លិខិតមិត្តអ្នកអាន៖ «តើមានអ្វីនៅពីក្រោយការអូសបន្លាយនៃចលនាទាមទារធ្វើបាតុកម្មខុសពេលវេលា?»

ថ្ងៃសៅរ៍ ទី ៥ កញ្ញា ២០២០​
29

ប្រភពព័ត៌មានស្និទ្ធនឹងក្រុមចលនាដែលបង្កើតឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសបានប្រាប់អ្នកនយោបាយតុកាហ្វេថា បណ្តាញរប៉េះរប៉ោះក្នុងស្រុករបស់ពួកគេគ្រោងរៀបចំធ្វើ បាតុកម្មបន្តទៀតនៅថ្ងៃចន្ទទី ៧ កញ្ញាខាងមុខនេះដើម្បីចិញ្ចឹមចលនារបស់ខ្លួនទោះបីជា អាជ្ញាធរមានសម្ថកិច្ចបានចេញការបដិសេធជាផ្លូវការមិនអោយពួកគេធ្វើបាតុកម្មពីថ្ងៃ ៧ដល់១៥កញ្ញា ២០២០ខាងមុខក៌ដោយ។

អ្វីជាការកត់សម្គាល់នោះគឺថា នៅមុនពេលធ្វើបាតុកម្ម តំណាងរបស់ពួកគេ៤រូប មានទាំងព្រះសង្ឃមួយអង្គផងបានចូលជួប មន្ត្រីស្ថានទូតបរទេសមួយនៅ ភ្នំពេញដើម្បីពិភាក្សា រាយការណ៍ប្រាប់អំពីសកម្មភាព របស់ខ្លួននិងសុំយោបល់ណែនាំពីមន្ត្រីបរទេសនោះផងដែរ។ ទង្វើនេះសបញ្ជាក់ឲ្យឃើញថា បណ្តាញដែលបង្កើតឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់ពីក្រៅប្រទេសដែលភាគច្រើនកំពុងជាប់បណ្តឹងតុលាការនិងមានដិកាចាប់ខ្លួនផងនោះ គឺ ពិតជាក្រុមចលនាខុសច្បាប់និងបម្រើមហិច្ឆតាបរទេសផង និងមានបំណងបង្កបញ្ហាអុកឡុកពេលបុណ្យភ្ជុំបិណ្ឌនិងក្នុងពេលដែលប្រជាពលរដ្ឋខ្មែរជាទូទៅកំពុងបន្តអនុវត្តផែនការនានាតាមការណែនាំរបស់រដ្ឋាភិបាលដើម្បីបង្កាទប់ស្កាត់កុំឲ្យឆ្លង និងចម្លងជម្ងឺកូវីដ១៩។

មេខ្លោងនៃចលនាខុសច្បាប់នេះក៍រួមមានទាំង អេង ឆៃអ៊ាងនិង មួរ សុខហួរ ផងដែរដែលកំពុងតែរត់គេចខ្លួនទៅសម្ងំនៅឯបរទេស បានបញ្ជាអោយក្រុមយុវជនមួយក្តាប់តូចនេះប្រកាន់យកនូវទស្សនៈជាយុទ្ធសាស្ត្រថា «ត្រូវតែជំរុញបង្កើតបញ្ហានិងបង្កបញ្ហាឲ្យកាន់តែធ្ងន់ធ្ងរឡើង» ពីព្រោះពួកគេយល់ឃើញថា ប្រសិនបើមិនធ្វើដូច្នេះទេ គឺមិនអាចដោះស្រាយបញ្ហាជាចង្កោមបាននោះឡើយ។ បញ្ហាជាចង្កោមដែលពួកគេចង់និយាយគឺការដោះស្រាយពិរុទ្ធភាពរបស់ពួកគេផង, ដោះស្រាយខ្មោចបក្សដែលស្លាប់ទៅហើយក្រែងអាចរស់ឡើងវិញផង និងដោះស្រាយគោល​ដៅរបស់ចៅហ្វាយបរទេសដែលចង់លូកដៃកកូរកកាយកិច្ចការផ្ទៃក្នុងកម្ពុជាផង។

ដើម្បីសម្រេចគោលដៅនេះ កន្លងមក ពួកគេបានប្រើប្រាស់បណ្តាញក្នុងស្រុកដើម្បីអុកឡុកបង្កើតបញ្ហានេះឬបញ្ហានោះមិនចេះចប់។ លើការជាក់ស្តែង បន្ទិចពួកគេបង្កការញុះញង់និងបំភ្លៃបញ្ហារឿងព្រំដែន បង្កបញ្ហារឿងបរិស្ថាន បង្កបញ្ហារឿងដីធ្លី ជាដើម។ ទាំងអស់នេះសុទ្ធសឹងជារៀបវារៈ ដែលពួកគេបានរៀបចំទុកនិងបានធ្វើសកម្មភាពជាបន្តបន្ទាប់ពីព្រោះពួកគេយល់ឃើញថា បញ្ហាទាំងនោះគឺជារឿងរសើប ដែលងាយទាក់ទាញការចាប់
អារម្មណ៍របស់ប្រជាពលរដ្ឋក៏ដូចជាពីសហគមន៍អន្តរជាតិ។

