរដ្ឋនៅតាមជនបទ ដោយឈរលើគោលការណ៍សំខាន់ៗ បួនយ៉ាងគឺ ៖ (ទី១). ការរិះរកវិធីផលិត ដែលសមស្របទៅនឹងស្ថានភាពជាក់ស្ដែងនៃបរិស្ថានភូមិឋាន និងសមស្របទៅតាម សេចក្ដីត្រូវការរបស់ទីផ្សារ (ទី២). ការបង្កលក្ខណៈងាយស្រួល និងការផ្ដល់ការលើកទឹកចិត្ដប្រជាពលរដ្ឋ ក្នុងការផលិត ដូចជាការស្វែងរកទីផ្សារ ការផ្ដល់ឥណទា ការផ្ទេរ បច្ចេកវិទ្យា និងការផ្ដល់ពូជ (ទី៣). ការជួយបណ្ដុះបណ្ដាលសមត្ថភាពគ្រប់គ្រង និងធនធាន មនុស្ស និង (ទី៤). ការបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋ បង្កើតសហគមន៍កសិកម្មក្នុង ទិសដៅធានាតម្លៃ ផលិតផល។
មុំទី២. កំណែទម្រង់ដីធ្លី និងការបោសសំអាតមីន
ដី និង ទឹក គឺជាធនធានធម្មជាតិសំខាន់ពីរ ជាមូលដ្ឋានដែលអាចយកមកប្រើប្រាស់សំរាប់ការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកិច្ច និងការកាត់បន្ថយភាពក្រីក្រ ជាពិសេសនៅតមបន់ជនបទ។ ដោយបន្ដអនវត្ដច្បាប់ ភូមិបាល និង គោលនយោបាយដីធ្លី រាជរដ្ឋាភិបាលប្រមូលផ្ដុំជាសំខាន់លើវិធានការពង្រឹងប្រព័ន្ធគ្រប់គ្រង បែងចែក និងប្រើប្រាស់ដីធ្លីប្រកបដោយសមធម៌ និងដោយធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច តាមរយៈការចុះ បញ្ជីដីធ្លី ការបែងចែកដីធ្លី ការធានាសុវត្ថិភាពនៃកម្មសិទ្ធិលើដីធ្លី ការលុបបំបាត់ភាពអានាធិបតេយ្យ ក្នុង ការកាន់ កាប់ដីដោយខុសច្បាប់ ការដាក់ចេញវិធានការសមស្រប ដើម្បីទប់ស្កាត់ការប្រមូលដីទុកដោយមិន ប្រើប្រាស់ មិនធ្វើផលិតកម្មឬអាជីវកម្ម។ល។ រាជរដ្ឋាភិបាលពិនិត្យឡើងវិញនូវដីទំនេររបស់រដ្ឋ ឬដីរដ្ឋដែល ឯកជន កាន់កាប់ដោយមិនស្របច្បាប់តាមលិខិត បទដ្ឋានគតិយុត្ដិ និងនីតិវិធីដែលបានកំណត់កន្លងមក។

 

រាជរដ្ឋាភិបាលនឹងបន្ដផ្ដល់អាទិភាពដល់ការពង្រឹងសិទ្ធិកាន់ កាប់ដីធ្លីជូនប្រជាពលរដ្ឋ ដែលត្រូវការដីសំរាប់ សង់លំនៅដ្ឋាន និងធ្វើអាជីវកម្មកសិកម្មជាគ្រួសារក្នុងក្របខណ្ឌដី សម្បទានដើម្បីគោលដៅសេដ្ឋកិច្ច ដោយ ឈរ លើគោលការណ៍ជួយគ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះ។
រាជរដ្ឋាភិបាលយលច្បាស់ថា ការបោសសំអាតមីនមិនមែនគ្រាន់តែជាបញ្ហាសន្ដិសុខមួយមុខប៉ុណ្ណោះទេ ប៉ុន្ដែ វាពាក់ព័ន្ធទៅនឹងបញ្ហាសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ជារួម ជាពិសេសបញ្ហាការផ្គត់ផ្គង់ដី និងការផ្ដល់ សុវត្ថិភាពក្នុងការ ប្រកបអាជីវកម្មនៃគ្រួសារកសិករក្រីក្រ នៅទីជនបទដាច់ស្រយាល។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនឹងអនុវត្ដការងារតាមនីតិវិធី ដែលបានរៀបចំដើម្បីធានាសកម្មភាពកំចាត់មីន ដែលកំពុង អនវត្ដនៅកម្ពុជាឱ្យមានសុវត្ថិភាពមានការសំរបសំរួល និងមានផែនការល្អ និងអនវត្ដតាមស្ដង់ដារជាតិ និងកាតព្វកិច្ចអន្ដរជាតិ។
មុំទី៣. វិស័យនេសាទ និងជលផល
មច្ឆជាតិមានសារសំខាន់ ជាអាយុជីវិតសំរាប់ប្រជាជនកម្ពុជារាប់លាននាក់ ដោយផ្ដល់ជាស្បៀងអាហារ ជា ចំណូល និងការរស់នៅ ហើយគួបផ្សំនឹងអង្ករ ត្រី ដែលជាផ្នែកមួយសំខាន់នៃសន្ដិសុខស្បៀងបានផ្ដល់ ប្រូតេអ៊ីនចំនួន បីភាគបួនដល់ប្រជាជនចំនួន ២ លាននាក់។ អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលបានដាក់ចេញ នូវវិធានការអភិវឌ្ឍន៍ វិស័យជលផលប្រកបដោយចិរភាព និងមានសមធម៌ ដោយប្រគល់សិទ្ធិអំណាច ទៅឱ្យសហគមន៍ជនបទដើម្បីឱ្យ ប្រជាកសិករអាចចូលរួមបានយ៉ាងសកម្មក្នុងការរៀបចំផែនការ និងកម្មវិធី នានា ហើយទទួលខុសត្រូវគ្រប់ធនធាន ជលផលដោយខ្លួនឯង។
រាជរដ្ឋាភិបាលនឹងបង្វែរឡូត៍នេសាទចប់កិច្ចសន្យាមួយចំនួនទុកជាកន្លែងអភិរក្សពូជត្រី សំរាប់បង្កើនផល ស្ដុកធម្មជាតិផង និងរក្សពូជត្រីដែលស្ទើរផុតពូជឱ្យកើតមានសំបូរឡើងវិញផង ព្រមទាំងជំរុញបង្កើនទំហំ ដែននេសាទ សំរាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងជំរុញការអភិវឌ្ឍន៍ផ្នែកវារីវប្បកម្មដើម្បីឆ្លើយតបទៅនឹង តំរូវការសាច់ត្រីកើន ឡើងផងព្រមទាំងបន្ថយសម្ពាធលើធនធានជលផលធម្មជាតិផងដែរ។
មុំទី៤. កំណែទម្រង់ព្រៃឈើ
គោលដៅនៃយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលនៅក្នុងវិស័យព្រៃឈើ គឺធានាឱ្យបាននូវការគ្រប់គ្រងព្រៃឈើ ប្រកបដោយចិរភាព ដោយឈរលើមូលដ្ឋាននៃសសរទ្រូងបីសំខាន់ៗៈ
ទី១. គោលនយោបាយគ្រប់គ្រងព្រៃឈើ ប្រកបថោយចិរភាពដោយមានការត្រួតពិនិត្យអាជីវកម្មព្រៃឈើ យ៉ាងហ្មឺងម៉ាត់ និងសមស្របតាមនិយាមនៃការគ្រប់គ្រងព្រៃឈើជាអន្ដរជាតិ ដែលតំរូវឱ្យមានទំហំ ព្រៃឈើ បំរុងទុក គ្រប់គ្រាន់សំរាប់ទប់ទល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងសំរាប់ការពារភាពរាំងស្ងួត និង ទឹកជំនន់ ព្រមទាំងមាន ព្រៃលិចទឹកសំរាប់ទុកជាជមរកមច្ឆជាតិ។
ទី២. ប្រព័ន្ធការពារធនធានធម្មជាតិ ដើម្បីធ្វើការអភិរក្សជីវសាស្ដ្រចំរុះ និងប្រភេទដែលកំរ។
ទី៣. ការអនវត្ដន៍កម្មវិធីអភិវឌន៍សហគមន៍ព្រៃឈើមួយ ដែលរឹងមាំ មានតម្លាភាព និងមានការគ្រប់គ្រង ដោយផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងតំបន់នេះ។
រាជរដ្ឋាភិបាលបានផ្អាក និងពិនិត្យអាជីវកម្មព្រៃឈើសម្បទានដែលនៅសេសសល់ទាំងអស់ឡើងវិញ ដើម្បី វាយតំលៃស្ថានភាពបច្ចុប្បន្នសំដៅទៅលើការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព។ ទន្ទឹមនេះរាជរដ្ឋាភិបាល នឹងបន្ដ ជំរុញ គោលនយោបាយដាំដុះព្រៃឈើឡើងវិញ។
