ពិធីក្រុងពាលីជួសជុល និងពង្រីក អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំង

ថ្ងៃសៅរ៍ ទី ១ សីហា ២០២០​
14

កំពង់ឆ្នាំង៖អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំង ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងត្រូវបានរៀបចំពិធីក្រុងពាលីជួសជុលនិងពង្រីក នៅថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២០ក្រោមអធិបតីភាពលោកស្រី ជូ ប៊ុនអេង ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្ស
ប្រជាជនកម្ពុជា ចុះជួយក្រុងកំពង់ឆ្នាំងដោយមានការចូលរួមពីលោកស្រី ប៊ន សុភី ប្រធានក្រុម
ការងារថ្នាក់ខេត្តចុះជួយក្រុងកំពង់ឆ្នាំង លោក គុយ ចន្ថា និង លោក ឈួរ ចាន់ថន ក្រុមការងារថ្នាក់ខេត្ត ក្រុមការងារថ្នាក់កណ្តាល និង លោកលោកស្រីប្រធានអនុប្រធានគណបក្សក្រុងកំពង់ឆ្នាំងនិងប្រធានគណបក្ស
ប្រជាជនកម្ពុជាសង្កាត់ទាំង៤ចូលរួមផងដែរ។

តាមរបាយការណ៍របស់មន្រ្តីគណបក្សប្រជាជនក្រុងកំពង់ឆ្នាំងបានអោយដឹងថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំងមានបណ្តោយ១៣ម៉ែត្រនិងទទឹង១១ម៉ែត្រ ស្មើនិង១២៨ម៉ែត្រការ៉េ បានសម្ភោធដាក់អោយប្រើប្រាស់តាំងពីឆ្នាំ២០១១មកដែលជាអំណោយរបស់លោក ជុំ ងឿន អតីតប្រធានក្រុមការងារចុះជួយក្រុងកំពង់ឆ្នាំង។ លោកស្រី​ ជូ ប៊ុនអេង បានសម្រេចធ្វើការជួស
ជុលនិងពង្រីកបន្ថែមជាន់ក្រោមសម្រាប់ធ្វើសាលប្រជុំមានទំហំ១៤៣ម៉ែត្រការ៉េថវិកាចំណាយបានមកពីលោកជំទាវ ជូ ប៊ុនអេង ព្រមទាំងមានការចូលរួមពីក្រុមការងាហើយអាចដាក់មនុស្សបានពី១៥០ទៅ១៦០នាក់ដែលពីមុនដាក់បានតែ
៨០នាក់ប៉ុណ្ណោះ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះលោកស្រី ជូ ប៊ុនអេង បានថ្លែងថា គណបក្ស
ប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណបក្ស បានធ្វើឲ្យប្រទេស
ជាតិទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋ មានការគាំទ្រយ៉ាងច្រើនលើសលប់ រហូតគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យគ្រប់ការបោះឆ្នោតទាំងអស់នៅក្នុងប្រទេសរបស់យើង។

លោកស្រី​ ជូ ប៊ុនអេង ក៏បានផ្តាំផ្ញើដល់មន្រ្តីគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ត្រូវរួមសហការសាមគ្គីគ្នាអោយបានរឹងម៉ាំ បំរើសេវាតម្រូវការ និង សេវាចាំបាច់ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា កត្តាចម្បងត្រូវគិតគូរពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនអោយបានល្អ។ ជាពិសេសត្រូវបន្តផ្សព្វផ្សាយពីច្បាប់ផ្សេងៗអោយប្រជាពលរដ្ឋបានយល់ចូលរួមគោរពនិងបន្តផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ចូលរួមធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវនិងត្រូវអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការការពារ និង ទប់ស្កាត់ ការរីករាលដាលនៃជំងឺ កូវីដ-១៩ កុំអោយកើតនៅក្នុងគ្រួសារ និង ក្នុងសហគមន៍របស់យើង ។

សូមបញ្ជាក់ថា​ ក្នុងពិធីក្រុងពាលីនោះដែរក៏បានរៀបរៀបចំតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា លោកស្រី​ ជូ ប៊ុនអេង ព្រមទាំងសមាជិកសមាជិកាដែលបានចូលរួមបានធ្វើការបួងសួងសុំសេចក្តីសុខចំរើនដល់ដំណើរការក្នុងការជួសជុល និងពង្រីកបន្ថែមនូវអគាររបស់គណបក្ស
ប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំងនិងសូមបួងសុំអោយប្រជាពលរដ្ឋទូទាំងប្រទេសមានសេចក្តីសុខចម្រើននិងជៀសផុតពីជំងឺផ្សេងៗជាពិសេសជៀសផុតពីជំងឺកូវីដ.១៩ទាំងអស់គ្នា និង សូមអោយការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំងអស់ប្រកបដោយសុវត្ថិភាព ៕

ចែករំលែក

បញ្ចេញយោបល់