ក្រុមការងារចម្រុះ​រដ្ឋបាលខេត្ត​ ចុះកំណត់ទំហំផ្លូវ ​ចាប់ពីផ្លូវជាតិលេខ៦​ ចំណុចពេទ្យធ្មេញសៀមរាប​ ដល់ផ្លូវ ៧មករា​

ថ្ងៃព្រហស្បតិ៍ ទី ២ កក្កដា ២០២០​
5

សៀមរាប៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារចម្រុះរដ្ឋបាលខេត្ត បានចុះកំណត់ទំហំផ្លូវចាប់ពីផ្លូវជាតិលេខ៦ ចំណុចពេទ្យធ្មេញសៀមរាប ឆ្ពោះទៅប៉ែកខាងត្បូងរហូតដល់ផ្លូវ៧មករា ដើម្បីបម្រើប្រយោជន៍សាធារណៈដឹកនាំដោយលោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត និងមានការចូលរួមពីមន្ត្រីជំនាញមន្ទីរ អង្គភាព និងអាជ្ញារធរមូលដ្ឋាន ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម និងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ក្នុងនោះរដ្ឋបាលខេត្ត នឹងរៀបចំបើកផ្លូវ និងសាងសង់ផ្លូវបេតុង១ខ្សែ ទទឹងមធ្យម១០ម៉ែត្រ បណ្ដោយ ប្រវែង១០៣០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ ចំណុចពេទ្យធ្មេញសៀមរាប រហូតដល់ផ្លូវ៧មករា (ផ្លូវមុខវិទ្យាល័យអង្គរ)។

ដើម្បីឲ្យការអនុវត្តគម្រោងរៀបចំបើកផ្លូវ និងសាងសង់ផ្លូវបេតុងមួយខ្សែនេះប្រព្រឹត្តទៅដោយរលូនស្របតាមផែនការយុទ្ធសាស្ត្រ ស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសៀមរាប រដ្ឋបាលខេត្ត បានស្នើដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនដែលមានសំណង់នៅលើផ្លូវនេះ ចូលរួមសហការរុះរើសំណង់ដោយខ្លួនឯងក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២០។ ផ្លូវមួយខ្សែនេះ ជាគម្រោងរបស់រដ្ឋបាលខេត្តឆ្នាំ២០២០ ដែលបានជំនួយឧបត្ថម្ភដោយមូលនិធិអភិវឌ្ឍន៍ និងអភិរក្សតំបន់អង្គរ ខេត្តសៀមរាប។

រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន នឹងមានការយោគយល់អធ្យាស្រ័យ និងចូលរួមសហការឲ្យបានគ្រប់ៗគ្នាដើម្បីឲ្យគម្រោងនេះអនុវត្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងអាចធ្វើឲ្យផ្លូវនេះក្លាយជា Pub Street ទី២ របស់ខេត្តសៀមរាប សម្រាប់វិស័យទេសចរណ៍៕

ចែករំលែក

បញ្ចេញយោបល់