របៀប​ខ្មែរ​បួងសួង​គឺ​មិន​គួរ​ណា​ខ្វះ​ «បាយស្រី» ​និង «ទង់​ក្រពើ​» ឡើយ​

ថ្ងៃសុក្រ ទី ២៤ កុម្ភៈ ២០១៧​
689

ក/ ជំនឿ

អំពីបាយស្រី

យាយយាយរៀបចំរណ្តាប់បាយសីធ្វើអំពីចេក

ចេក មិនត្រឹមតែជារុក្ខជាតិដែលកូនខ្មែរសុទ្ធតែស្គាល់នោះទេប៉ុន្តែវាមានរឿងអាថ៌កំបាំងដ៏គួរឲអស្ចារ្យនៅពីក្រោយខ្សែភ្នែកធម្មតារបស់យើង។ បុព្វបុរសខ្មែរដែលមានចំនេះដឹងជ្រៅជ្រះបានបង្កើតឧបករណ៍ម្យ៉ាងដោយប្រើរុក្ខជាតិចេកឲចេញជារាងដូចជាប៉បទាបខ្ពស់តម្រៀបជាប់ៗគ្នាតាមលំដាប់លំដោយតុបតែងយ៉ាងល្អល្អះហាក់ដូចជាកំពូលប្រាង្គប្រាសាទ (តំណាងឲទ្វីប) មានសមត្ថភាពដូចជាមេដែកឆក់ទាញយកកំលាំងលោកធាតុមកប្រមូលផ្តុំដោយថាមពលពិសេសមើលនឹងភ្នែកទទេរមិនឃើញទាក់ទងទៅនឹងចក្រវាល និងពិភពអរូប។ ដូឆ្នេះហើយទើបបានជាដូនតាខ្មែរជ្រើសរើសរុក្ខជាតិចេកមកកែឆ្នៃជាគ្រឿងសក្ការៈពិសេសម្យ៉ាងដាក់នាមថា «បាយស្រី» ឫស្គាល់ទូទៅថា «បាយសី»។

រណ្តាប់បាសី និងទង់ក្រពើសម្រាប់ទេវតា។

បាយសីនេះបើបំបែកជាពាក្យរាយនោះមកពីពាក្យថា បាយ + ស្រី។ បាយ គឺជាព្រះមេ  ព្រះមេ គឺជាព្រះភូមិនាគក្បាល៩ ដែលជួយឲស្រុកខ្មែរសម្បូរទឹកធ្វើស្រែចំការ។ ស្រី មកពីពាក្យសំស្ក្រឹត«श्री» ឫ «ឝ្សី» សរសេរតាមខ្មែរបុរាណ មានន័យថា ឧត្តុងឧត្តម ខ្ពង់ខ្ពស់ភាគច្រើនប្រើជាគោរមងា នាំឲនាម «បាយស្រី» អាចប្រែបានថា «ព្រះមេនាគដ៏ឧត្តុងឧត្តម» ជាការសំគាល់ដល់គ្រឿងសក្ការៈធ្វើអំពីរុក្ខជាតិចេករបស់ខ្មែរប្រើជាឧបករណ៍ទំនាក់ទំនងក្នុងប្រព័ន្ធព្រលឹងបានដោយស័ក្តសិទ្ធិ។ បាយស្រីគឺជាមធ្យោបាយធ្វើការទំនាក់ទំនងនឹងពពួកអរូបទាំងឡាយរួមទាំងអទិទេេពផង។ ទោះជាយ៉ាងណាហេតុអ្វីបាយស្រីជារណ្តាប់សក្ការៈសំខាន់មិនអាចខ្វះបានក្នុងប្រព័ន្ធជំនឿរបស់ខ្មែរ? វាមិនខុសពីអ្វីដែលខ្ញុំបានរៀបរាប់ត្រួសៗខាងលើនោះទេ ពាក្យថាបាយស្រីនេះ ជាការពិតគឺតំណាងឲព្រះមេនាគ ដែលជាព្រះបឋមវីរៈក្សត្ររបស់នគរគោកធ្លកនេះឯង។ ព្រះនាងគឺជាទេពមាតានៃកូនចៅខ្មែរ និងទ្រង់មានធាតុទឹក និងព្រះច័ន្ទ (រាត្រី) ដូឆ្នេះហើយទើបព្រះនាងមាននាមថា សោមា មានន័យថាព្រះច័ន្ទនោះឯង។  បិតារបស់ទ្រង់ជាស្តេចក្រុងពាលី បានស្រូបយកទឹកសមុទ្រដើម្បីពង្រីកជានគរមានទំហំសមរម្យមួយថ្វាយព្រះនាងនាគ និងព្រះស្វាមីសម្រាប់ការគ្រប់គ្រងក្នុងសម័យហ្វូណន (វ្នំ) បង្កើតបានជាត្រកូលក្សត្រមួយហៅថា«សោមវង្ស»។ ហេតុនេះហើយទើបមុនពេលចាប់ផ្តើមធ្វើកិច្ចអ្វីមួយនៅលើទឹកដី សុវណ្ណភូមិ (អតីតនគរគោកធ្លក)

