អ្នកវិភាគចៅចាក់ស្មុក៖ រ៉ុង ឈុន គ្មានជំនាញខាងព្រំដែនឡើយ ប៉ុន្តែតាំងខ្លួនជាអ្នកជំនាញព្រំដែនទៅវិញ

ថ្ងៃពុធ ទី ៥ សីហា ២០២០​
23

រ៉ុង ឈុន ដែលគេស្គាល់ថា ជាអ្នកញុះញង់បង្កចលាចលសង្គមបែបអាជីពនៅកម្ពុជា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្នពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួននៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងដោយញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុ ខសង្គមលើបញ្ហាព្រំដែនកម្ពុជា។ ហេតុអ្វីបានជា រ៉ុង ឈុន បើកសមរភូមិញុះញង់លើបញ្ហាព្រំដែន ខណៈជាតិ និងប្រជាជនទាំងមូលបាន និងកំពុងរួមកម្លាំងគ្នាទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និងការដោះស្រាយបញ្ហាជីវភាពពលរដ្ឋដែលងាយរងគ្រោះ និងរៀបចំផែនការយុទ្ធសាស្ត្រនានាដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩?

នេះមិនមែនជាភាពចៃដន្យឡើយ តែជាការរៀបចំផែនការទុករបស់ក្រុមជនក្រុមប្រឆាំងដើម្បីបង្កើតភាពវឹកវរក្នុងសង្គម និងឆ្លៀតឱកាសដុតកំហឹងពលរដ្ឋខ្មែរលើបញ្ហាព្រំដែន បន្ថែមលើបញ្ហាសង្គមមួយចំនួនដូចជាការបំពុលសង្គមលើបញ្ហាបំណុល បញ្ហាធនធានធម្មជាតិ ការប្រ ឆាំងនឹងការអភិវឌ្ឍទីក្រុងរណបនានាជុំវិញរាជធានីភ្នំពេញ ការប្រឆាំងនឹងវិនិយោគទុននិងបញ្ហាផ្សេងទៀត ក្នុងទិសដៅញុះញង់ឱ្យប្រជាពលរដ្ឋងើបបះបោរប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលដោយប្រើអំណាចប្រជាជន ស្របតាមទិសដៅ និងផែនការដែលបានដាក់ចុះដោយទណ្ឌិតរត់ចោលគុក សម រង្ស៊ី ដែលបានបំភ្លៃញុះញង់ពីក្រៅស្រុក។ មុនពេលមានការឃាត់ខ្លួននេះ លោក រ៉ុង ឈុន បានចុះទៅកាន់ ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ហើយបានចេញសេចក្តីថ្លែងការណ៍ញុះញង់ថា ការបោះបង្គោលព្រំដែនថ្មីរវាងកម្ពុជា-វៀតណាម បានចូលមកដីកម្ពុជា ប្រហែល៥០០ម៉ែត្រ។ ការចោទប្រកាន់នេះដែលត្រូវបានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ប្រកាសទាត់ចោលសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ដោយចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត និងបំផ្លើស។

តើ រ៉ុង ឈុន ពិតជាអ្នកស្នេហាជាតិ ដូចក្រុមជនវង្វេងជាតិមួយក្តាប់តូចស្រែកឡូឡាតាមដងផ្លូវមែនឬ?
ទី១៖ រ៉ុង ឈុន តែងតែទាមទារឱ្យរាជរដ្ឋាភិបាលគោរពច្បាប់ ប៉ុន្តែខ្លួនឯងគឺជាគីង្គក់លក់ថ្នាំស្រែង។ តាមការស្រាវជ្រាវសហព័ន្ធសហជីពកម្មករកម្ពុជា ដែល រ៉ុង ឈុន ជ្រកដើម្បីទទួលបានជំនួយហិរញ្ញវត្ថុពីបរទេសត្រូវបានរកឃើញថា មិនមានច្បាប់នោះទេ មានន័យថាមិនបានចុះបញ្ជីស្របច្បាប់នៅក្រសួងការងារឡើយ ចំណែកជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏មិនមានច្បាប់ដែរ។ រ៉ុង ឈុន តែងតែប្រើឈ្មោះអង្គការនេះដើម្បីធ្វើសកម្មភាពបម្រើនយោបាយរបស់បក្សប្រឆាំង បង្កើតភាពអនាធិបតេយ្យ ជាពិសេសបង្កើតភាពអនាធិបតេយ្យលើការងារកំណត់ព្រំដែន ដើម្បីពួកគេងាយស្រួលញុះញង់ បញ្ឆេះកំហឹងប្រជាពលរដ្ឋ។ បញ្ហាព្រំដែនកម្ពុជា-វៀតណាមដែលក្រុមប្រឆាំងតែងតែប្រើប្រាស់ដើម្បីឃោសនានយោបាយ យកឈ្នះលើគូប្រកួតនយោបាយខ្លួន ឬទាញទម្លាក់សេចក្តីទុកចិត្តប្រជាពលរដ្ឋលើរាជរដ្ឋាភិបាល។ ចុះបើសហព័ន្ធសហជីពកម្មករកម្ពុជាដែល រ៉ុង ឈុន ជ្រកធ្វើសកម្មភាពនយោបាយគ្មានភាពស្របច្បាប់ផង តើកិច្ចការដែល រ៉ុង ឈុន មានភាពស្របច្បាប់ទេ? គឺប្រាកដជាគ្មាន ហើយគ្រាន់តែជាសកម្មភាពដើម្បីគេងចំណេញនយោបាយ និងបង្កភាពចលាចល និងវឹកវរក្នុងសង្គមតែប៉ុណ្ណោះ។

