ពិធីសំណេះសំណាល និងប្រកាសសេចក្តីសម្រេចតែងតាំងសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង

ថ្ងៃអាទិត្យ ទី ៥ កក្កដា ២០២០​
13

កំពង់ឆ្នាំង៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ បានរៀបចំពិធីសំណេះសំណាល និងប្រកាសសេចក្តីសម្រេចតែងតាំង និងកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង៩ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង រួមជាមួយ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ចុះជួយឃុំ សរុបប្រមាណ ២៨០នាក់។

មានមតិសំណេះសំណាល លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការតែងតាំង និងកែសម្រួល តួនាទីភារកិច្ច និងសមាសភាពក្រុមការងារគណបក្សតាំងពីថ្នាក់ជាតិ រហូតដល់មូលដ្ឋានភូមិ -ឃុំ គឺដើម្បីធានានូវប្រសិទ្ធភាពដឹកនាំគ្រប់គ្រង និងពង្រឹងសមាជិកគណបក្ស ឱ្យបានទាំងបរិមាណ និងគុណភាព និងរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ឆ្លើយតបនិងសំណូមពរភារកិច្ចដ៏ពិសិដ្ឋនាពេលខាងមុខ គឺជ័យជម្នះក្នុងការបោះឆ្នោតសកល ឆ្នាំ២០២៣។

នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងនយោបាយ ឈ្នះឈ្នះ បានធ្វើឱ្យប្រទេសជាតិ មានសន្តិភាព ស្ថេរភាពពេញលេញ បានផ្តល់ឱកាសឱ្យប្រទេសកម្ពុជាយើងមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ដោយឡែកស្រុកកំពង់លែង នាពេលថ្មីៗកន្លងមកនេះក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មកពីថ្នាក់ជាតិ និងថ្នាក់ខេត្ត បានរួមគ្នាកសាងនូវសមិទ្ធផលធំៗ ជាច្រើនកន្លែងក្នុងស្រុក ដែលជាតម្រូវការអាទិភាពរបស់ប្រជាពលរដ្ឋ។ សមិទ្ធផលទាំងនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ ពីការយកចិត្តទុក្ខដាក់ចំពោះសុខទុក្ខជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទូទាំងស្រុកកំពង់លែង ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែមានភាពល្អប្រសើរឡើង។ ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីផលប៉ះពាល់ដែលបណ្តាលមកពីជំងឺ Covid-19 ដែលបានជះឥទ្ធិពលដល់ពិភពលោកទាំងមូល ក៏ដូចជាប្រទេសកម្ពុជា ជូនដល់សមាជិក សមាជិកា ឱ្យបានជ្រាបផងដែរ៕

ចែករំលែក

បញ្ចេញយោបល់