លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ព្រមានចាត់ការមិនលើកលែង ចំពោះអ្នកឃុបឃិតគ្នាដាក់សាច់ញាតិជាជនក្រីក្រ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ

ថ្ងៃសៅរ៍ ទី ៤ កក្កដា ២០២០​
11

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានរំលឹកដល់មន្ត្រីថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ទាំងអស់ ជាពិសេសមន្ត្រីនៅតាមភូមិ និងឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងឱ្យបានច្បាស់លាស់ចំពោះការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះដោយសារជំងឺកូវីដ១៩។

យោងតាមលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានបង្ហាញដែរថា ក្នុងកិច្ចប្រជុំនៅចំពោះមុខមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងមានការភ្ជាប់ប្រព័ន្ធវីដេអូទៅតាមខេត្តផងនោះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានព្រមានចាត់វិធានការជាថ្មី ដោយមិនមានការលើកលែងនោះឡើយ ចំពោះមន្ត្រីដែលឃុបឃិតគ្នាបន្លំដាក់សាច់ញាតិជាជនក្រីក្រ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះ «សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នឹងចាត់វិធានការក្ដៅ និងមិនមានការលើកលែងឡើយ ចំពោះមន្ត្រីមូលដ្ឋាន ដូចជាថ្នាក់ដឹកនាំភូមិ ឃុំ សង្កាត់ ដែលបន្លំឃុបឃិតគ្នាដាក់បញ្ចូលសាច់ញាតិ បងប្អូន កូនក្មួយខ្លួនឯង ដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ក្នុងគោលបំណងទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រនិងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩នេះ»។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ២៥លានដុល្លារអាមេរិកក្នុងមួយខែ ដើម្បីជួយដោះស្រាយការខ្វះខាតក្នុងជីវភាពរបស់ប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណជា ៥៦ម៉ឺនគ្រួសារនៅទូទាំងប្រទេស។ ការឧបត្ថម្ភនេះមានរយៈពេលពីរខែសម្រាប់ជុំទីមួយនេះ គឺខែមិថុនា និងខែកក្កដា។ ក៏ប៉ុន្តែបើជំងឺកូវីដ១៩ មិនរលត់រលាយទៅវិញទេនោះ រាជរដ្ឋាភិបាលនឹងបន្តឧបត្ថម្ភសាច់ប្រាក់ប្រាក់នៅខែបន្តបន្ទាប់ទៀត។

រាជរដ្ឋាភិបាលបានត្រៀមថវិការហូតដល់ទៅ ១២៥លានដុល្លារ សម្រាប់ដោះស្រាយការលំបាកប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩នេះ។

លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ប្រជាពលរដ្ឋជាង ៤០ម៉ឺនគ្រួសារហើយ ត្រូវបានបើកប្រាក់ឧបត្ថម្ភសម្រាប់ខែមិថុនា។

ក្នុងកំលុងពេលនៃការបើកប្រាក់ឧបត្ថម្ភ ក៏ដូចជាធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណជនក្រីក្រ និងងាយរងគ្រោះនេះ ក៏មានភាពមិនប្រក្រតីមួយចំនួនផងដែរ។ បើតាមលោក វង សូត ភាពមិនប្រក្រតីដែលប្រព្រឹត្តដោយមន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់នេះ បានកើតមាននៅខេត្តព្រៃវែង កំពង់ឆ្នាំង និងបន្ទាយមានជ័យជាដើម។

ដើម្បីដោះស្រាយបញ្ហាមន្ត្រីខិលខូចនៅថ្នាក់មូលដ្ឋាននេះ លោក វង សូត បានផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រសួងមហាផ្ទៃ បង្ហាញពីភាពមិនប្រក្រតីប្រព្រឹត្តដោយមន្ត្រីមូលដ្ឋានទាំងនេះផងដែរ។

នៅថ្ងៃទី៣ ខែកក្កដា នេះ ក្រសួងមហាផ្ទៃក៏បានចេញសេចក្តីណែនាំមួយទៅកាន់មន្ត្រីនៅថ្នាក់ក្រោមជាតិ ជាពិសេសអាជ្ញាធរឃុំ សង្កាត់ ឱ្យអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះឱ្យបានត្រឹមត្រូវ និងតម្លាភាពបំផុត។

ចែករំលែក

បញ្ចេញយោបល់