លោកប៉ាន សូរស័ក្តិ លើកទឹកចិត្តអ្នកវិនិយោគគិនជប៉ុនបន្ថែមការវិនិយោគ ជាពិសេសវិស័យឧស្សាហកម្ម និងកែច្នៃផលិតផលកសិកម្ម

ថ្ងៃព្រហស្បតិ៍ ទី ២ កក្កដា ២០២០​
7

នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសមាគមធុរកិច្ចជប៉ុននៃកម្ពុជា (JBAC) ដើម្បីពិភាក្សាការងារទាក់ទងនឹងការវិនិយោគរបស់ជប៉ុន នៅកម្ពុជា។

ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្ត្រី បានជម្រាបជូនពីការអនុវត្តគោលនយោបាយរបស់កម្ពុជា ក្នុងការពង្រីកទីផ្សារ ក៏ដូចជាទាក់ទាញវិនិយោគ។ តាមរយៈការអនុវត្តគោលនយោបាយ ក្រសួងពាណិជ្ជកម្ម បានដឹកនាំការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគី ដោយក្នុងនោះ កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជា និងជប៉ុនជាភាគី នឹងបញ្ចប់ និងឈានទៅរកការចុះហត្ថលេខាក្នុងឆ្នាំនេះ។

ជាកិច្ចព្រមព្រៀង RCEP នឹងបង្កើតនូវទីផ្សារទូលំទូលាយសម្រាប់កម្ពុជា ហើយកម្ពុជាក៏កំពុងតែឈានទៅរកការធ្វើឧស្សាហនីយកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីបង្កើតការងារ ក៏ដូចជាបង្កើតតម្លៃបន្ថែមសម្រាប់ផលិតផលក្នុងស្រុក។ ដូចនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងកែច្នៃផលិតផលកសិកម្ម ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ។

ចំពោះសមាគម JBAC បានទទួលយកសំណើរបស់ លោករដ្ឋមន្ត្រី ហើយក៏បានជម្រាបថា ក្រុមហ៊ុនជប៉ុននៅតែមានបំណងពង្រីក និងមកវិនិយោគបន្ថែមនៅកម្ពុជា ហើយសមាគមនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីទាក់ទាញវិនិយោគិនទាំងនោះមកកម្ពុជា៕

ចែករំលែក

បញ្ចេញយោបល់