អភិបាលខេត្តរតនគិរី ចុះពិនិត្យនិងពង្រឹងកម្លាំងសមត្ថ កិច្ចការពារព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្ត្រខេត្ត

ថ្ងៃអាទិត្យ ទី ៩ សីហា ២០២០​
10

រតនគិរី៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ លោក ថង សាវុន អភិបាលខេត្តរតនគិរី អមដំណើរដោយអភិបាលរងខេត្ត មេបញ្ជការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានអញ្ជើញចុះពិនិត្យ និងពង្រឹងកម្លាំងជំនាញដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រឃុំប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ក្នុងគោលដៅពង្រឹងស្មារតីក្នុងការបំពេញតួនាទី ភារកិច្ចរបស់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែន ដែលកំពុងឈរជើងការពារបូរណភាពទឹកដី អធិបតីភាពជាតិ និងភារកិច្ចចម្បងសំខាន់ទៀតនោះគឺការបង្ការ និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងការចម្លងមេរោគកូវីដ-១៩។

លោក ថង សាវុន បានណែនាំដល់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ និងច្រករបៀងនានា ត្រូវអនុវត្តឲ្យបាននូវតួនាទី ភារកិច្ច និងគោលការណ៍ណែនាំអំពីវិធានការនានាពាក់ព័ន្ធនឹងការបង្ការ និងទប់ស្កាត់មេរោគកូវីដ-១៩ កុំឲ្យមានការចម្លងនៅកម្ពុជា។

លោក បានបន្តថា សមត្ថកិច្ចពាក់ព័ន្ធច្រកទ្វារត្រូវពង្រឹងការ គ្រប់គ្រង និងការត្រួតពិនិត្យមធ្យោបាយ និងអ្នក ដំណើរដែលដឹកទំនិញចេញចូលឆ្លងកាត់ព្រំដែនស្រប តាមវិធានការចត្តាឡីស័កដែលបានកំណត់ដោយក្រសួងសុខាភិបាលឲ្យបានម៉ត់ចត់ និងគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។ ចាត់វិធានការឲ្យបានតឹងរឹង និងម៉ឺងម៉ាត់ ដើម្បីបង្ការកុំឲ្យមានការលួចឆ្លងដែនខុសច្បាប់ក្នុងភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួន និងជំរុញផ្សព្វផ្សាយប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនឲ្យបង្កើនស្មារតីប្រុងប្រយ័ត្ន ការពារខ្លួនស្របតាមការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីកុំឲ្យមានមេរោគកូវីដ-១៩ ឆ្លងដល់សហគមន៍មូលដ្ឋាននៅកម្ពុជា៕

ចែករំលែក

បញ្ចេញយោបល់