ចតុកោណទី២. ការបន្ដស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបមន្ដ
មុំទី១. ការបន្ដស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍
បណ្ដាញគមនាគមន៍មានតួនាទីជាសសៃឈាមសំរាប់តភ្ជាប់ច្រកល្ហក នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយទៅ ជាសរីរាង្គកាយសេដ្ឋកិច្ចមួយ ដែលធានាបាននូវសមាហរណកម្មផ្ទៃក្នុងខ្លួនឯងផង និងសមាហរណកម្ម សេដ្ឋកិច្ចកម្ពុជាជារូបវន្ដ ទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោកផង។ លើសពីនេះទៀត សំរាប់ស្ថានភាព សេដ្ឋកិច្ចកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅមានតួនាទីដ៏សំខាន់ជា “ក្បាលរថភ្លើង នៃកំណើន សេដ្ឋកិច្ច” និង ជាមធ្យោបាយដ៏ មានប្រសិទ្ធភាពបំផុតមួយ សំរាប់កាត់បន្ថយភាពក្រីក្រ និងទុក្ខលំបាក វេទនា របស់ប្រជាជន។
នៅលើមូលដ្ឋាននៃទស្សនៈវិជា្ជនេះ រាជរដ្ឋាភិបាលនឹងបន្ដផ្ដល់អាទិភាពខ្ពស់ទៅលើការស្ដារ និងកសាង ប្រព័ន្ធគមនាគមន៍ ដឹកជញ្ជូនគ្រប់រូបភាព រួមមានថ្នល់-ស្ពាន ផ្លូវដែក ផ្លូវទឹក កំពង់ផែ និង អាកាសយាន ដ្ឋានដែលតភ្ជាប់រវាងគ្រប់តំបន់នៅទូទាំងប្រទេស ទាំងទីក្រុង ទីប្រជុំជន និងតំបន់ជនបទឆ្ងាយដាច់ ស្រយាល និងតភ្ជាប់ជាមួយបណ្ដាប្រទេសជិតខាងឱ្យទៅប្រពន្ធ័គមនាគមន៍ដឹកជញ្ចូនមួយដ៏ងាយស្រួល មាន ស្ថិរភាព មានសុវត្ថិភាព មានប្រសិទ្ធ ភាពសេដ្ឋកិច្ច និងមានតម្លៃទាបក្នុងទិសដៅសម្រួលដល់ការធ្វើ ពាណិជ្ជកម្ម ជម្រុញវិស័យទេសចរណ៍ ការអភិវឌ្ឍន៍ជនបទ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងក្ន្នុងសកលលោក ពិសេស គឺបំរើដល់កិច្ចការពារជាតិថែមទៀត។ ក្នុងនេះអាទិភាពខ្ពស់ នឹងត្រូវបាន ផ្ដោតទៅលើការបន្ដកសាងផ្លូវជនបទ ជាមួយនឹងការពង្រឹងវិធានការថែទាំ ផ្លូវថ្ម្នល់ ដើម្បីរក្សាស្ថិរភាព នៃការដឹកជញ្ជូន និង ការធ្វើដំណើរ។
រាជរដ្ឋាភិបាលនឹងខិតខំពុះពារបន្ដកិច្ចការស្ដារ និងអភិវឌ្ឍបណ្ដាញ ផ្លូវដែក និងជម្រុញការប្រើប្រាស់ ផ្លូវដែក សំរាប់ដឹក ជញ្ជូនធុនធ្ងន់។
វិស័យអាកាសចរណ៍ស៊ីវិល នឹងត្រូវបានលើកកំពស់ថែមទៀត ក្នុងទិសដៅ ធានាឱ្យសេវាអាកាចរណ៍ស៊ីវិល អាចចូលរួម យ៉ាងសកម្ម ក្នុងការលើក ស្ទួយកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសគឺវិស័យទេសចរណ៍ជាតិ។
មុំទី២. ការគ្រប់គ្រងធនធានទឹក និង ប្រព័ន្ធធារាសាស្ដ្រ
គោលនយោបាយធនធាទឺក គឺជាផ្នែកមួយនៃគំរោងទូលំទូលាយ ដែលផ្ដល់ជាមួលដ្ឋានដល់ការការពារ ការ គ្រប់គ្រង និងការប្រើប្រាស់ទឹកសាប ទឹកប្រៃ ធនធានទឹកសមុទ្រ ឱ្យមានលក្ខណៈចិរភាព ស្មើភាព និង បំរើផលប្រយោជន៍សាធារណៈឱ្យមានប្រសិទ្ធភាព។ ទិសដៅរបស់គោលនយោបាយនេះ គឺប្រមើលជាមុន និង ដោះស្រាយរាល់បញ្ហា ដែលស្ថាប័នបំពេញការងារក្នុងវិស័យទឹកប្រឈមមុខក្នុងកំឡុងពេល ២០ ឆ្នាំខាងមុខ ហើយជួយវិស័យនេះ ឱ្យប្រកាន់យកវិធានការសមស្របដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ។
អនុវត្ដស្មារតីនេះ រាជារដ្ឋាភិបាលនឹងផ្ដោតការយកចិត្ដទុកដាក់លើក (១). ការផ្ដល់ឱ្យពលរដ្ឋគ្រប់រូបនូវ ទឹក ដែលមានសុវត្ថិភាព និងប្រកបដោយអនាម័យ (២). ការផ្ដល់សេរីភាព ដល់ពលរដ្ឋគ្រប់រូប ដោយ បញ្ចៀស ការគំរាមកំហែងបាត់បង់ជីវិត និងលក្ខខណ្ឌជិវិត ដែលបណ្ដាលមកពីភាពចៃដន្យដែលទាក់ទង នឹងទឹក (៣). ការផ្ដល់ទឹកគ្រប់គ្រាន់ដល់កន្លែងណាដែលត្រូវធានាបាននូវសន្ដិសុខស្បៀង សំរាប់ការរស់នៅរបស់ ប្រជាជន និងសំរាប់សកម្មភាពសេដ្ឋកិច្ច (៤). ការធានាបរិស្ថានទឹក ដែលគ្មានជាតិពុល និងការទ្រទ្រង់ ជីវិតមច្ផា និង ប្រព័ន្ធអេកូឡូស៊ីនៅក្នុងទឹក។
រាជរដ្ឋាភិបាលនឹងបន្ដអភិវឌ្ឍប្រព័ន្ធស្រោចស្រពផ្ទៃដី និងការគ្រប់គ្រងធនធានទឹក ដោយផ្ដោតការយកចិត្ដ ទុកដាក់លើការបង្កើនប្រសិទ្ធភាព ក្នុងការប្រើប្រាស់ប្រព័ន្ធធារាសាស្ដ្រដែលមានស្រាប់ ការបន្ដបង្កើត និង ពង្រឹង គុណភាពសហគមន៍អ្នកប្រើប្រាស់ទឹក និងការកាត់បន្ថយភាពងាយរងគ្រោះពីគ្រោះធម្មជាតិ និង ការពឹងផ្អែកទាំងស្រុងលើលក្ខខណ្ឌធម្មជាតិ។
មុំទី៣. ការអភិវឌ្ឍន៍វិស័យថាមពល និង បណ្ដាញអគ្គិសនី
ការបន្ដអភិវឌ្ឍន៍វិស័យថាមពល ដើម្បីធានាឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងក្នុងថ្លៃថោកសមរម្យ ទៅនឹងតម្រូវការនៃការប្រើប្រាស់ដែលចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ គឺជារបៀបវារៈដ៏សំខាន់បំផុត មួយនៃ គោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។ ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលនឹងផ្ដល់អាទិភាព ខ្ពស់ទៅលើការទាក់ទាញឱ្យមានការចូលរួមរបស់ផ្នែកឯកជន នៅក្នុងការផលិតផ្គត់ផ្គង់អគ្គិសនី ពិសេសនៅ តាមបណ្ដាទីរួមខេត្ដ និងទីប្រជុំជនសំខាន់ៗ ការអនុវត្ដន៍គម្រោងអគ្គិសនីភាវូបនីយកម្មតំបន់ជនបទប្រកប ដោយគុណភាព និងមានតំលៃទាប សមរម្យ ព្រមទាំងគម្រោងតភ្ជាប់ខ្សែបញ្ចូនថាមពល ពីប្រទេស ជិតខាង។
