ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញពិនិត្យការធ្វើស្រែបង្កបង្កើនផល និងសំណេះសំណាលជាមួយប្រជាកសិករ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ

ថ្ងៃអង្គារ ទី ២១ កក្កដា ២០២០​
10


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះពិនិត្យការធ្វើស្រែ និងសំណេះសំណាលជាមួយកសិករ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ
********************
(FN)៖ ព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះពិនិត្យការធ្វើស្រែ ព្រមទាំងសំណេះសំណាលជាមួយប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយប្រជាកសិករ ប្រមាណ២ម៉ោង។ ខាងក្រោមជាចំណុចសំខាន់ៗនៃប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖

* ផ្តើមក្នុងពិធីសំណេះសំណាលជាមួយកសិករ នៅពលរដ្ឋ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ សម្តេចតេជោ ហ៊ុន សែន មានសំណួរមួយចំនួនទៅកាន់កសិករទាំងនោះ

* សំណួរដំបូងរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់កសិករស្រុកព្រៃកប្បាសគឺតើអ្វីជាការងារស្រួល អ្វីជាការលំបាកសម្រាប់ពួកគាត់?

* ប្រជាកសិករមានសំណូមពរជាច្រើនចំណុចរួមមាន៖ ថ្លៃអគ្គិសនី រក្សាតម្លៃស្រូវ សំណូមពរសុំធ្វើផ្លូវ២ខែ្សនៅស្រុកព្រៃកប្បាស ដើម្បីបង្កលក្ខណៈងាយស្រួលធ្វើដំណើរ និងដឹកជញ្ជូន

* សម្តេចតេជោ ហ៊ុន សែន បង្គាប់ឱ្យរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ ធ្វើផ្លូវ២កន្លែងមួយខ្សែប្រវែង៣,៥គីឡូ និងមួយខ្សែទៀត ៣គីឡូ ជូនពលរដ្ឋ ស្រុកព្រៃកប្បាស ដើម្បីងាយស្រួលធ្វើដំណើរ

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ម៉ាស៊ីនព្រួសគ្រាប់ពូជស្រូវខ្នាតតូច ១៣០គ្រឿង ដល់ពលរដ្ឋ១៣០គ្រួសារ នៅស្រុកព្រៃកប្បាស

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលដៅនាំចេញអង្ករឱ្យបាន១លានតោនក្នុងមួយឆ្នាំ នៅតែជាគោលដៅចម្បង ហើយគោលនយោបាយកសិកម្ម ឆ្នាំ២០១៥-២០២៥ នៅតែបន្តអនុវត្តន៍។

* សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០១២ កម្ពុជានៅខ្វះស្បៀងនៅឡើយទេ តែពេលដាក់ចេញគោលនយោបាយនាំចេញអង្ករ ស្រូវកម្ពុជាក៏ចាប់ផ្តើមសល់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំកន្លងទៅកម្ពុជាសល់ស្រូវជាង ៦លានតោន និងអង្ករជាង ៤លានតោន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយស្រូវអង្ករសម្រេចបានតែមួយ គឺវិវឌ្ឍន៍ពីខ្វះស្បៀង មកសល់ស្បៀង តែការនាំចេញឱ្យបាន ១លានតោន មិនទាន់សម្រេចនៅឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលដៅនាំចេញអង្ករឱ្យបាន១លានតោន អាចសម្រេចបាននៅឆ្នាំ២០២១។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មុនកិច្ចចរចាកិច្ចព្រមព្រៀងទីក្រុងប៉ារីស រដ្ឋបានប្រឹងប្រែងអន្តរាគមន៍ប្រឡាយទឹក និងម៉ាស៊ីនបូមទឹក តែក្រោយកិច្ចចរចារដ្ឋបោះបង់ចោលការអន្តរាគមន៍នេះអស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលឃើញពលរដ្ឋជួបបញ្ហាខ្វះខាតទឹក ទើបសម្តេចពិចារណាលើការអន្តរាគមន៍ឡើងវិញ និងគិតគូរពីការបង្កើតក្រសួងធនធានទឹក និងឧតុនិយម។

* សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្រោយឆ្នាំ១៩៩៨ ពេលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត សម្តេចក៏សម្រេចបង្កើតក្រសួងធនធានទឹក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីឱ្យកសិកម្មដើរទៅមុខ ទឹកត្រូវដើរទៅមុនមួយជំហាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពី២០ឆ្នាំមុន សម្តេចមកស្រុកព្រៃកប្បាសច្រូតស្រូវនឹងកណ្តៀវ តែ២០ឆ្នាំក្រោយ សម្តេចប្រើគ្រឿងយន្តច្រូតស្រូវវិញ។

* សម្តេចតេជោ ហ៊ុន សែន សម្តែងការហួសចិត្តចំពោះការនិពន្ធបទ «កណ្តៀវអូនស្រួយ»។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំបន្ទោសអ្នកច្រៀងបទ «កណ្តៀវអូនស្រួយ» ព្រោះច្រៀងតាមការនិពន្ធ តែត្រូវបន្ទោសអ្នកនិពន្ធ ហេតុអ្វីចង្រៃម្ល៉េះ?