ម្យ៉ាងទៀត ពួកគេមានបណ្តាញអង្គការសង្គមស៊ីវិលដែលក្នុង នោះ មានមួយចំនួនជាអង្គការខុសច្បាប់ដែលមានសន្តាន ប្រហាក់ប្រហែលគ្នាចាំជួយគាំទ្រនិងបន្ទរកាងពីក្រោយខ្នង ដោយ«ជ្រកក្រោមលេស ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងរកយុត្តិធម៌សង្គម» ។ ហេតុដូច្នេះហើយ ការជំរុញទាំងបំពានច្បាប់និងការហាមឃាត់របស់សមត្ថកិច្ចដែលមិនអោយធ្វើបាតុកម្ម ក៏ជាអ្វីដែលពួកក្រុម យុវជនជ្រុលនិយមនៃចលនា ឧទ្ទាមក្រៅច្បាប់នេះចង់
បាន​ដែរ។ ហេតុអ្វី?

ពីព្រោះនៅពេលដែលពួកគេបង្កការអុកឡុក ហើយអាជ្ញាធរ រារាំង ពួកគេក៏ «ខិតខំប្រឹងសម្តែងឈុតឆាកផ្សេងៗអោយដូចជាពិតមែនទែន» ដើម្បីឲ្យសាធារណៈមតិមើលឃើញថា អាជ្ញាធរបានប្រើអំពើហិង្សាទៅ លើពួកគេហើយមានក្រុមផ្សេងមួយទៀតរង់ចាំថតរូបកាត់ត បញ្ចូលសំលេងធ្វើអត្ថាធិប្បាយ ដោយមួលបង្កាច់ បំភ្លៃនិងបំភ្លើស ដើម្បីផ្សព្វផ្សាយបំភាន់និងបំពុលសង្គម។ គោលដៅចុងក្រោយដែលទាញចេញពីទង្វើបែបនេះ គឺគ្មានអ្វីក្រៅពីពួកគេចង់អូសក្រឡា រុញច្រានប្រទេសជាតិនេះឲ្យធ្លាក់ទៅក្នុងសភាពវឹកវរ ចលាចល ដូចនៅប្រទេសថៃ ឬដែនដី​ហុងកុងជាដើម។ គោលដៅសំខាន់មួយទៀតនៃការធ្វើចលនាទាំងបំពានច្បាប់របស់ក្រុមនេះគឺធ្វើយ៉ាងណាឲ្យប្រជាជនខ្មែរភ្លេច កូវីដ ១៩ ដើម្បីឲ្យមេរោគនេះឆ្លងរាលដាលចូលក្នុងសហគមន៍ រហូតដល់អាជ្ញាធរទប់លែងជាប់ហើយពួកគេមានលេសបន្ទោស និងចោទប្រកាន់ទំលាក់កំហុសថា រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន អសមត្ថភាព និងបណ្តោយឲ្យកូវីដឆ្លងច្រើន ក្នុងសហគមន៍និងសម្លាប់ពលរដ្ឋខ្មែរក្នុងករណីដែលមានអ្នកស្លាប់។ នៅពេលដែល មានមនុស្សស្លាប់ដោយសារកូវីដ-១៩ ហើយប្រសិនបើសេដ្ឋកិច្ចកម្ពុជា រងផលប៉ះពាល់ខ្លាំង ពួកគេនឹងមានឱកាសកាន់តែច្រើនដើម្បីជាន់ពន្លិចរដ្ឋាភិបាល។

ប៉ុន្តែ ខ្ញុំយល់ថា ល្បិចកលទាំងអស់នេះ ទោះបីជាមានចរឹក លក្ខណៈទុច្ចរិតនិងពិសពុល យ៉ាងណាក៏ដោយ ក៏មិនអាច រំលងពីក្រសែភ្នែករបស់អាជ្ញាធរ រដ្ឋាភិបាលបានឡើយ។ ទោះបីជាពួកគេខិតខំបន្លំខ្លួនដោយជ្រកក្រោមស្លាកអង្គការ សង្គមស៊ីវិល ឬបន្លំធ្វើជាសកម្មជនការពារបរិស្ថាន សកម្មជនការពារព្រំដែន ឬសកម្មជនរកយុត្តិធម៌សង្គមយ៉ាងណាក៏ដោយ ក៏មិនអាច បិទបាំងមុខមាត់និងធាតុពិតរបស់ពួកគេបានដែរ។