ការស្ដារ និងពង្រឹកប្រព័ន្ធផ្គត់ផ្គង់សមត្ថភាពផលិតកម្មអគ្គិសនីនៅភ្នំពេញ កំពុងតែត្រូវបានបន្ដអនុវត្ដតាម រយៈការនាំចូលអគ្គិសនីពីប្រទេសជិតខាង និង គម្រោងការសាងសង់រោងចក្រអគ្គិសនីដោយចំហាយតាម តំបន់មាត់សមុទ្រ។ នៅក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី រាជរដ្ឋាភិបាលមានផែនការអភិវឌ្ឍន៍ថាមពលវារី អគ្គិសនីកំចាយ ស្ទឹងបាត់ដំបង ស្ទឹងអាតាយ និងស្ទឹងឬស្សីជ្រុំ។ ទន្ទឹមនឹងនេះក្នុងការអភិវឌ្ឍន៍ផ្នែក វារីអគ្គិសនីរាជរដ្ឋាភិបាលមិនត្រឹមតែគិតគូរពីបញ្ហាបរិស្ថានធម្មជាតិ និងសង្គមប៉ុណោ្ណះទេ ប៉ុន្ដែក៏គិតគូរ ដែរ អំពីបញ្ហាសេដ្ឋកិច្ច។
មុំទី៤. ការអភិវឌ្ឍន៍បច្ចេកវិទ្យាពត៌មាន និង ទូរគមនាគមន៍
គោលនយោបាយ និងយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលក្នុងវិស័យនេះ គឺបន្ដអភិវឌ្ឍន៍ប្រព័ន្ធប្រៃសណីយ៍ និង ទូរគមនាគមន៍ និងជម្រុញការអភិវឌ្ឍន៍បច្ចេកវិទ្យាពត៌មាន ប្រកបដោយគុណភាពខ្ពស់ ស្របតាមស្ដង់ដារ អន្ដរជាតិ មានថ្លៃថោកសមរម្យ និង មានសេវាកម្មទំនើបគ្របដណ្ដប់ទូទាំងប្រទេសតាមរយៈការអនុវត្ដមន៍ វិធានការដូចតទៅ ៖
– បន្ដជម្រុញការវិនិយោគ ទៅលើបណ្ដាញហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង (ពាចកបៀនេ ិនថរាសតរុចតុរេ) សំរាប់បំរើបំរើឱ្យវិស័យបច្ចេក វិទ្យាពត៌មាន និង ទូរគមនាគមន៍ (ីនថៀរមាតិៀន ានដ ជៀមមុនិចាតិៀន ទចេហនៀលៀងយ – ីជទ) ពិសេសបណ្ដាញខ្សែកាប្លអុបទិចដែល មានសមត្ថភាពខ្ពស់ ដែលនឹងចូលរួមបំរើប្រកប ដោយប្រសិទ្ធភាពផងដែល ដែរ ដល់បណ្ដាញទូរគមនាគមន៍ជនបទ។
– បង្កើតឱ្យមានបណ្ដាញទូរគមនាគមន៍នៅក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងក្រុងសៀមរាប និងពង្រីក សេវាកម្មនៅតាមក្រុង និងទីរួមខេត្ដ។
– ដាក់ចេញនូវបទដ្ឋានថ្នាក់ជាតិ សំរាប់ការរៀបចំគម្រោងការសាងសង់ និងកិច្ចប្រតិបត្ដិការគ្រប់សេវា ទូរគមនាគមន៍ និងសំរាប់បច្ចេកវិទ្យាពត៌មាន រួមមានប្រព័ន្ធស្ដង់ដារ និងបទដ្ឋានសំរាប់ការប្រើប្រាស់ បច្ចេកវិទ្យាកុំព្យួទ័រ និងអ៊ិនទែរណិតផងដែរ។
– ពង្រឹងឱ្យបានរឹងមាំនូវរចនាសម្ព័ន្ធប្រៃសណីយ៍ ព្រមទាំងសមត្ថភាពស្ថាប័នដើម្បីធ្វើឱ្យសេវាកម្មលើក កិច្ចការនេះមានការរើកចំរើនប្រសើរឡើង។
– ពង្រឹកបណ្ដាញផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍ ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងសម្រួលដល់ ការធ្វើសេវាលើផ្នែកពត៌មាន និងកិច្ចការប្រៃសណីយ៍ ។
ក្នុងរយៈពេល ៥ឆ្នាំខាងមុខ រាជារដ្ឋាភិបាលប្ដេជឬាបង្កើត និងពង្រីកឱ្យបានទូលាយ នូវបណ្ដាញទំនាក់ទំនង ទូរសព្ទ័សំរាប់អតិថិជននៅភ្នំពេញ និងបង្កើតឱ្យមានទំនាក់ទំនង តាមរលកធាតុអាកាសកំរិតទាប (ំិចរៀ-ឹាវេ) ឬ ទំនាក់ទំនងតាមខ្សែកាប្លអុបទិចដោយតភ្ជាប់

 

(១). កំពងចាម – ភ្នំពេញ – តាកែវ – កំពត – ក្រុងព្រះសីហនុ (២). កំពុង់ចាម – កំពង់ធំ – សៀមរាប – ស៊ីសុផុន (៣). កំពុងចាម – ក្រចេះ – ស្ទឹងត្រែង និង (៤). មណ្ឌលគីរី – ប៉ៃលិន – ព្រះវិហារ – ឧត្ដរមានជ័យ។
រាជរដ្ឋាភិបាល នឹងជម្រុញអនុវត្ដគោលនយោបាយបើកទូលាយវិស័យបច្ចេកវិទ្យាពត៌មាន និងទូរគមនាគមន៍ សំរាប់ការចូលរួមរបសវិស័យឯកជន ដោយគ្មានការរើសអើង ដោយឈរលើមូលដ្ឋាន នៃការប្ដេជ្ញាចិត្ដ និងការពត្វកិច្ចទាំងឡាយរបស់កម្ពុជានៅក្នុងក្រខ័ណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក។
ចតុកោណទី៣. ការអភិវឌ្ឍន៍ផ្នែកឯកជន និងការងារ
មុំទី១. ការពង្រឹងវិស័យឯកជន និងការទាក់ទាញការវិនិយោគ
រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ហើយរាជរដ្ឋាភិបាលជាអ្នករៀបចំ យុទ្ធសាស្ដ្រដើម្បីបង្កើតបរិស្ថាន ធុរកិច្ចឱ្យកាន់តែប្រសើរសំរាប់វិស័យឯកជន និង ជាអ្នកគ្រប់គ្រងការ អភិវឌ្ឍន៍។ វិស័យឯកជនដ៏រឹងមាំ គឺជាគន្លឹះសំរាប់ជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ដូច្នេះរាជរដ្ឋាភិបាលនឹងបន្ដ កិច្ចខិតខំប្រឹងប្រែង ដើម្បីបើកច្រកទៅកាន់ទីផ្សារអន្ដរជាតិ ដ៏ធំទូលាយតាមរយៈការអនុវត្ដន៍គោលនយោបា យសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ការជម្រុញអនុវត្ដយ៉ាងសកម្ម នូវការងារស្ដារ និងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាតិ ទាំងផ្នែករឹង ទាំងផ្នែកទន់ ការបន្ដពង្រឹង ក្របខ័ណ្ឌច្បាប់ ព្រមទាំងបទបញ្ញត្ដិ និងសមត្ថភាព ស្ថាប័ន ដែលសម្រួលដល់សកម្មភាពធុរកិច្ចពាណិជ្ជកម្ម និងការវិនិយោគទុនឯកជន ជាពិសេសសំរាប់ការប្រកួតប្រជែងដោយយុត្ដិធម៌ តម្លាភាព គណនេយ្យភាព និងសំរាប់ភាពជាដៃគូប្រកបដោយផ្លែផ្ការវាងវិស័យឯកជនជាមួយនឹងវិស័យសាធារណៈ។ អាទិភាពពិសេសក្នុងនីតិកាលទី៣ នេះនឹងត្រូវផ្ដោតទៅលើការរៀបចំឱ្យកាន់តែ ប្រសើរឡើងនូវបរិស្ថានរួម សំរាប់ការអភិវឌ្ឍន៍វិស័យឯកជន តាមរយៈវិធានការជាក់ស្ដែងនានាដែលសំដៅ (១). ពង្រឹងអភិបាលកិច្ច ទាំងក្នុងវិស័យសាធារណ (ភុបលិច អៀវរេនានចេ) ទាំងក្នុងវិស័យឯកជន(ជៀរផៀរាតេ អៀវរេនានចេ) (២). សម្រួលពាណិជ្ជកម្ម និងកែលំអបរិយាកាសវិនិយោគ និង (៣). ជម្រុងអភិវឌ្ឍធនធានមនុស្ស ឱ្យឆ្លើយតប ប្រកបដោយប្រសិទ្ធភាពទៅនឹងតម្រូវការនៃទីផ្សារ។
នៅក្នុងនីតិកាលថ្មីនេះ រាជរដ្ឋាភិបាលនឹងបន្ដផ្ដោតការយកចិត្ដទុកដាក់លើការទាក់ទាញការចូលរួមរបស់ វិស័យឯកជននៅតាមវិស័យអាទិភាពទាំង ៦យ៉ាង ដែលបានកំណត់កន្លងមក គឺ ៖
១- ការអភិវឌ្ឍន៍វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ក្នុងនោះផ្ដល់អាទិភាពលើការដោះស្រាយទឹក សំរាប់ កសិកម្ម។
២- ការអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដឹកជញ្ជូន និងទូរគមនាគមន៍
៣- ការអភិវឌ្ឍន៍វិស័យថាមពល និងអគ្គិសនី
៤- វិស័យឧស្សាហកម្មអតិពលកម្ម និងឧស្សាហកម្មកែច្នៃសំរាប់ការនាំចេញ
៥- វិស័យឧស្សាហកម្មទេសចរណ៍ និង
៦- ការអភិវឌ្ឍន៍ធនធានមនុស្ស។
មុំទី២. ការលើស្ទួយសហគ្រាសធុនតូច និងមធ្យម
រាជរដ្ឋាភិបាល បានលើកទិសដៅជំរុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម (្សំែ) ដោយបានកំណត់ គោលនយោបាយដូចតទៅៈ (១). លើកទឹកចិត្ដដល់ការរីកលូតលាស់សហគ្រាសធុនតូច និងមធ្យម ជា ពិសេសតាមរយៈការផ្ដល់ឥណទានរយៈពេលមធ្យម និងរយៈពេលវែង (២). ទប់ស្កាត់ការរត់គេចពន្ធគ្រប់ ប្រភេទ (៣). ការត់បន្ថយបែបបទសំរាប់ការចុះបញ្ជី និងការរៀបចំដំណើរការក្រុមហ៊ុន (៤). សម្រួល ដល់ការនាំចេញ នាំចូលតាមរយៈការកាត់បន្ថយបែបបទស្មុគ្រស្មាញមានដូចជាអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាត ផ្សេងៗ។ល។ (៥). ផ្ដល់ការគាំពារដល់ឧស្សាហកម្មក្មេងខ្ចីមួយចំនួន ក្នងរយៈពេលសមស្របមួយ (៦). ជម្រុញសម្ព័ន្ធភាពរវាងសហគ្រាសខ្នាតតូច និងមធ្យមជាមួយនឹងឧស្សាហកម្មធុនធំ (៧). ជម្រុញបង្កើត មជ្ឈមណ្ឌលផលិតភាពជាតិ ដែលជួយដល់ឧស្សាហកម្មធុនតូច និង មធ្យមតាមរយៈការលើកកំពស់ ផលិតភាព និងការកាត់បន្ថយថ្លៃដើមនៃផលិតកម្ម (៨). បង្កើតវិទ្យាស្ថានផ្ដង់ដារជាតិ ដែលនឹងជួយ ធានាឱ្យគុណភាពផលិតផលក្នុងប្រទេស អាចឆ្លើយតបបានទៅនឹងស្ដង់ដារតំបន់ និងអន្ដរជាតិ (៩). បង្កើតមន្ទីរ ពិសោធន៍ជាតិផ្នែករូបគីមី មីក្រូជីវៈ មេកានិច និងការធ្វើតេស្ដ ដែលអាចកំណត់បាន លើគុណភាព និងលក្ខណៈវិនិច្ឆ័យរបស់ផលិតផល (១០). ពង្រឹងយន្ដការការពារកម្មសិទ្ធិបញ្ញាឧស្សាហ កម្មដែលការពារ ដល់ការលួចចម្លងដោយខុសច្បាប់ក្នុងការរិះរក និងប្រើប្រាស់បច្ចេកទេស និងបច្ចេកវិទ្យាថ្មី ព្រមទាំងផលិត ផលថ្មី (១១). ជម្រុញដល់ការបណ្ដុះបណ្ដាល មុខវិជ្ជាជំនាញ ទាំងនៅក្នុង និងក្រៅ ប្រទេស (១២). បង្កើន ចលនាចំនួនភូមិមួយ ផលិតផលមួយ និង (១៣). ពង្រឹងប្រព័ន្ធច្បាប់ ដោយបង្កើត ច្បាប់រោងចក្រ ច្បាប់តំបន់ឧស្សាហកម្ម ច្បាប់ប៉ាតង់ និង តក្កកម្មឧស្សាហកម្ម ច្បាប់រង្វាស់រង្វាល់ ច្បាប់សុវត្ថិភាព ឧស្សា- ហកម្ម។ល។
មុំទី៣. ការបង្កើតការងារ និងការធានាលក្ខខណ្ឌការងារល្អប្រសើរជូនកម្មករ និងនិយោជិត
រាជរដ្ឋាភិបាលនឹងជម្រុញអនុវត្ដគោលនយោបាយជាប្រព័ន្ធ និងជាខ្សែសង្វាក់ សំដៅបង្កើតការងារឱ្យបាន ច្រើនជូនដល់ស្រទាប់យុវវ័យ ដែលដល់អាយុឈានចូលក្នុងទីផ្សារពលកម្ម និងពលករកម្ពុជាទាំងអស់ តាម រយៈការដាក់ចេញនូវវិធានការនានា ដែលលើកទឹកចិត្ដ ដល់ការវិនិយោគក្នុងស្រុក និងដែលទាក់ទាញ វិនិយោគផ្ទាល់ពីបរទេស នៅតាមបណ្ដាវិស័យជាអាទិភាពទាំងឡាយ ពិសេសវិស័យកសិកម្ម កសិឧស្សាហ- កម្ម ឧស្សាហកម្ម អតិពលកម្ម និងទេសចរណ៍ និងការបង្កើតបណ្ដាញបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ជូនជនក្រីក្រ ដែលផ្សារភ្ជាប់ជាមួយនឹងមជ្ឈមណ្ឌលសំរាប់ជួយរកការងារធ្វើឱ្យយុវជន ជាពិសេសយុវជន ដែលទើបចេញពីសាលាឱ្យបានស្របតាមតម្រូវការនៃ ទីផ្សារពលកម្ម ព្រមទាំងការរៀបចំប្រព័ន្ធស្ថិតិការងារ ជាដើម។ ការយកចិត្ដទុកដាក់ក៏នឹងត្រូវបានផ្ដោតជាពិសេសផងដែរ ទៅលើការពង្រឹងការគ្រប់គ្រងពលករ បរទេសនៅកម្ពុជា ក្នុងទិសដៅដោះស្រាយការងារធ្វើជូនប្រជាពលរដ្ឋផង និងស្រូបយកបច្ចេកវិទ្យាថ្មីសំរាប់ ការអភិវឌ្ឍន៍ប្រទេសជាតិផង។
គោលនយោបាយការងារ និងការបណ្ដុះបណ្ដាលរួមមាន ការផ្ដល់ឱកាសផ្លាស់ប្ដូរទីកន្លែងជំនាញថ្មី ដូចជា បច្ចេកវិទ្យាពត៌មាន និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវផ្សារភ្ជាប់ទៅនឹងគោល នយោបាយអប់រំឱ្យបានប្រកបដោយប្រសិទ្ធភាព។ ការនាំចេញពលកម្ម គឺជាជម្រើសមួយដ៏សំខាន់ សំរាប់កាត់ បន្ថយភាពក្រីក្រក្នុងបណ្ដាប្រទេសជិតខាងកម្ពុជានៅទ្វីបអាស៊ី។ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺ លើកទឹកចិត្ដការនាំចេញពលកម្មជាផ្លូវការ ដើម្បីបង្កើនសុខុមាលភាព និងធ្វើឱ្យប្រសើរឡើងនូវជំនាញ កាត់បន្ថិភាពគ្មានការងារធ្វើ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។
ការវិនិយោគក្នុងទីក្រុង គឺជាគោលនយោបាយដ៏សំខាន់ក្នុងការគាំពារដល់ជនក្រីក្រ ប្រសិនបើវិនិយោគ នេះ បង្កើតការងារផលិតកម្ម ដើម្បីស្រូបយកចំនួនពលករដ៏ច្រើនលើសលប់ដែលមកពីទីជនបទ។ ការរីកលូត លាស់នៃឧស្សាហកម្មអតិពលកម្មដូចជា ឧស្សាហកម្មកាត់ដេរជាដើម បានបង្កើតជាគ្រឹះដ៏រឹងមាំមួយក្នុងការ បង្កើនប្រាក់ចំណូលពិតប្រាកដសំរាប់ប្រជាជនម្នាក់ៗ និងដើម្បីសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រ។ ទន្ទឹមនឹងនោះការអភិវឌ្ឍន៍កម្មន្ដសាលអតិពលកម្ម បានស្រូបយកកម្លាំងពលកម្មពីទីជនបទ ហើយអាច បង្កើនប្រាក់ចំណូល ដែល ជាកត្ដាមួយជួយកាត់បន្ថយភាពក្រីក្រពីដើមទីតែម្ដង។
រាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវកម្មវិធី ដើម្បីបង្កើនផលិតភាពកសិកម្មដែលជាគន្លឹះមួយនាំឱ្យមាន កំណើនសេដ្ឋកិច្ច។ កម្មវិធីនេះមានគោលដៅបង្កើនបរិមាណកសិផល ប្រាក់ចំណូល និងលើកដម្កើងកំរិត ជីវភាព ព្រមទាំងបង្កើតការងារតាមរយៈការធ្វើប្រពលវប្បកម្មប្រព័ន្ធដាំដុះ និងបង្កើនការដាំដុះដំណាំច្រើន មុខ ដែលប្រសើរជាងការប្រើប្រាស់ម៉ាស៊ីន ដែលនឹងធ្វើឱ្យកសិករបាត់បង់ការងារធ្វើ ហើយត្រូវទៅរក ការងារធ្វើនៅក្នុងវិស័យផ្សេងវិញ។ យុទ្ធសាស្ដ្រពន្លឿនកំណើនកសិកម្មរបៀបនេះនឹងមានផលល្អផ្ដួនៗ គ្នា ដោយបង្កើនកាលានុវត្ដភាពការងារ នៅក្នុងវិស័យផ្សេងៗ ទៀត តាមរយៈកំណើនតម្រូវការទំនិញ និងសេវា នៅក្នុងវិស័យទាំងនោះ។