នេះគឺតម្រូវឲធ្វើការបួងសួងរំលឹកទៅដល់ស្តេចក្រុងពាលីជាម្ចាស់ទឹកដីនេះឯង។ ទោះជាយ៉ាងណាពាក្យ ថា «នាគ» គឺបានមកពីពាក្យសំស្ក្រឹត «नाग» អានថា ណាគារ៉ា ឫ នាគបើសរសេរបែបខ្មែរនិយមដែលមានន័យថា «ពស់» ក្នុងភាសាខ្មែរ។ ពស់នេះត្រូវបានតុបតែងសំអាងក្នុងជំនឿសាសនាព្រះពុទ្ធ និងសាសនាព្រាហ្មណ៍ ថាជាសត្វ «នាគ» មានឫទ្ធិអំនាចអធិធម្មជាតិ។ នាគ ជាទេពសត្វមានមហិទ្ឋិឫទ្ធិលើសពីសភាវៈសត្វពស់ទូទៅ វាអាចរស់នៅទាំងក្នុងទឹកប្រៃ និងទឹកសាប។ នាគ មិនគ្រាន់តែជាទេពសត្វ តែជានិមិត្តរូបនៃភាពសម្បូសប្បាយហូរហៀរ និងជាសេចក្តីសង្ឃឹមរបស់ជនជាតិខ្មែរ។ ដូចទំនាយដែលយើងចងចាំគ្រប់គ្នាថា«នាពេលណានាគចេញមក ស្រុកខ្មែរនឹងរុងរឿងជាអារ្យប្រទេសមួយដ៏អស្ចារ្យ»។

អំពីទង់ក្រពើ

នាងគង្ហីង និងសត្វក្រពើជាជំនិះ

ចាស់បុរាណខ្មែរមានជំនឿទៅលើសត្វក្រពើណាស់ ដូចយ៉ាងសត្វក្រពើភ្នំ គឺខ្មែរចាត់ទុកជា អ្នកតាភ្នំដ៏ស័ក្តសិទ្ធិ ពោរពេញដោយអំនាចទាំងលើគោក និងនៅក្នុងទឹក។ ជំនឿនេះនៅមាននៅឡើយសម្រាប់បងប្អូនខ្មែរដើមរស់នៅតាមព្រៃភ្នំ។ ចំណែកឯខ្មែររស់នៅក្នុងសង្គមវប្បធម៌ជឿនលឿនកាន់លទ្ធិសាសនាវិញ ក៏យើងនៅអង្កេតឃើញថាសត្វក្រពើត្រូវបានគេរំលេចឡើងជាជំនិះរបស់នាងគង្ហីងក្នុងពេលព្រះនាងបានចេញមកធ្វើជាសាក្សីចំពោះការត្រាស់ដឹងរបស់ព្រះសាមណគោត្តមជាព្រះពុទ្ធ ក៏ដូចជារឿងព្រះចង្ហាន់ហុយដែលនិយាយដល់តួរអង្គសត្វក្រពើជ្រះថ្លាស្ម័គ្រជាជំនិះរបស់ព្រះសង្ឃដើម្បីនិមន្តបិណ្ឌបាតតាមផ្លូវទឹក ក្នុងគម្ពីសាសនាខ្មែរជាដើម។ ទោះជាយ៉ាងណាយើងក៏ប្រទះឃើញមានរឿងនិទានមួយបាននិយាយដល់ភាពរមិលគុណរបស់សត្វក្រពើគឺរឿង «ក្រពើ និងអ្នកបររទេះ» និងរឿងក្រៃថោង ក្រពើឆារ៉ាវណ្ណជាដើម យោងឲខ្មែរជំនាន់ក្រោយភ័នសតិលើសភាវៈគត់មត់របស់សត្វដ៏មានឫទ្ធិនេះថាជាសត្វតិច្ឆានឥតស្គាល់គុណទោសទៅវិញ។

