កូនឈើប្រណិត១៣០០ដើម ត្រូវបានដាំនៅក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីអបអរសាទរបុណ្យរុក្ខទិវា

ថ្ងៃព្រហស្បតិ៍ ទី ៦ សីហា ២០២០​
6

ត្បូងឃ្មុំ៖ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងបរិស្ថានបៃតង នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងយុវជន ស.ស.យ.ក រួមគ្នាដាំកូនឈើប្រណិតចំនួន១៣០០ដើម ក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីអបអរក្នុងឱកាសប្រារព្ធពិធីបុណ្យរុក្ខាទិវា ៩កក្កដា ឆ្នាំ២០២០។

លោក ជាម ច័ន្ទសោភ័ណ ថ្លែងលើកឡើងថា រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកផ្គត់ផ្គង់កូនឈើ ហើយបានរួមគ្នាជាមួយមន្ត្រីរាជការ និងក្រុមយុវជន នាំយកកូនឈើមកដាំនាពេលនេះ គឺជាចូលរួមចំណែកទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុបានមួយផ្នែក គឺបណ្តាលមកពីកត្តាព្រៃឈើ នៃបរិស្ថានធម្មជាតិ។

លោកបន្ថែមថា ព្រៃឈើបានផ្តល់នូវភាពបៃតង ភាពស្រស់បំព្រង និងជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ ព្រមទាំងបានផ្តល់ផល ប្រយោជន៍ដទៃទៀត សម្រាប់សកលលោក និងប្រទេសយើងទាំងមូល។

លោក ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់គ្រប់មជ្ឍដ្ឋានទាំងអស់ ចូលរួមថែរក្សាការពារព្រៃឈើ ទប់ស្កាត់ការកាប់រានដុត ឈូសឆាយដីព្រៃឈើ ដើម្បីហ៊ុមព័ទ្ធយកដី ធ្វើជាកសិកម្មដោយខុសច្បាប់ ព្រមទាំងជំរុញឲ្យពលរដ្ឋដាំដើមឈើឲ្យបានច្រើន ដើម្បីលើកកម្ពស់បរិស្ថាន និងសម្រាប់ជាគុណប្រយោជន៍ ដល់សង្គមជាតិយើងទាំងអស់គ្នា។

សូមជម្រាបថា កូនឈើប្រណិតចំនួន១៣០០ដើម រួមមាន ក្រញូង ៤០០ដើម, ធ្នង់២០០ដើម, បេង ៣០០ដើម, ចន្ទគីរី ២០០ដើម, គីនីន១៥០ដើម និងក្ងោក៥០ដើម ត្រូវបានដាំលើផ្ទៃដីប្រមាណ៣.៥ហិចតា នៅតាមបណ្តោយមាត់ទន្លេសិប្បនិម្មិត និងតាមដងផ្លូវទីរួមខេត្ត ដើម្បីលម្អសោភ័ណភាព ផ្តល់ខ្យល់និងបរិយាកាសល្អ និងជាផ្នែកមួយនៃគម្របបៃតងផែនដី៕

ចែករំលែក

បញ្ចេញយោបល់