មុំទី៤. ការរៀបចំប្រព័ន្ធសុវត្ថិភាពសង្គម សំរាប់មន្ដ្រី បុគ្គលិក កម្មករ
រាជរដ្ឋាភិបាល នឹងបង្កើនអន្ដរាគមន៍ក្នុងវិស័យសង្គមកិច្ច ដោយពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយនឹង អង្គការជាតិ និងអន្ដរជាតិនានា នៅក្នុងទិសដៅលើកស្ទួយកាលានុវត្ដភាពការងារ កាត់បន្ថយភាពងាយ រងគ្រោះរបស់ប្រជាជនក្រីក្រ បង្កើនសកម្មភាពសង្គ្រោះបន្ទាួន់ ដើម្បីជួយដល់អ្នករងគ្រោះដោយគ្រោះ ធម្មជាតិ និងគ្រោះមហន្ដរាយផ្សេងៗ និងពង្រីកកម្មវិធីស្ដារលទ្ធភាពពលកម្មសំរាប់ជនពិការ ព្រមទាំង កម្មវិធីលើកកំពស់សុខុមាលភាពរបស់ជនចាស់ជរា កុមារកំព្រា ស្ដ្រីរងគ្រោះ ជនអនាថាដែលគ្មាន ទីពឹង អតីតយុទ្ធជន និងគ្រួសារ។
រាជរដ្ឋាភិបាលបន្ដជួយឧបត្ថម្ភឱ្យបានដិតដល់ចំពោះជនពិការ និងគ្រួសារយុទ្ធជនដែលបានបូជាជីវិតដើម្បី ប្រទេសជាតិ ព្រមទាំងជម្រុញឱ្យម្ចាស់សហគ្រាស រោងចក្រ ឧបត្ថម្ភប្រាក់បៀវត្ស រួមជាមួយកម្រៃ បេឡាសន្ដិសុខសង្គម ដល់កម្មករជាជំហានៗ ឱ្យបានសមស្របតាមកំរិតលក្ខខណ្ឌទីផ្សារការងារ។
រាជរដ្ឋាភិបាលនឹងពង្រឹងយ៉ាងហ្មឺងម៉ាត់ នូវការអនុវត្ដន៍ច្បាប់ការងារ និងអនុសញ្ញាអន្ដរជាតិនានាស្ដីពី តួនាទីសហជីព ដើម្បីធានាយ៉ាងពិតប្រាដកនូវសិទ្ធិ និងផលប្រយោជន៍កម្មករ និយោជិត និងនិយោជក។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងបន្ដអាទិភាពពិសេសលើការកែលំអឱ្យកាន់តែប្រសើរឡើង នូវលក្ខខណ្ឌ ការងាររបស់កម្មករ និងនិយោជិត ការជម្រុញអនុវត្ដច្បាប់ស្ដីពីរបបសន្ដិសុខសង្គម ការអនុវត្ដន៍គោល ការណ៍ផ្ដល់របបសោធននិវត្ដន៍ សោធនសម្រាប់អ្នកបាត់បង់សមត្ថភាពពលកម្ម និងអ្នកនៅក្នុងបន្ទុក និងការ ធានារ៉ាប់រងចំពោះគ្រោះថ្នាក់ការងារ សំរាប់ជនទាំងឡាយដែលស្ថិតក្រោមបទបញ្ញត្ដិនៃច្បាប់ការងារ។
ចតុកោណទី៤. ការកសាងសមត្ថភាព និងការអភិវឌ្ឍន៍ធនធានមនុស្ស
មុំទី១. ការពង្រឹងគុណភាពវិស័យអប់រំ
រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ដ្រដ៏ទូលំទូលាយមួយសំរាប់វិស័យអប់រំដែលមានចែងលំអិត ក្នុង ផែនការយុទ្ធសាស្ដ្រសំរាប់ទ្រទ្រង់វិស័យអប់រំ (ែ្ស្សភ) សំរាប់ឆ្នាំ ២០០១-២០០៥។
គោលដៅសំខាន់នៃយុទ្ធសាស្ដ្រនេះ គឺការលើកស្ទួយសមត្ថភាពធនធានមនុស្សឱ្យមានមុខជំនាញបច្ចេកទេស និងវិទ្យាសាស្ដ្រខ្ពង់ខ្ពស់ដែលអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅនឹងតម្រូវការនៃទីផ្សារ ពលកម្មមាន ស្មារតីសហគ្រិនភាព និងគំនិតច្នៃប្រឌិតខ្ពស់ មានស្មារតីទទួលខុសត្រូវមានវិន័យ សីលធម៌ និងគុណធម៌ ល្អប្រសើរ មានមនសិការការងារ និងអត្ដចរិតស្លូតត្រង់ ដើម្បីលើកស្ទួយការអភិវឌ្ឍន៍ ប្រទេសជាតិ។
រាជរដ្ឋាភិបាលបន្ដប្រឹងប្រែងសម្រេចទិសដៅ “អប់រំសំរាប់ទាំងអស់គ្នា” តាមរយៈការធានាសមធម៌ក្នុង ការអប់រំមូលដ្ឋានរយៈពេល ៩ឆ្នាំ សំរាប់កុមារគ្រប់រូប និងការបង្កលក្ខណៈសម្បត្ដិអនុគ្រោះនានា ដើម្បីឱ្យ កូនចៅ ប្រជាពលរដ្ឋក្រីក្រមានលទ្ធភាពចូលសិក្សា ជាពិសេសគឺតាមរយៈការពង្រឹង និងពង្រីកគ្រឹះស្ថាន សិក្សាសាធារណៈ និងការបង្កើនអហារូបករណ៍សំរាប់សិស្ស និងនិស្សិតក្រីក្រ។ រាជរដ្ឋាភិបាលនឹងបន្ដ ពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន ព្រមទាំងសហគមន៍ជាតិ និងអន្ដរជាតិដើម្បីបង្កើន និងលើកកំពស់ គុណភាពសេវាអប់រំទាំងក្នុងកំរិតមធ្យមសិក្សា បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ទាំងក្នុងកំរិតឧត្ដម សិក្សា ឱ្យឆ្លើយតបបានយ៉ាងសមស្របទៅនឹង ស្ដង់ដារអន្ដរជាតិ និងតម្រូវការអភិវឌ្ឍន៍ប្រទេស។
រាជរដ្ឋាភិបាលនឹងបន្ដខិតខំបង្កើនចំណាយថវិកា និងកៀងគរជំនួយបរទេស ឱ្យបានច្រើមថែមទៀត សំរាប់ លើកទឹកចិត្ដគ្រូបង្រៀន ធានាគុណភាពបណ្ដុះបណ្ដាល បង្កើនការផ្គត់ផ្គង់សំភារៈសិក្សា បណ្ណាល័យ និង មន្ទីរពិសោធន៍ បង្កើតអន្ដេវាសិកដ្ឋានសំរាប់សិស្ស និស្សិត ពិសេសសំរាប់សិស្ស និស្សិតជានារីភេទ បន្ដជម្រុញកំណែទម្រង់កម្មវិធីសិក្សា ផ្ដល់អាហារូបករណ៍ដល់សិស្ស និងនិស្សិតក្រីក្រ ផ្ដល់ថវិកាសំរាប់ កសាង សាលារៀននៅតាមជនបទ និងសំរាប់ដំណើរការគ្រឹះស្ថានសិក្សាផ្សេងទៀត ព្រមទាំងសំរាប់ជម្រុញ កម្មវិធីអក្ខរកម្ម និងការអប់រំក្រៅប្រព័ន្ធ។
មុំទី២. ការលើកកំពស់សេវាសុខាភិបាល
