ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវនៅឃុំត្រពាំងរូង ខេត្តកោះកុង

ថ្ងៃអាទិត្យ ទី ១២ កក្កដា ២០២០​
13

កោះកុង៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកោះកុង អមតំណើរដោយនាយឧត្តមសេនីយ៍ ប៊ុន លើត និងនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមការងារចុះជួយខេត្តកោះកុង ជាច្រើនរូបទៀត បានអញ្ជើញចុះពិនិត្យការដ្ឋានផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែមានប្រវែង ២៣គីឡូម៉ែត្រ ស្ថិតនៅឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដែលផ្លូវនេះបានបើកការដ្ឋានស្ថាបនាកាលពីខែមេសា ឆ្នាំ២០១៩។

ឧត្តមសេនីយ៍ឯក សឿន រឿត ទីប្រឹក្សាលោកឧបនាយករដ្ឋមន្រ្តី និងជានាយករងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានមានប្រសាសន៍ថា ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋឃុំជ្រោយប្រស់ ស្រុកកោះកុង ដែលរស់នៅតាមបណ្តោយឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា អាចធ្វើដំណើរបានងាយស្រួលបានទៅមកទាំងរដូវប្រាំង និងរដូវវស្សារាជរដ្ឋាភិបាល បានសម្រេចឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ រៀបចំធ្វើការស្ថាបនាផ្លូវក្រាលគ្រួសក្រហមមួយខ្សែនេះជូនប្រជាពលរដ្ឋ ដោយបានប្រគល់ភារកិច្ចឲ្យកងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ធ្វើការស្ថាបនាផ្លូវក្រាលក្រួសក្រហមមួយខ្សែនេះតភ្ជាប់ពីផ្លូវលេខ៤៨ ត្រង់ចំណុចគីឡូម៉ែត្រលេខ៨៦ ភ្ជាប់ពីឃុំត្រពាំងរូង ឆ្ពោះទៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលស្ថិតនៅចម្ងាយពីក្រុងខេមរភូមិន្ទប្រមាណ៦៥គីឡូម៉ែត្រ ដោយធ្វើការស្ថាបនាផ្លូវក្រាលគ្រួសក្រហមប្រវែង ២៣គីឡូម៉ែត្រ ទទឹងខ្នងលើគ្រួសក្រហម ៩ម៉ែត្រ និងសំណង់សិល្បការមួយចំនួន។ ការស្ថាបនាផ្លូវនេះត្រូវកសាងស្ពានបេតុងសរសៃដែកប្រវែង ១៦២ម៉ែត្រ ដែលមានទទឹង ១០ម៉ែត្រ ឆ្លងកាត់ព្រែកធំៗចំនួនពីរកន្លែង។ ក្រៅពីនេះមានធ្វើស្ពាន និងដាក់លូនៅតាមកន្លែងមួយចំនួនទៀតស្របទៅតាមស្ថានភាពភូមិសាស្ត្រតំបន់ភ្នំ និងដៃសមុទ្រឆ្លងកាត់។ លោកបានបញ្ចាក់ទៀតថា ក្រៅពីការស្ថាបនាផ្លូវនេះរួច កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ នឹងធ្វើការសាងសង់ទំនប់ស្ទាក់ទឹកសាប ដើម្បីស្ទាក់ទឹកសាបសំរាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រើប្រាស់។ ទំនប់នេះមានប្រវែង ៤៥០០ម៉ែត្រទទឹងខ្នងលើ ៩ម៉ែត្រ។ សំណង់បង្ហៀរំដោះទឹក ១កន្លែង ប្រវែង ៥០ម៉ែត្រ និងសំណង់លូទ្វាទឹកមុខពីរ មួយកន្លែង។ ពេលសង់រួចទំនប់អាងទឹកនេះ អាចស្តុបទឹកសាបបានប្រមាណ១លានម៉ែត្រគូប។

ក្នុងឱកាសចុះពិនិត្យការដ្ឋានស្ថានាផ្លូវនាពេលនោះ លោកឧបនាយករដ្ឋមន្រ្តី បានចុះពិនិត្យដល់ទីតាំងភូមិសាស្ត្រ មួយកន្លែង នៅកោះស្រឡៅ ជាទីតាំងប្រវត្តិសាស្រ្ត ដែលលោកធ្លាប់បានតស៊ូក្នុងកំឡុងទស្សវត្សទី៦០ និង៧០ ដែលក្នុងពេលបច្ចុប្បន្ននេះកងវិស្វកម្មបានធ្វើផ្លូវទៅដល់ទីនោះហើយ។ ខណៈនោះ លោកក៏បានរំលឹករឿងរ៉ាវពីអតីតកាលប្រាប់ដល់ក្រុមការងារឲ្យបានដឹងនាឱកាសនោះដែរ។ សមិទ្ធផលផ្លូវមួយខ្សែដែលប្រជាពលរដ្ឋក្នុងឃុំជ្រោយប្រស់ ទទួលបាននាពេលនេះ គឺបានមកពីការគិតគូរខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បើទោះបីជាបងប្អូនប្រជាពលរដ្ឋរស់នៅទីណា លោកតែងតែជួយដោះស្រាយការលំបាករបស់បងប្អូនជានិច្ច។ ផ្លូវ និងទំន់បស្ទាក់ទឹកសាបដែលកំពុងតែសាងសង់នាពេលនេះ គឺជាការផ្តល់អំណោយដ៏ថ្លៃថ្លាបំផុតរបស់លោកនាយករដ្ឋមន្ត្រី ដែលជាចំណងដៃជូនប្រជាជនក្នុងឃុំជ្រោយប្រស់ ឃុំកោះកាពិនៃស្រុកកោះកុង និងមួយផ្នែកនៃឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង៕

ចែករំលែក

បញ្ចេញយោបល់