លទ្ធផល​កំណាយ​បុរាណ​វិទ្យា​របស់ អាជ្ញាធរជាតិ​អប្សរា​និងសាលា​បារាំងចុង​បូព៌ានៅ​ប្រាសាទ​អកយំ

ថ្ងៃចន្ទ ទី ២៥ មេសា ២០១៦​
301

អកយំ ជាឈ្មោះប្រាសាទសង់អំពីឥដ្ឋមុនសម័យអង្គរ រាងសាជី (Pyramide) ស្ថិតនៅលើខឿនបីជាន់ មានទំហំ១០០ម៉ែត្របួនជ្រុងស្មើ កសាងឡើងក្នុងរាជព្រះបាទភវវរ្ម័ន ដែលឧទ្ទិសចំពោះទេព «កុម្ភីរេស្វរៈ» ក្នុងអំឡុងសតវត្សទី៦នៃគ.ស។ គេបានរកឃើញសិលាចារឹកចំនួនបីផ្ទាំងនៅក្នុងប្រាសាទនេះ គឺផ្ទាំងទី១នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងកើត ដែលបានបញ្ជាក់អំពីកាលបរិច្ឆេទស្ថិតក្នុងឆ្នាំ៦៧៤នៃគ.ស។ ផ្ទាំងទី២នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងត្បូង បញ្ជាក់កាលបរិច្ឆេទនាដើមសតវត្សទី៨ និងផ្ទាំងទី៣ជាអក្សរចារមួយខ្សែលើជើងទម្រកប់ក្រោមដីកាលលើកទំនប់បារាយណ៍ ដែលបង្ហាញអំពីកាលបរិច្ឆេទឆ្នាំ១០០១នៃគ.ស។ 

ជាមួយគ្នានោះ អាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមការងារវិទ្យាស្ថានសាលាបារាំងចុងបូព៌ា (EFEO) បានធ្វើកំណាយជាថ្មីម្តងទៀតនៅប្រាសាទអកយំកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមគម្រោងកំណាយស្រាវជ្រាវរបស់ MAFKATA (ក្រុមការងារបេសកម្មបុរាណវិទ្យាខ្មែរបារាំងសម្រាប់ការស្រាវជ្រាវពីការរៀបចំក្រុងនៅតំបន់អង្គរ) ដើម្បីសិក្សាបន្ថែមលើការចាក់បង្គរស្រទាប់ដី ហើយគម្រោងនេះបានបញ្ចប់ទៅកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៦។ 

លោកបណ្ឌិត Christophe Pottire អ្នកស្រាវជ្រាវនៃវិទ្យាស្ថានបារាំងចុងបូព៌ា (EFEO) បានប្រាប់ថា ក្នុងឆ្នាំ១៩៣២-១៩៣៥ លោក G.Trouvéគេបានធ្វើកំណាយម្តងរួចទៅហើយនៅប្រាសាទអកយំនេះ ហើយតាមរយៈការធ្វើកំណាយរបស់គាត់គឺបានសិក្សាលើហេដ្ឋារចនាសម្ពន្ធនិងសិល្បៈសំណង់។ ចំណែកការធ្វើកំណាយស្រាវជ្រាវរបស់គម្រោង MAFKATA នៃវិទ្យាស្ថានបារាំងចុងបូព៌ា (EFEO) ក្នុងឆ្នាំ២០០១, ២០១២ និង២០១៦នេះ ក៏រកឃើញដូចលើកមុនដែរ គ្រាន់តែបំពេញបន្ថែមទៅលើរបាយណ៍កំណាយស្រាវជ្រាវរបស់អ្នកមុនតែប៉ុណ្ណោះ ដោយសិក្សាលម្អិតលើស្រទាប់ដីតាមវិធីសាស្ត្រសម័យទំនើប ហើយក្នុងនោះក៏បានរកឃើញបំណែកភាជន៍និងបំណែកក្បឿងបន្តិចបន្តួចផងដែរសម្រាប់វិភាគ។ 

លោក Pottire បន្តទៀតថា តាមរយៈការធ្វើពិសោធន៍ធ្យូង Carbone14 (C14) បានបង្ហាញអំពីកាលបរិច្ឆេទនៅចន្លោះសតវត្សទី៦នៃគស ដែលជាកាលបរិច្ឆេទមុនកាលបរិច្ឆេទដែលបានបង្ហាញនៅលើសិលាចារឹកទាំង៣ផ្ទាំងនៅប្រាសាទអកយំទៅទៀត។ ចំពោះសភាពនៃប្រាសាទនេះតាំងពីឆ្នាំ១៩៣២មកដល់បច្ចុប្បន្ន កន្លែងខ្លះនៃប្រាសាទត្រូវពុកផុយដោយសារអាកាសធាតុ ធម្មជាតិ និងខ្លះទៀតកប់ក្នុងដី ព្រោះការហូរច្រោះដីនៃខ្នងបារាយណ៍ ព្រមទាំងការសាងសង់ទំនប់បារាយណ៍។ ដួច្នេះ ដើម្បីរក្សាប្រាសាទនេះបន្ត បន្ទាប់ពីគម្រោងកំណាយនេះចប់ហើយ ក្រុមការងារនឹងលុបកន្លែងកំណាយនេះវិញ ដើម្បីការពារប្រាសាទពីការពុកផុយដោយសារអាកាសធាតុនិងធម្មជាតិតទៅទៀត៕

 

716x266_IMG_7340 716x266_IMG_7324 716x266_IMG_7301 716x266_IMG_7395

ចែករំលែក

បញ្ចេញយោបល់