លោក ឆាយ លាភា កោតសរសើរដល់មន្រ្តីរាជមន្ទីរដែលបានយកចិត្តទុកដាក់អនុវត្តសកម្មភាពការងារសម្រេចប្រកបដោយប្រសិទ្ធភាពខ្ពស់

ថ្ងៃព្រហស្បតិ៍ ទី ៦ សីហា ២០២០​
10

កំពង់ឆ្នាំង៖ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅផែនការឆមាសទី២ ឆ្នាំ២០២០ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង។

លោក ឆាយ លាភា ក៏បានបញ្ជាក់ទៀតថា ដោយមានភាពសាមគ្គី និងសហការការងារគ្នាបានល្អរយៈពេល៦ខែកន្លងមកនេះ មន្ទីរបានផ្តល់សេវាប្រកបដោយតម្លាភាព មិនលម្អៀង គ្មានការរើសអើង ចំពោះសេវាសាធារណៈ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការផ្តល់ស្លាកលេខយានយន្ត ប្រឡងយកប័ណ្ណបើកបរ ការផ្ទេរកម្មសិទ្ធ និងមានវិស័យជាច្រើនទៀតដែលមន្ទីរសម្រេចបានតាមផែនការសកម្មភាពដែលបានដាក់ចេញ។

លោក ឆាយ លាភា បានផ្តាំផ្ញើដល់មន្រ្តីជំនាញត្រូវបន្តចុះធ្វើការផ្សព្វផ្សាយតាមគ្រប់រូបភាពស្តីពីច្បាប់ចរាចរណ៍ដល់គ្រប់មូលដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង ឱ្យប្រជាពលរដ្ឋបានយល់ និងចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្រិតទាបបំផុតក្នុងឆ្នាំ២០២០នេះ។

លោកក៏បានធ្វើការផ្សព្វផ្សាយសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្ដីពីការការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងអំឡុងពេលឈប់សម្រាកចំនួន ៥ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកការងារសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិ ដល់មន្ត្រីរាជការផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់