កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច​ស្តីពីការបង្កើត​ក្រុមការងារបច្ចេកទេស​វិស័យផ្គត់ផ្គង់ទឹក​ ការសំអាត​ និងអនាម័យជនបទ​ថ្នាក់ស្រុក​

ថ្ងៃព្រហស្បតិ៍ ទី ២ កក្កដា ២០២០​
6

កំពង់ឆ្នាំង៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាអនុប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទថ្នាក់ខេត្ត លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងជាប្រធានក្រុមលេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទថ្នាក់ខេត្ត អញ្ជើញក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទថ្នាក់ស្រុក នៅសាលប្រជុំសាលាស្រុកកំពង់ត្រឡាច។

គោលបំណងក្នុងកិច្ចប្រជុំនេះគឺ៖
១. ណែនាំអំពីយន្តការសម្រាប់ការអនុវត្តការងារ ភារៈកិច្ចនិងទំនួលខុសត្រូវរបស់ក្រុមការងារទាំងអស់លើវិស័យ ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទរបស់ស្រុក។
២.កិច្ចប្រជុំនេះនឹងបង្ហាញពីផែនការដែលក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យ ថ្នាក់ស្រុក ដែលនឹងលើកឡើងសម្រាប់អនុវត្តចាប់ពីឆ្នាំនេះ ដល់ឆ្នាំ២០២៣ ដើម្បីធើ្វយ៉ាងណាអាចជម្រុញអោយប្រជាពលរដ្ឋទទួលបានសេវាទឹកស្អាត និងអនាម័យ ដែលស្របតាមគោលនយោបាយរដ្ឋាភិបាលជាតិដែលបានចែងក្នុងផែនការសកម្មភាពជាតិឆ្នាំ២០២៣ ដោយជំរុញបាន ៩០% និងឆ្នាំ២០២៥ សម្រេចបាន១០០% (តែសម្រាប់ខេត្តកំពង់ឆ្នាំង ធ្វើយ៉ាងណាអោយបាន១០០% នៅឆ្នាំ ២០២៣)។

ជាមួយគ្នានោះ លោក អម សុភា បានអោយអាជ្ញាធរស្រុក.ឃុំ.សង្កាត់ ចូលរួមលើកផែនការថវិកា របស់ខ្លួនដើម្បីគាំទ្រ លើការងារទឹកស្អាត និងអនាម័យ ជនបទនៅតាមមូលដ្ឋានរបស់ខ្លួន ព្រមទាំងកំណត់អោយបានច្បាស់លាស់នូវទិន្នន័យទឹកស្អាត និងអនាម័យដើម្បីអោយងាយស្រួលដល់ក្រុមការងាររៀបចំផែនការ និងយុទ្ធសាស្ត្រនានា ឆ្ពោះសម្រេចអោយបាននូវផែនការសកម្មភាពក្នុងឆ្នាំ២០២៣ ប្រជាពលរដ្ឋទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ១០០ % នៅទូទាំងខេត្ត។

ក្នុងឱកាសនេះដែរ លោក ជិន រដ្ឋា ប្រធានមន្ទីរ បានមានមតិចំណាប់អារម្មណ៍ថាៈ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យថ្នាក់ ដែលត្រូវបានបង្កើតឡើង គឺជាយន្តការមួយក្នុងការអនុវត្តកម្មវិធីលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យជនបទ។

ក្នុងនោះដែរ លោក អម សុភា ក៏បានផ្តំាផ្ញើរដល់ក្រុមការងារថ្នាក់ស្រុក ជួយយកចិត្តទុកដាក់លើការងារ អនាម័យ និងទឹកស្អាត ពិនិត្យមើលគ្រួសារក្រីក្រ ឬជនងាយរងគ្រោះ ដើម្បីអោយពួកគាត់ ទទួលបាននូវសេវាទឹកស្អាត និងអនាម័យផងដែរ។ មិនតែប៉ុណ្ណោះ លោកក៏បានជម្រុញឱ្យក្រុមការងារស្រុក ខិតខំបំពេញតួនាទី និងភារៈកិច្ចប្រកបដោយទំនួលខុសត្រូវ និងមានគណនេយ្យភាពចំពោះគ្រួសារនឹងតាំងចិត្តធ្វើអោយបាននូវលទ្ធផលដែលបានរំពឹងទុកចំពោះការងារទឹកស្អាត និងអនាម័យ ៕

ចែករំលែក

បញ្ចេញយោបល់