ដូចដែលបានគូសបញ្ជាក់នៅក្នុងផែនការយុទ្ធសាស្ដ្រវិស័យសុខាភិបាល បើកទូលាយសំរាប់ឆ្នាំ ២០០៣-២០០៧ រាជរដ្ឋាភិបាលនឹងបង្កើនការប្រើប្រាស់ធនធានសាធារណៈ និងជំនួយអន្ដរជាតិ ព្រមទាំងបន្ដលើកទឹក ចិត្ដដល់ផ្នែកឯកជន ដើម្បីបង្កើនការវិនិយោគក្នុងវិស័យសុខាភិបាល សំដៅលើកកំពស់សុខភាពរបស់ ប្រជាពលរដ្ឋ។ អាទិភាព នឹងត្រូវបានបន្ដផ្ដល់ទៅលើការកសាងមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព នៅ ទូទាំងប្រទេសដែលអាចផ្គត់ផ្គង់សេវាសុខាភិបាលមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពសមធម៌ និងនិរន្ដរភាព ជូនដល់ប្រចាពលរដ្ឋគ្រប់រូបជាពិសេស ជនក្រីក្រ និងក្រុមជនងាយរងគ្រោះ។ រាជរដ្ឋាភិបាលនឹងបន្ដផ្ដោត ការយកចិត្ដទុកដាក់លើការអនុវត្ដន៍ កម្មវិធីបង្ការ និងព្យាបាលជម្ងឺឆ្លងនានា ការគាំពារមាតា និងទារក ដើម្បីកាត់បន្ថយអត្រាមរណភាពមាតា និងទារក ការសង្គ្រោះបន្ទាន់ ព្រមទាំងការអប់រំ និងផ្សព្វផ្សាយ ពត៌មានសុខាភិបាល និង អនាម័យឱ្យបានទូលំទូលាយ ជាពិសេសដល់ជនបទ។ ប្រជាពលរដ្ឋក្រីក្រត្រូវ ទទួល បាននូវការពិនិត្យរោគដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព។ មូលនិធិ សមធម៌ ដែលត្រូវបានរចនារៀបចំឡើង សំរាប់ជួយជនក្រីក្រឱ្យបានទទួលសេវាសុខភាព ប្រកបដោយ គុណភាព នឹងត្រូវបានបន្ដជម្រុញពង្រឹង និងពង្រីកថែមទៀត។ រាជរដ្ឋាភិបាលប្ដូរផ្ដាច់ជម្រុញការរៀបចំ និង អនុវត្ដច្បាប់ និងបទបញ្ញត្ដិនានាពាក់ព័ន្ធនឹងវិស័យសុខាភិបាលឱ្យមានប្រសិទ្ធភាព ដើម្បីធានាសស្ដង់ដារ គុណភាពខ្ពស់មួយ ក្នុងការផ្គត់ផ្គង់សេវាសុខភាព និងឱសថ និងក្នុងការធានាសុវត្ថិភាពចំណីអាហារ។ រាជរដ្ឋាភិបាល នឹងបន្ដអនុវត្ដគោលនយោបាយលើកទឹកចិត្ដការប្រើប្រាស់ឱសថបូរាណ គួបផ្សំនឹងឱសថសម័យ ដោយមានការផ្ដល់ពត៌មាន និងការត្រួតពិនិត្យត្រឹមត្រូវ។
មុំទី៣. ការអនុវត្ដន៍គោលនយោបាយយេនឌឺ (អនេដរេ ភៀលិចយ)
ស្ដ្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិយើង។ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង ដើម្បីជួយលើកស្ទួយ ឋានៈរបស់ស្ដ្រីតាមរយៈការបន្ដអនុវត្ដនូវផែនការយុទ្ធសាស្ដ្រ “នារីរតនៈ” ឬស្ដ្រីគឺជាត្បូងមានតម្លៃ ក្នុង គោលបំណងផ្ដល់ជូនស្ដ្រីខ្មែរនូវតម្លៃ និងក្ដីសង្ឃឹមក្នុងជីវិត និងដែលផ្ដោតលើបញ្ហាយេនឌឺ (អនេដរេ ំាិនសតរេាមិនង) ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ គោលបំណងចំបងនៃកម្មវិធីនេះ គឺការកសាង សមត្ថភាពរបស់ស្ដ្រី និងការ កែប្រែអកប្បកិរិយាក្នុងសង្កម ដែលមានការរើសអើងចំពោះស្ដ្រី។
រាជរដ្ឋាភិបាលផ្ដល់អាទិភាពខ្ពស់ទៅការលើកកំពស់តួនាទី និងស្ថានភាពសង្គមរបស់ស្ដ្រីកម្ពុជា ដោយយក ចិត្ដទុកដាក់ជម្រុញការអនុវត្ដន៍យុទ្ធសាស្ដ្រយេនឌឺ (អនេដរេ ្សតរាតងេយ) ការកសាងសមត្ថភាពស្ដ្រីលើ គ្រប់ផ្នែក ការកែប្រែឥរិយាបថក្នុងសង្គម ដែលមានការរើសអើងចំពោះស្ដ្រីភេទ និងការធានាសិទ្ធិដើម្បីឱ្យស្ដ្រីភេទមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចូលរួមយ៉ាងសកម្ម និង ដោយស្មើភាពក្នុងដំណើរការកសាង ប្រទេស។

 

ក្នុងន័យនេះស្ដ្រីគ្រប់រូបមានសិទ្ធិក្នុងការទទួលបានការថែទាំសុខភាព ការសិក្សា និងការបណ្ដុះ បណ្ដាលមុខជំនាញនៅគ្រប់កំរិត ការទទួលបានធនធាសេដ្ឋកិច្ចដោយសមធម៌ ឱកាសចូលរួមប្រាស្រ័យដោយ ស្មើភាពក្នុងកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចក៏ដូចជាការទទួលបានការការពារតាមផ្លូវច្បាប់ប្រកបដោយ យុត្ដិធម៌ ដើម្បីធានាសមភាពរវាងបុរស និងស្ដ្រី និងការជួយស្ដ្រីឱ្យរួចផុតពីអំពើហិង្សាក្នុងគ្រួសារ និងពី ការជួញដូរផ្លូវភេទ។ ចំណែកដ៏សំខាន់មួយទៀតក្នុងកិច្ចការនេះ គឺការយកចិត្ដទុកដាក់បង្កើនសមាមាត្រនៃ ការចូលរួមរបស់ស្ដ្រីឱ្យបានជាអតិបរមាតាមតែអាចធ្វើទៅបាន ក្នុងស្ថាប័នជាតិគ្រប់ថ្នាក់ តាំងពីថ្នាក់កណ្ដាល រហូតដល់ថ្នាក់មូលដ្ឋាន។
មុំទី៤. ការអនុវត្ដន៍គោលនយោបាយប្រជាជន
ជាធម្មតាប្រជាជនកម្ពុជាកើនលើងប្រមាណ ២,៤% ក្នុងមួយឆ្នាំ។ នេះគឺជាបន្ទុកដ៏ធ្ងន់សំរាប់វិស័យ ផលិតកម្ម និងការបង្កើតពលកម្មដែលនៅមានកំណើនយឺតពុំទាន់សមស្របទៅតាម តម្រូវការជាក់ស្ដែងនៅ ឡើយ។ រាជរដ្ឋាភិបាលទទួលស្គាល់ថា កំណើនប្រជាជនខ្ពស់មានផលប៉ះពាល់ជាអវិជ្ជមានទៅលើភាពក្រីក្រ តាមរយៈការបង្កើនចំនួនបន្ទុកទៅលើអ្នកដែលមានប្រាក់ចំណូលនៅក្នុងគ្រួសារ ការបង្កើនចំនួនការងារមិន ពេញលេញ និងភាពគ្មានការងារធ្វើ និងការធ្វើឱ្យធ្លាក់ចុះនូវប្រាក់កម្រៃការងារ ប្រសិនបើកម្លាំងពលកម្ម មិនត្រូវបានស្រូបទាញបានច្រើន ដោយវិស័យសេដ្ឋកិច្ចនោះទេ។ ម្យ៉ាងទៀតកំណើនប្រជាជនខ្ពស់ពេលនឹង មានផលប៉ះពាល់ទៅលើលទ្ធផលនៃការអប់រំ ដោយបង្កើនសម្ពាធទៅលើការផ្ដល់សេវាសាធារណៈក្នុងវិស័យ នេះ។

លើសពីនេះទៀត ជាទូទៅកំណើនប្រជាជនខ្ពស់ គឺជាប្រការឆ្លុះបញ្ចាំងឱ្យឃើញអំពីវិសមភាពផ្នែក ភេទ ដោយសារថាស្ដ្រីគ្មានជម្រើសខាងបន្ដពូជ ហើយទទួលរងនូវគម្នាបនៃទំនៀមទំលាប់ប្រពៃណីហួស សម័យអំពីបញ្ហាផ្លូវភេទរបស់ស្ដ្រី។ ក្នុងន័យនេះមរណភាពទារក និងកុមារមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធជា មួយនឹងការពន្យារកំណើត និងអាយុរបស់មាតានៅពេលសម្រាលកូន ។ នៅក្នុងទិដ្ឋភាពផ្សេងទៀត កំណើន យ៉ាងលឿននៃប្រជាជននៅទីជនបទ គឺជាចំណែកនៃការកើនឡើងនូវការកាប់បំផ្លាញព្រៃឈើ ការរេចរិលដី ការហិនហោចធនធានទឹក និងការថយចុះនូវធនធានជីវសាស្ដ្រចម្រុះ។ ចំណែកនៅទីក្រុង ប្រការនេះនាំឱ្យមានសម្ពាធទៅលើការផ្គត់ផ្គង់ទឹក និងអនាម័យ ហើយក៏មានផលប៉ះពាល់អវិជ្ជមានផងដែរ ទៅលើ ខ្យល់ដកដង្ហើម។ ជាងនេះទៅទៀតកំណើនប្រជាជនខ្ពស់ជារឿយៗ តែងពាក់ព័ន្ធទៅនឹងជម្លោះដែល មាន ចំនួនកាន់តែច្រើនឡើងៗ អំពីដីធ្លីនៅតាមជនបទ ហើយក៏ជាកត្ដាចូលរួមបង្កជម្ងឺសង្គមក្នុងទីក្រុងផងដែរ ដូចជាការរស់នៅកកកុញ ការរាលដាលនៃជម្ងឺឆ្លង និងការប្រព្រឹត្ដបទល្មើសផ្សេងៗ។