ទង់ក្រពើមានប្រើក្នុងពិធីបុណ្យសពរបស់ព្រះមហាក្សត្រក្នុងពេលកន្លងមក។

ដោយឡែកបើយើងពិនិត្រមើលឯកសារប្រវត្តិសាស្ត្រ លោក ជីវតាក្វាន់ បេសកជនចិនមកកាន់អង្គរលោកក៏បាននិយាយដល់ជំនឿលើសត្វក្រពើរបស់ជនជាតិខ្មែរកាលសម័យនោះផងដែរ។ ចំពោះពាក្យ «ក្រពើ» នេះបើយកភាសាសំស្ក្រឹតមកជំនួសក៏ត្រូវនឹងពាក្យថា «मकर» អានថា ម៉ាការ៉ា ឫ «មករ៌» បើសរសេរបែបខ្មែរនិយម។ មករ៌នេះបើក្នុងជំនឿសាសនាហិណ្ឌូ (ព្រាហ្មណ៍) របស់ឥណ្ឌាដែលក្រោយមកបានឆ្លងចូលមកកាន់ស្រុកខ្មែរនោះ គឺជាសត្វសមុទ្រមានរូបរាងជាពហុសត្វផ្សំចំលែកផ្សេងៗគ្នាមានជាក្បាលដំរី ខ្លួនត្រីជាដើម តែពេលខ្លះគឺមានរូបជាសត្វក្រពើច្បាស់តែម្តង។ សត្វនេះគឺតំណាងឲធាតុភ្លើង គឺព្រះអាទិត្យនោះឯង ហើយក៏តំណាងឲត្រកូលក្សត្រ «សូរ្យវង្ស» នៃសន្តតិវង្សចេនឡា (ក្រោយមកក្លាយជាចេនឡាដីគោក)។ មកដល់ចំនុចនេះខ្ញុំក៏នឹងលើកយករឿងមួយចំនួន ផងដែរអំពី «ក្រពើ»។ យើងគ្រប់គ្នាទោះជឿ ឫមិនជឿក៏សុទ្ធ តែធ្លាប់លឺថាខ្មែរយើងមានម្តាយដើមជាសត្វនាគ ប៉ុន្តែយើងគួរណាស់ក៏ចាប់ភ្លឹកផងដែរថាហេតុអ្វីពេលស្លាប់ទៅបែរជាដោត ទង់សត្វក្រពើទៅវិញ?ចុះចំពោះការហៅគ្នាថា «អាក្រពើវង្វេង បឹង» ឫ «ជ្រុលក្បាលក្រពើ» ជាដើមមានន័យបង្កប់យ៉ាងណាដែរ?។ បើទោះជាឃ្លាទាំងនេះសំដៅលើសភាវៈអវិជ្ជ មានក្តីក៏ប៉ុន្តែវាហាក់ដូចជាសំដៅលើអំពើរបស់មនុស្សខ្មែរយើងនោះឯង។ ភ័ស្តុតាងដែលយើងតែងអង្កេតឃើញទៀតនោះគឺដូចជាការដោតទង់ក្រពើពណ៌ស (ដូចបានធ្លយនៅខាងលើបន្ទាត់)នៅខាងមុខផ្ទះដើម្បីសំគាល់ថាមានមនុស្សខ្មែរស្លាប់ជាដើម។ ក្រៅពីរឿងតំណាលផ្សេងៗគ្នាដកស្រង់ចេញពីគម្ពីព្រះពុទ្ធសាសនាដែលដូនតាខ្មែរបង្កើតឡើង (មានតែក្នុងគម្គីសាសនាខ្មែរ) ដែលលោកអាចារ្យចេះដឹងតៗរៀងមក តើការដោតទង់ក្រពើពណ៌ចម្រុះពេលធ្វើបុណ្យទាន ការតំកល់ទង់ក្រពើនៅតាមទីវត្តអារាម និងទីសក្ការៈនានា ដែលប្រពៃណីនេះគឺគ្មានទេនៅក្នុងប្រពៃណីព្រះពុទ្ធសាសនារបស់បណ្តាជនជាតិដ៏ទៃ អាចមានជាប់ទាក់ទងទៅនឹងសន្តតិវង្សសូរ្យវង្សដែរឫទេ?។
ព្រះបាទសូរ្យវរ្ម័នទី២ ជាទេវក្សត្រកសាងប្រាសាទនគរវត្ត ដែលកំពុងតែគង់ជាមួយនឹងពពួកអទិទេព ទ្រង់ប្រហែលជាបានជោគជ័យក្នុងការបញ្ចុះបញ្ចូលព្រះនរាយឲទទួលយកតំលៃនៃការប្រឹងប្រែងរបស់ជាតិខ្មែរដែលខិតខំសាងសង់ប្រាសាទនគរវត្តដ៏អស្ចារ្យលើផែនដី។ ហើយទង់ក្រពើត្រូវបានចុះក្នុងបញ្ជីអទិទេពដើម្បីទទួលស្តាប់ការបួងសួងរបស់ជនជាតិខ្មែរដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងការកសាងបណ្តាមហាប្រាសាទថ្មនានាដើម្បីចំលងផែនទីមេឃដ៏សុក្រឹត្តមួយជារាងផ្កាយក្រពើ (តំណាងឲជនជាតិខ្មែរ) សម្រាប់សម្តែងការដឹងគុណ និងបូជាយ៉ាងមុតម៉ាំចំពោះអទិទេពសម្រាប់ការផ្លាស់ប្តូរក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនតាមរយៈការស្មឹងស្មាធក្នុងកិច្ចអធិដ្ឋាននានាខណៈខ្លួនកំពុងមានជីវិតដោយដោតទង់ក្រពើសំគាល់ថាខ្លួនជាកូនចៅអ្នកស្នងមរតកដ៏អស្ចារ្យនេះ។ នៅក្នុងព្រះពុទ្ធសាសនាខ្មែរទៀតសោតក្រៅពីរឿងនាគជ្រះថ្លាក្នុងព្រះពុទ្ធសាសនាដូចជាវត្តមាននាគចេញមកបាំងខ្យល់បាំងភ្លៀងការពារព្រះពុទ្ធ(ជនជាតិខ្មែរជឿថាព្រះពុទ្ធប្រក់នាគគឺមានបារមីខ្លាំងជាងព្រះពុទ្ធណាណាទាំងអស់)   រីឯតួរអង្គសត្វក្រពើក៏ត្រូវបានរំលេចឡើងធ្វើជាយានរបស់ព្រះមេគង្ហីងធរណីសាក្សីនៃការត្រាស់ដឹងរបស់ព្រះពុទ្ធផងដែរដូចមានកសបញ្ជាក់ខាងលើស្រាប់។

