លោក ម៉ែន វិបុល៖ សមិទ្ធផលថ្ងៃនេះ គឺជាសមិទ្ធផលថ្មីស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា

ថ្ងៃព្រហស្បតិ៍ ទី ៦ សីហា ២០២០​
11

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អាគារប៉ុស្តិ៍រដ្ឋបាលនគរបាល ឃុំខ្សែត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកអធិការដ្ឋាននគរបាលស្រុក លោកមេប៉ុស្តិ៍ លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការហិររញ្ញវត្ថុសាលាខេត្ត លោកប្រធានសភាពាណិជ្ជកម្មខេត្ត លោកអភិបាលអភិបាលរងស្រុក កំពង់រោទិ៍ លោកមេឃុំ ក្រុមប្រឹក្សាឃុំ អាជ្ញាធរដែនដីពាក់ព័ន្ធនឹងប្រជាពលរដ្ឋជាច្រើនរូបទៀត។

ថ្លែងទៅកាន់ប្រជាពលរដ្ឋទាំង៥០គ្រួសារ លោកអភិបាលខេត្ត បានលើកឡើងថា សមិទ្ធផលថ្មីដែលបានរៀបចំក្រុងពាលីសាងសង់នាព្រឹកនេះ គឺជាសមិទ្ធផលថ្មីមួយទៀតស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបម្រើឱ្យការការពារ សន្តិសុខ សុវត្ថិភាព និងការផ្តលសេវាជូនដល់ប្រជាពលរដ្ឋ។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានក្រើនរំឮកនិងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋនូវចំណុចសំខាន់ៗមួយដូចជា៖
១- បច្ចុប្បន្នភាពនៃអត្តសញ្ញាណកម្មគ្រួសារក្រីភាពដែលប្រជាពលរដ្ឋទទួលបាន នៅក្នុងខេត្តស្វាយរៀង ទាំងការបើកសាច់ប្រាក់ក្នុងជំហានទី១ និងជំហានទី២ ទៅតាមប័ណ្ណសមធម៌ដែលទទួលបាន។
២- ចូលរួមថែរក្សាអនាម័យខ្លួនប្រាណស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារជម្ងឺឆ្លងកូវីដ១៩។
៣- ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីបញ្ជៀសការគ្រោះថ្នាក់នៅលើដងផ្លូវ។
៤- ឪពុកម្តាយគ្រប់រូបត្រូវបន្តការអប់រំកូនចៅជៀសអោយឆ្ងាយពីគ្រឿងញៀន។
៥- ក្នុងរដូវវស្សានេះប្រជាពលរដ្ឋគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះធម្មជាតិផ្សេងៗ ដូចជា ខ្យល់កន្ត្រាក់ ផ្គររន្ទះជាដើម។
៦ – អាជ្ញាធរពាក់ព័ន្ធត្រូវបន្តចុះជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិឲ្យបានទាន់ពេលវេលា។

អំណោយដែលប្រជាពលរដ្ឋទាំង៥០គ្រួសារ ក្នុង១គ្រួសារទទួលបានក្រម៉ា១ ទឹកស៊ីអ៊ីវ១យួរ អំបិល១កញ្ចប់ សាប៊ូលុច១កញ្ចប់ ម៉ាស១០ អង្ករ១៥ គីឡូក្រាម និងថវិកា២០,០០០រៀល។

ចំពោះ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ ១៣នាក់ក្នុងម្នាក់ៗទទួលបានថវិកា៣០,០០០រៀល ថ្នាក់ដឹកនាំភូមិ៤២នាក់ក្នុងម្នាក់ៗទទួលបាន៣០,០០០រៀល ប្រជាការពារភូមិ១១នាក់ ក្នុងម្នាក់ៗទទួលបាន៣០,០០០រៀល កម្លាំងបុស្តិ៍នគរបាលឃុំខ្សែត៦នាក់ ក្នុងម្នាក់ៗទទួលបាន៣០,០០០រៀល និងឧបត្ថម្ភអង្ករសម្រាប់ប៉ុស្តិ៍នគរបាលឃុំខ្សែតចំនួន២បាវ ១០០គីឡូក្រាមផងដែរ៕

ចែករំលែក

បញ្ចេញយោបល់