បើនិយាយជារួមកំណើនប្រជាជនខ្ពស់បង្កើន នូវសម្ពាធទៅលើតម្រូវការសេវាសាធារណៈ ដែលជាបន្ទុកទៅ លើហិរញ្ញវត្ថុរបស់រដ្ឋាភិបាល ហើយថែមទាំងបង្កើតឥទ្ធិពលអវិជ្ជមានទៅលើការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និង សង្គមកិច្ចផលដែរ។
មើលឃើញយ៉ាងនេះ រាជរដ្ឋាភិបាលនឹងបន្ដជម្រុញអនុវត្ដយ៉ាងសកម្មនូវគោលនយោបាយប្រជាជន ស្របទៅ តាមបរិការណ៍សង្គម និងវប្បធម៌កម្ពុជា ដែលសំដៅជាសំខាន់ទៅលើអាទិភាពមួយចំនួនដូចតទៅ ៖
– គាំទ្រដល់គូស្វាមីភរិយា និងគ្រួសារនីមួយៗ ឱ្យធ្វើការសម្រេចចិត្ដដោយសេរី និងដោយទទួលខុសត្រូវ លើចំនួនកូន និង ការពន្យារកំណើត ព្រមទាំងធានាការផ្ដល់ពត៌មាន ការអប់រំ ការផ្ដល់សេវាកម្ម និង មធ្យោបាយពាក់ព័ន្ធផ្សេងៗ ដើម្បីអនុវត្ដកាសម្រេចចិត្ដខាងលើ។
– កាត់បន្ថយអត្រាខ្ពស់ នៃលទ្ធភាពផ្ដល់កំណើត និងបង្កើនការប្រើប្រាស់សេវាពន្យារកំណើរ។
– កាត់បន្ថយអត្រានៃ “ភាពមានជម្ងឺ” ដែលធ្វើឱ្យស្លាប់ និងអត្រាមរណភាពរបស់ទារក កុមារ និង ម្ដាយ។
– ជម្រុញឱ្យមានសមភាព និងសមធម៌យេនឌឺ និងលើកកំពស់ការអភិវឌ្ឍន៍ធនធានមនុស្ស។
– កាត់បន្ថយផលប៉ះពាល់ នៃសម្ពាធប្រជាជនទៅលើបរិស្ថាន និងធនធានធម្មជាតិ។
– ពង្រឹងបន្ថែមទៀតនូវការទប់ស្កាត់ការរីករាលដាលមេរោគហ៊ីវ/អេសដ៍។
– និងបញ្ចូលអញ្ញត្ដិប្រជាជនទៅក្នុងសមីការ នៃគោលនយោបាយសេដ្ឋកិច្ច សង្គមកិច្ច និងទៅក្នុងផែនការ និងកម្មវិធីនានា នៅគ្រប់កំរិតទាំងអស់។
សរុបសេចក្ដីមក ការអនុវត្ដន៍ប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយប្រជាជន នេះពិតជាមានសារសំខាន់ ខ្លាំងណាស់ សំរាប់ការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជន ពិសេសគឺការសម្រេចឱ្យបានទៅតាម គោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍ (ំឌអស) ដែលកំណត់ឱ្យប្រទេសនីមួយៗ កាត់បន្ថយភាពក្រីក្រឱ្យបានពាក់កណ្ដាល នៅឆ្នាំ ២០១៥ ខាងមុខ។

សេចក្ដីសន្និដ្ឋាន

កម្ពុជាបានចំណាយពេលវេលា និងបានខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង អស់រយៈពេលរាល់ទសវត្សរ៍ ដើម្បីស្ដារ និងកសាងប្រទេសឡើងវិញពីការបំផ្លិចបំផ្លាញនៃរបបប្រល័យពូជសាសន៍ និងសង្គ្រាមរ៉ាំរ៉ៃ ទម្រាំ សម្រេចបាននូវសុខសន្ដិភាពពេញលេញ ស្ថេរភាពនយោបាយ សណ្ដាប់ធ្លាប់សង្គមលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងស្ថេរភាពសេដ្ឋកិច្ចរឹងមាំដែលត្រូវបានសាធារណៈមតិជាតិ និងអន្ដរជាតិកោត សរសើរ និងទទួលស្គាល់។ កន្លងមកយើងបានអនុវត្ដកម្មវិធីកំណែទម្រង់គ្រប់វិស័យ ដោយបានឆ្លងកាត់ការ លំបាក និងឧបសគ្គធំតូចច្រើនរាប់មិនអស់ ចាប់តាំងពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំទី ៨០ ដើម្បីឆ្លងអន្ដរកាល ពីសេដ្ឋកិច្ចបែបផែនការ មកបង្កើតបាននូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារដ៏រស់រវើក ព្រមទាំងបង្កើតបានលក្ខខណ្ឌ ល្អប្រសើរសំរាប់កម្ពុជា សមាហរណកម្មខ្លួនយ៉ាងឆាប់រហ័ស ទៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចតំបន់ និង ពិភព លោក។
សំរាប់រយៈពេលវែងខាងមុខ ភាពប្រឈមចំបងបំផុត ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បី អភិវឌ្ឍន៍ គឺការកាត់បន្ថយនូវភាពក្រីក្រ និងការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវភាពរស់នៅរបស់ ប្រជាជនកម្ពុជា ដែលកំពុងតែមានកំណើនយ៉ាងលឿន។ រាជរដ្ឋាភិបាលយល់ច្បាស់ និងបានចាត់ទុកភាពក្រីក្រ ថាជាការខាតបង់ខាងសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ និងជាការដែលមិនអាចទទួលយកបានខាងសីលធម៌ ដែលអាចនាំទៅ ដល់ភាពបែកបាក់ នៃសង្គមជាតិ។ គឺនៅលើមូលដ្ឋាននៃទស្សនវិជ្ជានេះហើយ ដែលយើងបានដាក់ចេញនូវ យុទ្ធសាស្ដ្រជាតិកាត់បន្ថយភាពក្រីក្រ ដែលមានគោលដៅគន្លឹះចំបងៗដូចខាងក្រោម ៖
ទី១- ពង្រឹងសន្ដិភាព សន្ដិសុខ ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គមតាមរយៈវិធានការជាក់ស្ដែងនានា សំដៅ លើកស្ទួយនីតិរដ្ឋ ការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីបង្កើតឡើងនូវបរិស្ថាននយោបាយ និងសន្ដិសុខ ដែលអនុគ្រោះសំរាប់ការអភិវឌ្ឍន៍ប្រកងដោយចិរភាព នៅក្នុងរយៈពេលវែង។
ទី២- ធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព ក្នុងរយៈពេលវែងក្នុងអត្រាខ្ពស់ពី ៦ ទៅ ៧% ក្នុងមួយឆ្នាំ។
ទី៣- បែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌រវាងអ្នកមាន និងអ្នកគ្មានរវាងទីក្រុង និង ជនបទ និង រវាងស្ដ្រី និងបុរស ។
ទី៤- ធានាគ្រប់គ្រង និងប្រើប្រាស់ប្រកបដោយចិរភាព និងនិរន្ដរភាពនូវបរិស្ថាន និងធនធានធម្មជាតិ។
តាមរចនាសម្ព័ន្ធ ដែលបានអធិប្បាយនៅខាងលើនេះ “យុទ្ធសាស្ដ្រចតុកោណ” នឹងបន្ដពី “យុទ្ធសាស្ដ្រត្រីកោណ” ក្នុងការពង្រឹង និងអភិវឌ្ឍន៍សមិទ្ធផលទាំងឡាយរបស់រាជរដ្ឋាភិបាលនីតិកាល ទី២ នៃរដ្ឋសភា។ ម្យ៉ាងទៀត “យុទ្ធសាស្ដ្រចតុកោណ” នេះគឺជា របៀបវារៈគោលនយោបាយ សេដ្ឋកិច្ច នៃ “កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល សំរាប់នីតិកាលទី៣ នៃរដ្ឋសភា” ដែលត្រូវបានរៀបចំឡើងជាប្រព័ន្ធមួយ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ស៊ីសង្វាក់ ប្រទាក់ក្រឡាគ្នា និងយោងគ្នា ទៅវិញទៅមក ហើយងាយយល់ និងងាយគ្រប់គ្រង។ ក្នុងន័យនេះ “យុទ្ធសាស្ដ្រ ចតុកោណ” គឺជាឧបករណ៍គោលនយោបាយ ប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៣ នៃរដ្ឋសភាសំរាប់ បន្ដជម្រុញអនុវត្ដនូវ “យុទ្ធសាស្ដ្រជាតិកាត់បន្ថយភាពក្រីក្រ” ដែលមានគោលដៅ គន្លឹះចំបងទាំងបួន ដូចបាន គូស បញ្ជាក់ខាងលើ។