ព្រះនរាយគង់លើមករ៍ ចំលាក់ប្រាសាទព្រះខ័ន

រឿងដែលគួរចាប់អារម្មណ៍បំផុតនោះគឺតួនាទីដ៏កម្ររបស់មករ៍ដែលក្នុងទឹកដីខ្មែរបានក្លាយខ្លួនជាក្រឡាបន្ទំរបស់ព្រះនរាយ (វិស្ណុ) ដែលតាមសាសនាហិណ្ឌូថាព្រះអង្គគឺផ្ទំលើសត្វនាគតែមួយប៉ុណ្ណោះ។ ទណ្ហីករណ៍នេះអាចនាំឲយើងសន្មត់ថា មករ៍ និងនាគទោះតិច ក្តីច្រើនក្តី គឺមានតួនាទីសំខាន់យ៉ាងស៊ីជម្រៅក្នុងប្រព័ន្ធជំនឿរបស់ខ្មែរប្រហាក់ប្រហែលគ្នា។ រួចចុះហេតុអ្វីបានជាដូនតាខ្មែរបុរាណបែរជាឆ្លាក់រូប«មករ៍លេបនាគ» ធ្វើជាបង្កាន់ដៃស្ពានឥន្ធនូទៅវិញ? ហើយរឿងរ៉ាវមករ៍លេបនាគនេះគឺបែរជារកមិនឃើញក្នុងគម្ពីសាសនាព្រាហ្មណ៍ ឫព្រះពុទ្ធសាសនានៅឥណ្ឌាទេ។

