លោក អ៊ុន ចាន់ដា ចុះពិនិត្យ ការស្ថាបនាស្ពានថ្មី មួយកន្លែង ឆ្លងកាត់ព្រែកអាចារ្យសួន ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់

ថ្ងៃសៅរ៍ ទី ៤ កក្កដា ២០២០​
14

កំពង់ចាម៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង សហការី រួមជាមួយអាជ្ញាធរស្រុកស្ទឹងត្រង់ បានអញ្ជើញចុះពិនិត្យ ការស្ថាបនាស្ពានថ្មី មួយកន្លែង ឆ្លងកាត់ព្រែកអាចារ្យសួន ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលស្ពាននេះ កន្លងទៅ មានសភាពចាស់ទ្រុឌទ្រោម ហើយត្រូវបានទឹកជំនន់ឆ្នាំ២០១៩ ហូរច្រស់ បាក់ស្រុតរលំ សរសគ្រឹះស្ពាន មិនអាចអោយរថយន្តធុនធំដឹកទំនិញ និងកសិផលឆ្លងកាត់បានឡើយ។

ស្ពាននេះត្រូវកសាងថ្មីទាំងស្រុង ធ្វើអំពីបេតុង មានប្រវែង៩០ម៉ែត្រ និងទទឹង៨ម៉ែត្រ ជំនួសស្ពានបេឡេចាស់ដែលមានប្រវែង៧៥ម៉ែត្រ ទទឹង៤ម៉ែត្រ ជាគំរោងរបស់ក្រសួងអភិវឌ្ឍជនបទ ហើយត្រូវអនុវត្តការសាងសង់ដោយកងវិស្វកម្ម នៃក្រសួងការពារជាតិ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ នៅដើមឆ្នាំ២០២១ខាងមុខនេះ។

នៅថ្ងៃដដែល លោកអភិបាលខេត្ត និងសហការី បានអញ្ជើញចូលរួម ប្រកេនទៀនវស្សា រួមទាំង គ្រឿងឧបភោគបរិភោគ និងបច្ចយ័មួយចំនួន នៅវត្តសន្ធរង្សី ខ្ពបតាងួន ស្ថិតក្នុងឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ព្រមទាំងបានចែកជូននូវថវិកា ដល់លោកតា លោកយាយ ពុទ្ធបរិសទ័ ចូលរួមប្រមាណ១០០នាក់ ៕

ចែករំលែក

បញ្ចេញយោបល់