រាជរដ្ឋាភិបាលទទួលស្គាល់ថា កម្ពុជានៅមានផ្លូវដ៏វែងអន្លាយសំរាប់ធ្វើដំណើរទៅមុខ ហើយត្រូវពុះពារឆ្លង កាត់ឧបសគ្គរាប់មិនអស់ថែមទៀត ដើម្បីសម្រេចបាននូវវឌ្ឍនភាព និងវិបុលភាពដ៏រុងរឿងថ្កើនដ្កានជូន ប្រទេសជាតិ និងប្រជាជន។ ក្នុងន័យនេះការខិតខំដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន នៅតែជាគោល ដៅដ៏ចំបងបំផុតរបស់រាជរដ្ឋាភិបាលនៃរដ្ឋសភានីតិកាលទី៣ នេះ។ ពិតណាស់រាជរដ្ឋាភិបាលទទួលស្គាល់ថា គ្រប់បញ្ហានៃភាពក្រីក្រ ពុំអាចនឹងត្រូវបានដោះស្រាយរួចស្រេចបាច់អស់ក្នុងរយៈពេលតែមួយថ្ងៃ ឬមួយខែ ឬមួយឆ្នាំនោះឡើយ។ ក៏ប៉ុន្ដែដោយមានកម្មវិធីច្បាស់លាស់ និងដោយមានការខិតខំប្រឹងប្រែងរួមគ្នាយ៉ាង ឥតសំចៃ និងដោយស្មោះត្រង់ យើងប្រាកដជាអាចធ្វើឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមានយ៉ាងច្រើន នៅក្នុងលើក ស្ទួយកំរិតជីវភាពរបស់ប្រជាជនក្នុងរយៈពេល ៤ឆ្នាំ ខាងមុខ។
ក្នុងន័យនេះរាជរដ្ឋាភិបាល សូមអំពាវនាវដល់គ្រប់ដៃគូអភិវឌ្ឍន៍ទាំងអស់ រួមមានសហគមន៍អ្នកផ្ដល់ជំនួយ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល ព្រមទាំងថ្នាក់ដឹកនាំមន្ដ្រីរាជការនៅគ្រប់ក្រសួង ស្ថាប័ន ទាំងស្ថាប័ននីតិបញ្ញត្ដិ និងនីតិប្រតិបត្ដិ ព្រមទាំងតុលាការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់រូប សូមផ្ដល់ការគាំទ្រគ្រប់បែបយ៉ាង និងសូមយកចិត្ដ ទុកដាក់ចូលរួមឱ្យបានសកម្មជាមួយនឹង រាជរដ្ឋាភិបាលដើម្បីអនុវត្ដឱ្យបានជោគជ័យនូវ “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសំរាប់នីតិកាលទី៣ នៃរដ្ឋសភា” ពិសេសគឺយុទ្ធសាស្ដ្រចតុកោណ ដើម្បី កំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ដែលជារបៀបវារៈគោលនយោបាយសេដ្ឋកិច្ចនៃ កម្មវិធីនយោបាយនេះ។


ព្រះអង្គសម្ដេចក្រុមឃុន ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី ឯកឧត្ដម លោកជំទាវ ឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី រដ្ឋលេខាធិការ-ដែលជាសមាជិក សមាជិកានៃអង្គគណៈរដ្ឋមន្ដ្រីទាំងមូល !
ទូលបង្គុំ ខ្ញុំ សូមគូសបញ្ជាក់ម្ដងហើយម្ដងទៀតថា កម្មវិធីកែទម្រង់ទាំងឡាយដែលយើងបានលើកឡើង កន្លងមក និងកំពុងរំលេចឡើងឱ្យកាន់តែច្បាស់ថែមទៀតនាពេលនេះ មិនមែនត្រូវបានដាក់ចេញ ឬធ្វើឡើង ដើម្បីយកចិត្ដអ្នកណាម្នាក់នោះទេ ប៉ុន្ដែវាជាតម្រូវការចាំបាច់របស់កម្ពុជា ហើយដើម្បីបំរើឱ្យផល ប្រយោជន៍ របស់ប្រជាជនកម្ពុជាទាំងមូល។ ទូលបង្គុំ ខ្ញុំ រំពឹងទុកជាមុនថា ក្រោយពីយើងបែកគ្នាពី អង្គប្រជុំនេះទៅ រាល់បណ្ដាគោលនយោបាល និងវិធានការនានាជាច្រើន ដែលយើងទាំងអស់គ្នាបានដាក់ ចេញមក និងបានថ្លែងនៅចំពោះមុខរដ្ឋសភា និងនាពេលនេះនឹងបានក្លាយទៅជាសកម្មភាព ការងារជាក់ស្ដែង ជាបន្ដបន្ដាប់ ដែលវានឹងផ្ដល់ផល ផ្លែផ្កានៅគ្រប់ផ្នែកគ្រប់វិស័យ ពិសេសវានឹងឆ្លុះបញ្ចាំងឱ្យឃើញយ៉ាង ប្រច័ក្ស តាមរយៈការកែលំអ និងការលើកស្ទួយឡើងជាបណ្ដើរៗ នូវកម្រិតជីវភាពរស់នៅរបស់ប្រជាជន ដែលជាខ្នាតយ៉ាងសំខាន់ សំរាប់វាស់ស្ទង់ ប្រសិទ្ធភាពនៃការងាររបស់រាជរដ្ឋាភិបាល។
ជាក់ស្ដែងសំរាប់នីតិកាលទី៣ នៃរដ្ឋសភានេះ យើងនៅសល់ពេលតែ ៤ឆ្នាំទៀតប៉ុណ្ណោះ ដូច្នេះយើងពិតជា មិនធ្វើដំណើរទៅមុខតាមរបៀបធម្មតាបានទេ។ យើងទាំងអស់គ្នាច្បាស់ជាត្រូវប្រឹងប្រែងឱ្យអស់ពីសរសៃ សសូង ដើម្បីជម្រុញល្បឿនអនុវត្ដឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ យុទ្ធសាស្ដ្រ និង វិធានការកែ ទម្រង់ជាក់ស្ដែងទាំងឡាយ ដែលយើងទាំងអស់គ្នាបានដាក់ចេញមកដោយខ្លួនឯង ដើម្បីឧត្ដមប្រយោជន៍ របស់ប្រទេសជាតិ និងប្រជាជនកម្ពុជានៃយើង។ ក្នុងសា្មរតីនេះទូលបង្គំខ្ញុំ សូមស្នើអង្គគណៈរដ្ឋមន្ដ្រីរបស់ យើងអនុម័តយកថ្ងៃប្រជុំលើកទី១ របស់ខ្លួននេះជាការឧទ្ទិសកម្លាំងកាយ ប្រាជ្ញ និងស្មារតីរបស់យើង ទាំងអស់គ្នា ចំពោះការបង្កើនល្បឿននៃកំណែទម្រង់ ដែលមានលក្ខណៈកាន់តែទូលំទូលាយ និងកាន់តែស៊ី ជម្រៅឡើង ដើម្បីកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជន និងដើម្បីវឌ្ឍនភាព វិបុលភាព និងកិត្យានុភាព ដ៏ខ្ពស់ត្រដែត នៃព្រះរាជាណាចក្រកម្ពុជា។
នៅទីបញ្ចប់ ទូលបង្គំខ្ញុំ សូមថ្វាយព្រះពរ និងជូនពរដល់ព្រះអង្គស្ដេចក្រុមឃុន ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់់ក្សត្រី ឯកឧត្ដម លោកជំទាវជាសមាជិក សមាជិកានៃអង្គគណៈរដ្ឋមន្ដ្រីទាំងមូល សូមក្របប ដោយព្រះរាជសុខភាព និងសុខភាពល្អបរិបូណ៌ និងសូមសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ ក្នុងការ បំពេញភារកិច្ច ជាមួយគ្នា ក្នុងរយៈពេល ៤ឆ្នាំ ទៅមុខទៀតនេះ ដើម្បី ជាតិ សាសនា និង ព្រះមហាក្សត្រ ដែលជា បាវច្ចនា ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា។
ទូលបង្គំ ខ្ញុំ សូមប្រកាសបិទអង្គប្រជុំគណៈរដ្ឋមន្ដ្រីរបស់យើងនាពេលនេះ។

សូមអរព្រះគុណ និង សូមអរគុណ !

Download (PDF, 499KB)

ចែករំលែក

បញ្ចេញយោបល់