អំពីមករ៍លេបនាគ

រឿងរ៉ាវសត្វមករ៍លេបនាគ គេតែងប្រទះឃើញសិល្បៈករឆ្លាក់នៅតាមទីសក្ការៈក្នុងប្រទេសកម្ពុជា ថៃ ឡាវ ដែលមានមូលដ្ឋានគ្រិះវប្បធម៌ឥណ្ឌាដុះចេញពីវប្បធម៌ខ្មែរ។

មករ៌លេបនាគសិល្បៈថៃ

មករ៍លេបនាគ គឺត្រូវបានគេប្រទះឃើញតំបូងក្នុងសិល្បៈសម័យអង្គរបន្ទាប់ពីរាជវង្សធំៗពីរដែលកាន់កាប់នៅចេនឡាដីគោក និងចេនឡាទឹកលិចរួបរួមគ្នា។

សិល្បៈករឆ្លាក់មករ៍ចេញជាក្បាច់រចនានៅនឹងកនាគខាងមុខប្រាសាទនគរវត្ត

ចេនឡាទឹកលិចមានខ្សែស្រលាយចេញពី ត្រកូលក្សត្រ«សោមវង្ស » (ព្រះច័ន្ទ) រីឯចេនឡាដីគោកមានខ្សែស្រលាយចេញពីត្រកូល«សូរ្យវង្ស» (ព្រះអាទិត្យ) ។ ក្រោយពីវង្សក្សត្រទាំងពីរនេះរួបរួមគ្នា បានធ្វើឲប្រទេសខ្មែរទាំងមូលស្គាល់ភាពថ្កុងថ្កើងរុងរឿងអស់កាលរាប់រយឆ្នាំ។ តើអាចទេថា រឿងមករ៌លេបនាគ ឫ ក្រពើលេបពស់ ឫ ព្រះអាទិត្យ លេបព្រះច័ន្ទ គឺជានិមិត្តរូបនៃការរួបរួមអំនាចរបស់អ្នកការពារ (វរ្ម័ន) ដ៏អស្ចារ្យ?។ ប្រហែលបែបនេះហើយទើបព្រះបាទសូរ្យវរ្ម័នទី២ បានកសាងស្ពានឥន្ធនូចូលទៅកាន់លំនៅរបស់អធិអទិទេពនរាយ(ប្រាសាទ នគរវត្ត) ឲសិល្បៈកររៀបចំបង្កាន់ដៃជាមានរចនាបទជាមករ៌លេបនាគតំណាងឲមគ្គុទេសទេវលោក។ ប៉ុន្តែទស្សនៈនេះអាចផ្តល់ភាពវិជ្ជមានច្រើនចំពោះរឿងរ៉ាវពីអតីតកាលព្រោះ«ការលេប» គឺជាជាឥរិបទនៃការចាប់បង្ខំក៏អាចថាបានដែរ។ ប៉ុន្តែទោះជាយ៉ាងណាយើងអាចយល់បានថា សត្វនាគដែលគ្មានជើងតែងក្លាយជាចំនីរបស់សត្វគ្រុឌ (ពួកជ្វា និងថៃ) តែបើរួមកំលាំងជាមួយនឹងសត្វមករ៍ដែលមានក្រយ៉ាំក្រចកដ៏មុតស្រួច អាចជួយជាអាវុទ្ធសង្គ្រោះខ្លួនចេញពីការគំរាមកំហែងរបស់សត្រូវបានយ៉ាងប្រសព្វ។

នៅប្រសាទប្រាំបាណន់ កោះជ្វា ប្រទេសឥណ្ឌូនេស៊ី មករ៌ត្រូវបានឆ្លាក់ជាបង្កាន់ដៃប្រាសាទ ប៉ុន្តែមិនមានលេបនាគទេ។

