លោកនាយឧត្តមសេនីយ៍ នាង ផាត ផ្តល់បទសម្ភាសន៍​ជា​មួយ​ទូរទស្សន៍​ ស៊ីធីវី (CCTV) ស្ដីពីកងទ័ពរំដោះប្រជាជនចិន ចូលរួមក្នុងបេសកកម្មជាកងកម្លាំងរក្សាសន្តិភាព ក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិ

ថ្ងៃសៅរ៍ ទី ១ សីហា ២០២០​
12

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្រុមអ្នកយកព័ត៌មានទូរទស្សន៍ នៃសាធារណរដ្ឋប្រជាមានិតចិនហៅកាត់ថា ស៊ីស៊ីធីវី (CCTV) ប្រចាំនៅកម្ពុជា បានទទួលការអនុញ្ញាតពីសំណាក​។ លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ដេីម្បី​ចូលធ្វើបទសម្ភាសន៍ស្ដីពីកងទ័ពរំដោះប្រជាជនចិន ដែលបានចូលរួមក្នុងបេសកកម្ម ជាកងកម្លាំងរក្សាសន្តិភាព ក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិ ដែលហៅកាត់ថា អ៊ុនតាក់ (UNTAC)។

សូមជម្រាបជូនថា​ ចំពោះសំណួរទី១ ដែលក្រុមអ្នកយកព័ត៌មាន (CCTV) បានលើកឡើងក្នុងឱកាសនោះ គឺមានបំណងចង់ឲ្យលោករដ្ឋលេខាធិការ អាចចែករំលែកអំពីសាច់រឿងរបស់កងពលរក្សាសន្តិភាពចិន នៅក្នុងប្រទេសកម្ពុជា និងសុំឲ្យលោក វាយតម្លៃចំពោះការងាររបស់កងពលរក្សាសន្តិភាពចិន នៅកម្ពុជា កាលពីខែមេសាឆ្នាំ១៩៩២ ដល់ខែកញ្ញា ឆ្នាំ១៩៩៣។

ក្នុងឱកាសនោះ​ លោករដ្ឋលេខាធិការក៏បានបញ្ជាក់ថា
​ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីសនាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលត្រូវចុះហត្ថលេខាដោយភាគីជម្លោះកម្ពុជាទាំងអស់ កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ បានបញ្ជូនមកកម្ពុជាក្នុងកិច្ចប្រឹងប្រែងស្វែងរក និងរក្សាសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។ ក្នុងនោះរដ្ឋាភិបាលចិន ក៏បានបញ្ជូនកងទ័ពរបស់ខ្លួនចំនួនពីរកងវរៈសេនាតូច ស្មើនឹង ៨០០នាក់ មកចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពអង្គការ សហប្រជាជាតិនៅកម្ពុជា ចាប់ពីខែមេសា ឆ្នាំ១៩៩២ ដល់ខែកញ្ញា ឆ្នាំ១៩៩៣ ដែលមានតួនាទី និងបំពេញភារកិច្ចលើការងារវិស្វកម្ម, ដោះមីន, ដកហូតអាវុធ, សម្របសម្រួលការងាររំសាយទ័ព, រៀបចំទីតាំងបោះឆ្នោត, រៀបចំជុំរុំ សម្រាប់កងកម្លាំងអង្គការសហប្រជាជាតិ និងរៀបចំទីលានសម្រាប់ឧទ្ធម្ភាគចក្រ។ កងវរៈសេនាតូចទី១ បានបោះទីតាំងនៅម្ដុំផ្សារស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយទទួលភារកិច្ចជួសជុលថែទាំផ្លូវជាតិលេខ៦ ចាប់ពីផ្លូវបំបែកថ្នល់កែងរហូតដល់ព្រំប្រទល់ខេត្តកំពង់ធំ និងផ្លូវជាតិលេខ៧ ចាប់ពីស្គន់រហូតដល់កំពង់ចាម។ កងវរៈសេនាតូចទី២ បោះទីតាំងនៅម្ដុំវល្លិ៍យាវ ខេត្តកំពង់ធំ ចន្លោះខេត្តកំពង់ធំ និងខេត្តព្រះវិហារ ដោយទទួលភារកិច្ចជួសជុលថែទាំផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ ខេត្តកំពង់ចាម និងខេត្តកំពង់ធំរហូតដល់ខេត្តសៀមរាប ផ្លូវជាតិលេខ៦២ ចាប់ពីខេត្តកំពង់ធំរហូតដល់ ខេត្តព្រះវិហារ។

លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់ថែមទៀតថា ក្នុងបេសកកម្មនៅកម្ពុជាប្រហែលជា១ឆ្នាំកន្លះនេះ កងទ័ពរំដោះប្រជាជនចិនបានពលីជីវិតចំនួន២រូប នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៣ នៅក្នុងព្រឹត្តិការណ៍ នៃការវាយប្រហារមួយពីសំណាក់ទ័ពព្រៃខ្មែរក្រហម មកលើមូលដ្ឋានវិស្វកម្មរបស់កងទ័ពរំដោះប្រជាជនចិន ដែលមានទីតាំងនៅទីប្រជុំជនស្គន់ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ដើម្បីជាកិច្ចតបស្នង និងរំលឹកគុណណូបការៈដ៏ធំធេងនេះ រាជរដ្ឋាភិបាលក៏ដូចជាប្រជាជនកម្ពុជា បានសម្រេចកសាងស្តូបអនុស្សាវរីយ៍ ដើម្បីជាការគោរព និងចងចាំយុទ្ធជនចិន ដែលបានពលីជីវិតទាំង២រូប។ លោក នាង ផាត ក៏បានធ្វើការវាយតំលៃខ្ពស់ និងកោតសរសើរ ចំពោះវីរភាពដ៏អង់អាចក្លាហានក្នុងបេសកកម្ម ដ៏វិសេសវិសាលមិនអាចកាត់ថ្លៃបាន របស់កងទ័ពប្រជាជនចិននៅកម្ពុជា នាពេលនោះ ដែលបានលះបង់ខ្ពស់ក្នុងបុព្វហេតុមនុស្សធម៌ និងរក្សាសន្តិភាពក្នុងគោលបំណងចង់ឃើញប្រទេសកម្ពុជា ទទួលបានស្ថេរភាពសន្តិភាព និងមានការអភិវឌ្ឍ។

នៅក្នុងសំណួរទី២ ដែលក្រុមទូរទស្សន៍ (CCTV) បានលើកឡើងគឺ ចង់ឲ្យលោកនាយឧត្តមសេនីយ៍ បាន​វាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ រវាងកងទ័ពនៃប្រទេសយើងទាំងពីរកន្លងមក។
ជាការឆ្លើយតបក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានបញ្ជាក់ថា គឺជាការពិតណាស់ ជំងឺកូវីដ១៩ គឺជាជំងឺដ៏កាចសាហាវមួយ ដែលកំពុងរាតត្បាតជាសកល ហើយបានឆក់យកអាយុជីវិត មនុស្សរាប់សែននាក់ និងឆ្លងរាលដាលរាប់លាននាក់ ព្រមទាំងបានច្រានសេដ្ឋកិច្ចពិភពលោកឲ្យធ្លាក់ ក្នុងវិបត្តិយ៉ាងជ្រៅដែលមិនធ្លាប់មានពីមុនមក។ លោក នាង ផាត បានបន្តទៀតថា ដោយយើងមានមិត្តដែកថែប ដូចជាមហាមិត្តចិន ក្នុងពាក្យស្លោកថា៖ «មិត្តដែលល្អ គឺចេះជួយគ្នាក្នុងគ្រាលំបាក»។ លោកក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំ និងកងទ័ពរំដោះប្រជាជនចិន ដែលបានយកអស់កម្លាំងកាយចិត្តផ្ដល់ជំនួយឥតសំណងជាសម្ភារៈ បរិក្ខារ សុខាភិបាល និងបានបញ្ជូនក្រុមគ្រូពេទ្យជំនាញ មកជួយបង្ហាត់បង្រៀនដល់ក្រុមគ្រូពេទ្យជំនាញកម្ពុជា ក្នុងការការពារទប់ស្កាត់ និងព្យាបាលជំងឺកូវីដ១៩ បានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយឯកឧត្តមក៏បាន កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសហការីទាំងអស់ ដែលបានគាំទ្រ និងយកចិត្តទុកដាក់អស់ពីចិត្តពីថ្លើម ក្នុងការរៀបចំ និងដឹកជញ្ជូនសម្ភារៈបរិក្ខារទាំងអស់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបានទាន់ពេលវេលាចំនួន៤លើក រួចមកហើយ។

នៅក្នុងសំណួរទី៣ ជាសំណួរបញ្ចប់ក្រុមទូរទស្សន៍ (CCTV) ក៏បានលើកឡើងថា ថ្ងៃទី០១ ខែសីហា ខាងមុខនេះ គឺជាទិវាគំរប់ខួបទី៩៣ឆ្នាំ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន។ ចំពោះវឌ្ឍនភាព នៃទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងចិន ទៅថ្ងៃអនាគតយ៉ាងដូចម្ដេចខ្លះ?
ឆ្លើយនឹងសំណួរទី៣ ក្នុងឱកាសនោះ លោក នាង ផាត បានសង្ឃឹមយ៉ាងមុតមាំថា ស្ថិតក្នុងស្មារតីជាភាតរភាពដ៏ស្មោះត្រង់ និងជាមិត្តដែកថែប ដែលមិនអាចបំបែកបាន។ ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរបាននិងកំពុងជម្រុញ និងបង្កើននូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស រវាងកងទ័ព នៃប្រទេសទាំងពីរ ក្រោមកិច្ចសហប្រតិបត្តិការកន្លងមក ដែលធ្វើឡើងតាមរយៈការចុះអនុស្សារណៈ MOU និងពិធីសារ ជាបន្តបន្ទាប់។ លោកសង្ឃឹមយ៉ាងមុតមាំទៀតថា ទំនាក់ទំនង រវាងកងទ័ពទាំងពីរនាពេលអនាគត នឹងត្រូវបានបន្តរក្សាឲ្យកាន់តែល្អប្រសើរ ដើម្បីជាសក្ខីកម្មបញ្ជាក់ច្បាស់ឡើងបន្ថែមទៀត នូវចំណងទាក់ទងមិត្តភាពដែកថែប និងជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឲ្យស្ថិតស្ថេរជានិរន្ត ៕

ចែករំលែក

បញ្ចេញយោបល់