គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនច្រានចោលការចោទប្រកាន់របស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលបានផ្សព្វផ្សាយបំផ្លើសថា ផែនទីព្រំដែនខ្នាត ១/២៥០០០គូសដោយវៀតណាម

ថ្ងៃអង្គារ ទី ៤ សីហា ២០២០​
41

នៅថ្ងៃទី៤ ខែសីហា​ ឆ្នាំ២០២០ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានចេញសេចក្តីថ្លែងការណ៍ប្រកាសទាត់ចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ របស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលបានចោទប្រកាន់ បំផ្លើស មួលបង្កាច់អំពីសមិទ្ធផលការងារដែលសម្រេចបានដោយគណៈកម្មាធិការចម្រុះកិច្ចការព្រំដែននៃរាជរដ្ឋាភិបាលកម្ពុជា ហើយបេរជាត្រូវបានពួកក្រុមឧទ្ទាមចោទថា «ផែនទីឋានលេខាព្រំដែនខ្នាត ១/២៥០០០ ត្រូវបានគូសដោយវៀតណាម… ការយកផែនទីថ្មីស្រឡាងខ្នាត ១/២៥០០០ ពីវៀតណាម ប្រៀបដូចជាការទទួលយកប្លង់ដីថ្មីនៃប្រទេសកម្ពុជាគូសដោយវៀតណាម ក្នុងន័យថាបូរណភាពទឹកដីកម្ពុជាត្រូវបានកំណត់ដោយវៀតណាម» ទៅវិញ។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានប្រកាសបដិសេធចោលទាំងស្រុងនូវការចោទប្រ​កាន់ដោយគ្មានមូលដ្ឋានរបស់ក្រុមឧទ្ទាមក្រៅច្បាប់ និងគូកនដែលមានចេតនាបង្កើត ប្រឌិតរឿង និងផ្សព្វផ្សាយនូវព័ត៌មានមិនពិតក្នុងចេតនាទុច្ចរិត និងក្នុងគោលបំណងបំភ័ន្តសា​ធារណមតិជាតិ និងអន្តរជាតិឱ្យមានការយល់ច្រឡំមកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាល​អំពីការធ្វើឱ្យបាត់បង់ទឹកដី ក៏ដូចជាការបណ្តោយឱ្យមានការរំលោភបំពានទឹកដីពីប្រទេសវៀតណា​ម។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏បានបញ្ជាក់សារជាថ្មីថា ក្នុងកិច្ចការខណ្ឌសីមានិងបោះបង្គោលព្រំដែនគោលរវាងព្រះរាជាណាចក្រកម្ពុជាជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ធ្វើឡើងយ៉ាងហ្មត់ចត់ ច្បាស់លាស់ តាមគោលការណ៍ខ្សែព្រំដែនមិនកែប្រែក្រោយកម្ពុជាបានឯករាជ្យ ស្របតាមផែនទីផ្លូវការខ្នាត ១/១០០ ០០០ ហើយដែលរហូតមកដល់បច្ចុប្បន្ននេះសម្រេចបានលទ្ធផល ៨៤% នៃខ្សែព្រំដែនរួម និងកំពុងបន្តធ្វើឱ្យបានចប់ជាស្ថាពរ១០០% ដើម្បីធានាបាននូវផ្ទៃក្រឡាដី ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ រក្សាបាននូវបូរណភាពទឹកដី និងអធិបតេយ្យជាតិ មិនឱ្យជាតិនិងប្រជាជន ខាតបង់ឡើយ។

សូមអានសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនខាងក្រោម៖

ចែករំលែក

បញ្ចេញយោបល់