ក្រសួងសុខាភិបាល៖ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ២នាក់ទៀត និងអ្នកជំងឺ២នាក់ព្យាបាលជាសះស្បើយ

ថ្ងៃអាទិត្យ ទី ៩ សីហា ២០២០​
17

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជាសះស្បើយ០២នាក់ និងមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី០២នាក់។ អ្នកជំងឺថ្មីទាំង២នាក់រួមមាន៖
១៖ ជាស្ត្រីជនជាតិខ្មែរ ដែលជាក្រុមមួកខៀវ អង្គការសហប្រជាជាតិរបស់កម្ពុជា មានអាយុ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាក្រុមមួកខៀវ អង្គការសហប្រជាជាតិរបស់កម្ពុជា បានវិលត្រឡប់មកពីប្រទេសម៉ាលី មកកាន់កម្ពុជា ដែលលទ្ធផលវិភាគ វត្ថុសំណាកលើកទីប្រាំរបស់គាត់ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យជ័យជម្នះ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

២៖ ជាស្ត្រីជនជាតិកាណាដាអាយុ ៤១ឆ្នាំ រួមដំណើរមានកូនប្រុស០១នាក់ និងកូនស្រី០១នាក់ បានធ្វើដំណើរមកពីប្រទេស Ubekiztan ឆ្លងកាត់តាមឌូបៃ និងបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួនសរុប២៤៨នាក់ (ស្ត្រី ៤៩នាក់ និងបុរស ១៩៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ២១៧នាក់ (ស្រី៤៦នាក់ និងបុរស១៧១នាក់) និងអ្នកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជនមានចំនួនសរុប ៣១នាក់៕

ចែករំលែក

បញ្ចេញយោបល់