ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកជលគីរីចុះចែកអំ ណោយ គ្រឿងឧបភោគបរិភោគ នៅឃុំព្រៃគ្រី

ថ្ងៃពុធ ទី ៨ កក្កដា ២០២០​
11

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិ បាលចុះជួយស្រុកជលគីរី បានចុះចែកអំណោយនៅឃុំព្រៃគ្រី ចំនួន ២៥គ្រួសារនូវគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករ១០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកា ១០០០០ រៀលផងដែរ។

លោក សាន វិសាល រដ្ឋលេខាធិការ និងជាប្រធានក្រុម ការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការងារទប់ស្កាត់ និងវិធានការរបស់រាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅសាលប្រជុំសាលាស្រុកជលគិរី។

ខ្លឹមសារនៃកិច្ចប្រជុំរួមមាន៖
១. ក្រុមការងារត្រូវពិនិត្យនិងទទួលខុសត្រូវក្នុងការផ្តល់ប័ណ្ណសមធម៌និងការផ្តល់សាច់ប្រាក់ដល់គ្រួសារក្រ.១ និង ក្រ.២អោយបានត្រឹមត្រូវនិងគ្រប់ចំនួន។
២. ពិនិត្យនិងជៀសវាងដាច់ខាតការផ្តល់ប័ណ្ណសមធម៌មិនចំគោលដៅ ។
៣. បន្តពិនិត្យនិងតាមដានស្វែងរកគ្រួសារក្រីក្រដែល កំពុងជួបការលំបាកដែលពុំទាន់បានស្រង់អស់នៅឡើយ ក្នុងកំឡុងពេលការរីករាលត្បាតនៃជំងឺកូវីដ-១៩ដែលនៅពុំទាន់មានប័ណ្ណសមធម៍។
៤. ជម្រុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋខិតខំចិញ្ចឹម និងដាំដុះ ដំណាំរួមផ្សំផ្សេងៗ ដើម្បីទ្រទ្រង់ជីវភាព។
៥. ពិនិត្យកែសម្រួលសមាសភាពក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកជលគិរីដែលអនុប្រធានក្រុម ការងារ ១ រូប បានទទួលមរណភាពនិងអនុប្រធានក្រុមការងារ ១ រូបទៀតបានផ្ទេរចេញនិងក្រមការងារមួយចំនួនចូលនិវត្តន៍។
៦. ចូលរួមក្នុងការទប់ស្តាត់ការទន្រ្ទានយកដីរដ្ឋពីបងប្អូនប្រជាពលរដ្ឋ ពិសេសអាជ្ញាធរដែនដីផ្ទាល់តែម្តង។

លោកអភិបាលស្រុក បានលេីកឡេីងក្នុងកិច្ចប្រជុំ ដោយបានជម្រាបជូនពីការលំបាករបស់ប្រជាពលរដ្ឋក្នុងពេលពេលបច្ចុប្បន្នដែលជារដូវបង្កបង្កើនផលពិបាកក្នុងការចុះភ្ជួររាស់ដីស្រែប្រាំង ដោយលោកបានលេីកឡេីងពីបញ្ហាព្រះរាជអាជ្ញាបានហាមឃាត់និងចាប់ មិនឲ្យចុះភ្ជួររាស់ និងសួរនាំរកច្បាប់ត្រាក់ទ័រក្នុងការចុះភ្ជួររាស់ គឺត្រូវសុំ ច្បាប់ទៅដល់ខេត្ត ហេីយការសុំច្បាប់នេះគឺមានរយៈពេលយូរក្នុងនោះលោកអភិបាលស្រុក ក៏បានសំណូមពរនៅកង្នុអង្គប្រជុំ ស្នើសុំឱ្យធ្វេីច្បាប់ត្រឹមឃុំដេីម្បីងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការបង្កបង្កេីនផលបានទាន់ពេលវេលា ។

ជាមួយគ្នានេះដែរ ប្រធានក្រុមការងារ បានកំណត់យកថ្ងៃសម្រាប់បន្តចុះចែក អំណោយដល់គ្រួសារក្រីក្រនៅឃុំ ចំនួន ០៤ ទៀតគឺ ៖
– ឃុំជលសា ចុះចែកអំណោយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ មានចំនួន ៣០គ្រួសារ នៅសាលាឃុំ
– ឃុំពាមឆ្កោក ចុះចែកអំណោយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ មានចំនួន ២០គ្រួសារ នៅសាលាឃុំ
– ឃុំកោះថ្កូវ ចុះចែកអំណោយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ មានចំនួន ៥០គ្រួសារ នៅសាលាឃុំ
– ឃុំកំពង់អុស ចុះចែកអំណោយ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ មានចំនួន ២០គ្រួសារ នៅសាលាឃុំ។

ជាចុងបញ្ចប់នៃកិច្ចប្រជុំ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកជលគីរី បានប្រគល់ជូននូវសម្ភារៈប្រើប្រាស់មួយ ចំនួន រួមមាន៖ (អាល់កុល៦០ លីត្រ និងម៉ាស់ចំនួន ១០០០) សម្រាប់ក្រុមការងារថ្នាក់ស្រុកប្រើប្រាស់ផងដែរ៕

ចែករំលែក

បញ្ចេញយោបល់