សន្និដ្ឋាន

ហេតុដូចបានពន្យល់ខាងលើនេះបានជាជនជាតិខ្មែរយើងប្រកាន់យកបាយសី និងទង់ក្រពើជារណ្តាប់សក្ការៈ សម្រាប់ការបូជាគឺមិនមែនគ្រាន់តែជាការបង្ក្រប់កិច្ចនោះទេតែជាកើតចេញពីប្រវត្តិពង្សាវតារបស់ខ្លួន និងចំនេះដឹងតារាសាស្ត្រដែលអ្នកប្រាជ្ញខ្មែរជំនាន់នោះបង្កើតឡើងដើម្បីភាពសុខក្សេមក្សាន្តរបស់ជាតិសាសន៍របស់ខ្លួន។ បែបនេះហើយយើងក៏គួរចងចាំដែលថា សូរ្យវង្ស និង សោមវង្ស គឺជាវង្សក្សត្ររបស់ខ្មែរដែលបានដឹកនាំកសាងមហានគរល្បីរន្ទឺពេញពិភពលោក ចំនេះដឹងរបស់លោកហាក់បានភ្លេចភ្លាំងដោយកូនចៅជំនាន់ក្រោយដោយសារពេលវេលា និងស្ថានភាពសង្គ្រាម។ ទោះជាយ៉ាងណាកូនចៅជំនាន់ក្រោយមិនគួរមើលរំលងលើបញ្ញាញាណរបស់ដូនតាខ្លួនឡើយ យើងគួរព្យាយាមយកចិត្តទុកដាក់សិក្សាស្វែងយល់ ស្រាវជ្រាវបន្ថែមដើម្បីនាំយកភាពរុងរឿងរបស់ខ្លួនត្រលប់មកវិញ។ សរុបសេចក្តីមកការរៀបរណ្តាប់សក្ការៈបាយសី និងទង់ក្រពើ គឺទី១ដើម្បីរំលឹកទៅដល់វង្សក្សត្រពីរ គឺសូរ្យវង្ស និងសោមវង្សដែលបានរួបរួមគ្នាគ្រប់គ្រងដែនដីសុវណ្ណភូមិនេះឲសម្បូសប្បាយថ្កុងថ្កើង។ ទី២ គឺជារបកគំហើញដែលដូនតាខ្មែរបានរកឃើញចេញពីពិភពធម្មជាតិលើផែនដីនេះដើម្បីបង្កើតចរន្តទាក់ទងទៅកាន់ចក្រវាលនាំឲការបួងសួងរបស់ខ្លួនបានដល់ទៅពពួកអរូបនិងអទិទេព។

បាយសីធ្វើពីក្រដាស់និងឈើត្រូវបានប្រើបង្គ្រប់កិច្ចជំនួសឲរុក្ខជាតិចេកនាពេលបច្ចុប្បន្ន។

បែបនេះហើយទើបខ្មែរសង់បង្កាន់ដៃចូលប្រាសាទ ឫវត្តជាសត្វមករ៌ (ក្រពើ) លេបនាគ តំណាងអោយជាគ្រឿងចំលងទៅកាន់ឋានសួរគា៌។ នាគ (សោមវង្ស/វង្សព្រះចន្ទ)ត្រូវការ មករ៌ (សូរ្យវង្ស/វង្សព្រះអាទិត្យ) ជាការរួបរួមដើម្បីរក្សាលំនឹងផែនដី និងបង្ករបានជាភាពរុងរឿងថ្កុងថ្កើងឡើង។

បែបនេះហើយទើបខ្មែរសង់បង្កាន់ដៃចូលប្រាសាទ ឫវត្តជាសត្វមករ៌ (ក្រពើ) លេបនាគ តំណាងអោយជាគ្រឿងចំលងទៅកាន់ឋានសួរគា៌។ នាគ (សោមវង្ស/វង្សព្រះចន្ទ)ត្រូវការ មករ៌ (សូរ្យវង្ស/វង្សព្រះអាទិត្យ) ជាការរួបរួមដើម្បីរក្សាលំនឹងផែនដី និងបង្ករបានជាភាពរុងរឿងថ្កុងថ្កើងឡើង។

