លោក លី ធុជ នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនជូនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១១វត្ត

ថ្ងៃព្រហស្បតិ៍ ទី ២ កក្កដា ២០២០​
7

ស្វាយរៀង ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ លោក លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល អមដំណើរដោយ លោក ស៊ុយ ជីហ៊ាង អគ្គលេខាធិការរងអាជ្ញាធរមីន លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកមេឃុំទាំង៣ឃុំ មេភូមិ បាននាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន ១១វត្ត រួមមាន ៖ វត្តស្រម៉ វត្តបុសផ្លាំង វត្តបុសមនលើ វត្តថ្នា វត្តធ្នង់ វត្តសិរីវង្ស វត្តមន្រ្តីមុន្នី(ហៅវត្តរំញង) វត្តព្រែកពក វត្តទួលតាកែវ វត្តសេកមាស និងវត្តព្រៃតាយន្ត ស្ថិតក្នុងស្រុករំដួល ខេត្តស្វាយរៀង ដែលរៀបចំឡើងនៅវត្តបុសមនលើ ។

លោកទេសរដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោកស្តីកិត្តិព្រឹទ្ធបណ្ឌិត និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្រ្តីក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និង ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺមួយនេះ៕

ចែករំលែក

បញ្ចេញយោបល់