* សម្តេចតេជោ ហ៊ុន សែន សម្តែងការកោតសរសើរចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមន្ត្រី ដែលបានប្រឹងប្រែងក្នុងការជួយឱ្យប្រជាកសិករផ្លាស់ប្តូរឥរិយាបថក្នុងការធ្វើស្រែ ក៏ដូចជាការផ្លាស់ប្តូរពូជស្រូវជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម័យសង្គ្រាមខេត្តតាកែវ ជាខេត្តផលិតស្រូវជាប់លេខ១ តែបច្ចុប្បន្នជាប់លេខ៣លើវិស័យកសិកម្ម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោមកិច្ចប្រឹងប្រែងរបស់ក្រសួង និងមន្ត្រី បានធ្វើឱ្យកសិករយល់ព្រមផ្លាស់ប្តូរពូជស្រូវ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណអូស្ត្រាលី ដែលបានជួយលើវិស័យកសិកម្មរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាប់ផ្តើមលើវិស័យកសិកម្មនេះ កម្ពុជាបានចាប់ផ្តើមជាយូរណាស់មកហើយ មិនមែនរឿងថ្មីថ្មោងនោះទេ។ ក្នុងនោះរាប់ចាប់ពីឆ្នាំ១៩៧៩ មករដ្ឋមន្ត្រីកសិកម្មដោះដូរ ១០រូបហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងអាណត្តិលោក ច័ន្ទ សារុន ជារដ្ឋមន្ត្រី បានធ្វើឱ្យកសិករផ្លាស់ប្តូរឥរិយាបថច្រើនជាងគេ។

* សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា អ្នកខេត្តតាកែវ បានក្លាយជាថ្នាក់ដឹកនាំក្រសួង និងខេត្តច្រើន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាធ្វើការងារលើវិស័យកសិកម្ម ៤១ឆ្នាំមកហើយ ចាប់តាំងពីក្រោយសម័យ ប៉ុល ពត តែមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្រូវប្រមាណ ១លានតោន ត្រូវបាននាំចេញកំពត តាកែវ កណ្តាល ព្រៃវែង និងស្វាយរៀង ទៅប្រទេសវៀតណាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាស្ថិតក្នុងស្ថានភាពមានមាសខ្វះក្រដាសខ្ចប់។

* សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា មានមាសខ្វះក្រដាសខ្ចប់នេះ គឺមានស្រូវ អត់ទីផ្សារ ខ្វះការកែច្នៃជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែង បច្ចុប្បន្នកម្ពុជា បានប្រឹងប្រែងវិនិយោគលើការបង្កើតរោងម៉ាស៊ីនកិនស្រូវ កន្លែងស្តុក និងឡសម្ងួតជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាយកទុន ៤០០លានដុល្លារពីប្រទេសចិន ដើម្បីសាងសង់កន្លែងស្តុកស្រូវនៅតាមខេត្ត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចដឹងថាការនាំចេញស្រូវខាតបង់ច្រើន តែអត់មានជម្រើស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទិន្នផលស្រូវបានដើរលើសលទ្ធភាពកែច្នៃក្នុងការនាំចេញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាពេលខាងមុខកម្ពុជា នឹងក្លាយជាប្រទេសក្នុងតំបន់ពាណិជ្ជកម្មសេរីរបស់អាស៊ាន ដូច្នេះទាមទារមានការប្រកួតប្រជែងស្មើភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកសិកម្ម ជាពិសេសស្រូវ ត្រូវស៊ីសង្វាក់គោលនយោបាយឧស្សាហកម្ម២០១៥-២០២៥ គឺតម្រង់ឆ្ពោះទាញវិនិយោគពីក្រៅមកវិនិយោគលើការកែច្នៃនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនដឹងថាសម្តេចខ្លាំងជាងនរណាទេ គ្រាន់តែដឹងថា សម្តេចបានដឹកនាំប្រទេសចេញពីរបបវាលពិឃាត មករកការអភិវឌ្ឍន៍។ ដឹកនាំប្រទេសពីខ្វះស្បៀង មកសល់អង្ករជាង ៤លានតោន។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើថា សម្តេចដឹកនាំប្រទេសមានប្រជាពលរដ្ឋជាង ៥លាននាក់ មកដល់មានប្រជាពលរដ្ឋជិត ១៦លាននាក់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅតំបន់ដទៃទៀតបញ្ហាទឹកនឹងត្រូវបានដោះស្រាយ ដូចនៅស្រុកព្រៃកប្បាស ដើម្បីបំពេញអភិវឌ្ឍវិស័យកសិកម្ម។