ប៉ុន្តែស្តេចខ្មែរសម័យក្រោយអង្គរបែរជាភ្លេចភ្លាំងបន្តមានទំនាស់ចង់ឈ្នះចាញ់នឹងគ្នា ដូចប្រាស្នាអ្នកប្រាជ្ញបុរាណបានលើកឡើងក្នុងរឿងនាងក្រពុំឈូក(នាងនាគ)ថា៖ នាងត្រូវបានសត្វក្រពើលេប ហើយ ព្រះបាទចន្ទរាជា(សោមវង្ស/ក្រកូលនាគ) យកឈ្នះវិញដោយបានសំលាប់ក្រពើ (សូរ្យវង្ស) វះពោះយកស្បែកឆ្កាងឡើងទុកជាការសងសឹកទៅវិញ (នឹងមានការពិស្តាររឿងនេះនាពេលក្រោយ)។

ដោយឡែកខាងក្រោមនេះគឺជាការអធិប្បាយពន្យល់បែបវិទ្យាសាស្ត្រ ដែលដូនតាខ្មែរបានស្វែងយល់។

ខ/ពន្យល់
ផ្នែកលើមូលដ្ឋានគ្រិះនេះហើយយើងអាចវិភាគបានថាអ្នកប្រាជ្ញខ្មែរបានសំយោគអំពីជំនឿរបស់ខ្មែរស្រាប់លាយនឹងសាសនាធំពីររបស់ឥណ្ឌា។ ទោះបីជារុក្ខជាតិមានធាតុដែលអាចឲយើងឆ្លងឆ្លើយនឹងព្រលឹងបាន ប៉ុន្តែវាបានត្រឹមកម្រិតទាបមានដូចជាព្រលឹងដូនតា អ្នកតាព្រៃភ្នំតែប៉ុណ្ណោះ មិនអាចមានលទ្ធភាពទៅដល់អទិទេពដែលមានអំនាចខ្ពស់ឡើយ បែបនេះហើយទើបដូនតាខ្មែរបានធ្វើការងារជាច្រើនដើម្បីសុំអាជ្ញាប័ណ្ឌផ្កាយក្រពើពីអទិទេពដើម្បីឲកូនចៅខ្មែរប្រើប្រាស់ប្រព័ន្ធផ្កាយរណបបុរាណនេះ។ ទីនេះខ្ញុំនឹងធ្វើការប្រៀបធៀបប្រព័ន្ធបន់ស្រន់របស់ខ្មែរជាមួយនឹងប្រព័ន្ធទូរស័ព្ទដែលមនុស្សសម័យថ្មីប្រើដើម្បីទំនាក់ទំនងគ្នា។

ធាតុផ្សំ៖

១/ មនុស្សខ្មែរ គឺជាកូនចៅនាគ ប្រើបាយសី(ទូរស័ព្ទ)ជាឧបករណ៍ដើម្បីនិយាយបួងសួង។ យើងអាចប្រើធូប ឫព្រះអគ្គីសម្រាប់ការតភ្ជាប់បាន។

២/ ទង់ក្រពើ  ឫអាចហៅថាអង់តែនក្រពើ ប្រើដើម្បីបញ្ជូនរលកសំលេងបន់ស្រន់បញ្ជូនទៅកាន់មូលដ្ឋានមេ (ប្រាសាទនគរវត្ត)។

៣/ប្រាសាទនគរវត្ត គឺជាមូលដ្ឋានមេក្នុងបន្គុុំប្រាសាទនៅតំបន់អង្គរទាំង៧២ (ផ្គុំចេញជារាងផ្កាយក្រពើ ឫភាសាបរទេសហៅថាផ្កាយនាគ)។ ប្រាសាទអង្គរវត្តមានកំពូលជាត្រីសូល៌ធ្វើអំពីលោហៈធាតុ ដែលមានថាមពលបញ្ជូនចរន្តសម្លេងបួងសួងទៅកាន់ផ្កាយក្រពើនៅលើមេឃបាន។ ត្រីសួល៌គឹជាគ្រឿងសំគាល់អោយអទិទេពព្រាហ្មណ៍ទាំងបីហើយមានអនុភាពបំផុត និងប្រហែលតំណាងអោយអទិទេពក្មេរ៌ទាំងបីដូចគ្នា។

៤/ ផ្កាយក្រពើ (ទង់ក្រពើលើមេឃ) គឺជាផ្កាយរណបទទួលពាក្យបួងសួងដែលបានបញ្ជូនចេញពីប្រាសាទនគរវត្ត (មូលដ្ឋានមេ) ឲបានទៅដល់អទិទេពផ្ទាល់។

អាណាចក្រ

បញ្ចេញយោបល់