ទី២៖ រ៉ុង ឈុន គ្មានជំនាញខាងព្រំដែនឡើយ ប៉ុន្តែបានតាំងខ្លួនជាអ្នកជំនាញព្រំដែន។ មន្ត្រីជំនាញព្រំដែនបានប្រើប្រាស់ឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មានទំនើប រួមនឹងរូបភាពពីលើអាកាសផងដែរដើម្បីកំណត់ព្រំប្រទល់ដែន តែសម្រាប់អ្នកជំនាញ រ៉ុង ឈុន ជិះម៉ូតូវាស់ដី ហើយសន្និដ្ឋានភ្លាមតែម្តង។ នេះគឺជាកំហុសធ្ងន់ធ្ងររបស់ រ៉ុង ឈុន ដែលតាំងខ្លួនជាអ្នកជំនាញព្រំដែន ហើយប្រសិនបើមិនចេះ មិនយល់ មិនបានសាកសួរអ្នកជំនាញនោះទេ។ គេនៅចាំថានៅឆ្នាំ២០០៥ រ៉ុង ឈុន ក៏ធ្លាប់ជាប់គុកម្តងរួចមកហើយដោយសារតែបញ្ហាចោទប្រកាន់ មួលបង្កាច់គ្មានមូលដ្ឋានលើបញ្ហាព្រំដែននេះមកលើរដ្ឋាភិបាល។

តាមពិត រ៉ុង ឈុន ក៏ដូចជាអតីតទណ្ឌិត អ៊ុ សំអាន ដែរ បានតាំងខ្លួនជាអ្នកជំនាញផែនទីជំនាញព្រំដែនត្បាញអាយ ហើយ រ៉ុង ឈុន មិនមែនជាអ្នកស្នេហាជាតិឡើយ តែជាអ្នកបំពុលសង្គម បង្កចលាចលក្រោមលេសស្រឡាញ់ជាតិនិងប្រជាជន។ បើ រ៉ុង ឈុន ជាអ្នកមានជំនាញពិតប្រាកដ រ៉ុង ឈុន មិនទៅរករឿងញុះញង់រឿងបង្គោលព្រំដែនដែលបានបោះរួចហើយនោះទេ។ តាមពិត រ៉ុង ឈុន អន់ជាងសត្វក្របីទៅទៀត! ទាល់តែក្របីដើរចេញបាន រ៉ុង ឈុន ហ៊ានទៅដេញ!

ទី៣៖ ចេតនាពិតប្រាកដរបស់ រ៉ុង ឈុន លើបញ្ហាជីកកាយលើបញ្ហាព្រំដែនគឺមានចេតនាទុច្ចរិត បង្ហោះព័ត៌មានក្លែងដើម្បីបង្កអសន្តិសុខសង្គមជាតិ។ អ្វីដែល រ៉ុង ឈុន បានប្រព្រឹត្ត គឺបង្ហាញយ៉ាងច្បាស់ថា រ៉ុង ឈុន បាននិងកំពុងបន្តអនុវត្តផែនការបដិវត្តន៍ពណ៌តាមរយៈការញុះញង់ពលរដ្ឋលើរឿងព្រំដែន។ រ៉ុង ឈុន ជាជនបម្រើផលប្រយោជន៍បរទេស ហើយតែងតែខិតខំបង្កចលាចលសង្គមកម្ពុជារហូតមក។ ក្រុមប្រឆាំងដូច រ៉ុង ឈុន ដើរតែបង្កើតរឿងឱ្យជាតិនិងប្រជាជន មិនដែលជួយកសាងជាតិម្តងណាឡើយ។ ហើយមានតែក្រុមជនប្រឆាំងកម្ពុជាប៉ុណ្ណោះដែលគិតថា រ៉ុង ឈុន ស្នេហាជាតិនោះ។ រ៉ុង ឈុន បានអនុវត្តផែនការបដិវត្តន៍ពណ៌ដែលរៀបចំក្រោមខ្សែញាក់បរទេស។

ចំពោះមុខនៃការគំរាមកំហែងសន្តិសុខ សណ្តាប់ធ្នាប់សង្គមនេះ វាពិតជាមានភាពចាំបាច់សម្រាប់អាជ្ញាធររាជរដ្ឋាភិបាល ចាត់វិធានការច្បាប់ប្រឆាំងនឹងការប៉ុនប៉ងផ្តួលរលំ របបតាមបែបមិនប្រជាធិបតេយ្យ។ រាជរដ្ឋាភិបាលកម្ពុជា និងពលរដ្ឋកម្ពុជាការពារដាច់ខាតនូវសុខសន្តិភាព មិនអនុញ្ញាតឱ្យក្រុមប្រឆាំងក្បត់ជាតិបំផ្លិចបំផ្លាញបានឡើយ។ សកម្មភាពទាមទារទាំងឡាយដែលទាមទារដោះលែង រ៉ុង ឈុន ដោយមិនបានជូនដំណឹងមកអាជ្ញាធរ ត្រូវបានព្រមានចាត់ទុកថា ជាទង្វើខុសច្បាប់ ដែលត្រូវមានវិធានការតាមផ្លូវច្បាប់។

រ៉ុង ឈុន ក្បត់ជាតិមានចរិតញុះញង់បង្កចលាចលសង្គម មិនឱ្យពលរដ្ឋមានសេចក្តីសុខ។ រ៉ុង ឈុន ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ចំពោះទង្វើញុះញង់ដ៏ធ្ងន់ធ្ងរ បំផ្លាញសន្តិសុខសង្គម។ ក្រុមជនក្បត់ជាតិព្យាយាមបង្កចលាចល និងបង្កអសន្តិសុខសង្គមតាមរយៈការដុតកំហឹងលើបញ្ហាព្រំដែន! ពួកគេត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់!

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២០

ចែករំលែក

បញ្ចេញយោបល់