កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារងាយរងគ្រោះ និងគ្រួសារមានជីវភាពខ្វះខាត

ថ្ងៃអាទិត្យ ទី ៥ កក្កដា ២០២០​
6

ស្វាយរៀង៖ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ(ចាស់ជារា ១១គ្រួសារ ជនពិការ ២នាក់ អ្នករស់នៅជាមួយមេរោគអេដស៍ ៦នាក់ ស្ត្រីមេម៉ាយ ២គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត២៦ គ្រួសារ មកពីសង្កាត់ប្រាសាទ ក្រុងបាវិត ១៥ គ្រួសារ និងក្នុងស្រុកចន្ទ្រា ឃុំមេសថ្ងក ១១ គ្រួសារ ឃុំព្រៃគគីរ ២១ គ្រួសារ សរុបចំនួន ៤៧ គ្រួសារ។

នៅក្នុងឱកាសនោះ លោកស្រី ដួង វណ្ណា បាននាំមកនូវការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលតែងតែគិតគូរជានិច្ចពីសុខទុក្ខ សុខភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរអ្វីនោះឡើយ។

លោកស្រីបានបញ្ជាក់បន្ថែមថា ជំងឺកូវីដ ១៩ នេះមិនទាន់ចប់នៅឡើយទេដោយដំណាក់ទី១ បានជាសះស្បើយអស់ហើយ នៅដំណាក់ទី២ ក៏បានឆ្លងបន្ថែមទៀតដែលមកពីក្រៅប្រទេសដូច្នេះមិនទាន់មានប្រជាពលរដ្ឋណាម្នាក់ឆ្លងពីពលរដ្ឋនៅក្នុងប្រទេសកម្ពុជានោះទេ ។ ហេតុនេះយើងត្រូវប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតនៅដំណាក់កាលរលកទី២ ក្នុងការការរពារសុខភាព និងធ្វើអនាម័យតាមការណែនាំរបស់ក្រុមគ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច ពីព្រោះជំងឺឆ្លងកូវីដ ១៩ មិនទាន់រលាយបាត់ពីផែនដីនៅឡើយទេ។

ជាមួយគ្នានោះលោកស្រី ដួង វណ្ណា បានស្នើរដល់អាជ្ញាធរ និងអនុសាខាកាកបាទក្រហមក្រុង ស្រុកទាំងអស់ ត្រូវចុះឲ្យដល់ខ្នងផ្ទះពលរដ្ឋដែលជួបការលំបាកខ្វះខាតពិតប្រាដកជាពិសេសនៅគ្រាដែលពលរដ្ឋមិនសូវបានចេញពីផ្ទះដោយសារជំងឺកូវីដ១៩ រាតត្បាត ហើយខ្វះស្បៀងអាហារ យើងជាអាជ្ញាធរត្រូវតែរាយការណ៍មកអនុសាខាកាកបាទក្រហមក្រុង ស្រុក ដើម្បីដឹកនាំក្រុមការងារនាំស្បៀងទៅចែកជូនឲ្យបានទាន់ពេលវេលាមិនត្រូវទុកពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ដោយសារអត់អាហារនោះទេ។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង៤៧គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម មី១កេស ត្រីខ១០ កំប៉ុង អាវយឺត២ សាប៊ូ២ដុំ ក្រម៉ា១ ម៉ាស់ ១ ថវិកា៤០,០០០ រៀល។ ក្នុងនោះលោកស្រី ដួង វណ្ណា បានឧបត្ថម្ភបន្ថែមដល់ប្រជាពលរដ្ឋទាំង ៤៧ គ្រួសារ ក្នុង ១ គ្រួសា ថវិកា ១០,០០០ រៀល ផងដែរ៕

ចែករំលែក

បញ្ចេញយោបល់