លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ជប៉ុនឆ្លើយតបទៅនឹងកូវីដ-១៩

ថ្ងៃព្រហស្បតិ៍ ទី ៣០ កក្កដា ២០២០​
14

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ឆ្លើយតប ទៅនឹងកូវីដ-១៩ ដែលរៀបចំឡើងតាមរយៈសន្និសីទវីដេអូ។ កិច្ចប្រជុំនេះដឹកនាំដោយលោក ត្រាន់ ទ័នអាន់ (Tran Tuan Anh) រដ្ឋមន្រ្តីឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលជាម្ចាស់ផ្ទះ អាស៊ាន ឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងជប៉ុននិងអគ្គលេខាធិការ អាស៊ានផងដែរ។

កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់ពីស្ថានភាពនៃកូវីដ-១៩ នៅក្នុងតំបន់ចែករំលែកពីវិធានការនានាក្នុងការប្រយុទ្ធនឹងមេរោគកូវីដ-១៩និងពិភាក្សាពីការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ។ ជាលទ្ធផលកិច្ចប្រជុំបានអនុម័តលើ«ផែនការសកម្មភាពក្នុងការពង្រឹងសេដ្ឋកិច្ចអាស៊ាន-ជប៉ុន» ដែលផែនការនេះផ្តោតសំខាន់លើការថែរក្សាទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធរវាងអាស៊ាននិងជប៉ុនកាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ចបណ្តាលមកពីមេរោគកូវីដ-១៩និងពង្រឹងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។ ក្នុងកិច្ចប្រជុំនេះដែរ លោករដ្ឋមន្រ្តី បានលើកឡើងពីសារៈសំខាន់នៃការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់កិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវលើថ្នាំពេទ្យ និងវ៉ាក់សាំងការរក្សាការបើកចំហទីផ្សារក៏ដូចជាការធានានូវលំហូរស្បៀងនិងទំនិញក្នុងតំបន់។

ក្នុងន័យនេះ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានការសហការគ្នាឱ្យកាន់តែជិតស្និទ្ធលើកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគលុបបំបាត់របាំងពាណិជ្ជកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីស្តារឡើងវិញនូវទំនុកចិត្តរបស់វិស័យធុរកិច្ចនិងអតិថិជន។ ឆ្លៀតក្នុងឱកាសនេះផងដែរ លោករដ្ឋមន្រ្តី ក៏បានជម្រាបអង្គប្រជុំពីវិធានការដ៏មានប្រសិទ្ធភាពនិងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩និងបានថ្លែងអំណរគុណដល់ជប៉ុនដែលបានជួយដល់កម្ពុជាក្នុងការទប់ទល់នឹងកូវីដ-១៩តាមរយៈជំនួយបច្ចេកទេស និងបរិក្ខារពេទ្យជាដើម៕

ចែករំលែក

បញ្ចេញយោបល់