កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកែប ដើម្បីផ្សព្វផ្សាយពីរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅសម្រាប់អនុវត្តបន្ត

ថ្ងៃសៅរ៍ ទី ៤ កក្កដា ២០២០​
15

កែប៖ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកែប ដើម្បីផ្សព្វផ្សាយពីរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅសម្រាប់អនុវត្តបន្ត ។

កិច្ចប្រជុំនេះ លោក សោម ពិសិដ្ឋ អភិបាលខេត្ត បានណែនាំអោយសមាជិក និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ អំពីកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋអោយបានល្អ ទប់ស្កាត់នូវការលេងល្បែងស៊ីសងគ្រប់ប្រភេទ បទល្មើសផ្សេងៗ អោយបាន ដើម្បីអនុវត្តន៍
គោលនយោបាយភូមិឃុំមានសុវត្តិភាព ។

លោក បានបន្ថែមទៀតថា តាមបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី អំពីការកាត់ឆ្វៀលដីជូនពលរដ្ឋរស់នៅក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ ដែលលោកបានដាក់ចេញក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ នៅថ្ងៃទី៣ កក្កដា ២០២០ សូមអោយ អង្គភាពដែលពាក់ព័ន្ធជាពិសេសគឺ មន្ទីរបរិស្ថានខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវត្រៀមសហការអោយបានល្អជាមួយក្រសួងមានសមត្ថកិច្ច ដោះស្រាយបញ្ហា ដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋដែលបានមករស់នៅលើទីតាំងដីដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃ ដែលជាដីរបស់រដ្ឋ ។

ចំពោះរដ្ឋបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ត្រូវពិនិត្យ និងសិក្សា អោយបានច្បាស់លាស់ប្រកបដោយតម្លាភាព នូវទិន្នន័យប្រជាពលរដ្ឋដែលរស់នៅលើដីរដ្ឋកន្លងមក ។

នៅចុងបញ្ចប់ លោកអភិបាលខេត្តបានកំណត់ទិសដៅការងារមួយចំនួនបន្ថែមទៀតសម្រាប់អនុវត្តបន្ត សម្រាប់កិច្ចការពារសន្តិសុខសណ្តាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកទស្សនា សម្រាក លម្ហែក្នុងខេត្ត និងការអភិវឌ្ឍខេត្តជាបន្តបន្ទាប់ ។

ចែករំលែក

បញ្ចេញយោបល់