ប្រភពពីអាជ្ញាធរមានសមត្ថកិច្ចក៏បានប្រាប់អ្នកនយោបាយតុកាហ្វេផងដែរថា វិធានការ ចាំបាច់និងតឹងរ៉ឹងចំពោះក្រុមនេះ នៅតែបន្តធ្វើដោយមិនបន្ធូរដៃឡើយពីព្រោះអាជ្ញាធរយល់ ឃើញថា វិធានការទាំងនេះគឺ ដើម្បីការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋទូទៅ។ ដូច្នេះ ទោះជាក្នុងតម្លៃណាក៏ដោយ និងទោះជាក្រុមនេះនិងបក្សពួករបស់គេនិយាយយ៉ាងណាក៏ដោយ ក៏មិនសំខាន់ជាងសេចក្តីសុខ របស់ប្រជាពលរដ្ឋនិងសង្គមជាតិ ទាំងមូលដែរ។

លេសរបស់ពួកដែលកំពុងជំរុញចលនាអុកឡុកនេះគឺចោទថា៖

-រដ្ឋាភិបាលផ្តាច់ការ ! ប៉ុន្តែសួរថា បើផ្តាច់ការចំពោះជនមួយក្តាប់តូចដើម្បីការពារសេចក្តីសុខ របស់ពលរដ្ឋខ្មែរទូទាំងប្រទេស តើមានអ្វីត្រូវរារែកមិនហ៊ានធ្វើនោះ?
-ពួកគេចោទរដ្ឋាភិបាលថា រំលោភសិទ្ធិមនុស្ស! ប៉ុន្តែ ចំណាត់ការចំពោះមនុស្សមួយក្តាប់តូចដែលចាំតែបង្កការញុះញង់និងអុកឡុកក្រឡុកសភាពការណ៍ប្រទេសជាតិ ជាថ្នូរនឹងការការពារសិទ្ធិមនុស្សមួយប្រទេសឲ្យរស់នៅក្នុងសុខ សន្តិភាព តើមួយណាសំខាន់ជាង?
-ពួកគេស្រែកថារដ្ឋាភិបាល បំបិទសិទ្ធិក្រុមបាតករ ! ប៉ុន្តែការបំបិទសិទ្ធិមនុស្សមួយក្តាប់តូចដែលបំពានច្បាប់និងបំពានលើ សិទ្ធិអ្នកដទៃដើម្បីការពារសិទ្ធិនិងសេរីភាពរបស់មនុស្សមួយប្រទេសឲ្យធ្វើបុណ្យទានដោយ ស្ងប់ស្ងាត់និងអាចដើរហើរ សប្បាយដោយសេរីដោយគ្មានការភ័យខ្លាច តើមានអ្វីដែលខុសឆ្គងនោះ?

ខ្ញុំយល់ថា រដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន គឺជារដ្ឋាភិបាលដែលបានកើតចេញពីការបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋជាង ៨៣% ហើយរដ្ឋាភិបាលនេះពិតជាមាននិត្យានុកូលភាពពេញលេញតាមផ្លូវច្បាប់និងមានកាតព្វកិច្ចការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាការដឹកនាំអភិវឌ្ឍន៍ប្រទេសទៅតាមគោលនយោបាយដែលបាន ដាក់ចេញមុនពេលបោះឆ្នោត។ ក្នុងន័យនេះ ប្រការដែលអាជ្ញាធរ រដ្ឋាភិបាលនេះមិនអនុញ្ញាតជាដាច់ខាតអោយជនណាឬក្រុមណាក៏ដោយដែលធ្វើសកម្មភាព បំផ្លិចបំផ្លាញសណ្តាប់ធ្នាប់សាធារណៈ បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងជាពិសេសបំផ្លាញសន្តិសុខជាតិគឺជាការ សំរេចចិត្តដ៍ត្រឹមត្រូវស្របច្បាប់និងជាពិសេសស្របស្ថានភាពដែលប្រទេសជាតិកំពុងប្រឈមមុខពុះពារដោះស្រាយបញ្ហានិងផលប៉ះពាល់ដែលជាបច្ច័យនៃជម្ងឺរាតត្បាតជា សាកលកូវីដ-១៩។

ដូច្នេះ អ្វីដែលនៅពីក្រោយចលនាបាតុកម្មណាមួយ ឬក៏សកម្មភាព ឬសេចក្តីថ្លែងការណ៍ណាមួយដែលមានចរិតបំផ្លិចបំផ្លាញដូចបានលើកឡើងខាងដើម ចាំបាច់ត្រូវតែរងវិធានការក្តៅតាមផ្លូវច្បាប់ពីព្រោះការបណ្តែត​បណ្តោយឲ្យក្រុមនេះ រឺក្រុមនោះធ្វើបាតុកម្ម រឺសកម្មភាពក្រោមខ្សែញាក់របស់ពួកឧទ្ទាមក្រៅច្បាប់រឺចៅហ្វាយ បរទេស វាពិតជាប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់អធិបតេយ្យជាតិនិងភាពសុខសាន្តរបស់ប្រជាជាតិនិងប្រជាជនខ្មែរយើង៕

ដោយ៖ អ្នកនយោបាយតុកាហ្វេ

 

ចែករំលែក

បញ្ចេញយោបល់