លោកអភិបាលរងខេត្តកំពង់ឆ្នាំងអញ្ជើញចូលរួមក្នុងពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ” ២៦ មិថុនា ២០២០ ” ក្រោមប្រធានបទ ការយល់ដឹងច្បាស់លាស់ នាំឱ្យការថែទាំមានប្រសិទ្ធិភាព

ថ្ងៃសៅរ៍ ទី ១១ កក្កដា ២០២០​
7

ខេត្តកំពង់ឆ្នាំង: នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ” ២៦ មិថុនា ២០២០ ” ក្រោមប្រធានបទ ការយល់ដឹងច្បាស់លាស់ នាំឱ្យការថែទាំមានប្រសិទ្ធិភាព ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រារព្ធនៅទីលានវាលបែកចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី លោកនាយឧត្តមសេនីយ៍ លោក លោកស្រី អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក លោកស្រី គណៈប្រតិភូក្រសួងយុត្តិធម៌ លោកព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្តបាត់ដំបង កំពង់ឆ្នាំង ពោធិសាត់ ប៉ៃលិន លោកអភិបាល ក្រុង ស្រុក មន្ទីរអង្គភាពនានាជុំវិញខេត្ត បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោកឧត្តមសេនីយត្រី កុយ ហៀង ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត បានមានមតិស្វាគមន៍ និងអានរបាយការណ៍អំពីលទ្ធការអនុវត្តផែនការក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ ក្នុងឆមាសទី១ ដែលបានធ្វើការបង្ក្រាប ចំនួន ៤៧៦ ករណី ឃាត់ខ្លួនជនសង្ស័យ ៨៩១ នាក់ ស្រី ២៦ នាក់ និងបានដកហូតវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន WY ២៣៥២គ្រាប់ ក្រាមពណ៌សថ្លា(ICE) ៨.៧០ក្រាម ដើមកញ្ឆាសស្រស់ចំនួន ២៨០១ ដើម និងសម្ភារៈមួយចំនួនទៀតផងដែរ។

លោក ហឿង សុគន្ធ អភិបាលរងខេត្ត តំណាងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអានសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងស្រុង ហើយត្រូវយកចិត្តទុកដាក់ និងអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធិភាពនូវទិសស្លោកប្រយុទ្ធ ប្រឆាំងគ្រឿងញៀន “កុំបី មួយរាយការណ៍” ក្នុងនោះរួមមាន ទី១ កុំពាក់ព័ន្ធ ទី២ កុំអន្តរាគមន៍ និងទី៣ កុំលើកលែង ឯមួយ ត្រូវរាយការណ៍ផងដែរ។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងនៅក្នុងទិវាអន្តរជាតិនោះថា ត្រូវបន្តផ្សព្វផ្សាយ អប់រំបន្ត ដើម្បីជៀសឆ្ញាយពីគ្រឿង និងយល់កាន់តែច្បាស់អំពីគ្រោះនៃគ្រឿងញៀន។ ត្រូវបន្តចូលរួមសហការណ៍ផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនដល់អាជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ច និងបន្តផ្សព្វផ្សាយការលំបាកនៃគ្រឿងញៀន ព្រមទាំងការងារប្រយុទ្ធឆាំងគ្រឿងឲ្យបានខ្លាំងខ្លា និងទូលំទូលាយផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់