ក្រុមការងារចុះជួយស្រុកបន្ទាយស្រី នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន១០វត្ត

ថ្ងៃអាទិត្យ ទី ៥ កក្កដា ២០២០​
4

សៀមរាប៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបន្ទាយស្រី លោក កែវ ធី ប្រធានក្រុមការងារចុះជួយឃុំត្បែង និងលោក​ ហុី​ សាយ​ ប្រធានក្រុមការងារចុះជួយឃុំឃុនរាម​ បាននាំយកនូវទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ចំនួន ១០វត្ត រួមមាន វត្តបន្ទាយស្រី វត្តត្បែង វត្តធ្លកវារ៍ វត្តសសី វត្តជប់ពពេល វត្តម្រាក្សវារ៍ វត្តស្រះដូនរីក អាស្រមវត្តភ្នំហប់ អាស្រមវត្តព្រៃជាំ និងអាស្រមពើងព្រួត។

ក្នុងពិធីនោះមានការចូលរួមពីសំណាក់ លោកអភិបាលស្រុកបន្ទាយស្រី​ សសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អនុប្រធាន​ សមាជិក​ សមាជិកាក្រុមការងារចុះជួយឃុំ ព្រមទាំងសមាជិក សមាជិកាគណបក្សស្រុកបន្ទាយស្រី។

លោកអភិបាលរងខេត្ត បានអោយដឹងថា ពិធីចូលព្រះវស្សា គឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឱ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម ដែលមានរយៈពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែអាសាឍ ដល់ទី១៥កើត ខែអស្សុជ។ ការបញ្ញត្តិឱ្យមានការកាន់ព្រះវស្សា គឺព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះបំណងចង់ឱ្យព្រះសង្ឃមានភាពងាយស្រួលក្នុងរដូវវស្សារយៈពេលបីខែនេះ ដែលជារដូវភ្លៀងធ្លាក់ជោគជាំ។

ពិធីចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា និងជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។

ក្នុងនោះ លោកប្រធាន និងក្រុមការងារ បានប្រគេនទេយ្យវត្ថុ​ និងបច្ច័យដល់ព្រះសង្ឃទាំង១០វត្ត ដោយក្នុងមួយវត្តទទួលបានទៀនវស្សាចំនួន០១គូ សាដក ០១ ទឹកផ្លែឈើ០២កេស ទឹកដោះគោខាប់០១កេស ទឹកបរិសុទ្ធ ១០យួរ​ ត្រីខ០១កេស​ មី០១កេសធំ អង្ករ ០២ការ៉ុង ប៊ីចេង​០២គីឡូក្រាម​ ប្រហុក​ ០៥គីឡូក្រាម​ ទឹកសុីអុីវ​ ០២យួរ​ ទឹកត្រី​ ០២យួរ​ ស្ករស​០៥គីឡូក្រាម​ តែ​ ០១កញ្ចប់​ ប្រេងម៉ាស៊ូត​៣០លីត្រ​ ប្រគេនបច្ច័យព្រះសង្ឃនៅវត្តក្នុងឃុំត្បែង​ និងឃុំឃុនរាមចំនួន​៩វត្ត​ ដោយក្នុងមួយវត្តទទួលបានបច្ច័យចំនួន ៨៦០,០០០ រៀល​ ប្រគេនបច្ច័យព្រះសង្ឃនៅវត្តបន្ទាយស្រីចំនួន១,២០០,០០០រៀល ជូនថវិកាដល់គណកម្មការអាចារ្យ​ម្នាក់​ ៥០,០០០រៀល​ ចំនួន​៦នាក់ ជូនថវិកាដល់តាជី​ យាយជីម្នាក់​ ១០,០០០រៀល​ ចំនួន​៩៤នាក់​ ឧបត្ថម្ភដល់ក្រុមឆៃយ៊ាំចំនួន​ ២០០,០០០រៀល​ សរុបជាទឹកប្រាក់ចំនួន​ ២០,០៩៩,២០០រៀល៕

ចែករំលែក

បញ្ចេញយោបល់