* សម្តេចតេជោ ហ៊ុន សែន ស្នើអូស្ត្រាលី បន្តជួយពង្រីកប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពលរដ្ឋខ្មែរត្រូវបង្វែរទិស ដោយពីដើមឡើយ ដី១ហិចតា ចិញ្ចឹមមនុស្សបាន៥នាក់ ឥឡូវត្រូវធ្វើឱ្យបានចិញ្ចឹមមនុស្ស១០នាក់ ២០នាក់ និង៣០នាក់

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ថ្ងៃមុនខ្ញុំទៅព្រៃវែង ឆ្លងកូវីដតែ១៥នាក់ទេ យប់មិញខ្ញុំទទួលដំណឹងថា មានឆ្លង២៦នាក់ ដែលធ្វើឱ្យកម្ពុជាមានអ្នកឆ្លងកូវីដទាំង១៩៧នាក់ហើយ ដែលសុទ្ធសឹងតែជាករណីនាំចូល

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើសិនជាយើងមិនទទួលនិស្សិតរបស់យើង ដែលត្រឡប់មកវិញ ហើយឆ្លងកូវីដពេលនេះ តើឱ្យពួកគាត់ទៅនៅទីណា?

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កូវីដអាចបំផ្លាញយើង ក្នុងកម្រិតណាមួយ ប៉ុន្តែមិនអាចសម្លាប់យើងបានទេ យើងត្រូវធ្វើយ៉ាងណាកុំឱ្យខ្មែរខ្វះអង្ករទទួលទាន

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅលើពិភពលោក គេអាចកាត់បន្ថយការជិះយន្តហោះ គេអាចផ្អាកដើរលេង គេអាចផ្អាកទិញសម្លៀកបំពាក់ គេអាចផ្អាកទិញឡាន ម៉ូតូ ប៉ុន្តែគេមិនអាចផ្អាកអាហារសម្រាប់ច្រកក្រពះបានទេ នេះជាឱកាសសម្រាប់វិស័យកសិកម្ម

* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យយកឱកាសកូវីដ១៩ ពង្រីកទីផ្សារកសិកម្ម ដោយមិនមែនត្រឹមតែអង្ករនោះទេ មានម្សៅមី និងស្បៀងផ្សេងៗទៀត

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្មករដែលបាត់បង់ការងារធ្វើដោយការបិទរោងចក្រ ឬបិទសណ្ឋាគារ ត្រូវវិលត្រឡប់មកចូលរួមជំរុញការងារកសិកម្ម ជាមួយគ្រួសារ

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងនឹងត្រូវបង្កើនការចំណាយសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះជាង៦១ម៉ឺនគ្រួសារ ប្រមាណ២៨លានដុល្លារ នៅខែកក្កដានេះ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០៣០ កសិកម្មតាមបែបកសិករនៅស្រុកព្រៃកប្បាស កម្ពុជានឹងក្លាយទៅជាប្រទេសសម្បូរស្រូវ ដែលមានសមត្ថភាពចិញ្ចឹមខ្លួនឯង និងនាំចេញ

* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា ព្រឹកមិញនេះ សម្តេចបញ្ជាទិញម៉ាស៊ីនព្រួសស្រូវ ១ពាន់គ្រឿង ធុនធំ និង១ពាន់គ្រឿងធុនតូច ហើយក្នុងនោះម៉ាស៊ីនធុនតូច១៣០គ្រឿង យកចែកជូនពលរដ្ឋ១៣០គ្រួសារមុនសិន

* សម្តេចតេជោ ហ៊ុន សែន ចំអកឱ្យអ្នកស្រាវជ្រាវមួយចំនួន ដែលមិនបានដឹងទាល់តែសោះថា កម្ពុជាបានដើរដល់ចំណុចណា តែមកធ្វើជាអ្នកស្រាវជ្រាវ

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ពលរដ្ឋ ឱ្យខិតខំប្រើម៉ាសនៅពេលចាំបាច់ ដើម្បីការពារការឆ្លងកូវីដ១៩

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋទូទាំងប្រទេស ប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ហើយនៅពេលឈប់សម្រាក៥ថ្ងៃ ដើម្បីសងចូលឆ្នាំខាងមុខនេះ គួរចៀសវាងការប្រមូលផ្តុំគ្នា។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសំណេះសំណាលជាមួយកសិករ នៅស្រុកព្រៃកប្បាស នៅវេលាម៉ោង១០៖១៨នាទីព្រឹកថ្ងៃដដែល៕

ចែករំលែក

បញ្ចេញយោបល់