លោក ងួន រតនៈ នាំយកអំណោយចែកជូនគ្រួសារងាយរងគ្រោះចំនួន៥៥គ្រួសារ ក្នុងអំឡុងពេលមានវិបត្តិជម្ងឺកូវីដ១៩

ថ្ងៃព្រហស្បតិ៍ ទី ២ កក្កដា ២០២០​
6

បាត់ដំបង÷ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត និងជាអនុប្រធានកិត្តយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់គ្រួសារក្រីក្រចំនួន៥៥គ្រួសារ ទាំង១១ភូមិ ក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលកំពុងរងផលប៉ះពាល់ជំងឺកូវីដ១៩ ដែលប្រព្រឹត្តិធ្វើនៅក្នុងបរិវេណវត្តចន្ទតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់។

ក្នុងនោះលោក ងួន រតនៈ បានពាំនាំនូវការផ្ដាំផ្ញើ ការសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ដោយបានយកចិត្តទុក្ខដាក់ចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ នៅមូលដ្ឋាន ព្រោះឥទ្ធិលជម្ងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និង ជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ សំខាន់គ្រួសារចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រ។

ជាមួយគ្នានោះ លោក ងួន រតនៈ ក៏បានអំពាវនាវដល់បងប្អូនត្រូវមានការប្រុងប្រយ័ត និងថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាមដែលកំពុងរីករាលដាល ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាកុំអោយមានករណីគ្រោះថ្នាក់។

សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ដែលទទួលបាននាពេលនោះ ១គ្រួសារទទួលបានអង្ករ២៥ គីឡូក្រាម​ ទឹកបរិសុទ្ធវីឃែរ ចំណុះ២០លីត្រ ១ធុង មី២០កញ្ចប់ ត្រីខ៦កំប៉ុង មុង១​ ក្រម៉ា១ និងថវិកាមួយចំនួនផងដែរ។​

នាឱកាសនោះដែរ លោកអនុប្រធានកិត្តិយសសាខា និងប្រតិភូអមដំណើរ ក៏បានប្រគេនបច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងពុទ្ធសីមាវត្តចន្ទតាគ្រាមផងដែរ៕

ចែករំលែក

បញ្ចេញយោបល់